ភ្នំពេញៈ នៅគ្រាដែលដំណាំស្វាយចន្ទី កំពុងតែជួបបញ្ហាប្រឈម ទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យគុណភាព និងតម្លៃស្វាយចន្ទីមានការធ្លាក់ចុះ មន្ត្រីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការចងក្រងសហគមន៍កសិកម្មទំនើប ជាដំណោះស្រាយមួយសម្រាប់ប្រជាកសិករ ក្នុងការជួយដោះស្រាយបញ្ហានេះ។
កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកឡើងនៅថ្ងៃទី ១០ ខែមីនាថា ស្វាយចន្ទី គឺជាដំណាំដែលក្រសួងកសិកម្មនិយាយដោយឡែក និងរាជរដ្ឋាភិបាលកម្ពុជា និយាយជារួម កំណត់ជាដំណាំមួយប្រភេទដែលមានសក្ដានុពលខ្ពស់ សម្រាប់លើកស្ទួយជីវភាពប្រជាកសិករ វិស័យកសិកម្ម និងរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ចជាតិ។
កញ្ញាបានបន្ថែមថា ដូចគ្នាទៅនឹងដំណាំផ្សេងៗទៀតដែរ តម្លៃរបស់ស្វាយចន្ទីប្រែប្រួលឡើងចុះ អាស្រ័យលើបរិមាណផ្គត់ផ្គង់ និងតម្រូវការ។ តម្លៃគ្រាប់ស្វាយចន្ទីក៏លក់បានថ្លៃខុសគ្នាដែរ ទៅតាមទំហំ គុណភាព សំណើម និងប្រភេទពូជស្វាយចន្ទី។ គ្រាប់ស្វាយចន្ទីលក់ចំណេញច្រើននៅពេលចាប់-ផ្ដើមប្រមូលផលនាដើមរដូវ និងចំណេញតិចនៅពេលដែលការប្រមូលផលធ្វើឡើងព្រមៗគ្នា ទាំងនៅកម្ពុជា និងនៅប្រទេសដែលនិយមទិញគ្រាប់ស្វាយចន្ទីពីកម្ពុជា។
កញ្ញា អ៊ឹម រចនា បានពន្យល់ថា៖ «ផលចំណេញតិចឬច្រើនរបស់កសិករដាំស្វាយចន្ទី ក៏ខុសគ្នាដែរ អាស្រ័យលើបច្ចេកទេសនៃការដាំដុះ៖ ការបាញ់ថ្នាំ ការដាក់ជី កម្លាំងពលកម្មថែទាំស្វាយចន្ទី របៀបប្រមូលផលស្វាយចន្ទី សុទ្ធសឹងតែជាការចំណាយដែលជះឥទ្ធិពលទៅលើផលចំណេញរបស់បងប្អូនប្រជាកសិករ។ នេះគេនៅមិនទាន់និយាយដល់ការយល់ដឹងពីទីផ្សារ និងផែនការយុទ្ធសាស្ត្រនៃការលក់ដើម្បីទទួលបានថ្លៃខ្ពស់ផងទេ»។
កញ្ញាបានបន្ថែមថា ដោយកំណត់បានពីកត្តាប្រឈមរបស់ប្រជាកសិករដែលដាំដុះដំណាំស្វាយចន្ទី រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ ២០២២-២០២៧ និងកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ដើម្បីជួយប្រជាកសិករ ទាំងបញ្ហាបច្ចេកទេស ការផ្ដល់ឥណទានតាមករណីចាំបាច់ ដោះស្រាយមធ្យោបាយផលិត ការពារថ្លៃកសិផល និងជួយរកទីផ្សារលក់ជូនកសិករ ដូចមានចែងក្នុងមាត្រា ៦១ និង ៦២ នៃរដ្ឋធម្មនុញ្ញ។
ការចងក្រងសហគមន៍កសិកម្មទំនើប ជាដំណោះស្រាយមួយសម្រាប់ប្រជាកសិករដែលលោកត្រូវការការគាំទ្រ ទាំងក្នុងបញ្ហាបច្ចេកទេស ទុន ទីផ្សារ និងបញ្ហាប្រឈមផ្សេងៗទៀត។ ចំណែក ប្រជាកសិករដែលមានចំណេះជំនាញ ក្រសួងនៅតែផ្ដល់ការគាំទ្រតាមរយៈមន្ដ្រីកសិកម្មឃុំដែលនឹងដាក់ពង្រាយនៅទូទាំងប្រទេស ត្រឹមឆ្នាំ ២០២៥។ អ្នកនាំពាក្យក្រសួងកសិកម្មបានបញ្ជាក់បន្ថែម។
ជាឆន្ទៈប្រកបដោយគំនិតសុទិដ្ឋិនិយម កញ្ញា រចនា បានបញ្ជាក់ថា៖ «អ្វីដែលយើងនិយាយយើងធ្វើ។ ធ្វើច្រើន កំហុសតែងតែមានចៀសពុំរួច។ យើងស្វាគមន៍ជានិច្ចចំពោះមតិរិះគន់ស្ថាបនា។ យើងនឹងបន្តរៀនសូត្រ កែលម្អ ហើយបន្តធ្វើការថែមទៀតដោយឥតរាថយ ដើម្បីផលប្រយោជន៍ប្រជាកសិករ វិស័យកសិកម្ម និងប្រជាជាតិ»។
ចំពោះការចងក្រងសហគមន៍កសិកម្មទំនើប សម្រាប់កសិករដាំដុះស្វាយចន្ទីនេះដែរ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា យល់ឃើញថា ថ្វីដ្បិតតែលោកមិនទាន់បានដឹងច្បាស់អំពីគោលដៅនៃការចងក្រងគ្នាជាសហគមន៍ទំនើបនេះក៏ដោយ តែការដែលមិនបានចងក្រងគ្នាជាសហគមន៍ កសិករនឹងបាត់បង់ប្រយោជន៍ចំនួន ២ បើសិនជាគ្មានការចងក្រងជាសហគមន៍។
លោកបានបញ្ជាក់ដូច្នេះថា៖ «កសិករបើមិនរួមគ្នាជាសហគមន៍ គាត់បាត់ប្រយោជន៍ ២ ដោយទី១ មិនបានទទួលការរៀនសូត្រពីអ្នកជំនាញ គ្មាននរណាគេដើរទៅបង្រៀនដល់ផ្ទះទេ និងទី២ បាត់បង់ទីផ្សារល្អ ក្រុមហ៊ុនត្រូវការបញ្ជាទិញក្នុងចំនួនច្រើន មិនអាចដើរប្រមូលតាមផ្ទះទេ។ សហគមន៍ណាធានាថាប្រមូលគ្រាប់ឆៅបាន ក្រុមហ៊ុនបញ្ជាទិញ ជាក់ស្តែងក្រុមហ៊ុនជប៉ុនបញ្ជាទិញពីសហគមន៍ជ័យសំបូរ (កំពង់ធំ)»។
លោកបានថ្លែងឱ្យដឹងបន្ថែមទៀតថា នាពេលកន្លងមក នៅពេលដែលសមាគម ធ្វើការជាមួយសហគមន៍ស្វាយចន្ទី ចំនួន ៤៥ សហគមន៍ ដែលមកពីខេត្តនានាចំនួន ៩ ខេត្ត ខាងសមាគមអាចជួយដោះស្រាយបញ្ហាប្រឈមមួយចំនួនជូនសមាជិកសហគមន៍បាន ដូចជាការជួយបង្រៀនពីបច្ចេកទេសផលិតជីងាយៗបានដោយខ្លួនឯង ដើម្បីសម្របខ្លួននឹងការប្រែប្រួលអាកាសធាតុ៕