កណ្ដាលៈ ម្សៅជ្រែអាចយកទៅធ្វើនំម្សៅជ្រែ តាំងហ៊ុន ឬមីសួ និងធ្វើជាបង្អែមបានច្រើនមុខ ហើយក៏ជារបរប្រពៃណីពីដូនតាសម្រាប់អ្នកភូមិពោធិមិត្ត ស្រុកកោះធំ ខេត្ដកណ្ដាលផងដែរ ដែលបច្ចុប្បន្នមានសិប្បកម្មផលិតម្សៅជ្រែចំនួន៨ទីតាំងនិងបានផ្តល់ការងារដល់អ្នកភូមិជាង ៤០ គ្រួសារក្នុងសហគមន៍ ខណៈមន្ទីរវប្បធម៌ខេត្តក៏ចាត់ដើមជ្រែជាធម្មជាតិវប្បធម៌ដែរ។
ដើមជ្រែគេមិនអាចទាញយកទឹកឬផ្លែរបស់វាដូចជាដើមត្នោតបានទេ ហើយនៅពេលដែលកសិករយកផលពីដើមជ្រែលុះត្រាតែកាប់រំលំដើម ព្រោះម្សៅជ្រែគេធ្វើពីដើមរបស់វា។អំណះអំណាងនេះមិនខុសអីពីការលើកឡើងរបស់លោក យី តឿ ដែលជាអ្នកផលិតម្សៅជ្រែម្នាក់រស់នៅភូមិពោធិមិត្ត ក្នុងស្រុកកោះធំ ខេត្តកណ្តាលនោះទេ។
លោក យី តឿ បានប្រាប់ថា របរធ្វើម្សៅជ្រែពីដើមជ្រែជារបរតំណពីដូនតារបស់អ្នកភូមិពោធិមិត្ត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ហើយបច្ចុប្បន្នមានតែអ្នកភូមិ ៨ គ្រួសារប៉ុណ្ណោះ ដែលនៅរក្សាប្រពៃណីដូនតានេះ។ ចំពោះដើមជ្រែវិញបានបន្សល់ទុកពីជំនាន់មុនសម័យខ្មែរក្រហមទៅទៀតដែលចាស់ៗលោកដាំរាប់រយដើមក្នុងភូមិពោធិមិត្ត ឃុំលើកដែក។មនុស្សចាស់កាលពីជំនាន់មុនក៏ពួកគាត់ប្រកបរបរធ្វើម្សៅជ្រែនេះដែរ រីឯរបៀបយកម្សៅជ្រែវិញគឺដំបូងគេកាប់រំលំដើមរបស់វា ហើយអារជាកង់ៗរួចសកសម្បកចេញ ហើយក្រៅពីនោះនៅសល់សាច់ឈើគឺគេយកទាំងអស់។
សាច់ឈើដើមជ្រែ ក្រោយពីគេសកសម្បករួច ត្រូវយកមកឈូសនឹងប្រដាប់ឈូសដោយដៃហើយចំពោះអ្នកដែលមានកម្លាំងឈូសក៏ជាបុរសទៀត ចំណែកឯស្ត្រីជាអ្នកធ្វើកិច្ចការណាស្រាលៗ។ សាច់ឈើដែលឈូសជាចំណិតៗនោះក៏ត្រូវធ្វើឱ្យស្តើងៗដែរ ហើយបន្ទាប់មកគេត្រូវយកមកកិននឹងម៉ាស៊ីនឱ្យម៉ដ្ដលើកទី១។ ក្រោយពីគេកិនម៉ដ្ដលើកទី១ ហើយ ទើបយកមកច្រោះលាយជាមួយទឹកល្បាយបញ្ចូលគ្នានិងច្រោះទុកតែកាករួចយកទៅហាលឱ្យស្ងួតទើបកិនឱ្យម៉ដ្ដម្តងទៀតបានជាម្សៅជ្រែដែលស្ងួតតែម្តង។នេះជាការបញ្ជាក់របស់លោក យី តឿ។
លោកប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា របរនេះគឺលោកបានធ្វើចាប់តាំងពីក្រោយថ្ងៃរំដោះ ១៩៧៩ មកម្ល៉េះ ហើយបើនិយាយរួមទៅ អ្នកភូមិពោធិមិត្តបានប្រកបរបរនេះតាំងពីដូនតាមកម្ល៉េះ។
ចំណែកឯដើមជ្រែវិញ មិនមានអ្នកដាំបន្តជំនាន់ទេ ព្រោះដើមជ្រែពេលផ្លែទុំវាជ្រុះកប់ដីហើយបើពេលទឹកឡើងវាអណ្តែតតាមទឹកកប់ដីនៅកន្លែងណាវាដុះនៅកន្លែងនោះ។ ហេតុដូច្នេះហើយគ្មានអ្នកដាំទេហើយវាក៏ចេះតែដុះបន្តៗគ្នារហូតមកដែលបើនិយាយថា កាប់រំលំដើមបែបនេះខ្លាចអស់ដើមអីនោះ គឺមិនងាយអស់ទេ។បច្ចុប្បន្នមានអ្នកភូមិចំនួន ៨ គ្រួសារ រស់នៅក្នុងភូមិពោធិមិត្ត ឃុំលើកដែកនៅរក្សារបរធ្វើម្សៅជ្រែនេះរហូត ហើយដើមជ្រែដែលអាចយកធ្វើម្សៅបាន លុះត្រាតែវាមានអាយុចាប់ពី ៥០ ទៅ ៦០ ឆ្នាំឡើងទៅ ទើបអាចយកធ្វើជាម្សៅជ្រែបាន។
លោក យី តឿ បានបញ្ជាក់ថា ម្សៅជ្រែជាវត្ថុធាតុដើមសុទ្ធល្អមិនមានលាយសារធាតុគីមីអ្វីទាំងអស់ ហើយគេអាចយកវាទៅធ្វើជាតាំងហ៊ុនឬមីសួ ធ្វើនំដង្កូវ នំម្សៅជ្រែ បង្អែមបបរគ្រាប់ជ្រែ ឬជាអាហារសម្រាប់ហូបមួយចំនួនទៀតបាន។ ចំពោះស្លឹករបស់វាវិញក៏អាចយកមកត្បាញជាកន្ទេលដែលហៅថា កន្ទេលជ្រែឬធ្វើជាអង្រឹងជ្រែហើយគមជ្រែក៏គេយកស្លបានទៀតផង។ប៉ុន្តែយ៉ាងណាក្ដី បច្ចុប្បន្នទីផ្សារម្សៅជ្រែហាក់មិនខ្ពស់ឡើយដោយក្នុងម្សៅជ្រែ ១ គីឡូក្រាម គឺលោកលក់ឱ្យឈ្មួញកណ្តាលបានតែ ១ ១០០ រៀលទៅ ១ ២០០ រៀលប៉ុណ្ណោះ ហើយបើថាប្រកួតប្រជែងជាមួយម្សៅជ្រែនាំចូលក៏អត់ដែរ ព្រោះគ្មានម្សៅជ្រែនាំចូលទេ។
លោកបានថ្លែងថា៖ «បញ្ហាទីផ្សារម្សៅជ្រែនេះខ្ញុំបានទៅចូលរួមប្រជុំនៅថ្នាក់ខេត្តដែរ ជាមួយមន្ត្រីៗខេត្តនិយាយអំពីភូមិ ១ ផលិតផល ១។ ពេលនោះខ្ញុំយកទាំងម្សៅជ្រែយកទាំងនំធ្វើពីម្សៅជ្រែដាក់កន្លែងតាំងបង្ហាញជូនអ្នកចូលរួម តែចំពោះផលិតផលផ្សេងៗគេមានដៃគូ រីឯផលិតផលម្សៅជ្រែខ្ញុំរកដៃគូមិនបាននឹងគេសោះ។ប៉ុន្តែតម្រូវការធ្វើនំពីម្សៅជ្រែមួយចំនួនគឺចោលម្សៅជ្រែក៏អត់បានដែរ»។
បើតាមលោក យី តឿ ចំពោះសិប្បកម្មផលិតម្សៅជ្រែ ១ កន្លែងៗត្រូវប្រើកម្លាំងពលកម្មមនុស្សពី ៥ ទៅ ៦ នាក់ ហើយបើមនុស្សស្រីចំណាយថ្លៃឈ្នួលក្នុងម្នាក់ ៣៥ ០០០ រៀល ខណៈកម្មករបុរសថ្លៃឈ្នួលកម្លាំងពលកម្មក្នុងម្នាក់ ៤ ម៉ឺនរៀល ក្នុង ១ ថ្ងៃ។ ដូច្នេះបើគិតជាមធ្យមបើសិប្បកម្មចំនួន ៨ កន្លែង អាចជួយផ្គត់ផ្គង់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍បានជាង ៤០ គ្រួសារ ដែរ។ប៉ុន្តែលោកក៏ជួបបញ្ហាទៅលើការចំណាយថ្លៃជួលកម្លាំងពលកម្មច្រើនដែរដែលស្ទើរតែទូទាត់ឈ្នួលពលកម្មសឹងតែមិនគ្រប់ផងព្រោះតម្លៃលក់ម្សៅជ្រែលើទីផ្សារថោកពេក។
បច្ចុប្បន្ននៅក្នុងស្រុកកោះធំមានឃុំចំនួន២ដែលនៅមានដើមជ្រែច្រើន គឺឃុំកំពង់កុងនិងឃុំលើកដែកក្នុងស្រុកកោះធំ តែសម្រាប់អ្នកឃុំកំពង់កុង មិនមានគ្រួសារណាមួយធ្វើម្សៅជ្រែឡើយ បើទោះជាមានដើមជ្រែច្រើនក៏ដោយ។មូលហេតុដោយសារនៅភូមិសាស្ត្រឃុំកំពង់កុង មិនសូវសម្បូរប្រភពទឹក ហើយការផលិតម្សៅជ្រែនេះបើគ្មានទឹកគ្រប់គ្រាន់ទេគឺគេមិនអាចផលិតម្សៅជ្រែបានដែរ។នេះជាការលើកឡើងរបស់លោក វ៉ាត រ័ត្ន សមាជិកក្នុងសហគមន៍កំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។
ចំពោះអ្នកផលិតម្សៅជ្រែវិញគាត់ចេះមើលដើមជ្រែណាមានម្សៅ និងដើមជ្រែណាមិនទាន់មានម្សៅ ដោយសម្គាល់ដើមដែលមានលក្ខណៈស្តួចពីគល់ប៉ោងនៅកណ្តាលដើម ហើយស្តួចនៅត្រង់កនៃដើមជ្រែគឺដើមនោះហើយមានម្សៅឬដាក់ម្សៅ។
លោក វ៉ាត រ័ត្ន បានបន្ថែមថា សម្រាប់នៅតាមភូមិក្នុងឃុំកំពង់កុងបច្ចុប្បន្ន មានដើមជ្រែដុះរាប់ពាន់ដើមរាប់ទាំងដើមជ្រែដុះចាស់ និងកូនដើមជ្រែដុះថ្មីៗបន្ថែមទៀត។ តែបើប្រជាពលរដ្ឋត្រូវការដីធ្វើស្រែធ្វើចម្ការគឺលោកឃើញគាត់កាប់លក់បន្តបន្ទាប់ដែរ។ ម្យ៉ាងដោយសារដើមជ្រែគ្មានអ្នកដាំឡើងវិញផងនោះលោកក៏ខ្លាចផុតពូជដែរទៅថ្ងៃអនាគតបើមិនបានថែរក្សាវាទុក។ចំពោះដើមជ្រែវាមានប្រយោជន៍ដូចដើមត្នោតដែរ តែដើមជ្រែមិនមានដុះគ្រប់ខេត្តដូចដើមត្នោតឡើយ។
លោកថ្លែងថា៖ «បើនិយាយទៅដើមជ្រែវាសំខាន់ទី១ ផ្តល់ប្រយោជន៍ប្រហាក់ប្រហែលនឹងដើមត្នោតដែរ គ្រាន់តែថាត្នោតវាមានដុះនៅគ្រប់ខេត្ត។តែបើដើមជ្រែវិញ វាមានដុះដោយតំបន់ ហើយដើមជ្រែគ្មានអ្នកដាំឡើងវិញឡើយដូច្នេះវាអាចប្រឈមនឹងការផុតពូជនៅពេលខាងមុខ»។
ជុំវិញដើមជ្រែនេះ ភ្នំពេញ ប៉ុស្តិ៍ បានទូរស័ព្ទទាក់ទងលោក ប៊ុន ទួនស៊ីម៉ូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកណ្តាលដែរ ដើម្បីសុំការបញ្ជាក់បន្ថែមពាក់ព័ន្ធការដាំដើមជ្រែ តែទូរស័ព្ទរបស់លោកគ្មានអ្នកទទួលឡើយ។
ទោះយ៉ាងណា បើតាមលោកស្រីមួង សារឹម ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាលបានឱ្យដឹងថា ដើមជ្រែដែលផ្តល់ផលបានទាល់តែមានអាយុពី ៥០ ឆ្នាំទៅ ៦០ ឡើងទៅ ហើយបើគេចង់យកផលពីវាលុះត្រាតែកាប់រំលំដើមសិន ព្រោះម្សៅជ្រែគេធ្វើពីដើមជ្រែ។ទន្ទឹមនេះខាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាលបានរាប់បញ្ចូលដើមជ្រែជាវប្បធម៌ធម្មជាតិមួយដែរ។
លោកស្រីថ្លែងថា៖ «ប៉ុន្តែការអភិរក្សប្រហែលជាពិបាកដែរពីព្រោះការដាំឡើងវិញវាអត់មានហើយបើដាំក៏វាមិនងាយដុះដែរ តែបើផ្លែទុំជ្រុះលើដីគឺវាដុះតាមធម្មជាតិតែម្តង។ម្សៅជ្រែក៏យើងបានដាក់ចូលទៅក្នុងកម្មវិធីភូមិ ១ ផលិតផល ១ របស់ខេត្តកណ្តាលរួចហើយដែរ»៕