​ភ្នំពេញៈ​ លោក​ឧបនា​យក​​រដ្ឋ​មន្ត្រី ​ ហង់​ជួន ​ណា​រ៉ុ​ន ​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ ​យុវ​ជន និង​កីឡា ​បាន​លើក​ឡើង​ថា ​ការ​ប្រាររព្ធ​ទិវា​ជាតិ​អំ​ណាន ​និង​ការ​តាំង​ពិព័រ​ណ៍​សៀវ​ភៅ​ដ៏​សម្បូ​របែប គឺជា​យុទ្ធ​នាការ​មួយ​ក្នុង​ការ​បំផុស​សកម្ម​ភាព ​និង​ការ​ចូលរួម​ទស្សនា​ពី​សំ​ណាក់​មហា​ជន ​ក្នុង​ការ​លើក​កម្ពស់​កា​រ​អាន​សៀវ​ភៅ ​និង​ជាការ​ភ្ជាប់​ទំនាក់​ទំនង​រវាង​អ្នក​អាន ​និង​អ្នក​និពន្ធ​សៀវ​ភៅ​ផង​ដែរ​។​


​លោក​រដ្ឋ​មន្ត្រី​បាន​ថ្លែង​បែប​នេះ​កាលពី​ថ្ងៃទី​ ៩ ​ខែមីនា ​ឆ្នាំ​ ២០២៤​ នា​ឱកាស​ដែល​លោក​ធ្វើ​ជា​អធិ​បតី​ក្នុង​ពិធី​បើក​កម្មវិធី​ពិព័រ​ណ៍​សៀវ​ភៅ ​ដើម្បី​អប​អរ​សាទរ​ទិវា​ជាតិ​អំ​ណាន​លើក​ទី​៩​ នៅ​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​កម្ពុជា ដោយ​ពិព័រ​ណ៍​សៀវ​ភៅ​នេះ​ត្រូវ​រៀបចំ​ឡើង​ក្នុង​រយៈ​ពេល​ ៣ ​ថ្ងៃ ចាប់​ពី​ថ្ងៃទី ​៩ ដល់​ថ្ងៃទី​ ១១ ​ខែមីនា ឆ្នាំ​ ២០២៤​។​

​លោក​បាន​បន្ថែម​ថា ​ការ​តាំង​ពិព័​រណ៍​សៀវ​ភៅ​ដ៏​សម្បូរ​បែ​បគឺជា​យុទ្ធ​នាកា​រ​មួយ​ក្នុង​ការ​បំផុស​សកម្ម​ភាព​ និង​ការ​ចូលរួម​ទស្សនា​ពី​សំណាក់​មហា​ជន​ជា​មួយ​បរិយា​កាស​រីក​រាយ​ និង​ជិត​ស្និទ្ធ​ ជា​ពិសេស​បង្កើត​ថ្នាល​ទំនាក់​ទំនង​រវាង​អ្នក​អាន​ និង​អ្នក​និពន្ធ​សៀវ​ភៅ ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍​ការ​លើក​ទឹក​ចិត្ត និង​ការបណ្តុះ​ទម្លាប់​នៃ​ការ​អាន និង​តែង​និពន្ធ​សម្រាប់​កសាង​អនា​គត​សង្គម​ជាតិ​ឱ្យ​ភ្លឺ​ថ្លា​។​


​លោក ហង់​ជួន ​ណា​រ៉ុ​ន បាន​បញ្ជាក់​​ថា៖«​ព្រឹត្តិ​ការណ៍​មួយ​នេះត្រូ​វបាន​រៀបចំ​ជា​រៀង​រាល់​ឆ្នាំក្នុង​គោល​បំណង​លើក​កម្ពស់​វប្ប​ធម៌​នៃ​ការ​អាន ​និង​តែង​និពន្ធ​ឱ្យ​កាន់​តែ​ផុស​ផុល ​ទូលំ​ទូលាយ​ និង​ជ្រួត​ជ្រាប​ដល់​ប្រជា​ជន​គ្រប់​វ័យ​គ្រប់​ស្រទាប់​វណ្ណៈ​នៅ​ទូទាំង​កម្ពុជា​»​។​

​លោក​បាន​រំឭក​ទៀត​ថា ​កាលពី​ឆ្នាំ​ ២០១៦ ​ជា​ឆ្នាំ​ទី​១ នៃ​ការ​ប្រារព្ធ​ទិវា​ជាតិ​អំ​ណាន ​មិន​ទាន់​បាន​រៀបចំ​​ជា​ការ​ប្រកួត​ប្រជែង​បាន​នៅ​ឡើយ​ទេ គឺ​គ្រាន់​តែ​មាន​ការ​អាន​អត្ថ​បទ ​ការ​និទាន​រឿង​ និង​ការ​ស្មូត​កំណាព្យ​ជា​និមិត្តរូ​ប​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ចាប់​ពី​ឆ្នាំ​ ២០១៧​មក ​មាន​ការ​រៀបចំ​ការ​ប្រកួត​ប្រជែង​ថ្នាក់​រាជ​ធានី ​ខេត្ត និង​កម្ម​វិធី​ជា​ច្រើន​ទៀត​។

​ក្នុង​នោះ​កម្ម​វិធី​ទិវា​ជាតិ​អំ​ណាន​ថ្នាក់ជា​តិ​មាន​ដូច​ជា​៖ បាឋក​ថា​របស់​ថ្នាក់​ដឹក​នាំ ​វេទិកា​ពិភាក្សា​ដោយ​វាគ្មិន​សំខាន់ៗ ​ការ​តាំងពិព័រណ៍​សៀវ​ភៅ ​ការ​ប្រកួត​ប្រជែង​អាន​អត្ថ​បទ ​ការ​ស្មូត​កំណាព្យ ​ការ​តែង​និពន្ធ​របស់​សិស្សានុ​សិស្ស ​ដើម្បី​ទទួល​ពាន​រង្វាន់​ សម្តេច​តេ​ជោ ហ៊ុន ​សែន ​ព្រម​ទាំង​ការ​ប្រកួត​ប្រជែង​បក​ស្រាយ​ប្រធាន​បទ​អក្សរសិ​ល្ប៍​របស់​មន្ត្រី​អប់រំ ​និង​សា​ធា​រណ​ជន​ផង​ដែរ​។​


​លោក ហុក សុ​ទ្ធិ នាយក​អង្គ​ការ​ស៊ី​ប៉ា (Sipar)​បាន​ឱ្យ​ដឹង​ដែរ​ថា អង្គការ​ស៊ី​ប៉ា មិន​ដែល​ខក​ខាន​ឡើយ ​ដោយ​ឆ្នាំនេះ​ ស៊ី​​ប៉ា បាន​ដាក់​ស្តង់​សៀវ​ភៅ​​ចំនួន​៣​ស្តង់។​លោ​កបាន​​អះ​អាង​ថា ទាំង​ទិវា​អំ​ណាន​ជាតិ ​និង​ពិព័រណ៍​សៀវ​ភៅ ជា​ព្រឹ​ត្តិការ​ការណ៍​មួយក្នុង​ការ​ដាស់តឿ​ន​ស្មារតី​ឱ្យ​សា​ធារ​ណ​ជនចាប់​អារម្ម​ណ៍​ពី​អត្ថ​ប្រយោ​ជន៍​នៃ​ការ​អាន​សៀវ​ភៅ​។​

​ទោះ​យ៉ាង​ណា​ក៏​ដោយ ​លោក ​ហុក​ សុទ្ធិ ​បាន​បង្ហាញ​ការ​​​យល់​ឃើញថា​ ដើម្បី​ជំរុញ​ឱ្យ​ប្រជា​ជន​កម្ពុជា​មាន​ទម្លាប់​ក្នុង​ការអា​ននិង​ធ្វើ​ឱ្យ​ការ​អាន​ក្លាយ​ជា​វប្ប​ធម៌​មិន​មែន​ជា​កាតព្វ​កិច្ច​បាន​ មិន​មែន​ត្រឹម​តែ​ការ​រៀបចំ​កម្មវិធី​ពិព័​រណ៍​សៀវភៅ​ ឬ​ទិវា​ជាតិ​អំ​ណាន វា​គ្រប់​គ្រាន់​នោះ​ទេ លុះ​ណាតែ​​សា​ធា​រណ​ជន ជា​ពិសេស​ឪពុក​ម្តាយ ត្រូវ​បង្កើត​ទម្លាប់​នៃ​ការអា​ន​ធ្វើជា​គំរូ​ដល់​កូន​។​

​លោក​បាន​បញ្ជាក់​ថា​៖ «​យើង​គាំទ្រ​ចំពោះ​ការ​ជ្រោម​ជ្រែង​របស់​ក្រសួង​ពាក់​ព័ន្ធ​ក្នុងការ​លើក​កម្ពស់​កា​រអា​ន ដោយ​យើង​បាន​ឃើញ​ពី​ការ​រីក​ចម្រើន​នៃ​កា​រអាន​ តាមរយៈ​កំណើន​នៃ​អ្នក​អាន​សៀវ​ភៅ អ្នក​បោះ​ពុម្ព​សៀវភៅ​ យើង​អាច​កត់​សម្គាល់​បាន​ថា​ ព្រឹត្តិ​ការណ៍​ទាំង​នេះ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​។យើង​ក៏​ចង់ឱ្យ​ឪពុក​ម្តាយ​ចូលរួម ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ជំរុញ​ការអាន​ដល់​កូន​ និង​ធ្វើ​វា​ឱ្យ​ទៅ​ជា​វប្ប​ធម៌​អាន​ មិន​មែន​ជា​កា​តព្វកិច្ច​»​។​

​ជា​មួយ​គ្នា​នេះ​ លោក ហុក សុទ្ធិ ក៏បាន​អំពាវ​នាវដល់​អ្នក​បោះ​ពុម្ព​សៀវ​ភៅនិង​អ្នក​និពន្ធ​សា្ន​ដៃ​សៀវ​ភៅ​គ្រប់​ប្រភេទ​ត្រូវ​រៀប​រៀង​សៀ​វភៅដែល​មាន​គុណ​ភាពនិង​ផ្តល់​ប្រយោ​ជន៍​សម្រាប់​អ្នក​អាន​ ចៀស​វាង​ការ​លួ​ចចម្លង​ស្នា​ដៃ​អ្នក​ដទៃ​ដែល​ជា​ទង្វើ​ខុសច្បា​ប់​។

​សូម​ជម្រាប​ថា ក្រសួង​អប់រំ​ ក្រោម​កិច្ច​សហ​ការ​យ៉ាង​ល្អ​ជាមួយ​ក្រសួង​ ស្ថាប័​ន​ពាក់​ព័ន្ធ​ ដូចជា​ក្រសួង​វប្បធម៌​ និង​ក្រសួង​ព័ត៌​មាន​ជា​ដើម​បាន​រៀប​ចំ​ទិវា​ជាតិ​អំ​ណាន ​និង​ការ​តាំង​ពិព័រ​ណ៍​សៀវ​ភៅចំនួន​ ៩ លើក​ហើយទាំង​លើក​នេះ​។ ចំណែក​ពិ​ព័រណ៍​សៀវ​ភៅ​ឆ្នាំ​នេះ ​ធ្វើ​ឡើង​ក្រោម​ការរៀ​បចំ​របស់​ក្រសួង​អប់រំ ​សហ​ការ​ជា​មួយ​ក្រសួង​ព័ត៌​មាន​ ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ ព្រ​មទាំង​​ក្រសួង ​ស្ថាប័ន​ពាក់​ព័ន្ធ រៀប​ចំ​ការ​តាំងពិព័​រណ៍​សៀវ​ភៅ​រហូត​ដល់​ទៅ ១០៦ ​ស្តង់ មក​ពី ៥៦​ ស្ថា​ប័ន​ នៅ​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​កម្ពុជា​ ដែល​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​៣​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃទី​ ៩ ​រហូត​ដល់​ ថ្ងៃទី​ ១១ ​ខែមីនា​ ឆ្នាំ​ ២០២៤៕