ភ្នំពេញៈ លោកស្រី ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បានអំពាវនាវដល់សាធារណជនឱ្យចូលរួមទស្សនាការតាំងពិព័រណ៍ហូលពិតាននៅសារមន្ទីរជាតិ ដើម្បីចូលរួមជួយថែរក្សាប្រពៃណី និងវប្បធម៌ខ្មែរ ខណៈការពិព័រណ៍នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដាក់តាំងបង្ហាញចាប់ពីថ្ងៃទី ២១ ខែមីនា ដល់ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៤។
ការអំពាវនាវនេះធ្វើឡើងនៅពេលលោកស្រីចូលទស្សនាពិព័រណ៍មិនអចិន្រៃ្ដយ៍ស្តីពី «ហូលពិតាន ការវិវឌ្ឍ និងបញ្ហាប្រឈម» នៅសារមន្ទីរជាតិ នារសៀលថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៤។លោកស្រី ពេជ ចន្ទមុនី្ន បានសរសេរលើហ្វេសប៊ុកលោកស្រីនៅថ្ងៃទី ២៣ ខែមីនា ថា៖ «សូមបងប្អូនចូលរួមទស្សនាការតាំងពិព័រណ៍ហូលពិតាននៅសារមន្ទីរជាតិរបស់យើង។ យើងរួមគ្នាជួយថែរក្សាប្រពៃណីនិងវប្បធម៌ខ្មែរយើង»។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានលើកឡើងឱ្យដឹងដែរថា «ហូលពិតាន» គឺជាហូលមានលក្ខណពិសេសជាងហូលដទៃទៀត ក៏ព្រោះតែអ្នកតម្បាញ បានត្បាញរំលេចជាខ្សែរឿងព្រះពុទ្ធសាសនា ដោយមានគោមក្បាច់លម្អពិសេសៗ។
ពិព័រណ៍មិនអចិន្រៃ្ដយ៍នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកព័ត៌មានបន្ថែមស្ដីពីសមុច្ច័យតម្បាញហូលពិតានរបស់សារមន្ទីរជាតិ និងផ្តល់សារជូនសាធារណជន ពីការព្រួយបារម្ភរបស់សិប្បករតម្បាញលើហានិភ័យនៃការបាត់បង់ការផលិតហូលពិតានតាមបែបប្រពៃណីខ្មែរ និងក៏បង្ហាញពីបរិបទនៃការផ្លាស់ប្តូរក្នុងសង្គមខ្មែរលើតម្រូវការហូលពិតាន ព្រមទាំងចរន្តនៃការផលិតហូលពិតានប្រើប្រាស់នានាពេលបច្ចុប្បន្ន។
សូមបញ្ជាក់ថា ពិព័រណ៍ហូលពិតានលើកនេះ គឺជាលើកទី ៤ ហើយ ដែលលើកទី១ បានរៀបចំឡើងនៅឆ្នាំ ២០១០, លើកទី២ នៅឆ្នាំ ២០១២ និងលើកទី៣ នៅឆ្នាំ ២០១៦។ សម្រាប់ឆ្នាំនេះ ក្រុមការងារនៃនាយកដ្ឋានសារមន្ទីរបានជ្រើសរើសហូលពិតានចំនួន ១៧ មកតាំងបង្ហាញ ចាប់ផ្តើមពីថ្ងៃទី ២១ ខែមីនា ដល់ថ្ងៃទី ២១ ខែមិថុនា ខាងមុខ។ ពិព័រណ៍នេះធ្វើឡើងក៏ដើម្បីចូលរួមអបអរសាទរខួបលើកទី ១០៤ ឆ្នាំនៃការបង្កើតសារមន្ទីរជាតិកម្ពុជាផងដែរ។
កាលពីថ្ងៃទី ២១ ខែមីនា លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបើកសម្ពោធពិព័រណ៍នេះ។ យោងតាមប្រភពដដែលបានលើកឡើងដែរថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបាននិងកំពុងបណ្តុះបណ្តាលជំនាញដូនតាជំហានទី១ ដល់យុវជចំនួន ៣០០ នាក់នៅតាមបណ្តារាជធានី ខេត្តទាំង ៨ ជាមួយនឹង ១២ ជំនាញ ដោយរាប់បញ្ចូលទាំងតម្បាញសូត្រផង។
ក្នុងនោះក្រសួងវប្បធម៌ ដែលមាននាយកដ្ឋានសារមន្ទីរជាសេនាធិការ ក៏បានអំពាវនាវដល់សប្បុរសជនជាតិ និងអន្តរជាតិក្នុងការជួយបន្តឧបត្ថម្ភសមុច្ច័យអំពីសូត្រមកកាន់សារមន្ទីរបន្ថែមទៀត។
លោក ឈត ប៊ុនថង ជាមន្ដ្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងនៅថ្ងៃទី ២៤ ខែមីនាដែរថា លោកគាំទ្រការអំពាវនាវនេះ ព្រោះវាជាកម្លាំងអូសទាញមួយដ៏សំខាន់សម្រាប់ពលរដ្ឋខ្មែរទូទៅឱ្យងាកមកផ្ដល់តម្លៃលើវប្បធម៌និងប្រពៃណី ព្រមទាំងទំនៀមទម្លាប់របស់ខ្លួន។
លោកបានបញ្ជាក់ថា ការអំពាវនាវរបស់ភរិយារបស់ថ្នាក់ដឹកនាំប្រទេសនេះ គឺជាគំរូមួយដ៏ល្អ ប៉ុន្តែមិនមែនសម្រាប់ភរិយាទី១ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នោះទេ តែថ្នាក់ដឹកនាំប្រទេសផ្សេងទៀតក៏អាចធ្វើនិងយកជាគំរូបានផងដែរ ខណៈការថែរក្សាប្រពៃណី និងវប្បធម៌របស់ខ្មែរនេះ គឺជាតួនាទីរបស់ពលរដ្ឋទាំងអស់គ្នា។
លោកថា៖ «រឿងការចូលរួមវប្បធម៌ និងប្រពៃណីនេះ មិនអាចចូលរួមពីថ្នាក់ដឹកនាំម្នាក់ ឬ ២ នាក់ទេ លុះត្រាតែមានការចូលរួមគំនិតផ្តួចផ្តើមលើកទឹកចិត្តពីថ្នាក់ដឹកនាំកំពូល ហើយថ្នាក់ដឹកនាំក្រោមៗ និងប្រជាពលរដ្ឋចូលរួមផងដែរ បើមិនដូច្នោះទេយើងមិនអាចថែរក្សាបានទេហើយក៏មិនមែនតែវិស័យវប្បធម៌ដែរគឺគ្រប់ការងារទាំងអស់»៕