​ភ្នំពេញៈ​ លោក ​ហ៊ុន ​ម៉ានី ​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណ​:​ និង​ជា​ប្រធាន​សហ​ភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ (​ស​.​ស​.​យ​.​ក​)​ បាន​ថ្លែងថា ការ​បណ្តុះ​បណ្តាល​មន​សិការ​ពលរដ្ឋ​ល្អ ​មិន​មែន​ទាល់​តែ​មាន​វិបត្តិ​នោះ​ទេ ប៉ុន្តែ​ត្រូវ​បណ្តុះ​បណ្តាល​ជា​ប្រចាំដើម្បី​ក្លាយ​ជា​ស​សរ​ទ្រូង និង​ជា​ធន​ធាន​ដ៏​មាន​សារៈ​សំខាន់​សម្រាប់​ប្រទេស​ជាតិ​។​

​ការ​ថ្លែង​របស់​លោក​រដ្ឋ​មន្ត្រី​ក្រសួង​មុខងារ​សា​ធារណ​:​នេះបាន​ធ្វើ​ឡើង​នៅក្នុង​ពិធី​បើក​វគ្គ​បណ្តុះ​បណ្តាល​គ្រូ​បង្គោលនៃ​កម្មវិធី«​មន​សិការ​ពលរដ្ឋ​ល្អ​”»កាល​ពី​ថ្ងៃទី​ ៩ ​ខែមីនា ឆ្នាំ​ ២០២៤ នៅ​ម​ជ្ឈ​ម​មណ្ឌល​ម៉ា​នី អគារ The Kampus​ ដែល​កម្មវិធី​ជា​ការ​សហការ​គ្នា ​រៀប​ចំ​ឡើង​រវាង​ក្រសួង​អប់រំ​ យុវ​ជន ​និង​កីឡា និង​ជា​ប្រធាន​សហ​ភាព​សហ​ព័ន្ធ​យុវ​ជន​កម្ពុជា​។​

​លោក ​ហ៊ុន ម៉ា​នី បាន​លើក​ឡើង​ថា សិក្ខា​សាលា ​នេះ​នឹង​បណ្តុះ​មន​សិការ​ ឆន្ទៈ និង​ភាព​ជា​ពលរដ្ឋ​ល្អ​ដល់​យុវជន​កម្ពុជាដើម្បី​ក្លាយ​ជា​សសរ​ទ្រូង​និង​ជា​ធន​ធាន​ដ៏​មាន​សារៈ​សំខាន់ សម្រាប់​ប្រទេស​ជាតិ នា​ពេល​អនា​គត​។​


​លោក​បាន​បញ្ជាក់​ថា​៖«​ខ្ញុំ​សូម​កោត​សរសើរ​នូវ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​រប​ស់​ក្រសួង​អប់រំ ​យុវ​ជន និង​កីឡា ក្នុង​ការ​ដឹកនាំ​បណ្តុះ​បណ្តាល​យុវ​ជន​កម្ពុជា​ឱ្យ​ក្លាយ​ជា​សសរ​ទ្រូង​នៃ​ប្រទេស​ជាតិ ​និង​ចូល​រួមចំណែក​ជាមួយ​សង្គម​ជាតិ ​ជា​ពិសេស​ក្នុងការ​អនុញ្ញាត​ឱ្យ​ស​.​ស​.​យ​.​ក​. ចូល​រួម​ចំណែក​ជា​មួយ​ក្រសួង​ក្នុង​ការ​បំពាក់​បំប៉ន ​សមត្ថ​ភាព​យុវ​ជន​»​។​

​លោក​បាន​បន្ថែម​ថា ការ​ចូល​រួម​របស់ ស​.​ស​.​យ​.​ក​. គឺធ្វើឡើ​ង​តាមរ​យៈ​ការ​ផ្តល់​វគ្គ​បំប៉ន​ដល់​សិស្ស​ដែល​ត្រៀម​ប្រឡង​មធ្យម​សិក្សា​ទុតិយ​ភូមិ ​ចូលរួម​ជា​អ្នក​សង្កេត​ការណ៍ ​គាំទ្រ​កំណែ​ទម្រង់​វិស័យ​អប់រំ ​ការ​បង្កើត​ជា​កម្មវិធី​សម្រាប់​យុវជន​នានា​ ដែល​ក្នុង​នោះ​មាន​សិក្ខា​សាលា ​«​មន​សិការ​ពល​រដ្ឋ​ល្អ​» នា​ពេល​នេះ​។​


​ជា​មួយ​គ្នា​នោះ​ដែរ​ លោក ​ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ​បាន​លើក​ឡើង​ដែរ​ថា កម្មវិធី «​មន​សិការ​ពលរដ្ឋ​ល្អ​» គឺ​ជា​កម្ម​វិធី ​បំពេញ​បន្ថែម​ទៅ​លើ​កម្ម​វិធី​សិក្សា​ផ្លូវការ​របស់​រដ្ឋ ​ក្នុង​គោល​បំណង​បណ្តុះ​បណ្តាល​សមត្ថ​ភាព​ ឆន្ទៈ ​ការ​ទទួល​ខុសត្រូវ ​និង​ភាព​ជា​ពល​រដ្ឋ​ល្អ​ដល់​យុវ​ជន ​ដើម្បី​ចូល​រួម​អភិ​វឌ្ឍ និង​រក្សា​សុ​ខដុម​នីយ​កម្ម​ប្រទេស​ជាតិ​។ 

​លោក​បាន​មាន​ប្រសាសន៍​ថា​៖«​កម្មវិធី​នេះ​នឹងធ្វើ​ការផ្សារ​ភ្ជាប់​ទ្រឹស្ដី​ទៅ​នឹង​ការ​អនុវត្ត​គម្រោង​ជាក់​ស្តែង​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​សា​លារៀននិង​សហ​គមន៍ក៏​ដូចជា​ទស្សន​កិច្ច​សិក្សា​ជូន​ដល់​សិស្សានុ​សិស្ស​ឱ្យបាន​យល់​ដឹង​អំពី​ប្រវត្តិ​សាស្ត្រ ការ​តស៊ូ​លះ​បង់ របស់​វីរជន​ជំនាន់​មុន​ក្នុង​បុព្វ​ហេតុ​កសាង​ជាតិ​មាតុ​ភូមិ​»​។ 

​លោក​បាន​បន្ថែម​ថា ​រាជ​រដ្ឋាភិ​បាល​បាន​និង​កំពុង បន្ត​ឆន្ទៈ និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​អប់រំ​យុវជន​ខ្មែរ​ឱ្យក្លាយ​ជា​កូន​ល្អ ​សិស្ស​ល្អ ​មិត្ត​ល្អ និង​ជា​ពល​រដ្ឋ​ល្អដោយ​ផ្អែក​លើ​ចតុ​ស្តម្ភ​នៃ​ការ​អប់រំចំនួន​៤​គឺ​៖ទី​១-អប់រំ​ដើម្បី​ឱ្យ​មាន​ចំណេះ​ដឹង​,ទី​២-អប់រំ​ដើម្បី​ឱ្យ​មាន​ចំណេះ​ធ្វើ​,​ទី​៣-អប់រំ​ដើម្បី​ឱ្យ​មាន​ឥរិយា​បថ និង​ក្រម​សីល​ធម៌​ល្អ ​និង​ទី​៤-អប់រំ​ដើម្បី​ឱ្យ​ចេះ​រស់​នៅ​ក្នុង​សង្គម​ប្រកប​ដោយ​ភាព​សុ​ខដុម​រមនា​។​

​លោក​រដ្ឋ​មន្ត្រី​បាន​បញ្ជាក់​ថា​៖«​ដើម្បី​អប់រំ​សិស្សនិង​យុវជន​ឱ្យ​ក្លាយ​ជា​ពលរដ្ឋ​ល្អក្រសួង​អប់រំ​ក៏ដូច​ជា​ស្ថា​ប័ន​ពាក់​ព័ន្ធ​ដទៃ​ទៀត មាន​ទិស​ដៅ​លើក​កម្ពស់​ចំណេះ​ដឹង បំណិន ​និង​ចរិយា​ធម៌ ការ​យល់​ដឹង​ពី​គុណ​តម្លៃ ភាព​ជា​ពលរដ្ឋ​ល្អ ដែល​ឆ្លុះ​បញ្ចាំង ពី៣ចំណុច​ធំៗ​គឺ​យើង​មក​ពី​ណា?, យើង​នៅ​ទី​ណា? និង​យើង​ចង់​ទៅ​ណា​?»​។​

​លោក​ ប៉ិច​ បូ​ឡែ​ន សហ​ស្ថាប​និក ​និង​ជាទី​ប្រឹក្សា​សហ​ព័ន្ធ​សេវា​អប់រំ​កម្ពុជាបានបង្ហាញការ​យល់​ឃើញ​របស់​លោក​​ថា​ ការ​បណ្តុះ​បណ្តាល​មន​សិកា​រ​ពលរដ្ឋ​ល្អ ត្រូវ​ចាប់​ផ្តើម​ឡើង​តាំង​ពី​កុមារ​ចូល​សិក្សា​ថ្នាក់​មេ​ត្ត​យ្យ​មកដើម្បី​ឱ្យគេ​ក្លាយ​ជា​យុវជន​ល្អ និង​ក្លាយ​ពលរដ្ឋ​ល្អ នា​ពេល​អនា​គត​ ដែល​ជា​មូល​ធន​មនុស្ស​របស់​ប្រទេស​ជាតិ​។​

​លោក​បាន​បន្ថែម​ថា ការ​បណ្តុះ​បណ្តាល​ឱ្យ​ពល​រដ្ឋ​ ជា​ពិសេស​យុ​វជន​ មាន​មន​សិការ​ស្នេហា​ជាតិ ​តាម​រយៈ​ការ​ចេះ​គោរព​ច្បាប់ និង​មាន​ភាព​ស្មោះ​ត្រង់ និង​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រទេស​ជាតិ​ ប្រជា​ជន​ និង​រាជ​រដ្ឋាភិ​បាល​ គ្រប់​កាលៈ​ទេសៈ​ទាំង​អស់​នឹង​ធ្វើឱ្យ​ប្រទេស​ជាតិ​នោះ​មាន​ការ​រីក​ចម្រើន​។​

​លោក​បាន​បន្ថែម​ថា យុវ​ជន​ត្រូវ​ចេះ​ចែក​រំលែក​និង​សកម្ម​ចូលរួម​ក្នុង​ការ​ងារ​សង្គម ដូចជា ការងារ​សហ​គមន៍ កា​រងារ​ស្ម័គ្រ​ចិត្ត ការ​ងារ​មនុស្ស​ធម៌​ ដែល​ជា​ប្រ​យោជន៍​របស់​សង្គម​ជាតិ​,​បន្ត​វប្ប​ធម៌​គោរព​គ្នា​ទៅ​វិញ​ទៅ​មក បំពេញ​កាតព្វ​កិច្ច​ជា​ពល​រដ្ឋ​ល្អ​៕