ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបោះពុម្ពសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា «ក្រុមប្រឹក្សា» អាណត្តិ ទី៤ ឆ្នាំ ២០២៤ ជាង ១០ ម៉ឺនសន្លឹក។
លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងនៅថ្ងៃទី ២៧ ខែមីនាថា គ.ជ.ប នឹងបោះពុម្ពសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៤ ឆ្នាំ ២០២៤ នេះ ចំនួន ១០០ ៨៥០ សន្លឹក។លោកបានថ្លែងថា៖ «គ.ជ.ប នឹងបន្តរៀបចំនីតិវិធីបោះពុម្ពសន្លឹកឆ្នោត ទាំងទម្រង់ និងទំហំ គឺបានពិគ្រោះ និងពិភាក្សាគ្នា ដោយបានសម្រេចរួចអស់ហើយ ហើយក្នុងការបោះពុម្ពនេះនឹងត្រូវចំណាយថវិកាអស់ចំនួន ៩០៨ ៤៤២ ៥០០ រៀល»។
សូមរំឭកដែរថា គ.ជ.ប បានចាប់ឆ្នោតលេខរៀងរបស់គណបក្សនយោបាយសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌអាណត្តិទី៤ ឆ្នាំ ២០២៤ នៅតាមបណ្តាគណៈកម្មការរាជធានីខេត្តទាំង ២៥ ត្រូវបានបិទបញ្ចប់ដោយរលូនមិនមានជាបញ្ហាអ្វីឡើយ។
ការបោះឆ្នោតក្រុមប្រឹក្សា គឺជាការបោះឆ្នោតអសកលដែលមានសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ នៅក្នុងមុខតំណែងជាអ្នកបោះឆ្នោត ដើម្បីជ្រើសរើសក្រុមប្រឹក្សា ២ ប្រភេទគឺក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត និងក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។
សូមបញ្ជាក់ដែរថា គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្សនយោបាយមានចំនួន ៥ គណបក្ស គឺគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកម្លាំងជាតិ គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួមរួមជាតិ។
ការបោះឆ្នោតក្រុមប្រឹក្សានេះនឹងធ្វើនៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៤។ដោយឡែក កាលពីថ្ងៃទី ២៦ ខែមីនា លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើឯកសារមួយចំនួនពាក់ព័ន្ធនឹងការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន ឆ្នាំ ២០២៤ ដូចជា វីដេអូអប់រំដែលបានផលិតរួចសម្រាប់ផ្សព្វផ្សាយ, សៀវភៅណែនាំសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា និងការបោះពុម្ពសៀវភៅច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះ ជាភាសាអង់គ្លេសផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប បានឱ្យដឹងថា អង្គប្រជុំ គ.ជ.ប បានកែសម្រួលខ្លឹមសារមួយចំនួនលើឯកសារទាំងនោះ និងបានសម្រេចឯកភាពជាគោលការណ៍លើឯកសារពាក់ព័ន្ធនឹងការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានសម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២៤ ផងដែរ។
សេចក្តីប្រកាសបន្តថា អង្គប្រជុំក៏បានឯកភាពលើរូបភាព និងខ្លឹមសារស្ប៉តវីដេអូអប់រំចំនួន ៣ រឿងសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ ឆ្នាំ ២០២៤ ផងដែរ ក្នុងនោះរួមមាន ស្ប៉តវីដេអូអប់រំមានចំណងជើងថា «តើអ្វីជាការបោះឆ្នោតអសកល»,«ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា» និងស្ប៉តវីដេអូអប់រំបែបគំនូរជីវចលមានចំណងជើងថា«ការឃោសនាបោះឆ្នោត»។
ចំណែកទាក់ទងនឹងគោលការណ៍លើខ្លឹមសារសៀវភៅណែនាំ គណៈកម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត (គ.ក.ប/គ.ក.រ) និងគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រួមនឹងសៀវភៅច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះជាភាសាអង់គ្លេសក៏ត្រូវបានអង្គប្រជុំឯកភាពផងដែរ៕