​ភ្នំពេញៈ លោក​ឧបនាយក​រដ្ឋ​​មន្ដ្រី​ ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ដាស់តឿន​មន្ត្រី​ក្រោម​ឱវាទ និង​ណែនាំ​ឱ្យ​អគ្គ​ស្នងការ​នគរបាលជាតិ និង​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត​ យកចិត្តទុកដាក់​ទៅលើ​ការប្រើ​ប្រាស់​រថយន្ត​ពាក់​ផ្លាកលេខ ន ប ឱ្យបាន​ត្រឹមត្រូវ​។​


​ការណែនាំ​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​សន្និបាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ឆ្នាំ​ ២០២៣​ ​និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​ ២០២៤​ របស់​ក្រសួងមហាផ្ទៃ​ចាប់ពី​ថ្ងៃទី ​២៨ ដល់​ថ្ងៃទី​ ២៩ ខែកុម្ភៈ​ក្រោយពេល​មាន​សេចក្តី​រាយ​ការណ៍​ពី​បញ្ហា​ប្រើប្រាស់​រថយន្ត​ផ្លាកលេខ ន ប នេះ​ខុស​គោល​ដៅ​ខ្លះ​នៅតាម​បណ្តា​ខេត្ត​មួយ​ចំនួន​។  

​លោ​ក ស សុខា បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​សូម​យក​ឱកាស​នេះ​ដាស់តឿន​ក៏ដូចជា​ផ្តាំផ្ញើ​ដល់​មន្ត្រីក្រោមឱវាទ​នៃ​ក្រសួងមហាផ្ទៃ​ជាពិសេស​កងកម្លាំង​នគរបាល​ដែល​ប្រើប្រាស់​ផ្លាកលេខ ន ប របស់​យើង​ខុស​រឿង​។​ឥឡូវ​តាមរយៈ​ឯកឧត្តម​ស្នងការ​ខេត្ត​ព្រះ​​សីហនុ ន ប មួយចំនួន​គឺ​ជិះ​ទៅធ្វើ​ការ​នៅកាស៊ី​ណូ ហើយ​កាលពីមុន​ក៏​យើង​ធ្លាប់​ឃើញ​ដែរ ន ប មួយ​ចំនួន​ឈប់​នៅមុខ​ KTV ​ហ្នឹង​»​។​


​លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​បន្ថែមថា រថយន្ត​ដែល​ពាក់​ផ្លាកលេខ ន ប នេះ គឺ​មិនអាច​ឱ្យទៅ​អ្នកផ្សេង​ខ្ចី​យកទៅ​ប្រើ​ប្រាស់​ខុសពី​គោលការណ៍​នោះ គឺ​«​សុំឱ្យ​ប្រើប្រាស់​ឱ្យចំ​មុខ និង​ចំ​ជំនាញ​»​។​

​លោ​ក ស សុខា បាន​ណែនាំ​ឱ្យ​អគ្គ​ស្នងការ​នគរបាលជាតិ និង​ស្នងការដ្ឋាន​រាជធានី-ខេត្ត​ទាំងអស់ យកចិត្តទុកដាក់​ទៅលើ​បញ្ហា​នៃ​ការប្រើប្រាស់​រថយន្ត ន ប នេះ​។ បើ​ក្នុងករណី​រកឃើញថា មាន​មន្ត្រី​ណា​យកទៅ​ប្រើប្រាស់​ខុសច្បាប់​ហើយ​គឺ​ត្រូវ​ដក​ផ្លាកលេខ​នោះមក​វិញ ដើម្បីឱ្យ​រថយន្ត​នោះ​ទៅ​បង់​ជូន​រដ្ឋ​ទៅតាម​ផ្លូវច្បាប់​។​


​លោក​បាន​មានប្រសាសន៍ថា​៖ «​ឥឡូវនេះ​យើង​ឃើញថា​បញ្ហា​នេះ​មាន​កើតឡើង​បន្តិច​នៅតាម​បណ្តា​ខេត្ត ប្រើប្រាស់​ខុស​មធ្យោបាយ ហើយ​នេះ​មែនទែនទៅ​វា​មិនគួរ​ច្រើន​ដល់​លើ​ទៀត​ទេ​។ ការយល់​ដឹង​ច្បាប់ ការយល់ដឹង​ពី​ការប្រើប្រាស់​មធ្យោបាយ ផ្លាកលេខ ន ប នេះ វា​មិនគួរ​ឈឺក្បាល​ទៀត​ទេ​មកដល់​ម៉ោង​នេះ​។ ដូច្នេះ​ត្រូវតែ​ពិនិត្យ​យ៉ាង​ម៉ឺង​មាត់​ក្នុងការ​ត្រួតពិនិត្យ​។​

​ក្រៅពីនោះ លោក ស សុខា បាន​កត់សម្គាល់ថា ក្នុង​ឆ្នាំ​ ២០២៣​ កន្លងទៅ ការអនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព ការបង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ បទល្មើស​គ្រឿងញៀន​ខុសច្បាប់ និង​បញ្ហា​អសន្តិសុខ​ផ្សេងៗ​ក្នុងសង្គម​ត្រូវបាន​ពង្រឹង និង​កែលម្អ​បាន​ប្រសើរ ខណៈ​ការផ្តល់សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​ក៏មាន​ការកែលម្អ​ជា​បណ្តើរៗ​ដែរ​។​

​ក្នុងឱកាស​បើក​សន្និបាត​នេះ​កាលពី​ថ្ងៃទី​ ២៨ ខែកុម្ភៈ លោក ស សុខា បានលើកឡើង​ពី​លទ្ធផល​ការងារ​សំខាន់ៗ​ដែល​ក្រសួង​សម្រេចបាន​ទាំង​នៅ​ចុង​នីតិកាល​ទី​៦ និង​ដើម​នីតិកាល​ទី​៧ នៃ​ឆ្នាំ​ ២០២៣ ​និង​ភាពចាំបាច់​នៃ​ការដាក់ចេញ​យុទ្ធ​សាស្ត្រ​ពាក់ព័ន្ធ​សម្រាប់​ជា​ផែនទី​បង្ហាញផ្លូវ​ច្បាស់លាស់​ក្នុងការ​អនុវត្ត​ការងារ​ក្រោម​ដែន​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​ដែលជា​ផ្នែក​មួយ​នៃ​ការរួមចំណែក​សម្រេចបាន​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​។​

​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ក្រសួងមហាផ្ទៃ លោក ស សុខា បាន​គូសបញ្ជាក់ថា ឆ្នាំ ​២០២៣ គឺជា​ឆ្នាំ​ដែល​កម្ពុជា​បើក​ឱ្យ​ដំណើរការ​ពេញលេញ​លើ​គ្រប់​វិស័យ បន្ទាប់ពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​ ១៩ និង​ជា​ឆ្នាំ​ដែល​កម្ពុជា​រៀបចំ​ព្រឹត្តិការណ៍​ជាតិ និង​អន្តរជាតិ​សំខាន់ៗ ដូចជា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​ ៣២ និង​កីឡា​ជនពិការ​អាស៊ាន​លើក​ទី​១២​។​

​លោក​បាន​រំលេច​ថា បើទោះបី​ស្ថិតក្រោម​ឥទ្ធិពល​នៃ​ហេតុការណ៍​អ​សន្តិ​​សុខ​ជាស​កល​យ៉ាងណាក្តី ក៏ប៉ុន្តែ​នៅ​ឆ្នាំ​ ២០២៣ ​កន្លងទៅ កងកម្លាំង​នគរ​បាល​ជាតិ​បាន​សហការ​ជាមួយនឹង​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ថែរក្សា​ការពារ​បាន​យ៉ាង​ល្អ​នូវ​សុខសន្តិភាព ឯករាជ្យ អធិបតេយ្យ​ជាតិ បូរណភាព​ទឹកដី និង​ធានាបាន​ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម និង​ប្រក្រតី​កម្ម​គ្រប់​ស្ថាប័នរដ្ឋ​។​

​ក្រៅពីនេះ លោក​ក៏បាន​កត់សម្គាល់ថា​៖ «​គោលនយោបាយ ភូមិ​-​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព ការបង្ក្រាប​បទល្មើស​ព្រហ្ម​ទណ្ឌ ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ខុសច្បាប់ ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវភេទ​គ្រប់​ទម្រង់ការ​បង្ក្រាប​សកម្មភាព​ក្មេង​ទំនើង​ការពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ការផ្ដល់​កិច្ច​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ និង​ការសង្គ្រោះ​ជនរងគ្រោះ​ត្រូវបាន​ពង្រឹង​ការ​​អនុវត្ត​ជាប់​ជាប្រចាំ​ដែល​ធានាបាន​នូវ​ប្រក្រតីភាព​សង្គម​គ្រ​ប់​វិស័យ​»​។​

​បន្ថែម​ពីនេះ ការងារ​អត្តសញ្ញាណ​កម្ម ក៏ត្រូវ​បាន​ពង្រឹង និង​កែលម្អ​ការអនុវត្ត​ជា​បណ្តើរៗ​ទាំង​ក្នុង​ក្របខ័ណ្ឌ​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្ត និង​ការផ្តល់សេវា​អត្តសញ្ញាណ​កម្ម​ជូន​ប្រជាជន​ឆ្ពោះទៅ​សម្រេច​គោលដៅ​បុគ្គល​ម្នាក់​មាន​អត្តសញ្ញាណ​តែមួយ និង​មនុស្ស​ទាំងអស់​ត្រូវបាន​កំ​ណ​ត់​អត្តសញ្ញាណ​សំដៅ​ធានា​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​ទទួលបាន​សិទ្ធិ និង​សេវា​ជា​មូលដ្ឋាន​ចាំបាច់​នានា​ស្របតាម​ច្បាប់​។

បើតាម​លោ​ក ស សុខា ​សម្រាប់​ការងារ​អន្តោប្រវេសន៍​ក៏ត្រូវ​បាន ជំរុញ​អនុវត្ត និង​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ដែល​កិច្ចការ​នេះ​បាន​ឆ្លើយតប​ជា​វិជ្ជមាន​ចំពោះ​នយោបាយ​ទេសចរណ៍​ជាតិ ការវិនិយោគ ពាណិជ្ជ​កម្មវិស័យ​ការងារ និង​វិស័យ​ផ្សេងៗ​ទៀត​។​

​លោក​បាន​បន្ថែមថា​៖ «​ចំពោះ​ការងារ​គ្រប់គ្រង​ច្រកទ្វារព្រំដែន ក្រសួងមហាផ្ទៃ​បាន​សហការ​ជាមួយ​អាជ្ញាធរ​និង​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​នានា ដឹកនាំ គ្រប់គ្រង សម្របសម្រួល និង​ត្រួតពិនិត្យ​គ្រប់​សកម្មភាព​ចេញ​-​ចូល​ឆ្លងកាត់​ព្រំដែន​ដោយ​ធា​នា​បាន​នូវ​ប្រក្រតីភាព និង​សុវត្ថិ​ភាព​នៃ​ការធ្វើដំណើរ​ចេញ​-​ចូល ទំនាក់ទំនង​ពាណិជ្ជកម្ម​ស្របតាម​ច្បាប់ និង​លិខិតបទដ្ឋាន ជា​ធរមាន​»​។​

​លោក អំ សំអាត នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គ​ការ​លីកាដូ​ទទួលស្គាល់​ពី​កិច្ច​ខិត​ខំប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​ជំរុញ​កំណែទម្រង់​លើ​ផ្នែក​សន្តិសុខ​នេះ ប៉ុន្តែ​លោក​ថា ការ​​អនុវត្ត​របស់​អាជ្ញាធ​រ​មាន​សមត្ថ​​កិច្ច​តាមរយៈ​ការអនុវត្ត​គោល​​នយោបាយ​ភូមិ ឃុំ មាន​សុវត្ថិ​ភាព​នៅ​មិនទាន់​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​បាន​ពេញលេញ​នៅឡើយ​ទេ​។ 

​លោក​ថា​៖ «​ជាពិសេស បញ្ហា​គ្រឿងញៀន និង​ល្បែងស៊ីសង​ជាដើម​នៅតែ​ជា​ចំណុច​ដែល​គួរឱ្យ​ព្រួយបារម្ភ​ដែល​រដ្ឋាភិបាល​ថ្មី ក៏មាន​ការលើកឡើង​ពី​បញ្ហា​នេះ ហើយ​ពង្រឹង​យន្តការ​ដើម្បី​ធ្វើការ​ទប់ស្កាត់ និង​បង្ក្រាប​លើ​បញ្ហា​ទាំង​នេះដែរ​»​។​

​យ៉ាងណាមិញ តាមរយៈ​អង្គសន្និបាត​ខាងលើនេះ​លោក ស​ សុខា ក៏បាន​ណែនាំ​ដល់​ភាគី​ពាក់ព័ន្ធ​បន្ត​ពង្រឹង​ការងារ​បង្ក្រាប​បទល្មើស​នានា ទប់ស្កាត់ និង​បង្ក្រាប​ករណី​គ្រឿងញៀន​ខុស​ច្បាប់​ដែល​ឆ្លងដែន​តាម​ព្រំដែន​គោក និង​ទឹក​បន្ថែមទៀត​។​

​តាម​របាយការណ៍​រប​ស់​ក្រសួងមហាផ្ទៃ ក្នុង​ឆ្នាំ​ ២០២៣ កង​កម្លាំង​ចំណុះ​ក្រសួងមហាផ្ទៃ​បាន​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​បាន​ជាង ៣ ០០០​ ករណី ក្នុងចំណោម​បទល្មើស​ទូទៅ​ជាង  ៣ ៥០០​ ករណី ​និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជាង​ ៥ ០០០​ នាក់​នៅ​ទូទាំងប្រទេស​។ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ ២០២២ ក្នុង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២៣ ​ចំនួន​បទល្មើស​មានកា​រ​កើនឡើង​ប្រមាណ​ ៧០០ ​ករណី​ស្មើនឹង​ ២៧​ ភាគរយ​៕