ភ្នំពេញៈ ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត លើកទឹកចិត្ត​ដល់​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អា​ស៊ាន​ ​(US-ABC)​ បន្ត​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ក​ក្រសួង ស្ថាប័ន និង​ភាគី​ពាក់ព័ន្ធ ដើម្បី​រៀបចំ​ផែនការ​អនុវត្ត​ការងារ​លើក​កម្ពស់​ការវិនិយោគ​នៅក្នុង​ស្រុក​។ ទន្ទឹមនឹងនេះ លោក​ក៏​សាទរ​ផង​​ដែរ​ចំពោះ​ចំណាប់អារម្មណ៍​របស់​ប​ណ្តា​ក្រុមហ៊ុន​ធំៗ​របស់​អាមេរិក​ដែល​ចង់​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​។​


​ការ​សាទរ​របស់លោក​ហ៊ុន ម៉ា​​ណែ​ត ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ​រវាង​លោក និង​គណៈប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច​​អា​ស៊ាន ដែល​ដឹកនាំ​ដោយ​លោក Brian D. McFeeters អនុ​ប្រធាន​ជាន់ខ្ពស់ និង​ជានា​យក​​គ្រប់គ្រង​ក្រុមប្រឹក្សា​នេះ នៅ​ថ្ងៃទី​ ២៨ ខែកុម្ភៈ ឆ្នាំ​ ២០២៤​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​ជំនួប​។​

​នៅក្នុង​ជំនួប​នេះ លោក Brian D. McFeeters បាន​កោត​សរសើរ​ចំពោះ​ការរីកចម្រើន​រហ័ស​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា និង​ប្រាប់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ថា ក្រុម​​ប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន ដែល​តំណាងឱ្យ​ក្រុមហ៊ុន​ធំៗ ប្រមាណ ​១៧ បង្ហាញ​ចំណាប់​​អារម្មណ៍ និង​មានបំណង​ពង្រីក​ការវិនិយោគ​នៅ​កម្ពុជា​បន្ថែម ហើយ​ស្នើសុំ​ការស្វែងយល់​បន្ថែម​ពី​គោលនយោបាយ​វិនិយោគ​នៅ​កម្ពុជា​។


លោក​ ហ៊ុន ម៉ា​ណែ​ត សាទរ​ចំពោះ​ចំណាប់អារម្មណ៍​បោះទុន​វិនិយោគ​បន្ថែម​នៅ​កម្ពុជា ពី​ក្រុមប្រឹក្សា​ធុរកិច្ច​អា​មេ​​រិ​ក​-​អាស៊ាន ខណៈ​លោក​បញ្ជាក់ប្រាប់​ពី​ការបើកផ្លូវ​ដល់​កា​រវិ​និ​យោគ​បរទេស​ពី​រដ្ឋាភិបាល​កម្ពុជា ដោយ​​ផ្តល់នូវ​បរិស្ថាន​វិនិយោគ​អំណោយផល ជាមួយនឹង​ការ​ធានា​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​សណ្តាប់ធ្នាប់​សង្គម បូកផ្សំ​គោលនយោបាយ​លើកទឹកចិត្ត​នានា និង​គំនិត​ផ្តួច​ផ្តើម​នៃ​គំរូ​អាជីវកម្ម​ថ្មីៗ​តួយ៉ាង គំរូ​ថ្មី​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស តាម​ប្រភេទ​ឧស្សាហកម្ម និង​តម្រូវការ​របស់​ប្រទេស​នីមួយៗ​។​

​លោក ​ហ៊ុន ម៉ា​ណែ​ត សង្កត់ធ្ងន់​ពី​សារៈសំខាន់​នៃ​វិស័យ​ឯកជន​ដូច្នេះ​ថា​៖«​វិស័យ​ឯកជន មិន​ត្រឹម​​តែ​រួមចំណែក​ដល់​ការកសាង​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម ប៉ុ​ណ្តោះ​ទេ​ប៉ុន្តែ​ថែមទាំង​ដើរតួ​យ៉ាងសកម្ម នៅក្នុង​ការលើកកម្ពស់​ការទូត​នៃ​ទំនាក់ទំនង​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​»​។


បន្ថែម​ពីនេះ លោក​លើកទឹកចិត្ត​ដល់​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន ឱ្យ​បន្ត​សហការ​ជាមួយ​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​ដើម្បី​ដាក់ចេញ និង​រៀបចំ​ផែនការ​អនុវត្ត​ជា​សកម្មភាព​ជាក់ស្តែង​សំដៅ​លើកកម្ពស់​ទំនាក់​ទំនង និង​ការវិនិយោគ​របស់​វិស័យ​ឯកជន​នៅ​កម្ពុជា​។​

​គួរ​បញ្ជាក់ថា គណៈប្រតិភូ​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អា​ស៊ាន ដែល​តំណាងឱ្យ​ក្រុមហ៊ុន​ធំៗ ប្រមាណ​ ១៧ ដែល​ចូលរួម​ពិភាក្សា​ការងារ​ជាមួយ​លោក​នា​​យក​រដ្ឋមន្ត្រីគឺជា​ក្រុមហ៊ុន​ ដែល​ប្រតិបត្តិការ​អាជីវកម្ម​លើ​វិស័យ​បច្ចេកវិទ្យា បណ្ដាញ​ផ្សព្វផ្សាយ​សង្គម ទេសចរណ៍ ហិរញ្ញវត្ថុ ថា​ម​ពល ផ្សារ​លក់រាយ និង​កម្មន្តសាល ថាមពល និង​ធានារ៉ាប់រង​ជាដើម​។​

​នៅ​ថ្ងៃ​ដដែល​នោះ​ គណៈប្រតិភូ​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អា​ស៊ាន ​(US-ABC)​ ដឹកនាំ​ដោយ​លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ក៏បាន​ពិភាក្សា​ការ​​ងារ​ជាមួយ​លោក​ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុ​​ប្រធាន​ទី​ ១ ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(CDC)​ ផងដែរ​។​

​យោងតាម​ខ្លឹមសារ​ផ្សព្វផ្សាយ​ដោយ CDC គណៈប្រតិភូ​នៃ​ក្រុម​ប្រឹក្សា​នេះ​ បានស្នើ​សុំ​ការ​សម្រប​សម្រួល​ពី CDC ផ្ទាល់​លើ​កិច្ច​​ការវិនិយោគ ធុរកិច្ច និង​ពាណិជ្ជ​កម្ម ដល់​បណ្តា​ក្រុមហ៊ុន​អាមេរិក​ទាំងនេះ​ខណៈ​ពី​ភាគី​កម្ពុជា​លោក ស៊ុន ចាន់ថុល​បានបង្ហាញ​ការ​ត្រៀមខ្លួន ​ដើម្បី​ជួយ​សម្របសម្រួល​។ 

ប្រភព​ដដែល​ឱ្យដឹងថា​៖«​ឯកឧត្តម​ស៊ុន ចាន់ថុល តាមរយៈ​ជំនួប​នេះ ​ក៏បាន​ជម្រាបជូន​គណៈប្រតិភូ​នៃ​ក្រុមប្រឹក្សា​ធុ​រ​កិច្ច​អាមេរិក​-​អាស៊ាន​លើ​ទិសដៅ​ធ្វើ​ពិពិធ​កម្ម​ផលប​ត្រ​វិនិយោគ​ពី​បណ្ដា​ប្រទេស​នានា ដោយ ហេតុថា កម្ពុជា​ មានច្បាប់​វិនិយោគ​ដែល​បើកចំហ​ទូលាយ​ជូន​វិនិយោគិន​ពី​គ្រប់​បណ្ដា​ប្រទេស​ទាំងអស់​»​។​

​ជុំវិញ​រឿងនេះ លោក​ លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា សម្តែង​ការ​សាទរ​ចំពោះ​ចំណាប់​អារម្មណ៍​ដែល​ក្រុមហ៊ុន​ធំៗ អា​​មេ​រិ​ក​ចង់​ពង្រីក​ការវិនិយោគ​នៅ​កម្ពុជា ខណៈ​ក្រុមហ៊ុន​ខ្លះ​កំពុងដំណើរការ​ទៅហើយ​។ នេះ​ជាស​ញ្ញាណ​ដ៏​វិជ្ជមាន​មួយ​ស្របពេល​រដ្ឋាភិបាល​កំពុង​បង្កើន​ការយក​​ចិត្ត​ទុកដាក់​ផ្នែក​ការទូត​សេដ្ឋកិច្ច និង​កៀរគរ​វិនិយោគទុន​។ 

​ជុំវិញ​មូលហេតុ​ចម្បង​ដែល​ក្រុមហ៊ុន​អាមេរិក​ធំៗ ចង់​ពង្រីក​កា​រវិ​និ​យោគ​លោក​ផ្តល់​ទស្សនៈ​ដូច្នេះ​ថា​៖«​កម្ពុជា​យើង​មាន​ទីតាំង​ភូមិ​សាស្ត្រ​ល្អ មាន​ស្ថិរភាព​នយោបាយ មាន​សុខ​សុវត្ថិភាព​ជាមួយ​កំណើនសេដ្ឋកិច្ច​ជាប្រចាំ ដែល​ផ្តល់​ជំនឿ​ចិត្ត​ដល់​អ្នកវិនិយោគ ដែល​មិន​ផ្តល់​ហានិភ័យ​ដល់​ទុន​វិ​និ​​យោគ ហើយ​ធនាគារពិភពលោក​ក៏បាន​ព្យាករ​ផង​ថា យើង​រក្សា​កំណើនសេដ្ឋកិច្ច​ពី ៥% ទៅ​ ៦% ហើយ​មានច្បាប់​វិនិយោគ​ថ្មី​ល្អ​ផង ទើប​អាច​ទាញ​ចិត្ត​អ្នក​វិ​និ​យោគ​អាមេរិក​»​។ 

​លោក​គូស​បញ្ជាក់ថា សម្រាប់​សភា​ពាណិជ្ជ​​កម្មបាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​សម្របសម្រួល និង​ដោះស្រាយ ជួយ​ពង្រីក​វិនិយោគទុន​នៅ​កម្ពុជា​ របស់​ភាគី​ក្រុមហ៊ុន​អាមេរិក​ទាំងថ្មី​ទាំងចាស់ ជាមួយ​យន្តការ​វិស័យ​ឯកជន​ដែល​ភាគី និង​រដ្ឋាភិបាល​ទើប​បង្កើតឡើង​កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០២៣ កន្លងទៅ​។​

​គួរ​ជម្រាបជូន​ថា សហរដ្ឋ​អា​​មេ​រិ​ក​ជា​ដៃគូ​ពាណិជ្ជកម្ម​ទ្វេភាគី​ធំជាងគេ​លំដាប់​ទី២ ​របស់​កម្ពុជា ដែល​នៅក្នុង​ឆ្នាំ ២០២៣ ទំហំ​ពា​ណិ​ជ្ជ​កម្ម​ទ្វេភាគី​នៃ​ប្រទេស​ទាំង ​២​ សម្រេច​ក្នុង​ទំហំ ៩,១៥ ​ពាន់​លាន​ដុល្លារ ដោយ​ភាគច្រើន​កម្ពុជា​នាំ​ចេញទៅ​សហរដ្ឋអាមេរិក​ប្រមាណ​ ៨,៩​ ពាន់​លាន​ដុល្លារ ​ខណៈ​សហរដ្ឋអាមេរិក​នាំ​ចូលមក​កម្ពុជា​វិញ​ក្នុង​ទំហំ​ប្រមាណ ២៥៧​ លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ (GDCE)៕