​គិត​ចាប់តាំងពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​១ ​ក្នុង​ឆ្នាំ ​១៩៩៣ ​មក រហូតមកដល់​បច្ចុប្បន្ន​នីតិកាល​ទី៧ នៅពេលដែល​គេ​និយាយ​ពី​វិស័យ​សារព័ត៌​មាននៅ​កម្ពុជា ជាពិសេស​កាសែត​បោះពុម្ព គឺ​គេ​នឹង​លើក​ពី​កាសែត ​ភ្នំពេញ ​ប៉ុស្តិ៍ ដោយ​សារ​តែ​កាសែត​ជា​ខេមរភាសា (​ខ្មែរ​-​អង់គ្លេស​)​ មួយ​នេះ ជា​ស្ថាប័ន​ដែល​ផ្តល់ជូន​អ្នកអាន​លើសពី​ការ​ផ្តល់ព័ត៌មាន​ពិត ឯករាជ្យ ជឿទុកចិត្ត និង​ឥត​​លម្អៀង​។​


​ភ្នំពេញ​ប៉ុស្តិ៍​ត្រូវបាន​បោះពុម្ពផ្សាយ​ជា​ភាសា​អង់គ្លេស​ដំបូង​គេ នៅ​កម្ពុជា​គឺ​បោះពុម្ព​លេខ​ទី១ ​នៅ​ថ្ងៃទី ​១០ ខែកក្កដា ឆ្នាំ ​១៩៩២ ពោលគឺ​នៅក្រោយ​ពេលដែល​ភាគី​ជម្លោះ​ខ្មែរ​បាន​ចុះ​កិច្ច​ព្រមព្រៀង​សន្តិភាព ​(​ឈប់​ច្បាំង​គ្នា​) នាទី​ក្រុងប៉ារីស ប្រទេស​បារាំង​នៅ​ថ្ងៃទី​ ២៣ ​តុលា​ឆ្នាំ ​១៩៩១ ហើយ​បានរៀបចំ​ឱ្យមាន​ដំណើរការ​បោះឆ្នោត​តាមបែប​ប្រជាធិបតេយ្យ ក្រោម​ការមើល​ការខុសត្រូវ​ពី​អង្គការ​សហ​​ប្រជាជាតិ ហៅ​កាត់​ថា UNTAC​។​

​ជា​កាសែត​បោះពុម្ពផ្សាយ​ព័ត៌មាន​ជាតិ​បែប​ស៊ើបអង្កេត​ស៊ីជម្រៅ ឯករាជ្យ ឥត​លម្អៀង បទ​វិភាគ​ដែលជា​អត្ថបទ​សម្រង់​សម្តី​របស់​អ្នកជំនាញ​លើក​យកមក​និយាយ​ពន្យល់​ពី​ព្រឹត្តិការណ៍​នយោបាយ​ជាតិ ឬ​ហេតុការណ៍​សំខាន់ៗ បទ​យកការណ៍​ដែល​បរិយាយ​ពី​ស្ថានការណ៍​ន​យោ​បាយ និង​សង្គម​នានា ប្រវត្តិ​មនុស្ស​ល្បីៗ​រួម​នឹង​បទសម្ភាសន៍​ជាមួយ​មន្ត្រី​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​គណបក្សនយោបាយ ថ្នាក់ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល រួមទាំង​អ្នកជំនាញ​ពី​គ្រប់​វិស័យ ទាំង​ក្នុង​រដ្ឋាភិបាល​និង​ក្រៅ​រដ្ឋា​​ភិ​បាល រួមទាំង​ព័ត៌មាន​ដ៏​សម្បូរ​​បែប​ផ្សេងៗ​ទៀត ទាក់ទង​សេដ្ឋ​កិច្ច កីឡា ជីវិត​កម្សាន្ត បូករួម​ទាំង​អ្នកសារព័ត៌មាន​បាន​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​ទៀតផង​នោះ បានធ្វើឱ្យ​ភ្នំពេញ​ប៉ុស្តិ៍ តែងតែ​ស្ថិតនៅក្នុង​ចិត្ត​មិត្ត​អ្នក​អាន​ជានិច្ច​។​


​ជាមួយនឹង​ភាព​សកម្ម​តាម​រយៈ​ការធ្វើជា​ស្ពាន ក្នុងការ​ផ្តល់ព័ត៌មាន​ឯករាជ្យ ឥត​លម្អៀង ពី​ជ្រុង​ផ្សេងៗ​របស់​រដ្ឋាភិបាល​ទៅ​ប្រជាពលរដ្ឋ ទៅ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ និង​ពី​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ និង​ពី​ប្រជាពលរដ្ឋ​មក​រដ្ឋាភិបាល​វិញ ភ្នំពេញ​ប៉ុស្តិ៍​ប្រៀប​បីដូច​ជា​ផ្ទាំង​កញ្ចក់​ឆ្លុះ​​បញ្ចាំង​ពី​ទិដ្ឋភាព​ពិត​ក្នុងសង្គម និង​ក៏​ប្រៀបដូចជា​បណ្ណាល័យ​ដែលជា​ផ្នែក​ដ៏​សំខាន់​ ១ ក្នុងការ​​ផ្តល់ព័ត៌មាន​ដែល​បាន​ចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​សង្គម​កម្ពុជា​ហើយក៏​ជា​ផ្នែក​ដែល​រាជ​​រដ្ឋាភិបាល​អាច​ប្រមូល​ធាតុ​ចូល យកទៅ​តាក់តែង​ជា​គោ​លន​យោ​​បាយ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ ក្នុងការ​ធ្វើការ​អភិវឌ្ឍ​សង្គមជាតិ​បាន​ផងដែរ​។​

​តាមរយៈ​ការផ្សព្វផ្សាយ​ព័​ត៌​មាន​ដ៏​សម្បូរបែប​ពី​កម្ពុជា បូករួម​ទាំង​ការផ្សព្វផ្សាយ​ពី​ព័ត៌មាន​ពី​អន្តរជាតិ​ផង​នោះ​ក៏​ធ្វើឱ្យ​ភ្នំពេញ​ប៉ុស្តិ៍​ប្រៀប​បី​ដូចជា​ទ្វារ​ឬក៏​បង្អួច​ ១ សម្រាប់​ពិភពលោក​ខាងក្រៅ អាច​បើក​មើល​មកកាន់​កម្ពុជា ហើយ​កម្ពុជា​ក៏​អាច​បើក​មើលទៅ​កាន់​ពិភពលោក​ខាងក្រៅ​បាន​វិញ​ផងដែរ​។ ត្រង់ចំណុច​នេះ​ទោះ​តិច​ឬ​ច្រើន ភ្នំពេញ​ប៉ុស្តិ៍ ក៏បាន​ចូលរួមចំណែក​ទាក់ទាញ​ភ្ញៀវទេសចរ និង​អ្នកវិនិយោគ​អន្តរជាតិ​ឱ្យ​ចូលមក​កម្សាន្ត ឬ​ចូលមក​ដាក់ទុន​វិនិយោគ​បង្កើត​ការងារ បង្កើន​កំណើន​សេដ្ឋកិច្ចជាតិ នៅក្នុង​ប្រទេស​សមាជិក​អាស៊ាន​ ១ ​នេះ​ផងដែរ ពីព្រោះ​អ្នកទេសចរ​និង​អ្នក​វិ​និ​យោគ​ពី​បណ្តា​ប្រទេស​នានា ពួកគេ​ប្រាកដជា​ធ្វើការ​ស្រាវជ្រាវ​ពិនិត្យ​ផ្ទៀងផ្ទាត់​មើល​ព័ត៌មាន​ពី​កម្ពុជា មុន​ពេលដែល​ពួកគេ​សម្រេចចិត្ត​មកលេង​កម្សាន្ត ឬ​មក​ដាក់ទុន​វិនិយោគ​នៅក្នុង​ប្រទេស​ដែលមាន​ភាពសម្បូរ​បែប​នូវ​តំបន់​ទេសចរណ៍វប្បធម៌ មាន​ប្រាសាទបុរាណ​ដ៏​ល្បីល្បាញ​ដែល​ត្រូវបាន​ចុះបញ្ជី​ទៅក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​មួយ​នេះ​។​


​បន្ថែម​ពីនេះ ដោយសារតែ​គុណភាព​ព័ត៌មាន មានការ​ទទួល​ស្គាល់​ទាំង​ជាតិ និង​អន្តរជាតិ ទើប​ក្នុង​រយៈពេល​ ៣២​ ឆ្នាំ​កន្លងមកនេះ ភ្នំពេញ​ប៉ុស្តិ៍​បានទទួល​ពានរង្វាន់​លំដាប់ថ្នាក់​ពិភព​លោក​យ៉ាងច្រើន ទាក់ទង​ទៅនឹង​ការចុះផ្សាយ​ព័ត៌មាន​បែប​ស៊ើបអង្កេត​ស៊ីជម្រៅ ក្នុងនោះ​មួយចំនួន​ក៏មាន​ព័ត៌មាន​ទាក់​ទង​ទៅនឹង​ការចូលរួម​អភិរក្ស​ធនធានធម្មជាតិ ជីវៈចម្រុះ និង​សត្វព្រៃ​កម្រៗ ដែល​ជិត​ផុត​ពូជ​នៅលើ​ពិភពលោក​ប៉ុន្តែ​នៅមាន​វត្ត​មាននៅ​កម្ពុជា​ផងដែរ​។​

​លើសពីនេះ​ទៀត​ដោយសារតែ​មានការ​ជឿជាក់​ទាំង​ទៅលើ​គុណភាព​នៃ​ព័ត៌មាន និង​ភាព​​ត្រឹមត្រូវ​នៃ​អក្ខរាវិរុទ្ធ អក្សរ​សាស្ត្រ​ទាំង​ភាសា​ខ្មែរ និង​អង់​​គ្លេ​ស កាសែត ​ភ្នំពេញ ​ប៉ុស្តិ៍ តែង​តែ​ត្រូវបាន​គេ​យកទៅ​ធ្វើជា​អំណះអំណាង ​(​ឯកសារយោង​)​ នៅក្នុង​រឿង​ក្តីក្តាំ​នៅ​តុលាការ ការធ្វើ​បទ​បង្ហាញ​ផ្សេងៗ​ការសិក្សា​ស្រាវជ្រាវ និង​ថែមទាំង​ត្រូវបាន​គេ​យកទៅ​បង្រៀន ​(​បង្រៀន​បកប្រែ​ភាសា​) ​ទៀតផង​។​

​ក្រៅពី​បំពេញការងារ​ជា​អ្នក​សារព័ត៌មាន​អាជីព​ប្រកបដោយ​វិជ្ជាជីវៈ និង​ក្រមសីលធម៌​ខ្ពស់ អ្នកសារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍ ក៏បាន​ចូលរួម​បង្ហាត់បង្រៀន​ចែករំលែក​បទពិសោធន៍​ការងារ​និង​ចំណេះដឹង​ផ្នែក​សារព័ត៌មាន ដល់​អ្នកជំនាន់ក្រោយ​ជាច្រើន​នៅក្នុង​សហគមន៍​មូលដ្ឋាន​និស្សិត​នៅ​សាកលវិទ្យាល័យ បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល និង​ជាពិសេស​គឺ​មន្ត្រី​ទទួលបន្ទុក​ព័ត៌មាន​នៅតាម​បណ្តា​ក្រសួង​មួយចំនួន​ផងដែរ​។​

​ត្រង់ចំណុច​នេះហើយ ដែលជា​គុណ​តម្លៃ​អាច​បញ្ជាក់បាន​ថា ភ្នំពេញ​ ប៉ុស្តិ៍​ បាន​បំពេញ​ការ​​ងារ​របស់ខ្លួន​លើសពី​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​គ្រាន់តែ​ផ្តល់ព័ត៌មាន​ឯករាជ្យ ពិត ឥត​លម្អៀង​ដែល​អាច​ជឿទុកចិត្ត​បាន ថែមទាំង​ជា​ស្ថាប័ន​ដែល​ផ្តល់​ការអប់រំ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស លើ​វិស័យ​សារ​​ព័ត៌មាន​ទៀតផង​។​

​ជារឿយៗ ភ្នំពេញ ប៉ុស្តិ៍​ បានទទួល​ការសុំ​មក​ធ្វើ​ទស្សនកិច្ច​សិក្សា​ឬ​កម្មសិក្សា (​ហាត់​ការ​)​ រយៈពេល​ខ្លី​-​វែង ពី​សំណាក់​និស្សិត​រាប់រយ​នាក់​មកពី​តាម​សាកលវិទ្យាល័យ​នានា ឬ​ស្ថាប័ន​អង្គការក្រៅរដ្ឋាភិបាល ដែល​ធ្វើការ​បណ្តុះបណ្តាល​អ្នក​សារព័ត៌​មាន ក្នុងនោះ​ក៏មាន​និស្សិត​និង​អ្នក​ហាត់​ការបរទេស​មួយចំនួន​ផងដែរ​។​

​សរុប​ជារួម​ការផ្សាយ​ព័ត៌មាន​ពិត​ឯករាជ្យ ឥត​លម្អៀង​ពី​គ្រប់​ជ្រុង​, ជា​ស្ពាន​, ជា​ស្ថាប័ន​គំរូ​ក្នុង​វិស័យ​សារព័ត៌មាន​, ជា​កាសែត​ខេមរភាសា​, អ្នកកាសែត​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​វិជ្ជាជីវៈ​, មាន​ព័ត៌មាន​បែប​ស៊ើបអង្កេត​ស៊ីជម្រៅ គួរឱ្យ​ទុកចិត្ត​, អាច​យក​ធ្វើជា​អំណះអំណាង ​(​ឯក​សារ​យោង​), ត្រូវបាន​គេ​យកទៅ​បង្រៀន​បកប្រែ​ភាសា​, សរ​​សេរ​អក្សរ​បាន​ត្រឹមត្រូវ​តាម​អក្ខ​រា​វិរុទ្ធ​ទាំង​ខ្មែរ និង​អង់គ្លេស​, ជា​ផ្ទាំង​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​ទិ​ដ្ឋ​ភាព​សង្គម​, ថែមទាំង​ប្រៀបបាន​ដូចជា​ទ្វារ ឬក៏​បង្អួច សម្រាប់​អន្តរជាតិ​អាច​មើល​មក​កម្ពុជា ហើយ​កម្ពុជា​ក៏​អាច​មើលទៅ​ពិភពលោក​វិញ​បាន​ផង​នោះ ភ្នំពេញ ប៉ុស្តិ៍ នៅតែ​មានគុណ​​តម្លៃ​ស្ថិតនៅក្នុង​ចិត្ត​មិត្ត​អ្នកអាន​ជាតិ និង​អន្តរជាតិ​ជានិច្ច បើ​ទោះបីជា​កាសែត​នេះ​ត្រូវ​បញ្ឈប់​ការបោះពុម្ពផ្សាយ​ពីថ្ងៃ​ទី ​២៩ ខែមីនា ឆ្នាំ ២០២៤ នេះ​តទៅ​ហើយ​ក៏ដោយ​៕