ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានចូលរួមអបអរសាទរខួបលើកទី២៥ឆ្នាំ នៃការចូលជាធរមានរបស់អនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ដែលបានប្រព្រឹត្តនៅទីស្នាក់អង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤។
លោកលី ធុជ បានថ្លែងក្នុងឱកាសនោះថា ៖ «ថ្ងៃទី១ ខែមីនា គឺជាទិវាប្រវត្តិសាស្ត្រដែលទាំងអស់គ្នាចូលរួមរំលឹកខួបលើកទី២៥នៃអនុសញ្ញអូតាវ៉ា។ កាលពី២៥ឆ្នាំកន្លងទៅ ពិភពលោកបានរួបរួមគ្នាដែលមិនធ្លាប់មានពីមុនមក និងបានអនុម័តអនុសញ្ញាអូតាវ៉ា ហើយអនុសញ្ញានេះ មិនត្រឹមតែជាសមិទ្ធផលការទូតប៉ុណ្ណោះទេ តែវាជាការប្តេជ្ញាចិត្តរបស់ប្រជាជាតិនានា ក្នុងការការពារ ការព្យាបាល និងការស្តារឡើងវិញដល់ជនរងគ្រោះដោយសារគ្រាប់មីន»។
លោកលើកឡើងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត មិនមែនត្រឹមតែថ្លែងសារអបអរសាទរខួបទី២៥នៃអនុសញ្ញាអូតាវ៉ាប៉ុណ្ណោះទេ ប៉ុន្តែជាការអំពាវនាវឱ្យពិភពលោកទាំងមូលបន្តកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការដែលនៅសេសសល់ សំដៅបញ្ចប់ការរងគ្រោះដោយសារគ្រាប់មីន។
លោក លី ធុជថា ៖ «វាគឺជាពេលវេលាមួយដែលមនុស្សជាតិ បានក្រោកឈរឡើងរួមគ្នា ដើម្បីផ្តល់ក្តី សង្ឃឹមដល់ជនដែលបានរងគ្រោះបន្ទាប់ពីសង្គ្រាមបានបញ្ចប់»។
ក្នុងថ្ងៃដដែលនោះដែរ លោកបានដឹកនាំកិច្ចប្រជុំកៀរគរធនធានប្រចាំឆ្នាំលើកទី៩ ដើម្បីគាំទ្រដល់ការអនុវត្តនៃអនុសញ្ញាស្តីពីការហាមប្រើប្រាស់មីនប្រឆាំងមនុស្ស (APMBC) ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការអង្គការសហប្រជាជាតិ។
លោកថ្លែងថា ៖ «ទស្សនវិស័យរបស់សម្តេចតេជោ ហ៊ុន សែនគឺជ័យជម្នះពិតប្រាកដក្នុងសង្គ្រាមប្រឆាំងនឹងគ្រាប់មីន មិនមែនត្រឹមតែកំណត់ទំហំផ្ទៃដីបានរំដោះប៉ុណ្ណោះទេ ប៉ុន្តែជាកិច្ចការជួយសង្រ្គោះអាយុជីវិត និងការស្តារឡើងវិញនៅតាមសហគមន៍ធ្លាប់រងគ្រោះ»។
នាប្រទេសស្វ៊ីសនោះដែរ លោក លី ធុជ ក៏បានដឹកនាំកិច្ចប្រជុំគណៈកម្មការស្តីពីការជំរុញអនុលោមភាពកិច្ចសហប្រតិបត្តិការ (Committee on Cooperative Compliance) នៃអនុសញ្ញាអូតាវ៉ា ព្រមទាំងបានជំរុញឱ្យរដ្ឋសមាជិកអនុសញ្ញាអូតាវ៉ាទាំងអស់ ពង្រឹងការអនុវត្តអនុលោមភាព តម្លាភាព និងកាតព្វកិច្ចនៃអនុសញ្ញា។
យោងតាមអាជ្ញាធរមីន បានឱ្យដឹងថា អង្គប្រជុំ បានពិភាក្សាលើវិធានការក្នុងការជួយសម្របសម្រួលដល់ការអនុវត្តបទដ្ឋាន និងការពង្រឹងអនុលោមភាពនៃអនុសញ្ញាអូតាវ៉ាក្នុងចំណោមរដ្ឋភាគី។
ជាងនេះទៅទៀត អង្គប្រជុំ ក៏បានបង្ហាញការព្រួយបារម្ភ ចំពោះការចាប់ផ្តើមមានវត្តមានគ្រាប់មីនប្រឆាំងមនុស្សនៅទ្វីបអឺរ៉ុប ដែលបាននិងកំពុងប្រើប្រាស់ក្នុងសង្រ្គាមអ៊ុយក្រែន-រុស្ស៊ី។
លោក លី ធុជ បានកោតសរសើរចំពោះប្រទេសជារដ្ឋភាគី នៃអនុសញ្ញាដែលចូលរួមចែករំលែកនូវទស្សនទានសម្រាប់កិច្ចការនៃគណៈកម្មការស្តីពីអនុលោមភាព កិច្ចសហប្រតិបត្តិការ ដែលការរួមចំណែកនេះ ពិតជាមានសារៈសំខាន់ក្នុងការធានាឱ្យបាននូវការអនុវត្តកាតព្វកិច្ចជារដ្ឋភាគីនៃអនុសញ្ញា។
ទន្ទឹមនឹងនោះ លោកក៏បានជំរុញឱ្យរដ្ឋភាគីទាំងអស់ពង្រឹងការអនុវត្តអនុលោមភាព តម្លាភាព និងកាតព្វកិច្ចនៃអនុសញ្ញា ក្នុងនាមជារដ្ឋភាគី ផងដែរ។
ចំណែក នៅក្នុងកិច្ចប្រជុំក្រុមការងារសម្របសម្រួលសកលភាវូបនីយកម្ម (Universalization Coordinating Group) នៃអនុសញ្ញាអូតាវ៉ាវិញ លោក លី ធុជ ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែង និងយន្តការរបស់កម្ពុជា ក្នុងការជំរុញសកលភាវូបនីយកម្មនៃអនុសញ្ញាអូតាវ៉ាផងដែរ។
ប្រភពដដែលបានបន្តថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិភាក្សាលើការរៀបចំផែនការយុទ្ធសាស្រ្ត និងវិធានការអនុវត្តក្នុងការលើកកម្ពស់សកលភាវូបនីយកម្មនៃអនុសញ្ញាអូតាវ៉ា ដោយផ្តោតលើការសម្រេចបានតំបន់ប៉ាស៊ីហ្វិកគ្មានមីន ការចូលជាសមាជិកនៃរដ្ឋគោលដៅ និងជំហានឆ្ពោះទៅរកការចូលជាសមាជិកនៃរដ្ឋដែលបានកំណត់ផ្សេងទៀត។
កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងប្រទេសជាសមាជិក និងអង្គការអន្តរជាតិ រួមមាន ប្រទេសកម្ពុជា អូស្រ្តាលី បែលហ្ស៊ិក ចក្រភពអង់គ្លេស កាណាដា ស្វ៊ីស ជប៉ុន ស៊ុយអែត ហូឡង់ អាល្លឺម៉ង់ និងតំណាង ISU, ICBL, ICRC ។
សូមបញ្ជាក់ថា ប្រទេសមិនទាន់ក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាមានចំនួន ៣៣ ហើយកាលពីកិច្ចប្រជុំក្នុងខែមករា ឆ្នាំ២០២៤ កន្លងទៅ អង្គប្រជុំបានដាក់ចេញ និងកំណត់គោលដៅប្រទេសមួយចំនួនដែលត្រូវធ្វើសកម្មភាពសកលភាវូបនីយកម្មរួមមាន៖ បារ៉ែន ឡាវ កោះម៉ាស្យល មីក្រូណេស៊ី នេប៉ាល់ តុងហ្គា វៀតណាម អាមេនី អាស៊ែបៃហ្សង់ ហ្សកហ្ស៊ី លីបង់ ម៉ុងហ្គោលី និងសិង្ហបុរី៕