​ភ្នំពេញៈ លោកនាយក​រដ្ឋ​​មន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​លើកទឹកចិត្ត​ដល់​ស្ថាប័ន​ជំនាញ​ពាក់​​ព័ន្ធ​នៃ​ប្រទេស​កម្ពុជា​និង​អា​ល្លឺ​​ម៉​ង់ ឱ្យ​បន្ត​ពិភាក្សា​និង​សហការគ្នា​ក្នុងការ​រៀបចំ​ជា​យន្តការ ផែន​ការ​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អប់រំ ការបណ្ដុះ​បណ្ដាល​ធនធានមនុស្ស​និង​វិស័យ​សុខាភិបាល​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​។​


​ការជំរុញ​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ ជាមួយ​លោកស្រី​ ម៉ា​ទីណា​ស្ទែ​ម ហ្វី​ប៊ិច Martina Stamm-Fibich ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​ញត្តិ​នៃ​សហ​ព័ន្ធ​អាល្លឺម៉ង់ និង​គណៈប្រតិភូ​នៅ​វិមាន​សន្តិភាព កាលពី​ថ្ងៃទី​ ២៨ ខែកុម្ភៈ ឆ្នាំ ២០២៤​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​លទ្ធផល​ជំនួប​ទ្វេភាគី​។​

​នៅក្នុង​ជំនួប​នេះ លោកស្រី​ Martina Stamm-Fibich បាន​ថ្លែងថា គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​នាពេលនេះ​គឺ​ដើម្បី​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង​ ២​ ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត ជាពិសេស​កិច្ច​សហ​ប្រតិ​​ប​ត្តិ​កា​រលើ​វិស័យ​អប់រំ និង​ការ​​បណ្ដុះបណ្ដាល ធនធានមនុស្ស និង​វិស័យ​សុខាភិបាល ដោយសារតែ​វិស័យ​ទាំង ២ ​នេះ មាន​សារៈប្រយោជន៍​ទៅវិញទៅមក​ដល់​ប្រទេស​ទាំង​ ២​។​


​លោកស្រីបាន​បញ្ជាក់ថា​៖ «​ជាក់ស្ដែង បច្ចុប្បន្នសហព័ន្ធ​អាល្លឺម៉ង់​ក៏​កំពុង​ជួបប្រទះ​នូវ​កង្វះខាត​ធនធានមនុស្ស​បម្រើការ​ក្នុង​វិស័យ​សុខាភិបាល និង​កម្មករ​ជំនាញ​ផងដែរ​»​។​

​ជាការ​ឆ្លើយតប លោក​ ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​រប​ស់​គណៈប្រតិភូ​អាល្លឺម៉ង់​នាឱកាស​នេះ​បង្ហាញ​អំពី​ទំនាក់ទំនង និង​កិច្ច​សហ​​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២ ​ទាំង​នៅក្នុង​ក្របខ័ណ្ឌ​នីតិ​ប្រតិ​ប​ត្តិ និង​នីតិប្បញ្ញត្តិ ហើយ​លោក​សង្ឃឹមថា ទំនាក់ទំនង​នេះ​នឹង​បន្ត​ពង្រឹង​និង​ពង្រីក​បន្ថែមទៀត​។​


​ឆ្លើយតប​នឹង​បំណង​របស់​ភាគី​អាល្លឺម៉ង់​ក្នុង​ការជំរុញ​ការពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​ទ្វេភាគី​លើ​វិស័យ​អប់រំ និង​ការ​ណ្តុះ​បណ្តាល​ធនធានមនុស្ស​ក៏ដូចជា វិស័យ​សុខាភិបាល លោក ហ៊ុន ម៉ា​ណែ​ត បាន​ស្វាគមន៍ និង​បាន​គូសបញ្ជាក់ថា គោ​លន​យោ​បាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​ ៧ ​នៃ​រដ្ឋសភា​គឺ​ផ្តោតលើ​ការជំរុញ​កំណើនសេដ្ឋកិច្ច ដោយ​ផ្អែកលើ​ធនធានមនុស្ស​។​

​លោក​បាន​បញ្ជាក់ជូន​ដែរ​ថា​៖ «​ព្រម​ជាមួយគ្នានេះ រាជរដ្ឋាភិបាល​ក៏បាន​យកចិត្តទុកដាក់​ខ្លាំង​ក្នុងការ​ពង្រឹង​វិស័យ​សុខាភិបាល និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​និង​ជំនាញ​វិជ្ជាជីវៈ​ទៅដល់​ប្រជាពលរដ្ឋ​កម្ពុជា ព្រោះ​វា​កត្តា​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​»​។​

​លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​អំពី​ចំណង​នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​និង​អាល្លឺម៉ង់ ដែលមាន​រយៈពេល​ជាង​ ៥ ​ទស​​វត្សរ៍ ហើយ​ឆ្នាំនេះ​គឺជា​ឆ្នាំ​ទី៥៧​ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រ​​ទេស​ទាំង​ ២ ​ផងដែរ​។​បន្ថែម​ពីនេះ​តំណាងឱ្យ​កម្ពុជា​លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​អាល្លឺម៉ង់​ដែល​បានរួម​ចំណែក​កសាង​ប្រទេស​កម្ពុជា ជាពិសេស​ក្រោយពី​សង្គ្រាម​ដោយ​ផ្តោតលើ​វិស័យ​អប់រំ ការកសាង​ធនធាន​មនុស្ស​ក៏ដូចជា លទ្ធិ​ប្រជា​ធិ​ប​តេ​យ្យ​ផងដែរ​។​

​ប្រធាន​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា​លោក គង់ សំនៀង បាន​ថ្លែងថា តាមរយៈ​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​នេះ​នឹង​ជួយ​ឱ្យ​វិស័យ​អប់រំ ក៏ដូចជា​វិស័យ​សុខាភិបាល​និង​ធនធានមនុស្ស​របស់​ក​ម្ពុ​ជា​កាន់តែ​រីកចម្រើន​។​

​លោក​ថា​៖ «​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​នេះ​ក៏​ឆ្លើយតប​ទៅនឹង​យុទ្ធសាស្ត្រ​ថ្មី​របស់​រដ្ឋាភិបាល​កម្ពុ​ជា​ដែល​ព្យាយាម​ធ្វើ​យ៉ាង​ណា​ដើម្បី​សេដ្ឋកិច្ច​រីកចម្រើន​តាម​រយៈ​នៃ​ការបង្កើន​ប្រសិទ្ធភាព​គុណភាព​នៃ​ធនធានមនុស្ស​ក្នុង​វិស័យ​អប់រំ​ក៏ដូចជា​ប្រសិទ្ធភាព​នៅក្នុង​វិស័យ​សុខាភិបាល​ដែល​វិស័យ​ទាំង​ ២ ​នេះ​បម្រើឱ្យ​ផលប្រយោជន៍​នៃ​សាធារណៈ​»​។​

​បើតាម​លោក គង់ សំនៀង កិច្ចសហការ​នេះ​ក៏​ជា​ឱកាសល្អ​សម្រាប់​កម្ពុជា​ដែលជា​ប្រទេស​កំពុងអភិវឌ្ឍន៍ ហើយ​ត្រូវការ​ប្រទេស​ប្រទេស​អាល្លឺម៉ង់​នៅ​ប៉ែក​អឺរ៉ុប​ដែលមាន​បទពិសោធន៍​លើ​ការងារ​ទាំងនេះ​។​

​លោក​ថា​៖ «​ជាធម្មតា​នៅពេល​មាន​កិច្ចសហប្រតិបត្តិការ តែង​តែមាន​លំហូរ​ចេញចូល​នៃ​អ្នក​​ជំនាញ​មកពី​អាល្លឺម៉ង់​មក​ស្រុក​ខ្មែរ ហើយ​ចំពោះ​មន្ត្រីរាជការ បុគ្គលិក​នៅក្នុង​វិស័យ​អប់រំ និង​វិស័យ​សុខាភិបាល​កម្ពុជា​ក៏មាន​ឱកាស​ក្នុង​ការធ្វើ​ទស្សនកិច្ច​សិក្សា​ដែល​អាច​ទទួលបាន​នូវ​អាហារូបករណ៍​ថ្មីៗ​សិក្សា​នៅ​ប្រទេស​អាល្លឺម៉ង់ និង​ពាំ​នាំនូវ​ចំណេះដឹង​និង​ជំនាញ​ថ្មីៗ​យកមក​បម្រើឱ្យ​ផលប្រយោជន៍​សេដ្ឋកិច្ច​នៅ​កម្ពុជា​»​។​

​ក្នុងនាម​ពលរដ្ឋ​កម្ពុជា លោក គង់ សំនៀង បាន​អរគុណ​ដល់​រដ្ឋាភិបាល​អាល្លឺម៉ង់​ដែល​តែង​តែ​បន្ត​ជួយ​គាំទ្រ​ជានិច្ច​ដល់​កម្ពុជា​ទាំង​រដ្ឋាភិបាល​អាណត្តិ​ចាស់​ក៏ដូចជា​អាណត្តិ​ថ្មី​នេះ​។​

​ដោយឡែក​នៅក្នុង​ជំនួប​រវាង​លោក ជាម យៀប អនុប្រធាន​ទី១ ​រដ្ឋសភា និង​លោកស្រី ម៉ា​​ទីណា ស្ទែ​ម​ហ្វី​ប៊ិច នៅ​ថ្ងៃទី​ ២៩ ខែកុម្ភៈ ភាគី​ទាំង​ ២ បានបង្ហាញ​គោលបំណង​រួមគ្នា​ក្នុងការ​រឹតចំណង​មិត្តភាព និង​ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​ ២ ​បន្ថែមទៀត​តាមរយៈ​ការផ្លាស់ប្ដូរ​បទពិសោធ​ន៍​ពីគ្នា​ទៅវិញទៅមក​៕