​ភ្នំពេញៈ ​លោក​ឧបនាយក​រដ្ឋ​មន្ដ្រី​ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ជំរុញ​ឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ត្រូវ​បណ្តុះ​ទម្លាប់​អាន​សៀវភៅ​ដើម្បី​ក្លាយជា​គំរូ​ល្អ​ដល់​ក្មេង​ជំនាន់​ក្រោយ ខណៈ​ការអាន​គឺជា​មូល​ដ្ឋា​ន​គ្រឹះ​សម្រាប់​ទាំងអស់គ្នា​និង​ជួយ​ឱ្យ​យើង​អាច​ស្វែងរក​គំនិត​ថ្មីៗ​ទាំង​ចំណេះដឹង និង​ចំណេះធ្វើ​ពេញ​ ១ ​ជីវិត​។​


​ថ្លែង​ក្នុង​ទិវា​ជាតិ​អំ​ណាន​លើក​ទី៩ ក្រោម​ប្រធានបទ​«​អំ​ណាន​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ទាំង​​អស់​គ្នា​ក្នុង​ជីវិត​» ​នៅ​ថ្ងៃទី​ ១១ ខែមីនា លោក​បាន​លើកឡើងថា ដើម្បី​ញ៉ាំងឱ្យ​គុណភាព​ជីវិត​របស់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់​​រូប​មាន​ភាពសម្បូរ​សប្បាយ និង​ចម្រើន​រុងរឿង​ជា​លំដាប់ ការ​អាន​សៀវភៅ​គឺជា​ការរួមចំណែក​ដ៏​សំខាន់​។​

​លោក​បាន​ថ្លែងថា​៖ «​តាម​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​បាន​បង្ហាញថា ការបណ្តុះ​វប្បធម៌​អាន​សៀវភៅ​នឹងធ្វើ​ឱ្យ​មនុ​ស្សមាន​សុខភាព​ខួរក្បាល​ល្អ កាត់​បន្ថយ​ស្ត្រេ​ស ហើយ​អាន​ច្រើន​កាន់តែ​ក្មេង​ឡើង ចេះ​គិតពិចារណា​ឱ្យបាន​ស៊ីជម្រៅ មានចំណេះដឹង​ទូលំទូលាយ បង្កើត​ភាព​ច្នៃ​ប្រឌិត និង​ទទួលបាន​គំនិតល្អៗ​ទាន់​សម័យកាល ប្រើប្រាស់​ប្រ​​យោជន៍​ដល់​ជីវិត​រស់នៅ ឆ្ពោះទៅ​គំនិត​ពុទ្ធិ​ដ៏​សម្បូរបែប​»​។​


​លោក​រដ្ឋមន្ត្រី​បាន​បន្តថា​៖ «​ប្រសិនបើ​យើង​ចូលនិវត្តន៍ ហើយ​លែង​ធ្វើការ ដូច្នេះ​ខួរក្បាល​យើង​នឹង​លែង​ដំណើរការអសកម្ម និង​អាចធ្វើឱ្យ​កោសិកា​យើង​ស្លាប់ អ៊ីចឹង​ហើយ​បានជា​ការអាន ជួយ​បណ្តុះ​នូវ​កោសិកា​ថ្មី​ធ្វើឱ្យ​ខួរ​​ក្បាល​កាន់តែ​ដំណើរ​ការល្អ ដូច្នេះហើយ​ទើប​ការអាន​កាន់តែច្រើន​នឹងធ្វើ​ឱ្យ​យើង​កាន់តែ​ក្មេង​»​។​

​លោក​ ហង់​ជួន ណា​រ៉ុ​ន បាន​បន្ថែមថា ការរៀបចំ​ទិវា​ជាតិ​អំ​ណាន​លើក​ទី​៩ នៅ​ឆ្នាំនេះ ក៏​ជា​ឱកាស​ផ្ទេរ​ចំណេះដឹង​ទៅ​ក្មេងជំនាន់ក្រោយ​ដើម្បីឱ្យ​យុវ​ជន​ជំនាន់​ក្រោយ​មានការ​ប្តេជ្ញា​​ចិត្ត​បន្ត​ការសិក្សា​ស្រាវជ្រាវ ក៏​ដូច​​ជា​ក្លាយជា​អ្នក​បន្តវេន​លើ​ជំនាញ​តែង​និពន្ធ​បន្ថែមទៀត​។​


​លោក គង់ សំនៀង ប្រធាន​សហព័ន្ធ​សេវា​អប់រំ​កម្ពុជា​បាន​គាំទ្រ​ចំពោះ​ការរៀបចំ​ទិវា​ជាតិ​អំ​ណាន​របស់​ក្រសួង​អប់រំ​នេះ ជាពិសេស​ការជំរុញឱ្យ​មានការ​បញ្ចេញ​មតិយោបល់ ចែករំលែក​ទាក់ទង​នឹង​អំ​ណាន ដើម្បី​ជំរុញ​ការអប់រំ​ផ្នែក​អំ​ណាន​នៅ​កម្ពុជា​។​

​លោក​បាន​ប្រាប់ថា​៖ «​បច្ចុប្បន្ន​វិស័យ​អំ​ណាន​នៅ​កម្ពុជា​គឺ​មិន​អន់​ទេ ដំណើរការ​ជា​បណ្តើរៗ​ហើយ ដោយសារតែ​ក្រសួង​អប់រំ អង្គការ​ដៃគូ និង​ស្ថាប័ន​អប់រំ​នានា បាន​យកចិត្តទុកដាក់​ច្រើន​​លើ​វិស័យនេះ​។ ប៉ុន្តែ​ទោះជា​បែបនេះ​ក្តី ខ្ញុំ​នៅតែ​ទទូច​ឱ្យ​បន្ត​ពង្រឹង​បន្ថែម ពិសេស​ជួយ​ទៅដល់​សិស្ស​ដែល​ស្ថិតនៅ​តំបន់​ដាច់ស្រយាល​ទីជនបទ​ដែល​ជួប​ការលំបាក​ដើម្បី​ពង្រីក​ចំណេះ​ដឹង និង​សមត្ថភាព​ឱ្យ​ពួកគេ​បាន​យល់ដឹង​ពី​វិស័យ​អំ​ណាន​ឱ្យ​កាន់តែ​ទូលាយ​»​។​

​សូម​រំឭកថា នៅក្នុង​ទិវា​ជាតិ​អំ​ណាន​ជាតិ​កាល​ឆ្នាំ ​២០២៣ បានធ្វើ​ឡើង​ក្រោម​ប្រធានបទ​៖ «​អំ​ណាន​ជា​មាគ៌ា​ឆ្ពោះទៅ​បដិវត្តន៍​កម្មវិស័យ​អប់រំ​» ​មាន​អ្នកចូលរួម​ប្រមាណ​ជាង ​៣​ ម៉ឺន​នាក់​។ ដោយឡែក​សម្រាប់​ទិវា​ជាតិ​អំ​ណាន​ឆ្នាំ​ ២០២៤ ​នេះ​ធ្វើឡើង​ក្រោម​ប្រធានបទ​ «​អំ​ណាន​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ទាំងអស់គ្នា​ក្នុង​ជីវិត​»​ដែល​តាមរយៈ​ទិវា​នេះ​ក្រសួង​អប់រំ​រំពឹងថា នឹងមាន​អ្នកចូលរួម​ដ៏​ច្រើន​កុះករ​មិន​ចាញ់​ឆ្នាំមុនៗ​ឡើយ​៕