ភ្នំពេញៈ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានអះអាងថា គណបក្សប្រឆាំងទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស គឺបានបាត់បង់ការគាំទ្រ និងប្រជាប្រិយភាពស្ទើរតែទាំងអស់ហើយ ស្របពេលដែលលោក ហ៊ុន ម៉ាណែត បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលនីតិកាលទី៧។
លោក ប៉ែន បូណា បានថ្លែងនៅថ្ងៃទី ១០ ខែមីនាថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានទៅបំពេញទស្សនកិច្ចនៅប្រទេសបារាំងកាលពីពេលថ្មីៗនេះ មិនមានអ្នកគាំទ្រគណបក្សប្រឆាំងធ្វើបាតុកម្មតវ៉ា ចំពោះដំណើរទស្សនកិច្ចនេះទេ ដោយសារតែក្រុមប្រឆាំងប្រមូលគ្នីគ្នាមិនបាន។
លោកអះអាងថា មូលហេតុធ្វើឱ្យគណបក្សប្រឆាំងចុះប្រជាប្រិយភាពខ្លាំងបែបនេះ ព្រោះជាធម្មតាគណបក្សមួយឡើងកាន់រាជរដ្ឋាភិបាល គណបក្សប្រឆាំងតែងតែចុះខ្យោយ ដូចជាឧទាហរណ៍នៅប្រទេសអូស្ត្រាលីជាទឡ្ហីករណ៍មួយស្រាប់ ព្រោះនៅទីនោះ មានអ្នកប្រឆាំងរដ្ឋាភិបាលច្រើន ប៉ុន្តែចុងក្រោយអស់ស្ទើរទាំងស្រុង។
បើតាម លោក ប៉ែន បូណា ទិដ្ឋភាពនៃការគាំទ្ររបស់ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសចំពោះ ហ៊ុន ម៉ាណែត មានចំនួនរាប់ពាន់នាក់។ ជាក់ស្តែងនៅក្នុងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីនៅក្នុងប្រទេសអូស្ត្រាលីមានប្រជាពលរដ្ឋប្រមាណ ២ ពាន់នាក់ ឬលើសពីនេះ បានចេញមកទទួលស្វាគមន៍ ខណៈដែលក្រុមអ្នកប្រឆាំងចេញមកតវ៉ាវិញមានចំនួនតិចតួចបំផុត។
លោកលើកឡើងថា៖ «នៅពេលដែលសម្តេចធិបតីទៅដល់អូស្ត្រាលី មានក្រុមប្រឆាំងមួយក្តាប់តូចបានស្រែកថា គេអត់ទទួលស្គាល់នាយករដ្ឋមន្ត្រីកម្ពុជា ខណៈនាយករដ្ឋមន្ត្រីអូស្ត្រាលី បានក្រាលកម្រាលស្វាគមន៍ ប្រមុខដឹកនាំកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត យ៉ាងកក់ក្តៅនៅលើទឹកដីរបស់ខ្លួន»។
លោកបន្ថែមថា៖ «នៅពេលក្រុមប្រឆាំងមួយក្តាប់តូចទាំងនោះ គេនាំគ្នាស្រែកឱ្យរដ្ឋាភិបាលអូស្ត្រាលីដាក់សម្ពាធទៅលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យជាដើម បែរជានៅពេលជួបសន្ទនាជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រី អូស្ត្រាលីស្វាគមន៍យ៉ាងកក់ក្តៅ ហើយបញ្ជាក់ចំពោះសម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជាថា កម្ពុជា គឺជាប្រទេសដ៏អស្ចារ្យប្រកបដោយភាពធន់ ទោះបីឆ្លងកាត់របបប្រល័យពូជសាសន៍ ខ្មែរក្រហមក៏ដោយ»។
បើតាមលោក បូណា កម្ពុជាគឺជាប្រទេសដ៏អស្ចារ្យនេះ ដែលមានន័យគ្រប់គ្រាន់ និងផ្តល់ការកោតសរសើរ ព្រមទាំងជាការផ្តល់នូវយុត្តិធម៌ទៅដល់ប្រជាពលរដ្ឋខ្មែរ និងរាជដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលបានកសាងប្រទេសកម្ពុជា ឱ្យមានការរីកចម្រើន។
លោកបន្ថែមទៀតថា មិនថាតែនាយករដ្ឋមន្ត្រីអូស្ត្រាលីទេ ថ្នាក់ដឹកនាំគ្រប់គ្នាទាំងអស់ពេលជួបលោក ហ៊ុន ម៉ាណែត ឬលោក ហ៊ុន សែន ដែលជាអតីតនាយករដ្ឋមន្ត្រី គេប្រើពាក្យកម្ពុជាអស្ចារ្យ ដោយមិននឹកស្មានថា ចេញពីរបបខ្មែរក្រហម វិវឌ្ឍរហ័ស មិនខុសពីបណ្តាប្រទេសរីកចម្រើនដទៃឡើយ។
លោក ជ័យ តិច អ្នកសិក្សាការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច និងជាអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា បានថ្លែងទទួលស្គាល់ថា ក្រុមគណបក្សប្រឆាំងទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេសពិតជាធ្លាក់ប្រជាប្រិយភាពយ៉ាងខ្លាំង ជាពិសេសអ្នកគាំទ្រគណបក្សប្រឆាំងនៅក្រៅប្រទេសតែម្តង។
លោកលើកឡើងថា មានហេតុផលមួយចំនួន ដូចជាការបែកបាក់ផ្ទៃក្នុងរបស់គណបក្ស និងបែកទៅជាច្រើនក្រុម និងបក្ខពួក រួមជាមួយនឹងថ្នាក់ដឹកនាំមួយចំនួនទៀត បានទៅបង្កើតគណបក្សថ្មីៗទៀត។
មួយវិញទៀតការដឹកនាំរបស់ក្រុមប្រឆាំងនេះទៀតសោតក៏មិនមានភាពច្បាស់លាស់ ហើយមានមតិវាយប្រហារតែទៅលើបុគ្គល និងគ្រួសារជាជាងរិះគន់ដើម្បីស្ថាបនាក្នុងការធ្វើឱ្យប្រទេសជាតិរីកចម្រើន។
លោកជ័យ តិច អះអាងថា៖ «ការធ្លាក់ចុះប្រជាប្រិយភាពរបស់គណបក្សប្រឆាំង ក៏ដោយសារតែប្រជាប្រិយភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នេះតែម្តងដោយក្នុងនោះគឺនាយករដ្ឋមន្ត្រីថ្មី សម្តេច ហ៊ុន ម៉ាណែត នេះតែម្តង មានប្រជាប្រិយភាព និងមានការគាំទ្រច្រើន ជាពិសេសមានកិច្ចទំនាក់ទំនងនិងកិច្ចសហការពីបណ្តាប្រទេសមួយចំនួន ដូចប្រទេសអឺរ៉ុប អូស្ត្រាលី និងអាមេរិកជាដើម»។
លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀន និងលោក គឹមសួរ ភីរិទ្ធ ប្រធានក្រុមប្រឹក្សាវិន័យ គណបក្សឆន្ទៈខ្មែរ មិនអាចទាក់ទងសុំធ្វើអត្ថាធិប្បាយបានទេនៅថ្ងៃទី ១០ ខែមីនា៕