ស្ថិតនៅ​ក្រោមផ្ទះ​ដ៏​តូចចង្អៀត​មួយ​ក្នុង​សង្កាត់​ព្រែក​តា​កូវ ក្រុង​អរិយ​ក្សត្រ ខេត្តកណ្តាល ដៃ​របស់​អ្នកស្រី វ៉ន ហៀ​ង រំកិល​ទៅតាម​ចង្វាក់​តម្បាញ​សម្ភារ​សិល្បៈ និង​ប្រពៃណី​។


ក្នុងនាម​ជា​ម្តាយ​ដែលមាន​កូន​ ៥ ​នាក់ ឆាកជីវិត​ក្រុមគ្រួសារ​របស់​អ្នកស្រី​ជួប​នូវ​ការលំបាក​ដែល​រស់នៅ​ក្បែរ​គែម​ប្រឡាយ​សម្បូរ​មូស​។

ខណៈ​អង្គុយ​ត្បាញ​ដោយ​មិនចេះ​នឿយហត់ អ្នកស្រី ​ហៀ​ង មិន​ត្រឹមតែ​ជា​សិប្បករ​វាយ​ន​ភណ្ឌ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​រក្សា​នូវ​កេរដំណែល​នៃ​ចរបាប់ ជា​សម្បត្តិ​វប្បធម៌​ដែលមាន​តាំងពី​សម័យអង្គរ​ទៀតផង​។ ​ទោះបី​ជាមាន​ស្ថាន​ភាពលំបាក​ក៏ដោយ ក៏​ការលះបង់​របស់​ស្ដ្រី​រូបនេះ​មិនដែល​សាបសូន្យ​ឡើយ​។

លោក ឈឹម សុធី ប្រធាន​នាយកដ្ឋាន​សិល្បៈ​សូន​រូប និង​សិល្បៈ​សិប្បកម្ម​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​:​បានឱ្យដឹងថា ក្បូរក្បាច់​ចរបាប់​មាន​នៅតាម​ជញ្ជាំង​ចម្លាក់​បុរាណ ហើយ​សិប្បករ​បាន​ដកស្រង់​ក្បាច់​ទាំង​នោះមក​ធ្វើជា​តម្បាញ​.

លោក​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​ចរបាប់​ទាក់ទង​ខ្លាំង​ទៅនឹង​ជើង​សំពត់ និង​ក្បាច់​ផុស គ្រើម មាន​ជើង​ជរ​ត្រឹមត្រូវ ដែល​មិនមែន​ត្បាញ​រាប​ធម្មតា​ដូច​ហូល​នោះទេ​។ វា​មាន​ក្បូរក្បាច់​តាំង​ពីលើ​រហូតដល់​ជរ​ជើង រងស្បូវ រងជើង និង​ថង់រង​សព្វគ្រប់​ទាំងអស់​»​។


សិល្បៈ​បុរាណ​ដែល​បន្សល់​តាំងពី​សម័យអង្គរ​បាន​ជួប​ឧបសគ្គ​ជាច្រើន ជាពិសេសក្នុងអំឡុង​សង្គ្រាម ដែល​ធ្វើឱ្យ​បាត់បង់​សិប្បករ និង​សិប្បកម្ម​។

លោក​បានឱ្យដឹងថា សិល្បៈ​តម្បាញ​ចរបាប់​បែរជា​សម្បូរ​ច្រើន​នៅ​ប្រទេស​ថៃ ដោយសារ​មាន​ប្រជាជន​ខ្មែរ​ដើម​ជិត ២០ ​ខេត្ដ​នៅ​ទីនោះ ដែល​ពួកគេ​នៅ​បន្ដ​អភិរក្ស​ក្បាច់ក្បូរ និង​ការ​ជ្រលក់​ពណ៌​។

«​យើង​បាត់ទៅ វា​ទៅជា​របស់គេ​។ យើង​អាច​ស្រាវជ្រាវ​មកវិញ ពី​ប្រជាជន​ខ្មែរ​នៅ​ប្រទេសជិតខាង ក៏ដូចជា ពី​ប្រាង្គ​ប្រាសាទបុរាណ​របស់​យើង និង​ចរបាប់​ចាស់ៗ ដែល​យើង​នៅ​សេសសល់​សម្រាប់​ជា​គំរូ​ត្បាញ​ឡើងវិញ ដើម្បី​បន្ដ​និរន្ដរភាព​ចរបាប់​ឡើងវិញ​»​។

នៅពេល​និយាយ​អំពី​សូត្រ​ខ្មែរ មនុស្ស​ជាច្រើន​គិតថា វា​ជា​សំពត់​ហូល ប៉ុន្តែ​ចំពោះ​ចរបាប់​ជាមួយនឹង​ការ​រចនា​បែប​ខ្មែរ​លើសលប់ ពិតជា​បង្កប់​នូវ​មរតក​ខ្មែរ​យ៉ាង​ត្រឹមត្រូវ​ជាង​។

ដូចជា​ផ្កា​ចាន់​ដែល​កម្រ​បានឃើញ​នៅ​សំពត់​ហូល វា​តែងតែ​រំលេច​នៅលើ ចរបាប់​។ ទាក់ទង​ប្រវត្តិសាស្ត្រ​នៃ​រាជវង្ស ដូចជា​ត្រូវបាន​គ្រង​ដោយ​ព្រះមហា​ក្សត្រិយានី​របស់​ព្រះបាទ​សូរ្យ​វរ្ម័នទី​២ នៅ​បន្សល់​នៅ​ប្រាសាទអង្គរវត្ត ប្រាសាទ ចរបាប់​បានបង្ហាញ​នៅក្នុង​ពិធីមង្គលការ​នាពេល​បច្ចុប្បន្ន​។

ចលនា​មួយ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​រក្សាទុក​នូវ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​របស់​ប្រទេសជាតិ​ដែលជា​សិល្បៈ​បុរាណ​នៃ​ចរបាប់​។

បច្ចេកទេស​តម្បាញ​សូត្រ​បែប​ប្រពៃណី​នេះ​មាន​តាំងពី​សម័យអង្គរ ដែល​អង្គការ​ធនធាន​ការងារ​កម្ពុជា (CLRO) បានចាប់ផ្តើម​បង្កើត​គម្រោង​អភិវឌ្ឍន៍ ដើម្បី​ស្រោចស្រង់​សិប្បកម្ម​នេះ​ឡើងវិញ​។

គំនិត​ផ្តួចផ្តើម​នេះ ​ត្រូវបាន​បង្កឡើង​ដោយ​អ្នក​ឈឺឆ្អាល​ចំនួន ៥ ​នាក់​ ក្នុង​ឆ្នាំ​ ២០២៣ ដែល​បន្ទាប់ពី​ធ្វើ​បទសម្ភាសន៍​ជាមួយ​សិប្បករ ចរបាប់​បាន​រកឃើញ​បញ្ហាសំខាន់ៗ​ចំនួន ​២៩ ដែល​គំរាមកំហែង​ដល់​ការរស់រាន​នៃ​ទម្រង់​សិល្បៈ​នេះ​។

លោក ឈី​វ​ វេ​យ្យា​រ៉ា​ នាយក​ប្រតិបត្តិ​នៃ CLRO បានឱ្យដឹងថា​៖ «​បញ្ហា​ប្រឈម គឺ​យើង​នៅសល់តែ​អ្នក​រើស​ផ្កា​(​ភាសា​អ្នកភូមិ ) មានន័យថា អ្នក​ដំឡើង​ពុម្ព​ប្រហែល ២០ ​នាក់​ ហើយ​ជំងឺ​រាតត្បាត​កូ​វីដ ​១៩ បាន​គំរាមកំហែង​ដល់​អាជីវកម្ម​ពួកគេ​ធ្ងន់ធ្ងរ​»។

គម្រោង​នេះ​មាន​គោលបំណង​មិន​ត្រឹមតែ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ជីវភាព​រស់នៅ និង​លក្ខខណ្ឌ​ការងារ​របស់ ruhpkaa​ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្កើន​ចំនួន និង​ប្រាក់ចំណូល​របស់​ពួកគេ​ផងដែរ ដោយហេតុនេះ​ធានាបាន​នូវ​ភាព​បន្ត​នៃ​សិប្បកម្ម​។

ថវិកា​ប៉ាន់ស្មាន​សរុប​សម្រាប់​ការអនុវត្ត​គម្រោង​នេះ ជាង ២៣​ ម៉ឺន​ដុល្លារ (១៨ ​ម៉ឺន​ដុល្លារ សម្រាប់​ឆ្នាំ​ដំបូង និង​ជាង ៥ ​ម៉ឺន​ដុល្លារ សម្រាប់​ពាក់កណ្តាល​នៃ​ឆ្នាំ​ទី​២ សម្រាប់​រយៈពេល ១ ឆ្នាំកន្លះ​)​។

ចរបាប់​ទាមទារ​ការអភិរក្ស​​ការថែរក្សា​សិល្បៈ​បុរាណ​តម្បាញ​សូត្រ​ខ្មែរ ​គឺមាន​សារៈសំខាន់​ដោយសារ​វា​បាន​ផ្សារភ្ជាប់​ជាមួយ​ផ្នែក​វប្បធម៌ ប្រវត្តិសាស្ត្រ សង្គម និង​សេដ្ឋកិច្ច​។

លោក វេ​យ្យា​រ៉ា បាន​និយាយថា​៖ «​ក្បាច់ក្បូរ​ដ៏​ស្មុគស្មាញ​ដែល​បានឃើញ​នៅក្នុង​ចរបាប់​ គឺជា​ផ្នែក​មួយ​នៃ​បេតិកភណ្ឌ​វប្បធម៌​របស់​កម្ពុជា​អស់​ជាច្រើន​សតវត្សរ៍​មកហើយ ដែល​បង្ហាញ​នៅលើ​ជញ្ជាំង​ប្រាសាទអង្គរវត្ត ដោយ​ឆ្លុះបញ្ចាំង​ពី​សារៈសំខាន់​ជា​ប្រវត្តិសាស្ត្រ និង​ការបន្ត​ពី​អតីតកាល​រហូតដល់​ប​ច្ចុ​ប្បន្ន​»​។

លោក​បាន​បន្ដថា​៖ «​តាមរយៈ​ការអភិរក្ស​ចរបាប់​យើង​ការពារ​ប្រវត្តិសាស្ត្រ​រស់រានមានជីវិត​ដែល​ផ្តល់នូវ​ការយល់ដឹង​អំពី​បទដ្ឋាន​សិល្បៈ និង​សង្គម​នៃ​អរិយធម៌​ខ្មែរ​បុរាណ រួមចំណែក​ដល់​ការយល់ដឹង​របស់​យើង​អំពី​ប្រវត្តិសាស្ត្រ​របស់​មនុស្សជាតិ​កាន់តែ​ទូលំទូលាយ​»​។

ការ​តម្បាញ​ចរបាប់​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំ​ជំនាញ​ដ៏​ស្មុគស្មាញ​មួយ​ដែល​បាន​ឆ្លងកាត់​ជាច្រើន​ជំនាន់​។ ការថែរក្សា​វា​ធានា​ដល់​ការរស់រានមានជីវិត​នៃ​ជំនាញ​សិល្បៈ​ហត្ថកម្ម​ប្រពៃណី​ទាំងនេះ ការពារ​កុំឱ្យ​បាត់បង់​ក្នុងសម័យ​ទំនើប និង​សកលភាវូបនីយកម្ម​។

លោក វេ​យ្យា​រ៉ា បាន​លើកឡើងថា​៖ «​ការគាំទ្រ​ទម្រង់​សិល្បៈ​នេះ​អាច​នាំទៅដល់​ការអភិវឌ្ឍ​ជីវភាព​រស់នៅ​ប្រកបដោយ​និរន្តរភាព ការអភិវឌ្ឍ​សហគមន៍ និង​ការកាត់បន្ថយ​ភាពក្រីក្រ​»​។

ការអភិរក្ស ចរបាប់​ប្រពៃណី​លើកកម្ពស់​ការអនុវត្ត​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន តាមរយៈ​ការប្រើប្រាស់​សរសៃ​ធម្មជាតិ និង​ថ្នាំ​ជ្រលក់ ហើយ​លើកទឹកចិត្ត​ឱ្យ​ផ្លាស់ប្តូរ​ឆ្ងាយ​ពី​ឧស្សាហកម្ម​ម៉ូដ​ទាន់សម័យ​ឆ្ពោះទៅរក​គំរូ​នៃ​ការប្រើប្រាស់​ប្រកបដោយ​និរន្តរភាព​បន្ថែមទៀត​។

តាមរយៈ​ការអភិរក្ស​និង​លើកស្ទួយ​ចរបាប់​កម្ពុជា​អាច​បង្ហាញ​បេតិកភណ្ឌ​សិល្បៈ​ដ៏​ពិសេស​របស់ខ្លួន​នៅលើ​ឆាក​ពិភពលោក បង្កើន​ការផ្លាស់ប្តូរ​វប្បធម៌ និង​ការយល់ដឹង​។

នាយក​ប្រតិបត្តិ​នៃ CLRO បាន​អះអាងថា​៖ «​នេះ​មិន​ត្រឹមតែ​បង្កើន​មោទនភាព​ក្នុងចំណោម​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្កើន​នូវ​សិល្បៈ​ប្រពៃណី​ជាស​កល លើកទឹកចិត្ត​ដល់​ភាព​ចម្រុះ និង​ការឱ្យ​តម្លៃ​លើ​វប្បធម៌​»​។

សិប្បកម្ម​ធ្វើ​ដោយ​ដៃ​ចាញ់​បច្ចេកទេស​ទំនើប​​ឧបសគ្គ​ដ៏​សំខាន់​មួយ​ចំពោះ​និរន្តរភាព​របស់​ចរបាប់ ​គឺ​ការផលិត​ដោយ​ប្រើ​ម៉ាស៊ីន ហើយ​គម្រោង​នេះ​ជំ​រុញឱ្យ​អ្នកប្រើប្រាស់​ជាពិសេស​កូនក្រមុំ​ជ្រើសរើស​ចរបាប់​ពិតប្រាកដ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​ដែល​ត្បាញ​ដោយ​ដៃ​ក្នុងស្រុក​។

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ការផ្លាស់ប្តូរ​ប្រជាប្រិយភាព​ឆ្ពោះទៅរក ផាមួង​ជរ​ជើងបាន​នាំឱ្យមាន​ការថយចុះ ៨០ ភាគរយ នៃ​ផលិតកម្ម​ចរបាប់​។ ​នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អង្គការ CLRO​។

លោក វេ​យ្យា​រ៉ា​​ បាន​បញ្ជាក់ថា​៖ «​ដើម្បី​ទាញ​ចរបាប់​ត្រឡប់​ពី​ការបាត់បង់ យើង​ត្រូវតែ​ចាប់ផ្តើម​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។ ​ក្នុងចំណោម​វិធាន​ការដែល​បានស្នើ​គឺ​ផ្តល់​ការការពារ​ពិសេស​ដល់​សិប្បករ​ដូចជា​អត្ថប្រយោជន៍​ថែទាំ​សុខភាព​ដ៏​ទូលំទូលាយ និង​ការចុះឈ្មោះ​ចូលក្នុង​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ជាដើម​»​។

លោក​បន្ថែមថា​៖ «​យើង​កំពុង​ផ្តោតលើ​ការផ្តល់​សិទ្ធិអំណាច​ដល់​សិប្បករ​របស់​យើង​តាមរយៈ​ការបណ្តុះបណ្តាល​អាជីវកម្ម ក្នុង​គោលបំណង​ពង្រីក​លទ្ធភាព​របស់​យើង​តាមរយៈ​ការលក់​អន​ឡាញ​លើ​ទីផ្សារ​អន្តរជាតិ​»​។

ជាងនេះទៅទៀត មានការ​តស៊ូ​មតិ​បង្កើត​មជ្ឈមណ្ឌល​តម្បាញ​នៅ​ទីតាំង​សមរម្យ​ថ្មី ដោយសារ​មជ្ឈមណ្ឌល​ប​ណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បច្ចុប្បន្ន​បង្កបញ្ហា​ប្រឈម​ភូមិសាស្ត្រ​សម្រាប់​អ្នក​តម្បាញ​ចរបាប់​។

ភាពលំបាក​ខាង​សេដ្ឋកិច្ចសង្គម​ដែល​ប្រឈមមុខ​ដោយ​សិប្បករ យ៉ាងហោចណាស់ ១៥​ ភាគរយ រស់នៅ​ក្រោម​បន្ទាត់​នៃ​ភាពក្រីក្រ​។

លោក វេ​យ្យា​រ៉ា​​ បាន​ព្រមាន​ថា​៖ «​ប្រសិនបើ​សិល្បៈ​តម្បាញ​ក្បាច់​ចរបាប់​ត្រូវបាន​បាត់ទៅ វប្បធម៌​របស់​កម្ពុជា​នឹងត្រូវ​ខូចខាត​ដោយ​មិនអាច​ជួសជុល​បានឡើយ​»៕