​ភ្នំពេញៈ ក្រសួងសុខាភិបាល​ និង​មជ្ឈមណ្ឌល​ប្រយុទ្ធ និង​បង្ការ​ជំងឺឆ្លង ​(CDC)​ របស់​សហ​រដ្ឋ​អាមេរិក​នឹង​បន្ត​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការរួម​គ្នា​ដើម្បី​ជួយ​ដល់​ការ​​អនុវត្ត​កម្មវិធី​សុខភាព​សាធារណៈ​នៅ​កម្ពុជា ក៏ដូចជា​ជួយ​ដល់​រាជ​​រដ្ឋាភិបាល​កម្ពុជា​លើ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​លុប​បំបាត់​ជំងឺគ្រុនចាញ់​នៅក្នុង​ឆ្នាំ​ ២០២៥​។​


​ការបង្ហាញ​ជំហរ​រួមគ្នា​នេះ ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ​រវាង​លោក​ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង​សុខាភិបាល និង​លោកស្រី Mandy K. Cohen នាយិកា​នៃ​មជ្ឈមណ្ឌល​ប្រយុទ្ធ និង​បង្ការ​ជំងឺឆ្លង​ (CDC)​ របស់​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃទី​ ៧ ខែកុម្ភៈ ឆ្នាំ​ ២០២៤​។ នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួងសុខាភិបាល​។​

​ប្រភព​ដដែល​បានឱ្យដឹងថា ក្នុងជំនួប​នោះ​លោក ឈាង រ៉ា បាន​អរគុណ​ដល់​សហរដ្ឋ​អា​មេ​​រិ​ក និង​ប្រជាជន​អាមេរិក​ចំពោះ​ការផ្តល់​ជំនួយ​សហប្រតិបត្តិ​ការ​បច្ចេកទេស​ដល់​វិស័យ​សុខា​ភិ​​បាល​កម្ពុជា​តាមរយៈ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ ​(USAID)​។ ជាពិសេស​មជ្ឈមណ្ឌល​ប្រយុទ្ធ​​និង​បង្ការ​ជំងឺឆ្លង​ដែល​បាន​សហ​ការចូលរួម​គាំទ្រ​ក្រសួងសុខាភិបាល​ក្នុងការ​លើកកម្ពស់​សុ​ខុ​​មាល​ភាព​ប្រជាជន​កម្ពុជា និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​ថែទាំ​សុខភាព ដែលមាន​ភាព​ធន់ និង​រឹងមាំ​នៅ​កម្ពុជា​ជាច្រើន​នាពេល​កន្លងមក​។​


​លោក​មានប្រសាសន៍ថា​៖ «​សូម​ថ្លែងអំណរគុណ​ដល់​សហរ​ដ្ឋ​​អាមេរិក ជាពិសេស​មជ្ឈមណ្ឌល​ត្រួតពិនិត្យ និង​បង្ការ​ជំងឺឆ្លង ការិយាល័យ​កណ្តាល​ដែល​បានបញ្ជាក់​ជំហរ​បន្ត​គាំទ្រ រួមចំណែក​ជាមួយនឹង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួងសុខាភិបាល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ឈានទៅ​សម្រេចបាន​នូវ​ការ​គ្របដណ្តប់​សុខ​ភាពជា​សកល​ស្របតាម​ផែនការ​យុទ្ធ​សាស្ត្រ​បញ្ច​កោណ​នៃ​រាជ​រដ្ឋា​ភិ​បាល​អាណត្តិ​ទី៧ ​នេះ​»​។​

​បើតាម​ក្រសួងសុខាភិបាល​នាឱកាស​នោះ​ «​លោកស្រី​នាយិកាបានបញ្ជាក់​ជំហរ​បន្ត​កិច្ច​សហ​ប្រតិបត្តិការ​រួមគ្នា​ព​ង្រឹ​ង​ភាពជា​ដៃគូ​ដើម្បី​សម្រេចបាន​គោល​ដៅ​ដែល​បានកំណត់​ដោយ​ផែន​ការ​យុទ្ធសាស្ត្រ​សុខាភិបាល ​២០២២-២០៣០ (HSP4) ព្រមទាំង​សហការ​បន្ត​ពង្រឹង​សន្តិ​សុខ​សុខភាព​សកល​បន្ថែមទៀត តាមរយៈ​ការបន្ត​គាំទ្រ​ការបណ្តុះ​បណ្តាល​មន្ត្រី​សុខាភិបាល ដើម្បី​ជួយ​ក្នុងការ​អនុវត្ត​កម្មវិធី​សុខភាព​សាធារណៈ​នៅ​កម្ពុជា និង​បន្ត​ជួយ​ក្រសួងសុខាភិបាល​ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​លើ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​លុបបំបាត់​ជំងឺគ្រុនចាញ់​នៅ​ឆ្នាំ ​២០២៥»​។​


​ដោយឡែក​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​ ៨ កុម្ភៈថា នៅក្នុង​ជំនួប​ជាមួយ​ឈាង រ៉ា នោះ  លោកស្រី Cohen បាន​រំឭក​ពី​កិច្ចសហការ​ជា​ដៃគូ​ដ៏​យូរ​ដែលមាន​រយៈពេល​ ២២ ​ឆ្នាំ រវាង CDC​ សហរដ្ឋអាមេរិក និង​កម្ពុជា​។​

​លើសពីនោះ លោកស្រី​ក៏បាន​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការបន្ត​កិច្ច​សហការគ្នា​នៅក្នុង​ការការពារ និង​រកឃើញ​ទាន់​ពេល​នូវ​ជំងឺ​ផ្លូវដង្ហើម និង​ការ​ឆ្លើយតប ហើយ​និង​ការត្រៀម​រៀបចំ​សម្រាប់​គ្រា​បន្ទាន់​ផ្នែក​សុខភាព​សាធារណៈ​។ ​ជាមួយគ្នានេះ លោកស្រី បានបញ្ជាក់​សាជាថ្មី​ពី​ការប្តេជ្ញាចិត្ត​របស់ ​CDC​ អាមេរិក ក្នុង​ការលើក​កម្ពស់​សមត្ថភាព​ស្នូល​ផ្នែក​សុខ​ភាព​សាធារណៈ​ដើម្បី​ការពារ​សុខភាព និង​សុវត្ថិភាព​។​

​លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​បានលើកឡើង​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដែរ​ថា ទស្សនកិច្ច​របស់លោក​ស្រី Cohen បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​របស់​សហ​រដ្ឋ​អាមេរិក​ចំពោះ​ការ​លើកកម្ពស់​វិស័យ​សុខភាព​សាធារណៈ​នៅ​កម្ពុជា​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ភាព​​ជា​ដៃគូ​ជា​បន្ត​របស់ CDC អាមេរិក បាន​ជួយ​កម្ពុជា​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុងការ​ប្រឆាំងនឹង​ជំងឺអេដស៍ របេង គ្រុនចាញ់ ផ្តា​សាយ និង​ជំងឺ​ឆ្កែឆ្កួត​។ រដ្ឋា​ភិ​បាល​សហរដ្ឋអាមេរិក​ដែល​រួមមាន​ទាំង CDC និង​ទីភ្នាក់ងារ​សហ​​រដ្ឋ​អាមេរិក​ដទៃទៀត​ផ្នែក​សុខ​ភាព​ដែល​កំពុងធ្វើការ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា ក៏បាន​ជួយ​ផងដែរ​ដល់​អាជ្ញាធរ​កម្ពុជា​ក្នុងការ​ធ្វើការ​ឆ្លើយតប​បាន​ភ្លាមៗ និង​ប្រកបដោយ​ប្រសិទ្ធភាព​បំផុត​ក្នុងចំណោម​ការឆ្លើយតប​ប្រកប​ដោយ​ប្រសិទ្ធភាព​បំផុត​ក្នុង​ពិភព​​លោក​ទៅនឹង​ការផ្ទុះ​ឡើង​នៃ​ជំងឺកូ​វីដ ១៩» ។​

​ជុំវិញ​កិច្ចសហការ​នេះ លោក នុត សម្បត្តិ ប្រធាន​វិទ្យាស្ថាន​ជីវសាស្ត្រ វេជ្ជសាស្ត្រ និង​កសិកម្ម​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​លើកឡើងថា អាមេរិក​គឺជា​ប្រទេស​ខ្លាំង​លើ​ការស្រាវជ្រាវ​ជំងឺ​​ឆ្លង ដូច្នេះ​តាមរយៈ​កិច្ច​សហ​ប្រតិ​​ប​ត្តិ​ការ​នានា ជាពិសេស​លើ​ការ​បណ្តុះបណ្តាល​មន្ត្រី​សុខាភិបាល​កម្ពុជា​នឹង​រួមចំណែក​ពង្រឹងសមត្ថភាព​មន្ត្រី​សុខាភិបាល​។​

​លោក​បាន​ថ្លែងថា​៖ «​សហរដ្ឋអាមេរិក​គឺមាន​បទពិសោធន៍​ច្រើន​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង ពិសេស​ផ្នែក​ប្រយុទ្ធប្រឆាំង​នៅ​តំបន់​ត្រូ​ពិ​ក ហេតុនេះ​បើ​អាមេរិក​ជួយ​លើ​រឿងនេះ​នឹង​អាចជួយ​បណ្តុះ​ធនធានមនុស្ស​កម្ពុជា ខណៈ​កម្ពុជា​នៅ​ខ្វះខាត​ធនធានមនុស្ស​ផ្នែក​ជំងឺឆ្លង​»៕