ភ្នំពេញៈ ​របាយ​ការណ៍​អភិវឌ្ឍន៍​មនុស្ស​ក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ី​ហ្វិក ឆ្នាំ​ ២០២៤ របស់​អង្គ​ការ​កម្មវិធី​អភិ​វឌ្ឍន៍​សហប្រជា​ជាតិ ​(UNDP) បាន​បង្ហាញ​ថា កម្ពុជា​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ ១៤៦ ក្នុង​ចំណោម​ប្រទេស​ ១៩១ ​ដែល​ជា​ប្រទេស​មាន​ការ​អភិ​វឌ្ឍ​មនុស្ស​មធ្យម​។​


​បើ​តាម​របាយ​ការណ៍រ​បស់​អង្គការ UNDP ​ដែល​បាន​ចេញ​កាលពី​ថ្ងៃទី ​៧ ​ខែមីនា ​បាន​ឱ្យ​ដឹង​ថា នៅ​ក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ី​ហ្វិក ដំណើរ​ការ​អភិវឌ្ឍន៍​មនុស្សបាន​ក្លាយ​ទៅ​ជា​បញ្ហា​ដ៏​គួរឱ្យ​បារម្ភ​មួយដោយ​សារ​តំបន់​ទាំង​នោះមិន​ស្ថិត​ក្នុង​គន្លង​ឆ្ពោះ​ទៅ​សម្រេច​បាន​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ណា​មួយ​​ទេហើយ​មនុស្ស​រាប់លាន​នាក់​រស់​នៅ​ក្នុង​ស្ថាន​ភាព​ជីវិត​មិន​ច្បាស់​លាស់ជា​មួយ​កត្តា​គំរាម​កំហែង​ជាច្រើន​ដល់​សន្តិ​សុខ សង្គម នយោ​បាយ ​និង​បញ្ហា​បរិ​ស្ថាន​​ទៀត​ផង​។​

​ទន្ទឹម​នឹង​ការ​បារម្ភ​នេះ នៅ​ក្នុង​របាយ​ការណ៍​បាន​ឱ្យដឹង​ទៀត​ថា ដើម្បី​ពង្រឹងការ​អភិវឌ្ឍ​មនុស្ស​ឡើង​វិញ​នៅ​ក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ី​ហ្វិក ​គឺ​ត្រូវ​កសាង​ឱ្យមាន​អភិ​ក្រម​មួយ​ផ្អែកលើ​សសរ​ស្ដម្ភ​ចំនួន​ ៣ ​រួមមាន​ ការ​បញ្ជ្រាប​អភិវឌ្ឍន៍​មនុស្ស ការ​ពិចារ​ណា​ឡើង​វិញ​ពី​យុទ្ធ​សាស្ត្រ​កំណើន​ និង​ការ​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​។

​តាម​រយៈ​ការ​កសាង​ដោយ​ឈរ​លើ​អភិ​ក្រម​ទាំង​នោះ បាន​ធ្វើ​ឱ្យ​ប្រទេស​មួយ​ចំនួន ​រួម​មាន​ សិង្ហ​បុរី ​ហ្វីលី​ពីន​ ឥណ្ឌូនេស៊ី ​វៀត​ណាម បង់​ក្លា​ដែ​ស ស្រី​លង្កា និង​ប្រទេស​ប៊ូ​តាន មាន​ការ​រីក​ចម្រើន​គួរ​ឱ្យកត់​សម្គាល់​ក្នុង​ការ​អភិ​វឌ្ឍ​មនុស្ស​រ​យៈពេល​វែង​។ 


ដោយ​ឡែក​នៅ​ប្រទេស​កម្ពុជា ស​ន្ទ​ស្សន៍​អភិវឌ្ឍ​ន៍មនុស្សបាន​កើន​ឡើង ៥៦,៩​ ភាគ​រយតាំង​ពី​ឆ្នាំ​ ១៩៩០ ​ដែល​ធ្វើឱ្យ​កម្ពុជា​ស្ថិត​នៅ​ក្នុង​ក្រុម​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​មនុស្ស​មធ្យម ហើយ​មាន​ចំណាត់​ថ្នាក់​១៤៦ ក្នុង​ចំណោម ​១៩១​ ប្រទេស​ នៅ​ឆ្នាំ ​២០២៣ ខណៈ​វឌ្ឍន​ភាព​នេះ ក៏​រួម​ប​ញ្ចូល​ការ​ខាត​បង់​ដោយ​សារ​វិបត្តិ​កូ​វីដ​ ១៩​ ផង​ដែរ​។​

​ប្រភព​ដដែល​បញ្ជាក់​ថា​៖ «​វឌ្ឍន​ភាព​របស់​កម្ពុ​ជា ដែលសម្រេច​បាន​នេះ គឺ​កើត​ឡើង​ដោយ​សារ​ភាព​ប្រសើ​រឡើង​ផ្នែក​សុខ​ភាព ​និង​ជីវ​ភាព​ ជា​ពិសេស​អត្រា​មរណ​ភាព​កុមា​រ អាហា​រូប​ត្ថម្ភ ការប្រើ​ប្រាស់​ធ្យូង​ចម្អិន ​អនា​ម័យ ​និង​អគ្គិសនី​។​ ស្រប​ពេល​សម្រេច​បាន​វ​ឌ្ឍ​នភា​ព​ទាំង​នេះ កម្ពុជា​នៅតែ​មាន​បញ្ហា​ប្រឈម​សម្រាប់​សូច​នា​ករ​អប់រំ និង​លំនៅ​ឋាន ដោយ​ភាព​ងាយ​រង​គ្រោះ​នៅ​តែ​ខ្ពស់​»​។​


​បើតាម​របាយ​ការណ៍​នេះ​ ទោះ​បី​ប្រទេស​កម្ពុជាអាច​រក្សា​បាន​កំណើន​សេដ្ឋកិ​ច្ច​ខ្ពស់ គឺ​ ៥,២ ​ភាគ​រយ​ នៅ​ឆ្នាំ​ ២០២២ ​និង​ ៥,៣ ​ភាគ​រយ​នៅ​ឆ្នាំ​ ២០២៣ ​ក៏ដោយ ​ប៉ុន្តែ​ការ​មិន​លើក​កម្ពស់​ការអភិ​វឌ្ឍ​មនុស្ស​ គឺ​វា​នឹង​ធ្វើ​ឱ្យ​បាត់​បង់​កំណើន​សេដ្ឋ​កិច្ច​នេះ​ដែរ​។ 

​ដូច្នេះ​ក្នុង​របត់​នេះ ប្រទេស​កម្ពុជា ​ត្រូវ​ពង្រឹង​កំណើន​សេដ្ឋកិ​ច្ច​ឱ្យ​កាន់​តែ​ខ្លាំង និង​មាន​ភាព​ធន់​ថែម​ទៀត ​ដោយ​ការ​ផ្ដល់​អាទិ​ភាព​ក្នុងការ​អភិវឌ្ឍ​មនុស្ស​ស្រប​ពេល​នឹង​ការបន្ត​យក​ចិត្ត​ទុកដាក់​លើ​បញ្ហា​បរិស្ថាន​និង​ការថែ​ទាំ​ភពផែន​ដី​សម្រាប់​មនុស្ស​ជំនាន់​នេះ ​និង​មនុស្ស​ជំនាន់​ក្រោយ​៕