ក្រុមអ្នកជំនាញការអាដហុក នៃអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បានចុះពិនិត្យការដ្ឋានជួសជុលប្រាសាទសំខាន់ៗ មួយចំនួនក្នុងតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក បន្ទាប់ពីផ្ដល់អនុសាសន៍ត្រឡប់មកវិញដល់អ្នកជំនាញខ្មែរ ដើម្បីឱ្យការងារជួសជុលនេះគោរពតាមបទដ្ឋានអន្តរជាតិ។
លោក ផាន់ ណាឌី អគ្គនាយកនៃអាជ្ញាធរជាតិសំបូរព្រៃគុក បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៣ ខែមីនានេះថា មុនពេលរៀបចំសន្និសីទអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក ក្រុមអ្នកជំនាញការអាដហុក បានចុះមកត្រួតពិនិត្យ ការដ្ឋានជួសជុលប្រាសាទមួយចំនួន នៅតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។
លោកថា ក្នុងនោះក្រុមអ្នកជំនាញ បានពិនិត្យទៅលើការជួសជុលប្រាសាទយាយព័ន្ធ, ជួសជុលប្រាង្គអដ្ឋកោណ (Y),ក្រុមប្រាសាទតោ, ប្រាសាទក្បាលជ្រូក ព្រមទាំងគម្រោងអភិវឌ្ឍន៍មួយចំនួនទៀត ដូចជាផ្លូវកាត់តំបន់ប្រាសាទ ចំណត និងកែលម្អខ្សែទស្សនាចរណ៍ជាដើម។
លោកបានបន្តទៀតថា កិច្ចការចុះមកពិនិត្យនេះដែរ ក្រុមអ្នកជំនាញការអាដហុក តែងតែធ្វើរៀងរាល់ឆ្នាំ ហើយក្នុង១ឆ្នាំ ពួកគាត់ចុះមកពិនិត្យ ២ដង ក្នុងគោលបំណងដើម្បីពិភាក្សាស្វែងយល់ពីដំណើរការជួសជុល អភិរក្សនានា និងផ្តល់អនុសាសន៍ដល់ក្រុមការងារជំនាញខ្មែរពីកិច្ចការផ្សេងៗដែលកំពុងធ្វើ និងត្រៀមទៅពេលអនាគត។
លោក ផាន់ ណាឌី បានថ្លែងថា៖ «ក្រុមអ្នកជំនាញចង់ដឹងថា តើយើងធ្វើត្រឹមត្រូវតាមបទដ្ឋានអន្តរជាតិដែរឬទេ? ហើយយើងក៏ត្រូវជជែក និងពន្យល់ដល់អ្នកជំនាញពីរបៀបដែលយើងជួសជុល និងអភិរក្សប្រាសាទហ្នឹងដែរ។ ដូច្នេះហើយក្រុមជំនាញទាំងនោះ គាត់នឹងផ្ដល់យោបល់ និងអនុសាសន៍ត្រឡប់មកឱ្យយើងវិញ»។
បើតាមលោក ផាន់ ណាឌី ទន្ទឹមគ្នានេះដែរ គោលដៅសំខាន់មួយទៀតដែលក្រុមអ្នកជំនាញការអាដហុក បានចុះមកពិនិត្យនេះ ក៏ដើម្បីផ្ដល់ការណែនាំមកកាន់ក្រុមអ្នកជំនាញខ្មែរ ពីគម្រោងអភិវឌ្ឍន៍នានាក្នុងតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុកដូចជា ការសាងសង់ផ្លូវ សាងសង់ចំណតជាដើម គឺអ្នកជំនាញចាំផ្ដល់យោបល់ ក្នុងការធ្វើឱ្យដំណើរការគម្រោងអភិវឌ្ឍន៍ទាំងនោះ បានសាងសង់ឡើងត្រឹមត្រូវ។
លោកបានបញ្ជាក់៖ «ដូច្នេះនៅពេលអ្នកជំនាញខ្មែរ គាត់មិនច្បាស់លាស់អ្វីមួយ គឺពួកគាត់បានសួរក្រុមអ្នកជំនាញការអាដហុកនេះហើយ ឱ្យជួយពន្យល់ និងណែនាំគាត់ថា ការធ្វើហ្នឹងវាត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសអន្តរជាតិដែរទេ?»។
ចំពោះការជួសជុល និងការអភិរក្សប្រាសាទ តាមបទដ្ឋានអន្តរជាតិនេះដែរ គឺមិនមែនតែប្រទេសកម្ពុជាទេ ដែលអនុវត្ត គឺប្រទេសផ្សេងៗទៀត ក៏ត្រូវអនុវត្តដែរ ជាពិសេសគឺការធ្វើតាមអនុសាសន៍របស់ក្រុមអ្នកជំនាញការអាដហុក។ នេះជាការបន្ថែមរបស់លោក ផាន់ ណាឌី។
សូមបញ្ជាក់ថា ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ដ្រអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បានចុះពិនិត្យការងារដែលបាននិងកំពុងអនុវត្ត និងការដ្ឋានជួសជុលប្រាសាទសំខាន់ៗ ព្រមទាំងគម្រោងអភិវឌ្ឍន៍មួយចំនួនក្នុងតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។
ក្រៅពីការចុះពិនិត្យប្រាសាទសំបូរព្រៃគុកហើយ ក្រុមអ្នកជំនាញការអាដហុក កន្លងមកក៏បានចុះពិនិត្យការងារតាមការដ្ឋានមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ រួមមាន៖ ស្ពានហាលខាងលិចមុខប្រាសាទអង្គរវត្ត ច្រាំងកសិន្ធុខាងជើងឆៀងខាងកើត ខ្លោងទ្វារខាងកើត បង្កាន់ដៃនាគខាងត្បូង រួតទី២ ប៉មខាងជើងឆៀងខាងកើត ស្រះទឹកខាងត្បូង ប្រាសាទតាព្រហ្មកិល និងប្រាសាទភ្នំបាខែងជាដើម៕