ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ និង​ក្រុមហ៊ុន​សាងសង់ បានធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ទីតាំង​សាងសង់​ទីលាន​ទុកដាក់​សំរាម សំណល់​រឹង​ចុងក្រោយ​កម្រិត​តំបន់ សម្រាប់​រាជធានី​ភ្នំពេញ និង​ទីតាំង​ស្ថានីយ​ផ្ទេរ​សំណល់​បឹង​តា​មោក ដើម្បី​ស្វែងយល់​បញ្ហា​ប្រឈម និង​ផែនការ​អនុវត្ត​លើ​ការគ្រប់គ្រង​សំរាម​។


ក្រសួងបរិស្ថាន បានឱ្យដឹងថា ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​ ៨ ខែកុម្ភៈ ឆ្នាំ ២០២៤ ដោយមាន​ការចូលរួម​ពី​លោក សា​បូ អូ​ហ្សា​ណូ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក មាស សុខ​សេន​សាន រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​អមដំណើរ​ដោយ​ក្រុមការងារ​បច្ចេកទេស ក្រុមការងារ​នៃ​អង្គភាព​អនុវត្ត​គម្រោង​ក្រសួងបរិស្ថាន ក្រុមហ៊ុន​សាងសង់ និង​ក្រុមហ៊ុន​ទីប្រឹក្សា សរុប​ចំនួន ​២៥ នាក់​។

ក្រសួងបរិស្ថាន​បញ្ជាក់​ថា​៖ «​ការធ្វើ​ទស្សនកិច្ច​នេះ មាន​គោលបំណង​ពិនិត្យមើល​វឌ្ឍនភាព​នៃ​ការសាងសង់​ទីលាន និង​សិក្សា ក៏ដូចជា​ពិភាក្សា​លើ​បញ្ហា​ប្រឈម និង​ផែនការ​សម្រាប់​អនុវត្ត​បន្ត លើ​ការគ្រប់គ្រង​សំរាម សំណល់​រឹង​នៅ​រាជធានី​ភ្នំពេញ​»​។


ជា​លទ្ធផល ក្រុមការងារ​នៃ​ក្រសួងបរិស្ថាន និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​រៀបចំ​កិច្ចប្រជុំ​ផ្ទៃក្នុង​ក្រសួងសាមី​ទៅតាម​ភារកិច្ច​របស់ខ្លួន លើ​ការងារ​គ្រប់គ្រង និង​ដំណើរការ​ទីលាន ជាពិសេស​លើ​ការកែច្នៃ និង​យន្តការ​កាត់បន្ថយ​សំណល់​នានា ដែល​ទាមទារ​ឱ្យមាន​ការគិតគូរ​ឱ្យបាន​រួចរាល់​មុន​ដំណើរការ​ទីលាន ដើម្បី​រក្សា​និរន្តរភាព​នៃ​ការគ្រប់គ្រង​សំរាម សំណល់​រឹង និង​ពន្យារ​អាយុកាល​នៃ​ការប្រើប្រាស់​ទីលាន​សម្រាប់​រាជធានី​ភ្នំពេញ​។

តាមរយៈ​កិច្ចប្រជុំ និង​ទស្សនកិច្ច​សិក្សា​នេះ តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​មូលដ្ឋាន​ជាក់ស្តែង​ក្នុងការ​ពិភាក្សា​លើ​លក្ខខណ្ឌ​តម្រូវ​នានា សម្រាប់​ការរៀបចំ​កិច្ចសន្យា​ជាមួយនឹង​ក្រុមហ៊ុន​ផ្ដល់​សេវា​សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម សំណល់​រឹង​នៅ​រាជធានី​ភ្នំពេញ ដែល​នឹងត្រូវ​ផ្ទៀងផ្ទាត់​ឡើងវិញ​ដែល​ផ្ដោត​សំខាន់​លើ​តម្លៃ ចម្ងាយ​នៃ​ការដឹកជញ្ជូន ការប្រើប្រាស់ និង​គ្រប់គ្រង​ស្ថានីយ​ផ្ទេរ ជាដើម នៅពេលដែល​ដាក់​ដំណើរការ​ទីលាន​កម្រិត​តំបន់​ខាងលើ​៕