ភ្នំពេញៈ ជនបរទេស និងខ្មែរចំនួនជិត ៩០ នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ជាមួយនឹងគ្រឿងញៀនប្រមាណ ៣ គីឡូក្រាម ដែលបន្លំចែកចាយប្រើប្រាស់ នៅក្នុងទីតាំង ១ កន្លែងឈ្មោះ City of Starry Sky ដែលជាអតីតក្លិបកម្សាន្ត BOEING ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
លោក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ដែលបានដឹកនាំផ្ទាល់ប្រតិបត្តិការបង្ក្រាបនេះ បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យ រួមជាមួយនឹងគ្រឿងញៀននេះ អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោក ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំបញ្ជារបស់ លោក ព្រុំ សន្ធរ អគ្គស្នងការទទួលផែនប្រឆាំងគ្រឿងញៀន។ នេះបើយោងតាមការផ្សព្វផ្សាយរបស់មន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៤។
លោក ឃឹង សារ៉ាត់ បានបញ្ជាក់ថា៖ «កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅម៉ោងប្រមាណ ២ រំលងអធ្រាត្រឈានចូលថ្ងៃទី ១០ ខែមីនា បានឆ្មក់ចូលបង្ក្រាបក្លិបកម្សាន្ត City of Starry Sky ជាអតីតក្លិបកម្សាន្ត BOEING ដែលកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ធ្លាប់បានបង្ក្រាបម្តងរួចហើយ កាលពីថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៣ ប៉ុន្តែពេលនេះ ក្លិបកម្សាន្តនេះបានប្តូរឈ្មោះថ្មី និងលួចបង្កប់ការចែកចាយ និងប្រើប្រាស់គ្រឿងញៀនដដែល»។
លោកបានបន្តថា៖ «ក្នុងប្រតិបត្តិការឆ្មក់បង្ក្រាបនេះ កម្លាំងជំនាញបានឃាត់ខ្លួនមនុស្ស ៨៧ នាក់ ដែលមានជនជាតិចិន វៀតណាម និងកម្ពុជា យកមកសាកសួរ មុននឹងសម្រេចបន្តនីតិវិធី។ ចំណែកឯវត្ថុតាងដែលរឹបអូសបានកម្លាំងជំនាញកំពុងរៀបចំវេចខ្ចប់។ បើតាមការប៉ាន់ស្មានបឋមមានប្រមាណ ៣គីឡូក្រាម»។
យោងតាមប្រភពដដែល បច្ចុប្បន្នសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន កំពុងសាកសួរ និងធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យទាំងអស់ ដើម្បីស្រាវជ្រាវបង្ក្រាបមេខ្លោង អ្នកជួញដូរ អ្នកញៀនគ្រឿងញៀន និងកសាងសំណុំរឿងប្រមូលភ័ស្តុតាងបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់។
យោងតាមលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឱ្យដឹងថា គិតចាប់ពីថ្ងៃទី ២៦ ខែកុម្ភៈ ដល់ថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៤ សមត្ថកិច្ចនគរបាលជាតិទូទាំងប្រទេស បានឃាត់ខ្លួនជនសង្ស័យចំនួន ៣១៩ នាក់ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ចំនួន ១៦១ករណី។
លោក ទូច សុខៈ បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀននោះដែរ សមត្ថកិច្ចបង្ក្រាបករណីគ្រឿងញៀនទ្រង់ទ្រាយធំបានចំនួន ២ ករណី គឺនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធសរុបចំនួន ៦ នាក់ និងប្រមូលបានគ្រឿងញៀនជាង ១៧ គីឡូក្រាម ព្រមទាំងសារធាតុផ្សំមួយចំនួនទៀត។
លោកបានប្រាប់ថា៖ «បញ្ហាគ្រឿងញៀន ស្ថិតក្នុងចំណោមទិសដៅអាទិភាពទាំង ៦ ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសជាឧឡារិក ក្រោយចូលកាន់មុខតំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងនោះការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ត្រូវបានអនុវត្តចំពោះមន្ត្រីនគរបាលជាតិរបស់ខ្លួនផងដែរ»៕