​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ជំរុញ​ភាគី​ពាក់ព័ន្ធ​បន្ត​ការអនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព ឱ្យ​កាន់តែ​សកម្ម​ថែមទៀត ជាពិសេស​ពាក់ព័ន្ធ​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ការបង្ក្រាប​ល្បែងស៊ីសង និង​ត្រូវ​បន្ត​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​ម៉ឺងម៉ាត់​។​
 
​នាឱកាស​អញ្ជើញ​ចូលរួម​បិទ​សន្និបាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ឆ្នាំ​ ២០២៣ និង​លើក​ទិសដៅ ការងារ​ឆ្នាំ​ ២០២៤ របស់​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី ២៩ ខែកុម្ភៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ និង​កងកម្លាំង​នគរបាលជាតិ មន្ត្រីរដ្ឋបាល​ស៊ីវិល មន្ត្រី​ពន្ធនាគារ ព្រមទាំង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែល​បាន​ខិតខំ​ប្រឹងប្រែង ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ រហូត​សម្រេចបាន​សមិទ្ធផល​ជាច្រើន ក្នុង​ឆ្នាំ ២០២៣ កន្លងទៅនេះ​។  


​លោក​បាន​កត់សម្គាល់ថា​៖ «​ការអនុវត្ត​ការងារ ក្នុង​រយៈពេល ៦ ខែ​ដំបូង នៃ​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ក្រសួងមហាផ្ទៃ​សម្រេចបាន​សមិទ្ធផល​ថ្មីៗ តាមរយៈ​ការបន្ត​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការដឹកនាំ​ការងារ​របស់ខ្លួន ដើម្បី​បម្រើប្រជាជន ឱ្យបាន​កាន់តែ​ប្រសើរ​»​។

ជាក់ស្តែង ក្រសួងមហាផ្ទៃ បានរៀបចំ និងដាក់ឱ្យអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ស្តីពី​ការលើកកម្ពស់​ការគ្រប់គ្រង​រដ្ឋបាល​ដែនដី សន្តិសុខ​ជាតិ សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ២០២៤-២០២៨ ដែលជា​ផែនទី​បង្ហាញផ្លូវ ដើម្បី​ឈាន​ឆ្ពោះទៅ​សម្រេចបាន​នូវ​បេសកកម្ម​ចម្បងៗ​របស់​ក្រសួង និង​ការរួមចំណែក​ដល់​ការសម្រេចបាន​កម្មវិធី​នយោបាយ និង យុទ្ធសាស្ត្រ​បញ្ច​កោណ​​ដំណាក់កាល​ទី១ របស់​រាជរដ្ឋាភិបាល​ថ្មី​។


ជាមួយនឹង​ការអបអរសាទរ​ចំពោះ​សមិទ្ធផល សម្រេចបាន​ក្នុង​ឆ្នាំ ​២០២៣ លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​ដាក់ចេញ​នូវ​អនុសាសន៍ គន្លឹះ​មួយចំនួន ជាពិសេស​បន្ត​ជំរុញ​ការអនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព ឱ្យ​កាន់តែ​សកម្ម​ថែមទៀត​។

ក្នុងនោះ ត្រូវ​បន្ត​យកចិត្តទុកដាក់​ក្នុង​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ឱ្យបាន​កាន់តែ​សកម្ម​ផុលផុស​នៅតាម​មូលដ្ឋាន និង​នៅតាម​ក្រសួង​-​ស្ថាប័ន។


ត្រូវ​បន្ត​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យបាន​ម៉ឺងម៉ាត់ សំដៅ​កាត់បន្ថយ​ឱ្យ​បានជា​អតិបរមា​នូវ​គ្រោះថ្នាក់ និង​ផលប៉ះពាល់​ដល់​អាយុជីវិត ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ និង​បន្ទុក​របស់​សង្គម ដែល​បង្កឡើង​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​។

លោក ហ៊ុន ម៉ា​ណែ​ត បាន​សង្កត់ធ្ងន់ថា​៖ «​ត្រូវ​បន្ត​គ្រប់គ្រង ត្រួតពិនិត្យ និង​ចាត់វិធានការ​បង្ក្រាប​ឱ្យបាន​ហ្មត់ចត់​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​នៅតាម​មូលដ្ឋាន សំដៅ​ថែរក្សា​សន្តិសុខ និង​សុវត្ថិភាព រួមចំណែក​លើក កម្ពស់​ជីវភាព​រស់នៅ និង​ភាពសុខដុមរមនា​រប​ស់​ប្រជាពលរដ្ឋ និង​សង្គមជាតិ​»៕​