ក្រុមហ៊ុន អេជី អេហ្គ្រីប៊ីហ្សនេស អេស៊ា (ខេមបូឌា)ស្ថិតនៅភូមិជាស្មន់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានសម្ពោធជាផ្លូវការ នូវកសិដ្ឋានដំណាំពោតដែលមានផ្ទៃដីប្រមាណ ១០០០ ហិកតាដើម្បីជួយលើកកម្ពស់វិស័យកសិកម្មកម្ពុជា នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។
លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានសាទរចំពោះ ក្រុមហ៊ុន អេជី អេហ្គ្រីប៊ីហ្សនេសអេស៊ា ដែលបានជ្រើសរើសយកខេត្តសៀមរាប សម្រាប់ការវិនិយោគដាំដំណាំពោតលើផ្ទៃដីប្រមាណ១០០០ហិកតា ក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង។ នេះបើតាមការផ្សព្វផ្សាយរបស់រដ្ឋបាលខេត្តសរៀមរាបនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២៤។
លោកបានថ្លែងថា៖«តាមរយៈការវិនិយោគនេះ រដ្ឋបាលខេត្ត សង្ឃឹមថាក្រុមហ៊ុននឹងបន្តបង្កើននូវការវិនិយោគបន្ថែមទៀតនៅប្រទេសកម្ពុជា ពិសេសខេត្តសៀមរាប ដើម្បីចូលរួមដល់កិច្ចអភិវឌ្ឍ និងរួមចំណែកបង្កើនការងារ និងមុខរបរដល់ប្រជាពលរដ្ឋ»។
លោក អ៊ឹង គឹមលាង បានបន្តថា វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសនៅតំបន់ជនបទដែលបង្ហាញពីភាពរឹងមាំរបស់វិស័យកសិកម្ម។
លោកបានបន្ថែមថា រាជរដ្ឋាភិបាលក៏ដូចជា រដ្ឋបាលខេត្តសៀមរាប បានកំណត់អាទិភាពខ្ពស់ទៅលើការវិនិយោគ លើសហគ្រាសធុនតូច និងមធ្យម ដែលខេត្តត្រូវបន្តយកចិត្តទុកដាក់បន្ថែមលើការពង្រីកសក្តានុពល បង្កើនមុខរបរ បង្កើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋដែលផ្តោតទៅលើសហគ្រាសធុនតូច និងមធ្យម ក៏ដូចជាការកែច្នៃដំណាំកសិឧស្សាហកម្មជាដើម ដើម្បីភ្ជាប់ជាមួយនឹងសក្តានុពលរបស់ខេត្តដែលមានស្រាប់ ហើយនេះជាឱកាសល្អដែលខេត្តសៀមរាបទទួលបាននូវការវិនិយោគពីក្រុមហ៊ុននេះ។
លោក អ៊ឹង គឹមលាង បានបន្ថែមថា៖«តាមរយៈនៃការដាក់ទុកវិនិយោគនេះ រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា នឹងបានស្រូបយកកម្លាំងពលកម្ម ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ពិសេសក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង ទាំងនេះពិតជាបានរួមចំណែកក្នុងការបង្កើននូវសេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិ ហើយពិតជាបានកាត់បន្ថយភាពក្រីក្ររបស់ បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ»។
លោក Benjamine Bootle នាយកគ្រប់គ្រងក្រុមហ៊ុន អេជី អេហ្គ្រីប៊ីហ្សនេស អេស៊ាក៏បានលើកឡើងដែរថា គោលដៅស្នូលដ៏សំខាន់របស់ក្រុមហ៊ុន គឺការនាំមកនូវកសិកម្មបែបទំនើបវៃឆ្លាតសម្រាប់កសិករ និងសហគមន៍ទូទាំងប្រទេស ដែលជាបច្ចេកវិទ្យាទំនើបពុំធ្លាប់មានក្នុងវិស័យកសិកម្មក្នុងប្រទេសកម្ពុជា ជាមួយការប្តេជ្ញាចិត្តក្នុងការប្រើប្រាស់ថាមពលនៃបច្ចេកវិទ្យាដើម្បីធ្វើបដិវត្តន៍ការអនុវត្តកសិកម្ម និងជួយសម្រួលប្រាក់ចំណូលរបស់កសិករ ក៏ដូចជាការរួមបញ្ចូលនៃកសិកម្មបច្ចេកវិទ្យាទំនើប ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ធនធាន និងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន ។
លោកថា កសិដ្ឋានមានបច្ចេកទេសកសិកម្មច្បាស់លាស់ ជាមួយប្រព័ន្ធធារាសាស្ត្រកម្រិតខ្ពស់ និងមានការកែច្នៃទឹក ប្រកបដោយស្មារតីច្នៃប្រឌិត និងវឌ្ឍនភាព។ ការវិនិយោគរបស់ក្រុមហ៊ុន នឹងបង្កើតឱកាសការងារថ្មីសម្រាប់ទាំងស្ត្រីនិងបុរសនៅក្នុងវិស័យកសិកម្ម ជាមួយនឹងការរីកចម្រើននៅក្នុងឧស្សាហកម្មដែលកំពុងវិវឌ្ឍទៅមុខតាមរយៈកម្មវិធីបណ្តុះបណ្តាល គំនិតផ្តួចផ្តើមអភិវឌ្ឍជំនាញ និងឱកាសណែនាំបង្ហាញផ្លូវសម្រាប់មនុស្សជំនាន់ថ្មីអោយមានអ្នកជំនាញខាងវិស័យកសិកម្មច្បាស់លាស់។
លោក BenjamineBootle បានថ្លែងថា៖«នាថ្ងៃអនាគត ក្រុមហ៊ុនយើងចង់ឃើញតំបន់នេះពោរពេញ ទៅដោយ ដំណាំចម្រុះ រួមមាន កប្បាស សណ្តែកសៀង គ្រាប់ធញ្ញជាតិ និងស្រូវដែលផ្តល់ទិន្នផលខ្ពស់ ដោយដំណាំទាំងនេះមិន ត្រឹមតែរក្សា ស្ថិរភាពសេដ្ឋកិច្ចប៉ុណ្ណោះទេ តែជាការរួមចំណែកដល់និរន្តរភាពនៃវិស័យកសិកម្មរបស់ប្រទេសកម្ពុជា និងអាជីវកម្មប្រកបដោយនិរន្តរភាពដល់អ្នកជំនាន់ក្រោយផងដែរ»៕