​ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ការធ្វើ​ឌី​ជី​ថ​លូ​ប​នី​យ​​កម្ម​នៅ​កម្ពុជា​បាន​បោះជំហាន​ទៅមុខ​ក្នុង​ល្បឿន​គួរឱ្យកត់សម្គាល់​។


​លោក​បាន​ថ្លែង​ដូចនេះ នា​ថ្ងៃទី​​​ ១១ ខែមីនា ក្នុង​ពិធី​បើក​វេ​ទិ​កា​រដ្ឋាភិបាល​ឌីជីថល​និង​ពិព័រណ៍​រដ្ឋាភិបាល​ឌីជីថល និង​បច្ចេក​វិទ្យា​ឌីជីថល​កម្ពុជា​-​អន្តរជាតិ លើក​ទី១ ​ក្រោម​ប្រធានបទ​ «​ការ​លើកកម្ពស់​ចីរភាព និង​បរិ​យាប​ន្ន​នៃ​ការអភិវឌ្ឍ​តាមរយៈ​ការអនុវត្ត​គោលនយោបាយ​ឌីជីថល​»​។​

​ពិធី​បើក​វេទិកា​រដ្ឋាភិបាល​ឌី​ជី​ថ​ល​លើក​ទី​១​ នេះ រៀបចំ​ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​ដែលមាន​ការចូលរួម​ពី​បណ្ដា​ប្រទេស​អា​ស៊ាន​, ប្រទេស​ក្នុង​តំបន់​ក៏​ដូច​ជា​ក្រសួង​-​ស្ថាប័ន​, វិស័យ​ឯក​ជន​, សាកលវិទ្យាល័យ និង​ដៃគូ​អភិវឌ្ឍន៍​របស់​កម្ពុ​ជា ដែលមាន​រយៈពេល​ ៣ ​ថ្ងៃ​។


លោក​បាន​មានប្រសាសន៍ថា៖ «​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ការធ្វើ​ជី​ឌី​ថ​លូ​ប​នីយកម្ម​នៅ​កម្ពុជា បាន​បោះជំហាន​ទៅមុខ​ក្នុង​ល្បឿន​គួរឱ្យកត់សម្គាល់​។ វិបត្តិ​នៃ​ជំងឺ​កូ​វីដ ​១៩ បាន​ជំរុញ​ឱ្យ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​កាន់តែខ្លាំង និង​ជ្រាលជ្រៅ​ជាង​ពេលណាៗ​ទាំងអស់​»​។ ជាក់​ស្ដែង​ការទូទាត់​សង​ប្រាក់​ឌីជីថល​បាន​កើន​ដល់​ចំនួន​ប្រមាណ ៤៩២ ​ប៊ី​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​ ២០២៣ ដែល​ប្រហែល​នឹង ១៦ ​ដង​នៃ GDP​។ ចំណែក​ចំនួន​អ្នក​ចុះឈ្មោះ​ប្រើប្រាស់​សេវា​អ៊ីន​ធឺ​ណិ​ត​ចល័ត និង​អ្នក​ចុះឈ្មោះ​ប្រើប្រាស់​សេវា​ទូរស័ព្ទ​ចល័ត​បាន​កើន​ដល់​ប្រមាណ​ជាង​​ ១៩ លាន​នាក់ ក្នុង​ឆ្នាំ​ ២០២៣​។​

​លោកនាយក​រដ្ឋមន្ត្រី បានលើកឡើង​ទៀតថា សម្រាប់​កម្ពុជា ការ​ធ្វើ​បរិវត្ត​កម្ម​ឌីជីថល គឺជា​ការ​ចាប់យក និង​ការទាញយក​ផល​​ប្រយោជន៍​ជា​អតិបរមា​ពី​ការរីក​ចម្រើន​នៃ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន និង​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ដើម្បី​បង្កើន​ផលិតភាព និង​ប្រសិទ្ធភាព​សេដ្ឋកិច្ច ព្រមទាំង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និង​កសាង​សង្គម​ស៊ីវីល័យ ដែល​​ពលរដ្ឋ​អាច​ទទួលបាន​ផល​ប្រយោជន៍​ពី​ការប្រើប្រាស់​សេវា​ឌីជីថល ប្រកបដោយ​បរិ​យាប​ន្ន​, ភាពជឿ​ទុកចិត្តបាន និង​សុវត្ថិ​​ភាព​ខ្ពស់ ហើយ​ដំណាលគ្នា​នេះ​ក៏​រក្សា​ឱ្យបាន​អត្តសញ្ញាណ និង​វប្បធម៌​ជាតិ​។​


​នៅក្នុង​ក្របខ័ណ្ឌ​តំបន់ និង​សកល រាជរដ្ឋាភិបាល​បាននិងកំពុង​អនុវត្ត​របៀបវារៈ​គោល​នយោបាយ​ឌីជីថល​ដោយ​ស្មារតី​បុ​រេ​សកម្ម និង​បើកចំហ សំដៅ​សម្រេច​ឱ្យបាន​គោលដៅ​អភិ​វឌ្ឍន៍​ឌីជីថល​ជាតិ និង​គោលដៅ​អភិវឌ្ឍន៍​ឌីជីថល​តំបន់ និង​សកល ដូច​មានកំណត់​ក្នុង​ផែនការមេ​ឌី​ជី​ថ​ល​អាស៊ាន ឆ្នាំ​ ២០២៥ និង​យុទ្ធសាស្ត្រ​ឌីជីថល​ឆ្នាំ​ ២០២២-២០២៥ របស់ UN​។​

​លោក​ ហ៊ុន ម៉ា​ណែ​ត ថ្លែងថា​៖ «​កម្ពុជាបាននិងកំពុង​ចូលរួម​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន ក្នុងការ​ជំរុញ​ការរៀបចំ កិច្ច​ព្រម​​ព្រៀង​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឌីជីថល​អាស៊ាន ដែល​រំពឹងថា នឹង​ជួយ​បង្កើន​ទំហំ​សេដ្ឋកិច្ច​ឌីជីថល​អាស៊ាន​ពី ​១ ​ទ្រី​លាន​ដុល្លារ ដល់ ២​ ទ្រី​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ២០៣០»​។​

​នា​ពិធី​បើក ​«​វេទិកា​រដ្ឋាភិបាល​ឌីជីថល​» លើក​ទី១ ឆ្នាំ ​២០២៤ នេះ​លោក​ហ៊ុន ម៉ា​ណែ​ត ក៏បាន​ចូលរួម​ជា​អធិបតីភាព​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​ចំនួន​ ៤ ផង​ដែរ​។ ក្នុងនោះ​រួមមាន​៖ អនុ​ស្ស​​រណៈ​នៃ​ការយោគយល់​ស្តីពី​បរិ​​វត្ត​កម្ម​ឌីជីថល​រវាង​ក្រសួង​ប្រៃ​ស​ណី​យ៍ និង​ទូរគមនាគមន៍​កម្ពុជា និង​ក្រសួង​បច្ចេកវិទ្យា និង​ទូ​រគ​មនាគ​មន៍​នៃ​សាធារណរដ្ឋ​ប្រជា​មានិត​ឡាវ​, អនុស្សរណៈ​នៃ​ការយោគយល់​ស្តីពី​បរិវត្ត​កម្ម​ឌីជីថល​រវាង​ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គមនាគមន៍ និង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP)​។​

​អនុស្សរណៈ​នៃ​ការយោគយល់​ស្តីពី​មជ្ឈមណ្ឌល​សហ​ប្រតិ​ប​តិ្ត​ការ​រដ្ឋាភិបាល​ឌីជីថល​រវាង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ក្រសួងមហាផ្ទៃ និង​សន្តិសុខ​នៃ​សាធារណរដ្ឋ​កូរ៉េ និង​អនុ​ស្ស​រណៈ​នៃ​ការយោគយល់​ស្តីពី​ម​ជ្ឈ​មណ្ឌល​បច្ចេកវិទ្យា​ឌីជីថល​រវាង​ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គម​នាគ​មន៍ និង​ទីភ្នាក់ងារ​សង្គម​ព័​ត៌​មាន​ជាតិ​កូរ៉េ (NIA)​។​

លោកហ៊ុន ម៉ាណែត​​ ពិនិត្យ​ការតាំង​​ពិព័រណ៍រដ្ឋាភិបាលឌីជីថល។ រូបថត STPM

​លោក ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រី​​ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គម​នាគ​មន៍​បាន​ថ្លែង​ក្នុង​ពិធី​នោះដែរ​ថា វេទិកា និង​ពិព័រណ៍​នេះ​ធ្វើឡើង​ដើម្បី​ចែករំលែក​បទពិសោធន៍​នៃ​ការធ្វើបដិវត្ត​កម្ម​ឌីជីថល និង​ពង្រឹងពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​រវាង​អ្នកជំនាញ​ឌីជីថល​ក្នុង​តំបន់​ក៏ដូចជា​បង្ហាញ​សមិទ្ធផល​នៃ​បដិវត្ត​កម្ម​ឌីជីថល​របស់​រដ្ឋា​​ភិ​បាល​នៃ​បណ្តា​ប្រទេស​នានា​។​

​លោក​ថ្លែងថា​៖ «​បច្ចេកវិទ្យា​ឌីជីថល បានធ្វើឱ្យ​ការរស់នៅ​ប្រចាំថ្ងៃ​កាន់តែ​មាន​ភាព​ងាយ​​ស្រួល និង​បង្កើន​ផលិតភាព​ក្នុង​វិស័យ​សំខាន់ៗ​ដូចជា ការអប់រំ សុខាភិបាល ការងារ ពាណិជ្ជ​កម្ម និង​រដ្ឋបាល​សាធារណៈ​ជាពិសេស​ការផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​»​។

លោក​រដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ដែរ​ថា ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គម​​នាគ​មន៍ បាននិងកំពុង​ជំរុញ​ការ​ស្រាវជ្រាវ​អភិវឌ្ឍន៍​នវានុវត្តន៍​ឌីជីថល ជាពិសេស​ពាក់ព័ន្ធ​នឹង​បច្ចេកវិទ្យា​ថ្មីៗ​ដូចជា វិទ្យាសាស្ត្រ​ទិន្នន័យ បញ្ញា​សិប្បនិម្មិត បច្ចេក​​វិទ្យា​ទូរគមនាគមន៍​ថ្មីៗ​កម្មវិធី​មនុស្ស​យន្ត រួម​នឹង​កម្មវិធី​ផ្សេងៗ​ទៀត ដោយ​សហការ​ជាមួយនឹង​តួអង្គ​ទាំងអស់​។​

​លោក​ ជា វ៉ាន់​ដេ​ត បាន​បញ្ជាក់ថា​៖ «​នៅក្នុងពេល​ដំណើរការ​នៃ​ការធ្វើបដិវត្ត​កម្ម​ឌីជីថល​កាន់​តែមាន​សម្ទុះ​ទៅមុខ បញ្ហា​សន្តិសុខ Cyber គឺជា​អាទិភាព​ថ្មី​ដែល​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​។ ដូច្នេះ ក្នុងនាម​ជា​សេនាធិការ​បច្ចេកទេសរ​បស់​រាជរដ្ឋាភិបាល ក្រសួង​បាននិងកំពុង​រៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​សន្តិសុខ​ Cyber យន្តការ​គ្រប់គ្រង និង​អង្គភាព​អនុវត្ត​នៅក្នុង​ពេលខាងមុខ​ដ៏​ឆាប់​នេះ​ដើម្បី​ការពារ​រឹងមាំ និង​ធន់​នឹង​ការវាយប្រហារ​»​។​

​ជាមួយគ្នា​នោះដែរ​លោក​ក៏បាន​បញ្ជាក់ដែរថា ក្រសួង​ទូរ​គម​នា​គម​ន៍​ក៏បាន​សហការ​ជាមួយនឹង​ក្រសួង​អប់រំ និង​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ដើម្បី​ជំរុញ​ការបណ្តុះ​-​បណ្តាល​ធនធានមនុស្ស​ផ្នែក​បច្ចេកវិទ្យា​ឌីជីថល​ឱ្យបាន​យ៉ាងតិច ១០ ​ម៉ឺន​នាក់​ក្នុង​រយៈពេល ​១០​ ឆ្នាំ​។​

​ព្រឹត្តិការណ៍​រយៈពេល​ ៣​ ថ្ងៃនេះ​ចែកចេញជា ​២ ​ផ្នែក ក្នុងនោះ​រួមមាន ផ្នែក​រដ្ឋាភិបាល​ឌីជីថល​ដែលមាន​ការរៀបចំ​ពិភាក្សា​លើ​ប្រធានបទ​សំខាន់ៗ​ពី​វាគ្មិន​ជាតិ និង​អន្តរជាតិ និង​ផ្នែក​ទី​២ ជា​ផ្នែក​ពិព័រណ៍​ឌីជីថល​ដែលមាន​តាំង​បង្ហាញ​បច្ចេកវិទ្យា និង​ផលិតផល​ឌីជីថល​សម្រាប់​រដ្ឋា​ភិ​បាល និង​សេដ្ឋកិច្ច​ឌីជីថល​ដោយ​ក្រសួង​ស្ថាប័ន និង​ក្រុម​ហ៊ុន​ក្នុងស្រុក និង​អន្តរជាតិ​ចំនួន ១២០​ ស្ថាប័ន និង​ក្រុមហ៊ុន​៕