​ឥស្សរជន​និង​មិត្ត​អ្នកអាន​មួយចំនួន​បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​ការឈប់​បោះពុម្ពផ្សាយ​របស់​កាសែត ​ភ្នំពេញ ​ប៉ុស្តិ៍ ​ទាំង​ភាសា​ខ្មែរ និង​អង់គ្លេស​ បន្ទាប់ពី​កាសែត​ខេ​មរ​ភាសា​មួ​យ​នេះ​បាន​ដំណើរការ​បោះពុម្ពផ្សាយ​អស់​រយៈពេល​ជាង​ ៣០ ​ឆ្នាំ​ ដោយ​ពួកគាត់​បានបង្ហាញ​ទស្សនៈ​យល់ឃើញ​ដូចតទៅ​នេះ ៖   


​លោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន និង​ជា​តំណាងរាស្ត្រ​ខេត្ត​កំពង់​ចាម «​ជាការ​សោកស្តាយ ព្រោះ​ខ្ញុំ​មើល​កាសែត​នេះ​រាល់ថ្ងៃ​ដែរ​។ ខ្ញុំ​អាន​ស្ទើរ​គ្រប់​កាសែត ព្រោះ​កាសែត​នីមួយៗ​ជួយ​បំពេញ​គ្នា​ទៅវិញទៅមក​លើ​ព័ត៌មាន​។ បាត់​កាសែត​មួយ​មិន​ប៉ះពាល់​ដល់​ការលើកកម្ពស់​អំ​ណាន​ទេ តែ​ធ្វើឱ្យ​ជើងមេឃ​ព័​ត៌​​មាន​រួញ​ចូល​»៕ 


​លោក មាស នី អ្នកស្រាវជ្រាវ និង​វិភាគ​បញ្ហា​សង្គម​ «​សម័យនេះ​ជា​សម័យ​ឌីជីថល អ៊ីចឹង​ឃើញ​មាន​កាសែត​មួយចំនួន ដែល​បោះពុម្ព​ទាំង​របស់​រដ្ឋ​ក៏មាន​បិទទ្វារ​បណ្តើរៗ​ដែរ ដូច្នេះ​ជា​ដំណើរការ​មួយ​ដែល​យើង​មានការ​សោកស្តាយ ប៉ុន្តែ​ធ្វើ​ម៉េច​បើ​ស្ថាន​ភាព​វា​បែប​ហ្នឹង​ទៅហើយ​។ ប៉ុន្តែ​បើ ​ភ្នំពេញ ​ប៉ុស្តិ៍​ មិន​បិទ​ទាំងស្រុង ហើយ​នៅ​ផ្សាយ​អន​ឡាញ នឹងមាន​ផលប្រយោជន៍​ច្រើន​សម្រាប់​សង្គមជាតិ ព្រោះ​អី​តាមរយៈ​កាសែត​ឯករាជ្យ យើង​បានទទួល​ផលប្រយោជន៍​ ២​។

ផលប្រយោជន៍​ម្ខាង​នោះ​ គឺ​យើង​បានចេញ​ផ្សាយ​នូវ​ព័ត៌មាន​ពិត ដែល​រដ្ឋាភិបាល​គាត់​យកទៅ​មើល​ជា​រៀងរាល់ថ្ងៃ​។ ខ្ញុំ​ជឿថា រដ្ឋាភិបាល​គេ​នឹងមាន​ក្រុមការងារ​របស់គេ​តាមដាន​ព័ត៌មាន​រាល់ថ្ងៃ អាហ្នឹង​ជា​រឿង​មួយ​សំខាន់​ដែរ​។ យើង​ឃើញ​ហើយ កាសែត​ខ្លះ​ដែលជា​កាសែត​និយម​រដ្ឋា​​ភិ​បាល គាត់​តែងតែ​មិនសូវ​និយាយ​ស្អី​ដែលជា​ការពិត​ប្រាប់​រដ្ឋាភិបាល​ទេ  ច្រើនតែ​លើកឡើង​តាមបែប​បញ្ជោរ​រដ្ឋាភិបាល ឬ​អាច​ថា លើកជើង​រដ្ឋាភិបាល​។ ទី​២ ​ទៀត សារព័ត៌មាន​ឯករាជ្យ​ដូចជា​ភ្នំពេញ​ប៉ុស្តិ៍​នេះ នឹង​អាចជួយ​ដល់​អ្នកសិក្សា​ស្រាវជ្រាវ​ច្រើន​ទៀត ព្រោះ​ក្នុងការ​ដកស្រង់​ព័ត៌មាន​ពី​ភ្នំពេញ​ប៉ុស្តិ៍​សម្រាប់​ពង្រីក​ចំណេះដឹង​ថ្មីៗ​ថែមទៀត ឬ​វិភាគ​ទិន្នន័យ​ផ្សេងៗ គេ​បាន​ពី​សារព័ត៌មាន​ដែល​ឯករាជ្យ​ហ្នឹងឯង បើ​សារព័ត៌មាន​ហ្នឹង មិន​ឯករាជ្យ​ក៏​អ្នកស្រាវជ្រាវ​ពិបាក​នឹង​យកទៅ​ប្រើ​ដែរ នេះ​ជា​ផលប្រយោជន៍​ដែល​ខ្ញុំ​មើលឃើញ ហើយ​ខ្ញុំ​មានការ​សោកស្តាយ ប៉ុន្តែ​ធ្វើ​ម៉េច​បើ​ការវិវឌ្ឍ​ពិភពលោក​មកដល់​ចំណុច​ហ្នឹងហើយបាទ​»៕


​លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភាកម្ពុជា​«​សម្រាប់​ខ្ញុំ ការបិទ​ការបោះពុម្ពផ្សាយ កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ខ្ញុំ​ពិតជា​មានការ​សោក​ស្តាយ​ពីព្រោះ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ជា​កាសែត ដែលមាន​ឈ្មោះ​បោះ​សំឡេង​ជាង ​៣០​ ឆ្នាំ​ប្លាយ ដូច្នេះ​អវត្តមាន​កាសែត​បោះពុម្ព​នេះ គឺជា​ការបាត់បង់​នូវ​ប្រភពព័ត៌មាន​ដ៏​សំខាន់​មួយ​សម្រាប់​អ្នកអាន​។  ថ្វីបើ​ការវិវឌ្ឍ​ផ្នែក​បច្ចេកវិទ្យា គេ Transform ពី​ការបោះពុម្ពផ្សាយ​ទៅជា​អន​ឡាញ​អស់យ៉ាង​ណាក៏ដោយ ប៉ុន្តែ​ព័ត៌មាន​ដែល​ចេញផ្សាយ​ជា​ទម្រង់ការ​បោះពុម្ព​នេះ នៅតែមាន​តម្លៃ​ជា​អត្តសញ្ញាណ​មួយ​សម្រាប់​ស្ថាប័ន ​ភ្នំពេញ​ ប៉ុស្តិ៍​។ មែនទែន ភ្នំពេញ ​ប៉ុស្តិ៍​ ជា​កាសែត​មួយ​ដែល​ទទួលបាន​នូវ​ការជឿទុកចិត្ត​ពី​អ្នកអាន​ច្រើន ហើយ​ខ្ញុំ​ក៏បាន​រៀនសូត្រ បាន​ព័ត៌មាន បាន​ទស្សនៈ​យោបល់​ល្អៗ​ពី​ភ្នំពេញ​ប៉ុស្តិ៍​ដែរ ហើយ​កន្លងមក​ខ្ញុំ​ជា​អ្នកតាមដាន អ្នកអាន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​គួរសម​ដែរ ជាពិសេស​គឺ​ច្បាប់​បោះពុម្ពផ្សាយ ខ្ញុំ​តែង​សន្សំ​ទុកជា​ឯកសារ ព្រោះ​យើង​ពឹង​លើ​វេ​ប​សាយ លើ​អ៊ី​ន​​ធឺ​ណិ​ត​ហ្នឹង​វា​អាច​បាត់បង់​ដែរ ប៉ុន្តែ​បើសិនជា​យើង​រក្សា​នូវ​ការបោះពុម្ព​បាន​អាហ្នឹង​គឺជា​រឿង​មួយ​ដែល​ល្អ​។ ខ្ញុំ​នៅតែ​ស្តាយ ហើយ​ចង់ឃើញ​ឱ្យមាន​ការវិនិយោគ​ឡើង​សាជាថ្មី​ឡើងវិញ ទៅលើ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ដោយ​រក្សា​ទម្រង់ ​២ ដើរ​ទន្ទឹមគ្នា គឺ​ទម្រង់​បោះពុម្ព និង​ទម្រង់​អន​ឡាញ ដូចដែល​ធ្វើ​កន្លងមក ហ្នឹង​បើសិនជា​អាច​»៕ 

​លោក ឃៀង សុ​ជីវី អ្នកស្រាវជ្រាវ និង​ជា​សាស្ត្រាចារ្យ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​«​ជាច្រើន​ឆ្នាំ​មកនេះ គ្រប់​ស្ថាប័ន​ដែល​ខ្ញុំ​ធ្វើការ ខ្ញុំ​តែង​ឱ្យគេ​ទិញ​កាសែត ​ភ្នំពេញ​ ប៉ុស្តិ៍ ដាក់​ការិយាល័យ​ដើម្បី​បុគ្គលិក​អាន និង​ទទួលបាន​ព័ត៌មាន​សំខាន់ៗ ជា​ប្រយោជន៍​ដល់​ការងារ​ផង និង​ការអភិវឌ្ឍ​ចំណេះដឹង​របស់​បុគ្គលិក​ម្នាក់ៗ​ផង​។ កាសែត​ចាស់ៗ​ដែល​គេ​ឈប់​អាន ខ្ញុំ​ខំ​យកមក​រក្សាទុក​ជាច្រើន​ផង ដើម្បី​ទុកជា​ឯកសារពិគ្រោះ​។

ខ្ញុំ​មានការ​សោកស្តាយ​ខ្លាំងណាស់​ព្រោះ​ការលើកកម្ពស់​អំ​ណាន​ និង​បង្កើន​ចំណេះ​ដឹង​ទូទៅ​ពិតជា​សំខាន់​ខ្លាំងណាស់ សម្រាប់​មន្ត្រីរាជការ សិស្ស និស្សិត បញ្ញវន្ត អ្នក​​ស្រាវជ្រាវ និង​ប្រជាជន​ទូទៅ​។ ខ្ញុំ​បាន​ស្គាល់​បុគ្គលិក​ជា​អ្នកនិពន្ធ និង​អ្នកកាសែតរបស់ ​ភ្នំពេញ ​ប៉ុស្តិ៍​នេះ ៣-៤​ នាក់​ដែរ ដែល​ពួកគាត់​សុទ្ធតែ​បានទទួល​ការបណ្តុះបណ្តាល​ត្រឹមត្រូវ មាន​សមត្ថភាព​វិភាគ ស៊ើបអង្កេត និង​សរសេរ​ល្អ ប្រកបដោយ​ជំនាញ​វិជ្ជាជីវៈ និង​ក្រមសីលធម៌​ខ្ពង់ខ្ពស់ និង​គ្របដណ្តប់​វិស័យ និង​ផ្នែក​សំខាន់ៗ ដ៏​មាន​សារៈ​ប្រ​​យោជន៍​។ ខ្ញុំ​មានការ​សោកស្តាយ​ខ្លាំងណាស់ ដែល​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ប្រកបដោយ​ការ​ផ្តល់ព័ត៌មាន និង​ចំណេះដឹង​ដ៏​ទូលំទូលាយ ឥត​លម្អៀង និង​មាន​សារប្រយោជន៍ ដល់​ប្រជាជន​ខ្មែរ​ត្រូវបាន​បិទ​ការបោះពុម្ព​បែបនេះ​»៕  

​លោក ​ពុ​យ គា ប្រធាន​ក្លិប​អ្ន​កាសែត​កម្ពុជា​«​ទោះជា​ពិភព​លោក​ដើរ​កាន់តែ​លឿន​លើ​បច្ចេកវិទ្យា​ឌីជីថល និង​ការ​កើន ចំនួន​សារព័ត៌មាន​អន​ឡាញ ការបាត់បង់​កាសែត​បោះពុម្ព ដែលមាន​វ័យ​ចំណាស់​ជាង​ ៣០ ​ឆ្នាំ ពិតជា​គួរឱ្យ​សោកស្តាយ​ណាស់​។ យ៉ាងណា​ក៏ដោយចុះ ខ្ញុំ​នៅតែ​សប្បាយរីករាយ​បន្ទាប់ពី​ដឹងថា ភ្នំពេញ​ប៉ុស្តិ៍​នៅ​បន្ត​ផ្សាយ​តាម​អន​ឡាញ​។ ការឈប់​ផ្សាយ​កាសែត​នេះ​មិន​ប៉ះពាល់​ដល់​សេរីភាព​សារព័ត៌មាន​ទេ ប៉ុន្តែ​អាចជា​ជ្រុង​មួយ​ធ្វើឱ្យ​បាត់បង់​លើ​ការលើកកម្ពស់​ការអាន​នៅ​កម្ពុជា​»៕

​លោក ប៉ា ចន្ទ​រឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា ​«​សម្រាប់​ខ្ញុំ​ក្នុងនាម​ជា​អ្នកអាន​កាសែត​ជាច្រើន រួមទាំង​កាសែត ​ភ្នំពេញ​ ប៉ុស្តិ៍​ផង ហើយក៏​ជា​អ្នក​ធ្លាប់​ផ្តល់​បទសម្ភាសន៍ ផ្តល់ Comments ទាក់ទង​នឹង​បញ្ហា​សេដ្ឋកិច្ច សង្គម នយោបាយ សិទ្ធិមនុស្ស ប្រជាធិបតេយ្យ​នៅ​កម្ពុជា ជាមួយ​កាសែត ​ភ្នំពេញ​ ប៉ុស្តិ៍​។

ខ្ញុំ​មើលឃើញថា ការបិទ​ឈប់​បោះពុម្ពផ្សាយ កាសែត​នេះ វា​ប៉ះពាល់​ដល់​ការទទួលបាន​ព័ត៌មាន និង​ការផ្តល់​ព័​ត៌​មាន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​យើង  ក៏ដូចជា​អ្នកអាន សាធារណជន​ជា​អ្នក​ចូលចិត្ត​អាន​ជា​ភាសា​អង់គ្លេស ពីព្រោះ​ទោះបីជា​ប្រជាពលរដ្ឋ​យើង​ភាគច្រើន បច្ចុប្បន្ននេះ មាន​ជាង​ ១១​ ទៅ​ ​១២ លាន​នាក់ ដែល​ប្រើប្រាស់​អ៊ីន​ធឺ​ណិ​ត​ក្តី ប៉ុន្តែ​ទម្លាប់​របស់​ប្រជាពលរដ្ឋ​យើង ក្នុង​ការអាន​សារព័ត៌មាន​តាម​ប្រព័ន្ធ​អន​​ឡាញ ហាក់ដូចជា​នៅមាន​តិច​ហើយ​ថ្មី​នៅឡើយ​។ ពួកគាត់​ច្រើនតែ​ទទួលបាន​ព័ត៌មាន តាម​ប​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដូចជា​ហ្វេ​ស​ប៊ុ​ក​ជាដើម ជាង​ការចូលទៅ​អាន​ព័ត៌មាន ក្នុង​ផេ​ច ឬ​វេ​ប​សាយ​របស់​សារព័ត៌មាន​ផ្ទាល់​។ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ក៏​ជា​កាសែត​មួយ ដែលមាន​វិជ្ជាជីវៈ និង​ឯករាជភាព​ក្នុង​កម្រិត​មួយ​ផងដែរ​»៕