​ត្បូងឃ្មុំៈ អាជ្ញាធរខេត្ត​ត្បូងឃ្មុំ ក្រចេះ និង​ខេត្តពោធិ៍សាត់ បានធ្វើការ​ព្រមាន​ជាថ្មី ទៅកាន់​មន្ត្រី​ និង​ប្រជាពលរដ្ឋ ដែល​ពាក់ព័ន្ធ​នឹង​ការទន្ទ្រាន​ដីព្រៃ​លិច​ទឹក និង​ដីព្រៃ​តំបន់​ធនធានធម្មជាតិ ត្រូវ​ដកខ្លួន​ចេញ​ជាបន្ទាន់ បើ​មិន​ដូច្នេះ​ទេ​នឹងត្រូវ​អនុវត្តតាម​វិធាន​ការ​ច្បាប់ ក៏ដូចជា​ត្រូវ​បណ្ដេញ​ចេញពី​ការងារ​។​


​លោក ​ជាម ច័ន្ទ​សោភ័ណ អភិ​បាល​ខេត្ត​ត្បូងឃ្មុំ បានធ្វើការ​ព្រមាន​ដូចនេះ​ក្នុង​ឱកាសលោក​ចុះសួរសុខទុក្ខ នាំយក​ស្បៀងអាហារ និង​ថវិកា​ឧបត្ថម្ភ​ដល់​កម្លាំងប្រដាប់អាវុធ​ចម្រុះ ដែល​កំពុង​ឈរជើង​ប្រចាំការ ការពារ​ទប់ស្កាត់​ការ​ឈូសឆាយ​ទន្ទ្រាន​តំបន់​ដីព្រៃ​លិច​ទឹក នៅ​ទីតាំង​តំបន់​ក្របី​ក្រៀគ តំបន់​ចម្ការ​ចិន តំបន់​ពស់​អំបែង និង​តំបន់​ខ្នង​​ក្រពើ ក្នុងភូមិ​សាស្ត្រ​ស្រុក​ក្រូច​ឆ្មារ ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី​​ ៩ ខែមីនា​។ នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ​។​

​លោក​អភិបាលខេត្ត​លើកឡើងថា៖ «​សូមកុំ​បន្ត​ទិញ​លក់​ដី ដែល​មិនទាន់​ដឹង​ច្បាស់លាស់ និង​មិនមាន​កម្មសិទ្ធិ​ព្រោះ​វា​ជា​រឿង​ដែល​ខុសច្បាប់​។ ដូច្នេះ​ប្រសិនជា​ខ្ញុំ​រកឃើញមិន​ថា ជា​មន្ត្រីរាជការ ឬ​ប្រជាពលរដ្ឋ​ឡើយ គឺ​មិន​រួចខ្លួន​នោះទេ ទោះជា​រំលោភ​យក​ដីព្រៃ​លិច​ទឹក ​១​ ហិ​កតា​ ឬ​ ២ ​ហិកតា​ក្ដី​។ នៅពេល​អាជ្ញាធរ​វាស់​ជាក់ស្ដែង​ឃើញ​ហើយនឹង​ត្រូវ​ដក​បុណ្យ​ស័​កិ្ត​និង​អាច​ជាប់គុក​ថែមទៀត ដោយ​គ្មាន​ការលើកលែង​ជាដាច់ខាត​»​។​


​លោ​កថា​ទាំង​ប្រជាពលរដ្ឋ ក៏ដូចជា​កងកម្លាំង គឺ​មិន​រួចខ្លួន​ឡើយ ហើយក៏​កុំ​គិតថា ខ្លួនឯង​ជា​នគរបាល​ប៉ុស្តិ៍ ឬក៏​ខាង​បញ្ជា​ការ​កងរាជអាវុធហត្ថ​គឺ​មិនអាច​រួចខ្លួន​បានទេ​។

លោក​បញ្ជាក់ថា៖ «​ខ្ញុំ​ត្រូវតែ​ធ្វើ​យ៉ាងម៉េច​រក្សា​ព្រៃ​លិច​ទឹក​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខេត្ត​យើង​នេះ​ឱ្យបាន​គង់វង្ស ជាពិសេស​ក្នុង​តំបន់​ស្រុក​ក្រូចឆ្មារ​ឱ្យខាងតែបាន​»​។​


​អាជ្ញាធរខេត្ត​ត្បូងឃ្មុំ​ឱ្យដឹងថា ចំពោះ​ប្លង់​កម្មសិទ្ធិ​ដីធ្លី នៅ​ស្រុក​ក្រូចឆ្មារ ឬ​នៅ​ទូទាំង​ខេត្ត​ត្បូងឃ្មុំ មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​នឹង​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ពួកគាត់ ទៅលើ​ទីតាំង​ដី​ណា​ដែលជា​ដី​ស្របច្បាប់​ពិតប្រាកដ​។​

​ចំណែក លោក​ វ៉ា ថន អភិបាលខេត្ត​ក្រចេះ បានចេញ​សេចក្ដី​​ណែនាំ​មួយ​កាលពី​ថ្ងៃទី ​៧ ខែមីនា​ថា កន្លងមក​ទោះបី​អាជ្ញាធរខេត្ត បាន​ណែនាំ និង​ជំរុញ​ឱ្យ​យកចិត្តទុកដាក់​ខិតខំ​ប្រឹងប្រែង​បង្ការ ទប់ស្កាត់​និង​បង្ក្រាប​បទ​ល្មើស​ឈូសឆាយ​ទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក​ធ្វើជា​កម្មសិទ្ធិ​ប៉ុន្តែ​រដ្ឋបាលខេត្ត នៅតែ​សង្កេតឃើញថា មាន​ជនខិលខូច​មួយចំនួន​បន្ត​ទន្ទ្រាន​ក្នុង​ចេតនា​រំលោភបំពាន​លើ​ច្បាប់ ព្រមទាំង​វិធាន​ការ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​។

​លោក​បាន​ថ្លែងឱ្យដឹងថា​៖ «​ដើម្បី​អភិរក្ស​ធនធាន​ជលផល និង​ជីវៈចម្រុះ​នានា​នៅ​តំបន់​ព្រៃ​លិច​ទឹក ឱ្យបាន​ស្ថិតស្ថេរ និង​គង់វង្ស​សម្រាប់​បម្រើ​ជា​ប្រ​យោ​​ជន៍​សាធារណៈ​ព្រមទាំង​ទប់ស្កាត់​ការចូល​ទន្ទ្រាន​កាន់កាប់​ដី​សា​ធា​រណៈ​របស់​រដ្ឋ​យើង​សូម​ណែ​នាំឱ្យ​អ្នកពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បញ្ឈប់​សកម្មភាព​ឈូសឆាយ រុករាន ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​ហ្នឹង​ជាបន្ទាន់​»​។​

​លោក វ៉ា ថន បាន​ព្រមាន​ថា ប្រសិន​ក្នុងករណី​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​រកឃើញ​បុគ្គល និង​អ្នកពាក់ព័ន្ធ​ល្មើសច្បាប់​បាន​ប្រព្រឹត្ត​សកម្មភាព​ទាំងនេះ នឹងត្រូវ​ដាក់ទោស​ទណ្ឌ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន ដោយ​គ្មាន​ការ​លើកលែង​ឡើយ​។ បន្ថែម​ពីនេះ លោក​ក៏បាន​ណែនាំ​ឱ្យ​ប្រជា​ពលរដ្ឋ ដែល​បាននិងកំពុង​កាន់​កាប់​ដីព្រៃ​លិច​ទឹក​ដើម្បី​អាស្រ័យ​ផល​កន្លងមក កុំ​បន្ត​រុករាន ទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក​បន្ថែម​ធ្វើជា​កម្មសិទ្ធិ ជាពិសេស​ដាក់​គ្រឿងចក្រ​ឈូសឆាយ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​រដ្ឋបាលខេត្ត ពីព្រោះ​វា​ជា​អំពើ​ខុសច្បាប់​។​

​រីឯ លោក ខូ​យ វី​ដា អភិបាលខេត្ត​ពោធិ៍សាត់ ក្រោយពី​បាន​ចុះ​ត្រួតពិនិត្យ​នៅ​ទីតាំង​មួយចំនួន​ក្នុងស្រុក​វាលវែង​កន្លង​មក លោក​ក៏បាន​ណែ​នាំឱ្យ​គណៈកម្មការ​ថ្នាក់​ខេត្ត បន្ត​តាមដាន ត្រួតពិនិត្យ ទប់ស្កាត់ ការទន្ទ្រាន​ដីព្រៃ​តំបន់​ធម្មជាតិ យក​ដី​ធ្វើជា​កម្មសិទ្ធិ ដែលនាំឱ្យ​មហន្តរាយ​ធនធាន​ធាន​ធម្មជាតិ​ក្នុងភូមិ​សាស្ត្រ​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ​។​

​លោក​ថា​៖ «​គណៈកម្មការ​ថ្នាក់​ខេត្ត និង​អនុគណៈកម្មការ​ទាំង ៩ ​ក្រុម ត្រូវ​ចាត់វិធានការ​ដោយ​គ្មាន​ការលើកលែង ចំពោះ​ជន​ល្មើស និង​អ្នកពាក់ព័ន្ធ​ទាំង​នោះឡើយ ដែល​កាប់​ទន្ទ្រាន​ដីព្រៃ និង​ដុតបំផ្លាញ​ព្រៃឈើ ក្នុងភូមិ​សាស្ត្រ​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ​»​។

​លោក ខ្វៃ អាទិ​ត្យា អ្នក​នាំ​ពាក្យ​ក្រសួងបរិស្ថាន បាន​ប្រាប់ឱ្យដឹង​ដែរ​ថា ក្រសួង​បានដាក់​ចេញ​នូវ​វិធានការ​ចំនួន ​៤​ ចំណុច ដើម្បី​ពង្រឹង​ការគ្រប់គ្រង​ធនធានធម្មជាតិ ក្នុងនោះ គឺ​ការអនុវត្ត​ច្បាប់​ឱ្យបាន ​១០០% ដោយ​បញ្ជូន​បទល្មើស​ធនធាន​ធម្មជាតិ​ទៅ​តុលាការ ដើម្បី​ដាក់ទោស​តាមច្បាប់​កំណត់​។ នៅក្នុង​វិធានការ​នេះដែរ លោក​បានឃើញ​អាជ្ញាធរខេត្ត​ពោធិ៍សាត់​បា​ន​ចុះទៅ​ផ្ទាល់ នឹង​អនុវត្ត​ដាក់ទោស​ទណ្ឌ​ទៅលើ​ជនល្មើស​តាមច្បាប់​កំណត់ដោយ​គ្មាន​ការលើកលែង​នោះឡើយ​។

លោក​មានប្រសាសន៍ថា​៖ «​អ៊ីចឹង​!​សូម​លើកទឹកចិត្ត​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​ចូលរួម​កាន់តែ​ប្រសើរឡើង​ថែម​ទៀត​សម្រាប់​ការអនុវត្ត​ច្បាប់​ដើម្បី​គ្រប់គ្រង​ធនធានធម្មជាតិ​របស់​យើង​ឱ្យមាន​និរន្តរភាព​និង​មាន​ប្រសិទ្ធភាព​ថែមទៀត ក្នុងការ​ទប់ស្កាត់​ការបំផ្លាញ រុករាន ទន្ទ្រាន​ដីព្រៃ​យកមក​ធ្វើជា​កម្ម​សិទ្ធិ ដែល​វា​ខុស​នឹង​ច្បាប់​»​។​

​បន្ថែម​ពីនេះ លោក​ក៏​លើកទឹកចិត្ត​ឱ្យមាន​ការដាំ​ដើមឈើ​ឱ្យ​ច្រើនជាង​ការកាប់ ដើម្បី​រក្សា​នូវ​កំណើន ជាពិសេស​ការជំរុញ ការដាំ​ស្តារ​ព្រៃឈើ​ដែលជា​ទិស​ដៅ​អាទិភាព​បង្កើន​គម្រប​ព្រៃ​ឈើ​ឱ្យបាន​ ៦០% នៅ​ឆ្នាំ ​២០៥០ ស្របតាម​យុទ្ធសាស្ត្រ​បញ្ច​កោណ របស់​រាជរដ្ឋាភិបាល​និង​លើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ នៅតាម​សហគមន៍​រួមទាំង​ការ​អភិ​រក្ស​ជីវចម្រុះ​ដោយ​ចីរភាព​។​

​សូម​រំឭក​ផងដែរ​ថា កាលពី​ចុងខែ​មករា ឆ្នាំ ​២០២៤ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ទន្លេសាប និង​ស្ថាប័ន​ពាក់ព័ន្ធ​បន្ត​អនុវត្ត​ការចុះបញ្ជី​ដី និង​កំណត់ព្រំដែន​នៅក្នុង​តំបន់​ព្រៃ​លិច​ទឹក​ជុំវិញ​បឹង​ទន្លេសាប​ប្រកបដោយ​សុក្រឹត​​ភាព​ចីរភាព និង​បរិ​យាប​ន្ន​ដើម្បី​ថែរក្សា​ព្រៃ​លិច​ទឹក ត្រី ជាពិសេស​ជីវចម្រុះ​សម្រាប់​ផលប្រយោជន៍​រួម​និង​មនុស្ស​ជំនាន់​ក្រោយ​៕