​ភ្នំពេញៈ​ លោក ​ទូច សុ​ខៈ អ្ន​កនាំពា​ក្យ​រង​ក្រសួងម​ហាផ្ទៃបាន​ឱ្យ​ដឹង​ថា នារី​វ័យ​ក្មេង​កម្ពុជា ១ ​រូប​ ដែល​ត្រូវ​បាន​គេ​យក​ទៅ​ឃុំ​ឃាំង​ក្នុង​ផ្ទះ ​១​ កន្លែង​នៅឯ​ប្រទេស​ចិន​ តាម​រយៈ​មេ​ខ្យល់​យក​ទៅល​ក់ ដោយ​កុហក​ថា ​យ​កទៅ​ធ្វើការ​នោះ ​ត្រូវបាន​ជួយ​អន្ត​រាគមន៍​​ចេញ​ពីទី​កន្លែង​ឃុំ​ឃាំង​វិញហើយ ​បន្ទាប់ពី​មាន​ការ​ជួយ​ពី​សម​ត្ថកិច្ច​ប្រទេស​ចិន ​និង​អាជ្ញា​ធរ​កម្ពុជា​។​


​លោក​បាន​ប្រាប់​ថា​៖ «​មក​ទល់​ពេល​នេះ ​ស​មត្ថកិច្ច​របស់​ចិន​ តាម​រយៈ​ការ​ស្នើសុំ​​អន្តរ​គម​ន៍​ពី​កម្ពុជា​យើង ​មាន​ក្រសួង​មហា​ផ្ទៃ ក្រសួង​ការ​បរទេស ​គឺ​សមត្ថកិ​ច្ច​នគរ​បាល​ចិន​ បាន​ទៅ​យក​ប្អូន​ស្រី​នោះ​ចេញពី​បន្ទប់​ដែល​ម្ចាស់​ផ្ទះ​បង្ខាំង​មិន​ឱ្យ​ទៅ​ណា ​និង​បន្ត​នីតិ​វិធី​ជា​មួយ​ស្ថាន​អគ្គ​កុង​ស៊ុល​កម្ពុជា​បន្ត​ទៀត ​ដើម្បី​ចាត់​ចែង​បញ្ជូន​ប្អូន​ស្រី​មក​កាន់​កម្ពុជា​វិញ​»​។ 

​សូម​បញ្ជាក់​ថា ​កាលពី​ថ្ងៃទី ​៩​ ខែមីនា​ តាម​រយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ លី​ណា ​បាន​បង្ហោះ​វីដេអូ​ឃ្លី​ប​មួយ​ដែល​មាន​ខ្លឹម​សារ​ថា៖ «​ជម្រា​បសួ​រពុក​ម៉ែ​បង​ប្អូន​ទាំងអស់​គ្នា ​ខ្ញុំ​មាន​ឈ្មោះថា ​ភិ​ផា មាន​អាយុ ១៦ ​ឆ្នាំ ជា​អ្នក​ខេត្ត​ត្បូង​ឃ្មុំ ​ស្រុក​ក្រូច​ឆ្មារ ​ភូមិ​ខ្សាច់​ប្រឆេះ​ក្រោម ​ឥឡូវ​ហ្នឹង​ខ្ញុំ​បាន​ចាញ់​បោក​គេ ​ហើយ​មេ​ខ្យល់​យក​ខ្ញុំ​មក​លក់​នៅឯ​ប្រទេស​ចិន គេ​ថា​យក​ខ្ញុំ​មក​ធ្វើកា​រ ប៉ុន្តែ​គេ​យក​ខ្ញុំ​មក​លក់ ហើយ​គេ​យក​ខ្ញុំ​មក​យក​ប្តី​ចិន​»​។​


​វីដេអូ​ដដែល​បាន​បន្ត​ថា៖ «​គេ​ចាប់​ខ្ញុំ​ឃុំ ៦ ​ខែ ហើយ​គេ​ចាក់​សោពី​ក្រៅ​ទៀត ​អ៊ីចឹង​ខ្ញុំ​មាន​តែ​ម្រាមដៃ ១០ សំពះ​សុំ​ជំនួយ​សម្តេច​យាយ ​សម្ដេច​តា ​សម្តេច​ ហ៊ុន ​សែន ជួយ​កូន​ចៅ​ទៅ​វិញ​ផង​»​។​

​ជាមួ​យ​គ្នានេះ​ដែ​រ បើ​យោងតាម​​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋ​បាល​ខេត្ត​ត្បូងឃ្មុំ​​នៅ​ថ្ងៃទី ​១០ ខែ​មីនា ​បានឱ្យ​ដឹងថា ​ក្រោយពី​ទទួល​បាន​ព័ត៌​មាន​នេះ រ​ដ្ឋបា​លខេត្ត​ត្បូង​ឃ្មុំ បាន​ចាត់​ស្នង​ការ​នគ​របាល​ខេត្ត ​សហ​ការ​ជា​មួយនឹង​អាជ្ញា​ធរ​ពាក់​ព័ន្ធ ដើម្បី​ចុះ​ពិនិត្យ ​ស្រាវ​ជ្រាវ​ជា​បន្ទាន់​ភ្លាមៗ ​និង​ជួប​ឈ្មោះ​ រ៉ុ​ម គ​ន្ធា អាយុ ​៣១ ​ឆ្នាំ ដែល​ត្រូវជា​បង​ស្រី​បង្កើត​របស់​ជន​រង​គ្រោះ (​រុំ ភិ​ផា​)​ ដើម្បី​សួរ​នាំ​ព័ត៌​មាន​បន្ថែម​ ។​


​សេចក្តី​ប្រកាស​បាន​បន្ត​ថា កាល​ពី​អំឡុង​ដើម​ឆ្នាំ​ ២០២៣ ​ជនរង​គ្រោះ​ រុំ ភិ​ផា បាន​ចេញ​ពីផ្ទះ​ទៅ​រាជ​ធានី​ភ្នំពេញ​ ដើម្បី​ធ្វើការ​រោង​ចក្រ​កាត់​ដេរ​ និង​តែងតែ​​ផ្ញើ​ប្រាក់​ខែ​មក​ឧបត្ថម្ភ​គ្រួសារ​ជា​ប្រចាំ​រាល់​ខែ។ ​លុះ​ប្រហែល​ជា​ ៥ ​ទៅ ​៦​ ខែ​ក្រោយ​មក ​ស្រា​ប់តែ​ក្រុម​គ្រួសារ​បាត់​មិន​ឃើញ និ​ង​ទាក់​ទង​ជន​រង​គ្រោះ​លែង​បាន​។ 

​ប្រភព​ដដែល​បន្ថែម​ថា​៖ «​ពេល​នោះ​​បង​ស្រី​បង្កើត​របស់​ជ​នរ​ងគ្រោះ និង​ក្រុ​មគ្រួសារ​ពុំបាន​រា​យការណ៍​មក​សមត្ថ​កិច្ច​ទេ ​ដោយ​គិត​ថា​ជនរ​ងគ្រោះ​​ខឹង​នរណា​ម្នាក់​ក្នុង​គ្រួសារ ​ឬ​មាន​សង្សារ​ មិន​ឱ្យ​គ្រួសារ​ដឹង​ជា​ដើម​ ទើប​នៅ​ល្ងាច​ថ្ងៃទី​ ៩​ ខែមីនា​ ឆ្នាំ​ ២០២៤ ក្រុម​គ្រួសារ​បាន​ឃើញ​វីដេអូ​ឃ្លី​ប​របស់​ជន​រង​គ្រោះ​នៅ​ខេត្ត​លី​សួយ​ជី​ញ​ធាន​ ប្រទេស​ចិន ​និង​បាន​ប្ដឹង​រាយ​ការណ៍​មក​សមត្ថ​កិច្ច​តែ​ម្តង​។
 
​រដ្ឋ​បាល​ខេត្ត​ត្បូង​ឃ្មុំ ​បាន​ទាក់​ទង​ជា​មួយ​អាជ្ញា​ធរមាន​សមត្ថ​កិច្ច​គ្រប់​លំដាប់​ថ្នាក់ ​សហ​ការ​ជា​មួយ​នឹង​នាយក​ដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស ​និង​ការ​ពារ​អនីតិ​ជន​ នៃ​ក្រសួង​មហា​ផ្ទៃ និង​ក្រសួង​ការ​បរទេស ​និង​សហ​ប្រតិ​បត្តិ​ការ​អន្ត​រជាតិ ​ដើម្បី​ផ្តល់​ព័ត៌​មាន​ដល់​ស្ថាន​ទូត​សា​ធា​រណ​រដ្ឋ​ប្រជា​មានិត​ចិនប្រចាំ​កម្ពុជា ​ធ្វើ​ការ​ស្រាវ​ជ្រាវ ​និង​ជួយ​សង្គ្រោះ​ក្មេងស្រី​​រងគ្រោះ​ឱ្យបាន​ត្រឡប់​មក​ប្រទេស​កំណើត​វិញ ​ព្រម​ទាំង​ស្វែង​រក​មេខ្យ​ល់ ​មក​ផ្ដន្ទា​ទោស​តាម​ច្បាប់​ជា​ធរ​មាន​។​

​ទាក់​ទិន​នឹង​បញ្ហា​នេះ​ លោ​កស្រី ​ជូ ប៊ុន​អេង អនុ​ប្រធាន​អចិ​ន្ត្រៃយ៍​នៃ​គណៈ​ក​ម្មាធិ​ការ​ជាតិ​ប្រយុទ្ធប្រ​ឆាំង​អំពើ​ជួញដូ​រ​មនុស្ស​ នៅ​ថ្ងៃទី​ ១១​ ខែមីនា បានសាទរ​ចំពោះ​សមត្ថ​កិច្ច​កម្ពុជាដែ​ល​បាន​សហការ​​ជាមួយ​សមត្ថ​កិច្ច​​​ចិនក្នុងការជួយ​អន្តរា​គមន៍​សង្គ្រោះ​ក្មេង​ស្រី​កម្ពុជា ​ឱ្យ​មាន​សុវត្ថិ​ភាព និង​រៀប​ចំ​ឱ្យ​វិល​មក​កម្ពុជា​វិញ​។​

​យ៉ាង​ណាក្ដី​ លោក​ស្រី​ថា ​វា​ហួស​ពេល​ទៅហើ​យ​ ដោយ​សារតែ​នារី​រូប​នោះ​បាន​ចាញ់​បោក​គេ​រួចទៅ​ហើយ ​ទើប​អំពាវនាវ​ឱ្យជួ​យ​សង្គ្រោះ​។ 

​ត្រង់​ចំណុ​ច​នេះ លោក​ស្រី ជូ ប៊ុន​អេង បាន​បញ្ជាក់ថា​៖ «​ជ​នរ​ងគ្រោះ​ពី​ការ​ចាញ់​បោក​មេខ្យល់​ ភាគច្រើ​នគឺ ​មិន​សូវ​ជា​ស្តាប់​តាម​ការ​ណែនាំ​របស់​អាជ្ញា​ធរ​កម្ពុជា​​ទេ ​ពួក​គេ​ស្តាប់ ​និង​ជឿ​តាម​តែ​ការ​អូស​ទាញ​ពី​មេខ្យល់​ប៉ុណ្ណោះ តាម​រយៈ​ទំនាក់ទំ​នង​តាម​ទូរ​ស័ព្ទ​។ មិន​តែប៉ុ​ណ្ណោះ អ្ន​កខ្លះ​បាន​យក​ធ្វើជា​អា​ជីព​តែម្តង ​ដោយ​ពួក​គេ​បាន​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ ប៉ុន្តែ​មិន​ទទួល​បាន​លទ្ធ​ផល​ល្អ​ដូច​ការ​រំពឹ​ងទុក​ បែរ​ជា​លើក​ឡើង​ថា ចាញ់​បោក​គេ​វិញ​»​។​

​លោក​ស្រី​ ជូ ប៊ុន​អេង ​បានបន្ដ​​ថា​៖ «​ទំនាក់​ទំនង​តាម​ទូរ​ស័ព្ទ​វា​មាន​ឥទ្ធិ​ពល​ ប៉ុន្តែ​មនុស្ស​វៃឆ្លាត​មើលឃើញ​ពី​ភាព​រងគ្រោះ ​តែ​គាត់​មើល​មិ​នឃើញ​​។ មួយទៀ​ត​ គាត់​ទៅ​ប្រទេស​គេ ​គាត់​រំពឹងថា ​ទទួល​បាន​ផល​អ្វី​មួយ​ ប៉ុន្តែ​មិន​ទទួ​លបាន​ដូច​ចិត្ត ​គាត់​ប្រាប់​យើង​ថាគាត់​ចាញ់​បោក​គេ​ទៅ​វិញ​»​។​

​ទោះយ៉ាង​នេះ​ក្តី ​បើតាម​​ការប៉ាន់ស្មាន​រ​បស់​លោក​ស្រី​ជូ ប៊ុន​អេង ក្នុង​រយៈ​ពេល​ប្រមាណ ​៣ ​ខែ ក្នុង​ឆ្នាំ​ ២០២៤ នេះ ស​មត្ថកិ​ច្ច​កម្ពុជាបាន​ជួយ​សង្គ្រោះប្រ​ជាព​លរដ្ឋ​ ដែល​រង​គ្រោះ​ដោយ​ការ​ចាញ់​បោក​មេខ្យ​ល់មាន​ប្រមាណ​ជាង ១០០ ​ករណី​ហើយ​៕