​ភ្នំពេញ​: នៅក្នុង​ព្រឹ​ត្ដិ​ការណ៍​មួយ «​សេចក្ដី​បញ្ចប់​នៃ​ស្នេហា ​(​កា​បា​រ៉េ​)» ​ជាការ​សម្តែង​ដែល​បង្ហាញ​ពី​ការ​លាយ​បញ្ចូល​គ្នា​រវាង​ការ​ច្រៀង ការ​រាំ ការសម្ដែង និង​សៀក ត្រូវបាន​រៀបចំឡើង​ដើម្បី​ទាក់ទាញ​ទស្សនិកជន​នៅ Bar Menaka ឯ​កោះ​ពេជ្រ ជា​​មួយ​នឹង​កម្មវិធី​រៀបចំឡើង​ ២​ ដង​នៅ​ថ្ងៃទី​ ៣ ខែមីនា​វេលា​ម៉ោង ៦​ ល្ងាច និង ០៨:៣០ ​យប់​។​

​កិច្ចសហការ​នេះ​គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​លើកដំបូង​រវាង​សាលា​សិល្បៈ​សម្តែង និង​ហ្វារ​ពន្លឺ​សិល្បៈ ដែល​ផ្តល់ជូន​នូវ​ទស្ស​​នី​យ​ភាព​ដ៏​ពិសេស​ដែល​មិន​ធ្លាប់មាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​។​

​ការសម្តែង​មាន​គោលបំណង​មិន​ត្រឹមតែ​ដើម្បី​កម្សាន្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បញ្ចេញ​នូវ​អា​រ​ម្មណ៍​ជាច្រើន​តាមរយៈ​វិធីសាស្ត្រ​ពហុ​ជំនាញ​របស់​ពួកគេ​។ អ្នក​សម្ដែង​ដែល​បាន​ឆ្លងកាត់​ដំណើរ​​ការរៀបចំ​យ៉ាង​ហ្មត់ចត់ នាំមក​នូវ​វគ្គ​បណ្ដុះបណ្ដាល​នៃ​បទ​ពិ​សោធន៍​ក្នុង​វិស័យ​សិល្បៈ​ផ្សេងៗ​។​


​លោក K.B.Saadi សហ​ស្ថាបនិក​សាលា​សម្ដែង និង​ជា​អ្នកដឹកនាំ​នៃ​ការសម្ដែង​ផ្ទាល់​បាន​ថ្លែងថា​៖ «​សេចក្ដី​បញ្ចប់​នៃ​ស្នេហា​» ដែល​នឹង​បង្ហាញ​ដោយ​សិស្សសាលា​សម្ដែង និង​ហ្វារ​ពន្លឺ​សិល្បៈ​ត្រូវបាន​រៀបចំឡើង​ក្រោម​មូលបទ​នៃ​ការសម្ដែង​បែប​កា​បា​រ៉េ ដែល​លាយឡំ​គ្នា​ទៅដោយ​សៀក​រហស្សកម្ម ការ​សម្ដែង​របាំ​ប្រពៃណី របាំ​សហ​សម័យ និង​ការ​ច្រៀង​។

លោក​បន្ត​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​ពឹង​ផ្អែកលើ​គំនិត​ច្នៃប្រឌិត​ភ្លាមៗ​របស់​តួ​សម្ដែង និង​លើ​ស្នាដៃ​សហ​សម័យ​របស់​អ្នកនិពន្ធ​អន្តរ​​ជាតិ ដើម្បី​រចនា​ការសម្តែង​នេះ​ឡើង​។ សម្រាប់​ទស្សនិកជន បទពិសោធន៍​នៃ​ទស្សនីយភាព​ថ្មី​នេះ​នឹង​ក្លាយជា​ឱកាស​មួយ​ដែល​គួរឱ្យភ្ញាក់ផ្អើល និង​មិនដឹងថា នឹងត្រូវ​រំពឹង​អ្វី​ហើយនឹង​ឱ្យឃើញថា ការរួម​ប​ញ្ជូ​ល​នៃ​សិល្បៈ​ខុសៗ​គ្នា​ធ្វើឱ្យ​ការបង្ហាញ​សិល្បៈ​នោះ​កាន់​តែមាន​ឥទ្ធិពល​»​។​


​លោក Osman Khawaja នាយក​ប្រតិបត្តិ​នៃ​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ បាន​លើកឡើងថា សេចក្ដី​បញ្ចប់​នៃ​ក្ដី​ស្នេហា គឺជា​ឧទាហរណ៍​ដ៏​ល្អឥតខ្ចោះ​នៃ​ភាព​​ជា​ដៃគូ​ដែល​ហ្វារ​ពន្លឺ​សិល្បៈ​តែងតែ​រីករាយ​លើ​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​ជាមួយ​សិល្បករ និង​អង្គការ​សិល្បៈ​ដទៃទៀត​។

លោក​បានឱ្យដឹងថា​៖ «​សិស្សានុសិស្ស​របស់​យើង​អាច​រៀន និង​មាន​តួនាទី​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ក្នុង​កម្មវិធី​សម្ដែង​បែប​ថ្មី​នៃ​កា​បា​រ៉េ​នេះ​។ បទពិសោធន៍​នៃ​ការ​ទស្សនាកា​បា​រ៉េ​មាន​លក្ខណ​​ពិសេស​ក្នុងប្រទេស​កម្ពុជា​ហើយ​ការសម្តែង​នេះ​ជាការ​កម្សាន្ដ​សិល្បៈ និង​វប្បធម៌​តាមរបៀប​ថ្មី​»​។​

​លោក Khawaja ថា​៖ «​ហេតុ​ដូច្នេះហើយ​សាលា​សម្ដែង និង​ហ្វារ​ពន្លឺ​សិល្បៈ​យើងខ្ញុំ​សូម​គោរព​អញ្ជើញ​អស់លោកអ្នក បងប្អូន​ឱ្យចូល​រួម​ទទួលយក​បទ​ពិ​សោធន៍​នៃ​ទស្សនីយភាព​សម្ដែង​មួយ​នេះ​ដើម្បី​ជាការ​កម្សាន្ដ​អា​រ​ម្មណ៍​តាមបែប​រសជាតិ​ថ្មី​»​។​

​អង្គការ​ហ្វារ​លើកឡើងថា ការ​​ចូលរួម​របស់​មហាជន​មិន​ត្រឹម​តែ​ផ្ដល់​តម្លៃ និង​លើកទឹកចិត្ត​ដល់​តួ​សម្ដែង និង​អ្នកពាក់ព័ន្ធ​ដែល​ខិតខំ​យ៉ាង​ស្វិតស្វាញ​ដើម្បីឱ្យ​ការសម្ដែង​ទាំងមូល​ប្រព្រឹត្តទៅ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​នឹងមាន​សារៈ​សំខាន់​យ៉ាងខ្លាំង​សម្រាប់​ការ​ទ្រទ្រង់​សាលា​សម្ដែង​ដែល​បណ្ដុះបណ្ដាល​សិស្ស​ដោយ​ឥតគិតថ្លៃ និង​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​ដែលជា​សាលាបង្រៀន​សិល្បៈ និង​សៀក​រហស្សកម្ម​មិន​រកប្រាក់​កម្រៃ​ឱ្យ​បន្តជីវិត​នៃ​បេសកកម្ម​របស់ខ្លួន​។​

​សំបុត្រ​ដែល​បាន​ទិញ រាល់​ការអបអរ​សាទរ និង​រាល់​ពាក្យពេចន៍​នៃ​ការគាំទ្រ​បានរួម​ចំណែក​យ៉ាងសំខាន់​ដល់​ទឹកចិត្ត និង​ការលើក​ទឹកចិត្ត​របស់​អ្នក​សម្ដែង ដែល​បាន​លះបង់​ជាច្រើន​ម៉ោង​រាប់មិនអស់​ដើម្បី​ធ្វើ​ស្នាដៃ​ទម្រង់​សិល្បៈ​ថ្មី​កម្ពុជា​នេះ​។​ជាងនេះទៅទៀត ការគាំទ្រ​ពី​ទស្សនិកជន គឺ​ចាំបាច់​សម្រាប់​អង្គការ​ដូចជា សាលា​សម្ដែង​និង​ហ្វារ​ពន្លឺ​សិល្បៈ​ជាដើម​។​

​អង្គការ​ហ្វារ​ឱ្យដឹងថា​៖ «​ក្នុងនាម​ជា​អង្គ​ភាពមិន​រកប្រាក់​ចំណេញ​ដែល​ផ្តោតលើ​សិល្បៈ សៀក និង​ការអប់រំ​សិល្បៈ​សម្តែង បេសកកម្ម​របស់​យើង​ជួយ​ឱ្យ​យុវជន​បញ្ចេញ​ទេពកោសល្យ និង​ផ្តល់​កន្លែង​ច្នៃប្រឌិត ដែល​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​ការគាំទ្រ​ពី​សហគមន៍​»​។ សំបុត្រ​អាច​រក​ទិញ​តាម​អ៊ីន​ធឺ​ណិ​ត សម្រាប់​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​វប្បធម៌​ពិសេស​មួយ​ក៏ដូចជា​ផ្ដល់​ការគាំទ្រ ដល់​ការអភិវឌ្ឍ​សិល្បៈ​របស់​កុមារ និង​សិល្បករ​វ័យក្មេង​នៅ​អង្គការ​ហ្វារ​៕