​ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​សហការ​ជាមួយ​វិទ្យាស្ថាន​អាយ​ធី អេ​ឃើ​ដី​មី ស្នេ​ប និង​អង្គការ​ឌី​វី​វី អន្តរជាតិ រៀបចំ​វេទិកា​ថ្នាក់ជាតិ​លើក​ទី​ ១​ ស្តីពី​ការ​សិក្សា​ពេញ​មួយជីវិត ក្រោម​ប្រធានបទ «​បច្ចេកវិទ្យា​ឌីជីថល​បង្ក​ឱកាស​សិក្សា​ពេញ​មួយជីវិត​» នា​ថ្ងៃទី ​២៨ ខែមីនា​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ ផ្សាយ​ចេញ​នៅ​ថ្ងៃទី​ ២៦ ខែមីនា ឆ្នាំ ​២០២៤​។​


​ក្រសួង​អប់រំ ឱ្យដឹងថា វេទិកា​ថ្នាក់ជាតិ​លើក​ទី​១​ ស្តីពី​ការសិក្សា​ពេញ​មួយជីវិត​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ផ្តល់ឱកាស​ឱ្យមាន​ការពិគ្រោះ​យោបល់​រៀបចំ​យុទ្ធ​សាស្ត្រ និង​គំនិត​ផ្តួចផ្តើម​នានា​ដើម្បី​ឆ្លើយតប​ការលើកកម្ពស់​ការយល់​ដឹង​ពី​ការសិក្សា​ពេញ​មួយជីវិត ការអភិវឌ្ឍ​ជំនាញ និង​ការសិក្សា​ប្រកបដោយ​នវានុវត្តន៍​ផ្សារភ្ជាប់​ជាមួយ​បច្ចេកវិទ្យា​ឌីជីថល​និង​ការអប់រំ​បរិ​យាប​ន្ន​។​

​វេទិកា​នេះ​នឹងមាន​ការចូលរួម​ពី​ក្រសួង​ស្ថាប័ន​ជា​សមាជិក​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​សម្រាប់​ការ​សិក្សា​ពេញ​មួយជីវិត និង​ដៃគូ​អភិវឌ្ឍន៍​ជាង​ ៨០ ​ស្ថាប័ន​ចូលរួម​កិច្ចពិភាក្សា​និង​ធ្វើ​បទ​បង្ហាញ លើ​ប្រធានបទ​សំខាន់ៗ​ជាច្រើន​។​ក្រសួង​អប់រំ​បាន​បញ្ជាក់ថា​៖ «​ប្រធានបទ​សំខាន់ៗ​ដែល​នឹង​លើក​យកមក​ពិភាក្សា​ក្នុង​វេ​ទិ​កា​នោះ​រួមមាន​តួនាទី​នៃ​ការសិក្សា​ពេញ​មួយជីវិត រួមចំណែក​គាំទ្រ​កំណើនសេដ្ឋកិច្ច​, ទីផ្សារការងារ និង​ការអភិវឌ្ឍ​ជំនាញ និង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា ឌីជីថល​បង្ក​ឱកាស​សម្រាប់​ការសិក្សា​ពេញ​មួយជីវិត​»​។​


​បើតាម​សេចក្តីប្រកាស​ដដែល លទ្ធផល​នៃ​កិច្ចពិភាក្សា​ពី​វេទិកា​នេះ នឹងត្រូវ​យកទៅ​ប្រើប្រាស់​ជា​មូលដ្ឋាន​ក្នុងការ​រៀបចំ​ផែនការ សកម្មភាព​សម្រាប់​លើកកម្ពស់​ការសិក្សា​ពេញ​មួយជីវិត ការប្រើ​ប្រាស់​ឌីជីថល​ជំនួយការ​សិក្សា និង​ការបង្កើន​ការចូលរួម​របស់​យុវជន​ក្នុងការ​បណ្តុះបណ្តាល​ជំនាញ ដើម្បី​ធានាបាន​ថា គ្រប់ភាគី​ពាក់ព័ន្ធ​អាច​យកទៅ​អនុវត្តបាន​គាំទ្រ​ដល់​ការអភិវឌ្ឍ​កម្លាំង​ការងារ​របស់​ប្រទេស​កម្ពុជា​ធានា​កំណើន​សេដ្ឋកិច្ចជាតិ​។​

​ប្រធាន​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា លោក គង់ សំនៀង បាន​គាំទ្រ​ចំពោះ​ការបង្កើតឱ្យមាន​វេ​ទិ​កា​នេះ​ដោយ​លោក​ចាត់ទុកថា នេះ​ជា​វេទិកា​ថ្មី​មួយ​ស្តីអំពី​គុណ​ ប្រយោជន៍​ពី​ការសិក្សា​ពេញ​មួយជីវិត ដោយ​ផ្សារភ្ជាប់​ជាមួយ​បច្ចេក​វិទ្យា​ឌីជីថល​ស្របតាម​បរិបទ​សង្គម​បច្ចុប្បន្ន​។ 


​លោក​បន្តថា​៖ «​មនុស្ស​យើង​បើ​ចង់​ជោគជ័យ គឺ​ត្រូវតែ​អនុវត្ត​ទ្រឹស្តី​ការសិក្សា​ពេញ​មួយជីវិតព្រោះថា ការវិវត្តន៍​របស់​ម​នុស្ស​តាំងពី​កើត រហូតដល់​វ័យ​ចំណាស់​គឺ​ទាល់តែ​យើង​ចេះ​ដុសខាត់​បន្ថែម ហើយ​ទោះបី​ពី​ក្មេង​យើង​រៀន​បាន​ច្រើន តែ​មកដល់​វ័យ​កណ្តាល និង​វ័យចាស់​យើង​អត់​បាន​សំលៀង​ដុសខាត់​នោះ គឺ​យើង​អត់​មានការ​រីកចម្រើន អត់​មាន​ភាព​វ័យឆ្លាត អត់​មានគំនិត ក្នុងការ​ជជែក​វែក​​ញែក​ណាមួយ​ទេ​»​។ 

​អ្នកជំនាញ​អប់រំ​រូបនេះ​បានចាត់ទុក​ការរៀន​មួយជីវិត គឺជា​គ្រឹះ​សំខាន់​ឱ្យ​យើង​មានការ​គិតពិចារណា​បាន​ស៊ី​ជម្រៅ​។ ការរៀន​បែបនេះ អាចធ្វើ​បាន​គ្រប់​ទីកន្លែង ដូច្នេះ​ការរៀន​មួយជីវិត​ត្រូវតែ​ធ្វើឡើង​គ្រប់​មធ្យោបាយ ហេតុនេះ​ការចេះ​ប្រើ​​ប្រាស់​នូវ​បច្ចេកវិទ្យា​ឌីជីថល គឺជា​ទុន​សំខាន់​ជួយ​ឱ្យ​ការសិក្សា​ពេញ​មួយជីវិត​របស់​មនុស្ស​ម្នាក់​មាន​ប្រ​សិទ្ធ​ភាព​និង​គុណភាព​ទ្វេដង​។​

​សូម​បញ្ជាក់ដែរថា វេទិកា​ខាងលើនេះ​នឹង​រៀបចំ​តាម​វិធីសាស្ត្រ​ចម្រុះ​ដែលមាន​អ្នកជំនាញ​មកពី​ក្រសួង​ស្ថាប័ន​ជា​សមាជិក​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​សម្រាប់​ការសិក្សា​ពេញ​មួយជីវិត​និង​ដៃគូ​អភិវឌ្ឍន៍ ចូលរួម​ផ្ទាល់​៕