ភ្នំពេញ​: ​ភ្នំពេញ​ ប៉ុស្តិ៍ ​បង្កើតឡើង​ក្នុង​ឆ្នាំ​ ១៩៩២​ គឺជា​កាសែត​ភាសា​អង់គ្លេស​ចំណាស់​ជាងគេ​បំផុត​របស់​ប្រទេស​កម្ពុជា ដែល​ត្រូវបាន​ស្គាល់​ជា​អ្នក​រាយ​ការ​ណ៍​ស៊ីជម្រៅ និង​ឯករាជ្យ ដោយ​ឆ្លុះបញ្ចាំង​ពី​តថភាព​សង្គម​កម្ពុជា​ក៏ដូចជា​អន្ដរជាតិ​។​ នៅក្នុង​ផ្នែក​ជីវិត​កម្សាន្ដ​ចាប់ពី​ការផ្តល់​សិទ្ធិអំណាច​ដល់​ស្ត្រី និង​កុមារ ដល់​ការអបអរសាទរ​បេតិកភណ្ឌ​វប្បធម៌​ដ៏​សម្បូរបែប ពី​ការបង្ហាញ​អាហារ​ចម្រុះ​ប្រចាំ​ជាតិ រហូតដល់​ការលើកកម្ពស់​ទេសចរ​ណ៍​ប្រកបដោយ​និរន្តរ​ភាព ការផ្សាយ​របស់​កាសែត​​ភ្នំពេញ​ប៉ុស្តិ៍​បង្ហាញ​ពី​ភាព​ទូលំ​ទូលាយ​។​


​ជីវិត​កម្សាន្ដ​នៃ ​ភ្នំពេញ​ ប៉ុស្តិ៍ បង្ហាញ​ពី​ប្រធានបទ​ស្តីពី​វប្បធម៌ និង​សិល្បៈ អាហារ និង​ភេសជ្ជៈ ប្រពៃណី ជំនឿ ការអប់រំ បញ្ហា​សង្គម បរិស្ថាន កសិកម្ម និង​ការ​ធ្វើដំណើរ​។​ នៅពេលដែល​យើង​ឈានដល់​ការបិទ​ការបោះពុម្ពផ្សាយ​ជា​ប្រវត្តិសាស្ត្រ​របស់​ភ្នំពេញ​ប៉ុស្តិ៍​ចុងខែ​មីនា​ឆ្នាំនេះ យើង​មាន​សេចក្តីសោមនស្ស​រីករាយ​ក្នុងការ​លើកយក​សមិទ្ធ​ផល​សំខាន់ៗ​ដែល​កាសែត​វ័យ​ចំណាស់​នេះ​បាន​ចូលរួម​ផ្សព្វផ្សាយ​។​ 

​បញ្ហា​សង្គម​​ការផ្តល់​សិទ្ធិអំណាច​ដល់​ស្ត្រី និង​កុមារ​ទំព័រ​ជីវិត​កម្សាន្ដ​របស់ ​ភ្នំពេញ​​ ប៉ុស្តិ៍​ បាន​ផ្សព្វផ្សាយ​អំពី​បញ្ហា​សង្គម​នៅ​កម្ពុជា ដោយ​ផ្តោត​ជាពិសេស​លើ​គំនិត​ផ្តួចផ្តើម​នានា​ក្នុង​គោលបំណង​ផ្តល់​សិទ្ធិអំណាច​ដល់​ស្ត្រី និង​កុមារ​។​


​ឧទាហរណ៍​សំខាន់​មួយ គឺ​យុវតី លេក ការី រើបម្រះ​ខ្លួន​ពី​ប្រពៃណី​រៀប​អាពាហ៍ពិពាហ៍​វ័យក្មេង​នៅ​អាយុ ​១៤ ឆ្នាំ ដើម្បី​ក្លាយជា​អ្នកតស៊ូ​មតិ​សម្រាប់​ការអប់រំ​នៅ​ខេត្តរតនគិរី​និង​ត្រូវបាន​ជ្រើសរើស​ជា​ឯកអគ្គរដ្ឋទូត​នៃ​យុទ្ធនាការ Girls Get Equal (GGE)​ សម្រាប់​គម្រោង Plan International Cambodia​។​


​តួនាទី​នេះ​បង្ហាញ​ពី​ការយក​ចិត្ត​ទុកដាក់​របស់​យុវតី​ជនជាតិ​ដើម​ភាគតិច​ព្រៅ ការី ក្នុងការ​ផ្តល់​សិទ្ធិអំណាច​ដល់​ក្មេងស្រី និង​ស្ត្រី​ឱ្យមាន​ការគ្រប់គ្រង​លើ​ជីវិត​របស់​ពួកគេ និង​មាន​ឥទ្ធិ​ពល​លើ​សហគមន៍​របស់​ពួកគេ​ជា​វិជ្ជមាន​។​


​ក្នុងចំណោម​អង្គការ​សប្បុរស​ធម៌​ជាច្រើន ​ដែល​បានបង្ហាញ​នោះ មូលនិធិ​កុមារ​កម្ពុជា​ (CCF) និង​ផ្ទះបាយ​កុមារ​ Les Restaurants des Enfants​ មាន​ភាព​លេចធ្លោ​សម្រាប់​ការរួមចំណែក​ដ៏​សំខាន់​របស់​ពួកគេ​។​

​អង្គការ​ទាំងនេះ​ធ្វើការ​ដោយ​មិន​នឿយហត់​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​កុមារ​ក្រីក្រ​នៅ​កម្ពុជា​ជួបប្រទះ ដោយ​ផ្តល់ឱ្យ​ពួកគេ​នូវ​លទ្ធភាព​ទទួលបាន​ការអប់រំ អាហារូបត្ថម្ភ និង​សេវា​ថែទាំ​សុខភាព​។​

CCF បាន​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការផ្លាស់​ប្តូរជីវិត​របស់​កុមារ​រាប់ពាន់នាក់ និង​គ្រួសារ​របស់​ពួកគេ​តាមរយៈ​កម្មវិធី​អប់រំ​រួម ខណៈ​ផ្ទះបាយ​កុមារ ផ្តល់​អាហារ​ដែលមាន​ជីវជាតិ​ចាំបាច់​សម្រាប់​ការអភិវឌ្ឍ​សុខភាព​ល្អ​របស់​កុមារ​។​

​អ្នកស្រី Kate Ginn និពន្ធ​នាយក​ផ្នែក​ទំនាក់ទំនង​ជាន់​-​ខ្ពស់​នៃ​មូលនិធិ​កុមារ​កម្ពុជា​ (CCF)​ បានឱ្យដឹងថា​៖ «​ប៉ុន្មាន​ឆ្នាំ​មកនេះ ភ្នំពេញ​ប៉ុស្តិ៍​គឺជា​អ្នកគាំទ្រ​ដ៏​រឹងមាំ​របស់​មូលនិធិ​កុមារ​កម្ពុជា​ (CCF) ជា​អង្គការ​សប្បុ​​រសធម៌​ដែល​ធ្វើការ​ជាមួយ​កុមារ​និង​គ្រួសារ​ក្រីក្រ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ជួយ​ផ្សព្វផ្សាយ​ការងារ​របស់​យើង​ទៅកាន់​ទស្ស​និក​ជន​កាន់តែ​ទូលំទូលាយ និង​លើកកម្ពស់​ការយល់ដឹង​អំពី​ស្ថានភាព​លំបាក​របស់​កុមារ​ងាយ​រងគ្រោះ​នៅក្នុង​ប្រទេស​»​។​

​អ្នកស្រី​បានឱ្យដឹងថា កាសែត ​ភ្នំពេញ ​ប៉ុស្ដិ៍ បាន​ផ្សព្វផ្សាយ​ពី​រឿងរ៉ាវ​ជោគជ័យ​របស់​កុមារ​ដែល​ត្រូវបាន​ជួយ​ដោយ CCF រួម​ទាំង​សិស្ស​ដែល​បានទទួល​អា​ហា​រូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី ដោយ​បង្ហាញ​ពី​ឥទ្ធិពល​វិជ្ជមាន​ដែល​អង្គការ​មាន​លើ​ជីវិត​របស់​ពួកគេ​។​

​អ្នកស្រី​បាន​ប្រាប់​កាសែត ​ភ្នំពេញ​ ប៉ុស្តិ៍​ថា​៖ «​នេះ​បាន​ជួយ​បំភ្លឺ​អំពី​បញ្ហា​ប្រឈម​ដែល​កុមារ​ជួបប្រទះ​នៅក្នុង​ប្រទេស​កម្ពុជា និង​ការខិតខំ​ប្រឹងប្រែង​ដែល​បាន​ធ្វើឡើង​ដើម្បី​ផ្លាស់​ប្តូរជីវិត​របស់​គ្រួសារ និង​សហគមន៍​ដែល​ងាយ​រងគ្រោះ​»​។​

​សិល្បៈ វប្បធម៌ ប្រពៃណី និង​ជំនឿ​ភ្នំពេញ​ប៉ុស្តិ៍ រាយការណ៍​ទាំង​សិល្បៈ​ប្រពៃណី​ខ្មែរ ដូចជា របាំ​បុរាណ អាយ៉ង​ស្រមោល និង​ចម្លាក់​សម័យអង្គរ និង​សិល្បៈ​សហ​សម័យ រួមទាំង​របាំ​ទំនើប គំនូរ និង​ចម្លាក់​។ វា​បង្ហាញ​ពី​ទម្រង់​របស់​សិល្បករ ការតាំងពិព័រណ៍ និង​ពិធីបុណ្យ​វប្បធម៌​ផ្សេងៗ​។​

​ការផ្សព្វផ្សាយ​រឿងរ៉ាវ​ស្តីពី​ការអភិរក្ស​បេតិកភណ្ឌ​វប្បធម៌​របស់​កម្ពុជា រួមមាន ប្រាសាទ​បុរាណ ទីតាំង​បុរាណវត្ថុ ការ​​វិលត្រឡប់​មកវិញ​នៃ​វត្ថុ​បុរាណ​ដែល​បាន​លួច និង​ការខិតខំ​ថែ​រក្សា​សិប្បកម្ម​ប្រពៃណី​ដូចជា តម្បាញ​សូត្រ គ្រឿង​ស្មូន និង​ចម្លាក់​ប្រាក់​។​កាសែត​នេះ​បាន​រំលេច​ទិដ្ឋភាព​សិល្បៈ​ដ៏​សម្បូរបែប​របស់​ប្រទេស​កម្ពុជា ចាប់ពី​ការសម្តែង​របាំ​អប្សរា​ប្រពៃណី រហូតដល់​ការផលិត​ល្ខោន​ទំនើប និង​ការ​ប្រគំ​តន្ត្រី ដោយ​បង្ហាញ​ពី​ទេព​កោសល្យ​ក្នុងស្រុក និង​ការសហការ​អន្តរជាតិ​។​

​អត្ថបទ​តែងតែ​ស្វែងយល់​ពី​ទំនៀមទម្លាប់ និង​ប្រពៃណី​របស់​ប្រទេស​កម្ពុជា រួមទាំង​ពិធីបុណ្យ​សាសនា ដូចជា បុណ្យ​ភ្ជុំបិណ្ឌ (​បុណ្យ​ដូនតា​) និង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ក៏ដូចជា​ពិធីមង្គលការ ពិធី​បុណ្យសព និង​ពិធី​ផ្សេងៗ​។​

​ភ្នំពេញ​ ប៉ុស្តិ៍ សិក្សា​លើ​ប្រព័ន្ធ​ជំនឿ​ដែល​គាំទ្រ​សង្គម​កម្ពុជា រួមទាំង​ព្រះពុទ្ធសាសនា ដែល​ប្រជាជន​កម្ពុជា​ភាគច្រើន​ប្រកាន់​ភ្ជាប់ ក៏ដូចជា​ព្រហ្មញ្ញសាសនា លទ្ធិ​ទេវតា និង​តួនាទី​ខាង​វិញ្ញាណ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​ជាដើម​។​

​ការបោះពុម្ពផ្សាយ​នេះ​ក៏​គ្រប​ដណ្តប់​លើ​វិស័យ​អក្សរសាស្ត្រ និង​ឧស្សាហកម្ម​ភាពយន្ត​របស់​ប្រទេស​កម្ពុជា​ផងដែរ ដោយ​បង្ហាញ​ពី​អ្នកនិពន្ធ​ក្នុងស្រុក ការ​ចេញផ្សាយ​សៀវភៅ មហោស្រព​ភាពយន្ត និង​ការផលិត​ភាពយន្ត និង​ភាពយន្ត​ឯកសារ​ដែល​ឆ្លុះ​បញ្ចាំង​ពី​បញ្ហា​សង្គម​ឬ​ព្រឹត្តិ​ការណ៍​ប្រវត្តិសាស្ត្រ​។​

​លោក​ កុក រស់ ប្រធាន​នាយកដ្ឋាន​សៀវភៅ និង​ការអាន នៃ​ក្រសួង​វប្បធម៌ បានឱ្យដឹងថា ភ្នំពេញ​ប៉ុស្តិ៍​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​លើកស្ទួយ​វិស័យ​សិល្បៈ អក្សរសាស្ត្រ អ្នកនិពន្ធ​ខ្មែរ និង​ជំរុញ​ការអាន​ក្នុងសង្គម​។​

​លោក​បាន​ថ្លែងថា​៖ «​ភ្នំពេញ​ ប៉ុស្តិ៍​ ចូលរួមចំណែក​ក្នុងការ​ផ្សព្វ​ផ្សាយ​ព្រឹត្តិការណ៍​វប្បធម៌ និង​អក្សរសាស្ត្រ​ជាតិ​ស្ទើរតែ​ទាំងអស់ ដោយ​នាំមក​នូវ​ព័ត៌មាន​ទាន់​ហេតុការណ៍ អង្គហេតុ រូបភាព និង​ខ្លឹមសារ​ពី​ក្រសួង​ស្ថាប័ន​នានា​ដល់​សាធារណជន​»​។​

​លោក រស់ ដែលមាន​តួនាទី​លើកកម្ពស់​សិល្បៈ អក្សរសាស្ត្រ អ្នកនិពន្ធ​ខ្មែរ និង​សារៈសំខាន់​នៃ​ការអាន​នៅក្នុង​សង្គម​បាន​បន្ដថា​៖«​សារព័ត៌មាន​នេះ​ចូល​រួមចំណែក​យ៉ាងសកម្ម​ក្នុងការ​​អភិរក្ស និង​អភិវឌ្ឍន៍​វប្បធម៌​អក្សរសាស្ត្រ​ជាតិ​»​។​

​ការផ្សព្វផ្សាយ​ល្ខោន​តន្ត្រី​ «​រាជិនី​សំឡេង​មាស​» របស់​កាសែត​​ភ្នំពេញ​ប៉ុស្តិ៍​អបអរសាទរ​ «​យុគ​មាស​» ​របស់​ប្រទេស​កម្ពុជា នៅ​ចុង​ទសវត្សរ៍​ឆ្នាំ ​១៩៦០ និង​ដើម​ទសវត្សរ៍​ឆ្នាំ ​១៩៧០ ដោយ​រៀបរាប់​ពី​ដំណើរ​ជីវិត​របស់ រស់ សេរី​សុទ្ធា ជា​តួអង្គ​សំខាន់​ក្នុងសម័យ​វប្បធម៌​ដ៏​ល្បីល្បាញ​នេះ​។​

​ថ្មីៗ​នេះ ភ្នំពេញ​ ប៉ុស្ដិ៍ ​ក៏បាន​ផ្សព្វផ្សាយ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​រវាង​អ្នកជំនាញ​កម្ពុជា និង​បារាំង​ក្នុង​គម្រោង​ជួសជុល​ចម្លាក់​ព្រះ​សិវៈ​រាំ នៅ​សតវត្សរ៍​ទី​ ១០ ដោយ​ផ្គុំ​បំណែក​ថ្ម​ជាង​ ១​ ម៉ឺន​ ដុំ​នៅ​ទីតាំង​បុរាណវិទ្យា​កោះ​កេរ​។​

​អាហារ និង​ភេសជ្ជៈ​កាសែត​ ភ្នំពេញ ​ប៉ុស្តិ៍​ មាន​អត្ថ​​បទ​ជាច្រើន​ស្តីពី​អាហារ និង​ភេសជ្ជៈ​ដែល​បង្ហាញ​ពី​ភាពសម្បូរ​បែប​នៃ​ភេសជ្ជៈ​ក្នុងស្រុក និង​វប្បធម៌​ធ្វើ​ម្ហូប​របស់​កម្ពុជា​។​

​ជា​ឧទាហរណ៍ ស្រា​ផាស​សិន ឬ​ក្រូច​វល្លិ​ខេត្តមណ្ឌលគិរី ដែល​ត្រូវបាន​គេ​ស្គាល់​ថា​មាន​រសជាតិ​ផ្អែម និង​ជូរ ក៏ដូចជា ស្រា​ជីន ស្រា​មៀន​ប៉ៃលិន ដែល​បង្ហាញ​ពី​ការ​ចាប់អារម្មណ៍​កាន់តែខ្លាំង​ឡើង​ចំពោះ​ស្រា​ដែល​ផលិត​ក្នុងស្រុក​។​

​កាសែត​នេះ​ក៏​គ្របដណ្តប់​លើ​តួនាទី​សំខាន់​នៃ​ឧស្សាហកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា ដោយ​បង្ហាញ​ពី​របៀប​ដែល​ម្ហូប​ក្នុងស្រុក​អាច​ប្រែក្លាយ​ទីតាំង​ទៅជា​កន្លែង​ទេសចរណ៍​។​

​ស្រាស ជា​ចំណុច​ពិសេស​មួយទៀត ​ដែល​ផ្តល់​ភាពស្រស់​ស្រាយ​ជាមួយនឹង​ម្សៅ​អង្ករ ខ្ទិះដូង និង​ស្លឹកត្នោត​ដែល​ជួយ​បន្សាប​កម្ដៅថ្ងៃ​។​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ អបអរសាទរ​បេតិកភណ្ឌ​ផ្នែក​ធ្វើ​ម្ហូប​របស់​ប្រទេស​កម្ពុជា​ជាមួយនឹង​ចម្រុះ​ភាព​នៃ​ម្ហូប​ក្នុងស្រុក​។ ត្រី​អា​ម៉ុក ជា​អត្ដ​សញ្ញាណ​បែប​ប្រពៃណី ផ្សំ​ពី​ត្រី​ទឹកសាប ខ្ទិះដូង និង​គ្រឿងទេស​ក្រអូប យកទៅ​ចំហុយ​ឱ្យ​ល្អឥតខ្ចោះ​នៅក្នុង​ស្លឹកចេក​។​

​នំអន្សមចេក​ជា​បង្អែម​បុរាណ មាន​អង្ករដំណើប ទឹកដូង និង​ស្ករស រុំ​ដោយ​ស្លឹកចេក ហើយ​វា​ត្រូវបាន​វេច​អំឡុងពេល​បុណ្យ​ទាន​ធំៗ​ជាពិសេស​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ និង​ចូលឆ្នាំថ្មី​។​

​ម្ហូប​ខ្មែរ​មិន​ភ្លេច​គ្រឿង​ពិសេស គឺ​ប្រហុក ជា​គ្រឿងផ្សំ​ដ៏​សំខាន់​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​សម្រាប់​រសជាតិ និង​ក្លិន​ឈ្ងុយ​របស់​វា ដែល​ជួយ​បង្កើន​មុខម្ហូប​ជាច្រើន​ប្រភេទ​។​

​ការប្រកួត​ធ្វើ​ម្ហូប​ខ្មែរ​នៅ​ថ្ងៃទី ​១០ ខែមីនា ឆ្នាំ​ ២០២៤ ដែល​រៀបចំ​នៅ​មជ្ឈមណ្ឌល​សិល្បៈ​ចុងភៅ ណាក់ បាន​ប្រារព្ធ​ធ្វើ​ម្ហូប​ខ្មែរ​ចម្រុះ​ជាតិ​សាសន៍​។​

​ក្នុងចំណោម​បេក្ខជន​សម្រាំង​ចុងក្រោយ អ្នកស្រី​នេ​ម ពៅ​ ពិសី បានបង្ហាញ​មុខម្ហូប​ខ្មែរ​បែប​ប្រពៃណី​ «​បុក​គ្រឿង​ខ្មៅ​» ទទួលបាន​ចំណាត់ថ្នាក់​លេខ ​៣ ដែល​ធ្វើឱ្យ​ចៅក្រម​ភ្ញាក់ផ្អើល​ជាមួយនឹង​រសជាតិ​ដ៏​ពិសេស​របស់​វា​។​

​ចុងភៅ ណាក់ បានបង្ហាញ​ចំណាប់អារម្មណ៍​ក្នុងការ​បង្ហាញ​វា​នៅក្នុង​គម្រោង​នាពេល​អ​នា​គ​ត​ដោយ​បង្ហាញ​ពី​តួនាទី​របស់​បេក្ខភាព​ក្នុងការ​លើកកម្ពស់​បេតិកភណ្ឌ​ធ្វើ​ម្ហូប​ខ្មែរ ជា​ព្រឹត្តិ​ការណ៍​មួយ​ដែល​កាសែត​ភ្នំពេញ​​ប៉ុស្តិ៍​បង្ហាញ​ជាប្រចាំ​។​

​ក្នុងនាម​ជា​អ្នក​ផ្សព្វផ្សាយ និង​គាំទ្រ​សិល្បៈ​ធ្វើ​ម្ហូប​ខ្មែរ ចុងភៅ ណាក់ បាន​ថ្លែងថា អ្នកស្រី​មាន​អំណរគុណ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​កាសែត​​ ភ្នំពេញ​ ប៉ុស្តិ៍ ​ក្នុងការ​ថែរក្សា​និង​លើកកម្ពស់​កេរដំណែល​ផ្នែក​ធ្វើ​ម្ហូប​ដ៏​សម្បូរបែប​របស់​កម្ពុជា​។​

ចុងភៅ ណាក់ បាន​ប្រាប់ថា​៖ «​យើង​ធ្វើការ​រួមគ្នា​ដើម្បី​ចែករំលែក​រឿងរ៉ាវ​រប​ស់​កម្ពុជា ​ទៅកាន់​ពិភពលោក ដោយ​បង្ហាញ​ពី​បេតិកភណ្ឌ​វប្បធម៌​របស់​យើង កោតសរសើរ​ចំពោះ​ទេពកោសល្យ​របស់​ចុងភៅ​តាម​ផ្ទះ​របស់​យើង និង​ពង្រឹង​សាមគ្គីភាព​សហគម​ន៍តា​មរយៈ​ការសន្ទនា និង​ការស្វែងយល់​ពី​ការធ្វើ​ម្ហូប​ប្រកបដោយ​ភាព​ច្នៃប្រឌិត​។ តាមរយៈ​កិច្ចសហការ​របស់​យើង​ជាមួយ​កាសែត ​ភ្នំពេញ​ ប៉ុស្តិ៍ យើង​ខិតខំ​ដើម្បី​រំលេច​រឿងរ៉ាវ​ប្លែកៗ រសជាតិ និង​ប្រពៃណី​ដែល​ធ្វើឱ្យ​ម្ហូប​ខ្មែរ​លេចធ្លោ​»​។​

​ដំណើរ​កម្សាន្ដ​ជាមួយ​ ភ្នំ​ពេញ​ ប៉ុស្តិ៍ ​ក្នុង​រយៈពេល​ ១​ ទសវត្សរ៍​កន្លងមក​នេះ ផ្នែក​ទេសចរណ៍​របស់​ ភ្នំពេញ ​ប៉ុស្តិ៍ ជា​ផ្នែក​ពិសេស​មួយ​របស់​ជីវិត​កម្សាន្ដ​បាន​នាំ​អ្នក​អាន​ធ្វើដំណើរ​ទៅកាន់​តំបន់​នានា​ទូទាំងប្រទេស ជាពិសេស សម្រស់​ធម្មជាតិ ប្រាង្គ​ប្រាសាទ និង​ការ​ផ្សងព្រេង​។​

​ផ្ទាំងគំនូរ​ដ៏​សម្បូរ​បែបនេះ រួម​មាន​ទឹកជ្រោះ​ពោធិ៍សាត់​ដ៏​ស្ងប់​​ស្ងាត់ រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ភ្នំ​សំពៅ ខេត្តបាត់ដំបង និង​ទាក់ទាញ​ដ៏​ស្ងប់ស្ងាត់​នៃ​ឆ្នេរ​នេសាទ ខេត្តកោះកុង​។​

​អត្ថបទ​ជាច្រើន​បាន​រំលេច​នូវ​ការខិតខំ​ប្រឹងប្រែង​បំផុសគំនិត​របស់​បុគ្គ​ល​ដូចជា​អ្នកនាង ជុំ​ ​ពិសី ជា​ស្ដ្រី​ខ្មែរ​ពូកែ​ដើរ​ផ្សង​ព្រេង​ម្នាក់ បានបង្ហាញ​ពីស​ក្តា​នុ​ពល​របស់​ប្រទេស​សម្រាប់​ការ​​ដើរលេង និង​ដំណើរ​ផ្សងព្រេង​ឡើង​ភ្នំ​។​

​អ្នកអាន​ក៏បាន​ស្វែងយល់​ពី​តំបន់​រ៉ា​ម​សារ​ស្ទឹងត្រែង​ដែល​សម្បូរ​ទៅដោយ​ជីវៈចម្រុះ ដោយ​រំលេច​កោះ​ទេសចរណ៍ធម្មជាតិ​ដូចជា​កោះ​ហាន និង​កោះ ៣០ ដែល​តំណាងឱ្យ​សហគម និង​កិច្ច​ខិតខំ​ប្រឹងប្រែង​អភិរក្ស​។​

​គំនិត​ផ្តួចផ្តើម​ទាំងនេះ​មាន​គោលបំណង​ធ្វើ​សមាហរណកម្ម​ទេសចរ​ណ៍​ជាមួយនឹង​ការ​​គ្រប់គ្រង​បរិស្ថាន គាំទ្រ​ដល់​ការរស់នៅ​របស់​សហគម​ន៍ ខណៈដែល​ផ្តល់ជូន​អ្នកទស្សនា​នូវ​ការយល់ដឹង​ពិសេស​អំពី​បេតិកភណ្ឌ​ធម្មជាតិ និង​វប្ប​ធម៌​របស់​កម្ពុជា​។​

​ការអប់រំ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បានបង្ហាញ​ពី​រឿងរ៉ាវ​ដែលមាន​ឥទ្ធិពល​ជាច្រើន​អំពី​ការអប់រំ​នៅក្នុង​សហគមន៍​ជនបទ​នៃ​ប្រទេស​កម្ពុជា ពី​គំនិត​ផ្តួចផ្តើម​ដែលមាន​បំណង​លើកកម្ពស់​លទ្ធភាព​ទទួល​បានការ​អប់រំ និង​គុណភាព​នៃ​ការអប់រំ​សម្រាប់​អ្នក​នៅក្នុង​តំបន់​ដែលមាន​ការ​អភិវឌ្ឍ​តិចតួច​។​

​ការខិតខំ​ប្រឹងប្រែង​គួរឱ្យ​កត់​សម្គាល់​មួយ​គឺ​សមាគម​ Kep Gardens Association​ ដែល​បង្កើតឡើង​ដោយ​ប្តី​​ប្រពន្ធ​ជនជាតិ​អូស្ត្រាលី Andrew និង Janine Judd​។ ដោយ បាន​តាំង​ទីលំនៅ នៅក្នុង​ភូមិ​ជនបទ​ចម្ងាយ​ ១០ ​គីឡូម៉ែត្រ​ពី​ក្រុងកែប ពួកគេ​បាន​ចំណាយពេល​វេលា​នៃ​ជីវិតចុងក្រោយ​ក្នុងការ​ផ្តល់​ការអប់រំ​ដោយ​ឥតគិតថ្លៃ​ដល់​កុមារ​នៅ​ជនបទ​ដែល​ខ្វះខាត​។​​សាលាបឋមសិក្សា​ព្រែក​ទាល់ ស្ថិតនៅ​ក្នុងភូមិ​បណ្តែត​ទឹក​នៃ​បឹង​ទន្លេសាប ក្នុង​ខេត្ត​បាត់​ដំ​បង ផ្តល់នូវ​ការអប់រំ​ពិសេស​មួយ ដែល​សិស្សានុសិស្ស​ធ្វើដំណើរ​តាម​ទូក​តូចៗ​។​

​គំនិត​ផ្តួចផ្តើម​ដ៏​សំខាន់​មួយទៀត​ពាក់ព័ន្ធ​នឹង​ភាពជា​ដៃគូ​រវាង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​កូរ៉េខាងត្បូង (KOICA) និង​អង្គការ​ ChildFund Cambodia​ ដែល​ប្តេជ្ញា​ផ្តល់ជំនួយ​ជាង​ ១,៤ ​លាន​ដុល្លារ ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​អប់រំ​សម្រាប់​សាលា​​បឋមសិក្សា​ជនបទ​ចំនួន​ ១៧ ក្នុងស្រុក​ឆ្លូង ខេត្តក្រចេះ​។​

​អង្គការ​ជំនួយ​នៃ​ក្ដីសង្ឃឹម​សម្រាប់​សហគមន៍​ជា​សាលា​​អប់រំ​តម្រូវការ​ពិសេស​ដែល​គ្រប់គ្រង​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​ក្របខ័ណ្ឌ​រដ្ឋ​ដោយ​ប្រែ​ក្លាយទៅជា​វិទ្យាល័យ​អប់រំ​ពិសេស​ក្រុង​តាខ្មៅ​។​

​ក្នុង​កម្មវិធី​ពិព័រណ៍​សមិទ្ធ​​ផល​សិស្ស​នៃ​សាលា​ជំនាន់​ថ្មី (NGS) នៅ​វិទ្យាល័យ​ព្រះ​​ស៊ីសុវត្ថិ លោក សម កំសាន្ដ នាយករង​វិទ្យាល័យ​ព្រះ​ស៊ី​​សុវត្ថិ និង​ជា​ប្រធាន (NGS)​ បាន​សង្កត់ធ្ងន់​លើ​ទស្សនវិស័យ ស្នូល​របស់ NGS ដោយ​លើកឡើង​ពី​ការយកចិត្តទុកដាក់​ចំពោះ​គុណភាព​អប់រំ​សតវត្សរ៍​ទី​ ២១ និង​ការរួមបញ្ចូល​ឌីជីថល​។​

​លោក​បាន​និយាយថា​«​គុណ តម្លៃ​នៃ​សាលា​ជំនាន់​ថ្មី​ផ្ដោតលើ​ចំណេះដឹង បំ​ណិ​ន និង​ឥរិយា​​បថ​»​ ដោយ​លោក​បង្ហាញ​ពី​ជម្រៅ​នៃ​ការប្តេជ្ញាចិត្ត​ក្នុងការ​បង្កើត​បរិយាកាស​អប់រំ​ដែល​ត្រៀម​រួច​​ជាស្រេច​នាពេល​អនាគត​៕