រដ្ឋមន្ត្រី​អង់គ្លេស​ទទួលបន្ទុក​ឥណ្ឌូ​ប៉ាស៊ីហ្វិក លោកស្រី Anne-Marie Trevelyan មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ជា​លើកដំបូង​ចាប់ពី​ថ្ងៃទី​ ២-៤ ខែមីនា ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ការអប់រំ​។​


​សេចក្តីប្រកាស​ព័ត៌មាន​ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា​បានឱ្យដឹង​នា​ថ្ងៃទី​ ៣ ខែមីនា ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោកស្រី​ Trevelyan គ្រោង​ជួប​ជាមួយ​ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក អូន ព័ន្ធមុនីរ័ត្ន ដើម្បី​ពិភាក្សា​អំពី​ការគាំទ្រ​របស់​ចក្រភព​អង់គ្លេស ចំពោះ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា រួមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​បៃតង​។​

​សេចក្តីប្រកាស​ព័ត៌មាន​បន្តថា ពាណិជ្ជកម្ម និង​ការវិនិយោគ​រវាង​ចក្រភព​អង់គ្លេស និង​កម្ពុជា​នៅតែ​បន្ត​អភិវឌ្ឍ ដែល​ត្រូវបាន​ជំរុញ​ដោយ​គំនិត​ផ្ដួចផ្ដើម​នានា រួមទាំង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍ ជាមួយនឹង​ពាណិជ្ជកម្ម​ទ្វេភាគី​ប្រចាំឆ្នាំ​ដែលមាន​តម្លៃ​ជាង​ ១ ០០០ ​លាន​ផោន (​ជាង​ ១,២០០ ​លាន​ដុល្លារ​)​។ 


​ប្រភព​ដដែល​បន្តថា កម្ពុជា​ក៏​ជា​ប្រទេស​អាទិភាព​មួយ​សម្រាប់​កម្មវិធី​ភាពជា​ដៃគូ​វិនិយោគ របស់​ចក្រភព​អង់គ្លេស ដែល​ជំរុញ​ការវិនិយោគ​ពី​វិស័យ​ឯកជន​ទៅក្នុង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​និរន្តរភាព គុណភាព​ខ្ពស់ ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​។​

លោកស្រី​ Trevelyan ​ថ្លែង​នៅមុន​ដំណើរ​ទស្សនកិច្ច​នេះ​ថា លោកស្រី​មាន​សេចក្តីសោមនស្ស​រីករាយ​ដែល​បានមក​បំពេញ​ទស្សនកិច្ច​ជា​លើកដំបូង​របស់លោក​ស្រី​នៅ​កម្ពុជា ហើយ​ថា​កម្ពុជា​ជា​ប្រទេស​ដែលមាន​ប្រវត្តិសាស្ត្រ​បុរាណ​ដ៏​គួរឱ្យ​ស្ញប់ស្ញែង និង​ដែល​បាន​ជម្នះ​ភាពលំបាក​នាពេល​ថ្មីៗ​នេះ ដើម្បី​ក្លាយជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​រីកចម្រើន​លឿន​បំផុត​ក្នុង​អាស៊ាន​។​


លោកស្រី​ត្រូវបាន​ស្រង់​សម្ដី​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នេះ​ថា​៖ «​ទំនាក់ទំនង​ទ្វេភាគី​អង់គ្លេស​-​កម្ពុជា ​កំពុង​រីកចម្រើន​លើ​វិស័យ​ផ្សេងៗ ហើយ​យើង​ប្តេជ្ញា​គាំទ្រ​ប្រទេស​កម្ពុជា ចំពោះ​ដំណាក់កាល​បន្ទាប់​នៃ​ដំណើរ​អភិវឌ្ឍន៍​របស់ខ្លួន​។ ខ្ញុំ​ទន្ទឹងរង់ចាំ​ស្ដាប់​បន្ថែមទៀត​អំពី​កិច្ចការងារ​នៃ​គម្រោង​ភាពជា​ដៃគូ​វិនិយោគ​របស់​ចក្រភព​អង់គ្លេស​ដែល​កំពុង​អនុវត្ត​សម្រាប់​ប្រទេស​កម្ពុជា និង​តួនាទី​នៃ​ការអប់រំ​របស់​ចក្រភព​អង់គ្លេស​ក្នុងការ​អភិវឌ្ឍ​ទេពកោសល្យ​នៅទីនេះ​»​។​

​លោក Dominic Williams ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​កម្ពុជាបាន​ថ្លែងថា​ លោក​ស្វាគមន៍​យ៉ាង​ក្រៃលែង​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ​Trevelyan ​នេះ ដែលជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​ថ្នាក់​រដ្ឋមន្ត្រី​នៃ​ចក្រភព​អង់គ្លេស​ ចាប់តាំងពី​រដ្ឋា​ភិ​បាល​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ដែល​បាន​ចូលកាន់​តំណែង​កាលពី​ខែសីហា ឆ្នាំ​ ២០២៣​។ ​ដំណើរ​ទស្សនកិច្ច​នេះ​គឺជា​ការបង្ហាញឱ្យឃើញ​ពី​បំណងប្រាថ្នា​របស់​ចក្រភព​អង់គ្លេស​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​កម្ពុជា​។ 

លោក​ថ្លែង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នេះ​ថា​៖ «​ចក្រភព​អង់គ្លេស​ប្តេជ្ញា​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​ដែល​បង្កើត​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ការវិនិយោគ​ប្រកបដោយ​និរន្តរភាព គំនិត​ផ្តួចផ្តើម​អភិវឌ្ឍន៍ និង​ពាណិជ្ជកម្ម​។ ដំណើរ​ទស្សនកិច្ច​នេះ​ក៏​នឹង​ក្លាយជា​ឱកាស សម្រាប់​ការពិភាក្សា​បើកចំហ​លើ​បញ្ហា​ជាតិ និង​អន្តរជាតិ​សំខាន់ៗ​។ ខ្ញុំ​រីករាយ​ដែល​លោកជំទាវ​រដ្ឋមន្ត្រី​អាច​ស្ដាប់ឮ​ពី​ប្រជាជន​កម្ពុជា​ជាច្រើន​អំពី​អនាគត​»​។​

​ក្នុងអំឡុងពេល​នៅ​ទីក្រុង​ភ្នំពេញ លោកស្រី​ Trevelyan ​នឹងធ្វើ​ទស្សនកិច្ច​ទៅកាន់​សាកលវិទ្យាល័យ De Montfort ដែលជា​សាកលវិទ្យាល័យ​នៃ​ចក្រភព​អង់គ្លេស​ដំបូង​គេ​ដែល​បាន​បើក​សាខា​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​មាន​ដើមកំណើត​នៅ​ទី ក្រុង Leicester នៃ​ចក្រភព​អង់គ្លេស​។

លោកស្រី​នឹង​ជួប​ជជែក​ជាមួយ​បុគ្គលិក​សាកលវិទ្យាល័យ និង​បុគ្គលិក​ផ្តល់​សេវា​អប់រំ​ផ្សេងទៀត នៅ​មុនពេល​សាកលវិទ្យាល័យ​នេះ​បើកទ្វារ​ស្វាគមន៍​ក្រុមនិស្សិត​ដំបូង​របស់ខ្លួន​នៅក្នុង​ឆ្នាំ​២០២៤​។​

​ការលើកកម្ពស់​លទ្ធភាព​ទទួលបាន​ការអប់រំ​សម្រាប់​ប្រជាជន​កម្ពុជា ជាពិសេស​ស្ត្រី និង​កុមារី គឺជា​អាទិភាព​យូរអង្វែង​នៅក្នុង​ទំនាក់ទំនង​ចក្រភព ​អង់គ្លេស​-​កម្ពុជា​។ បន្ថែម​ពីលើ​កម្មវិធី​ដែលមាន​ស្រាប់ ចក្រភព​អង់គ្លេស កាលពី​ឆ្នាំ​ ២០២៣ បាន​សន្យា​ផ្តល់​មូលនិធិ ៣០​ លាន​ផោន ​(៣៧​ លាន​ដុល្លារ​) ដើម្បី​បង្កើន​លទ្ធភាព​ទទួលបាន​ការអប់រំ​សម្រាប់​ស្ត្រី និង​កុមារី​នៅ​ទូទាំង​អាស៊ីអាគ្នេយ៍​។ 

​មូលនិធិ​នេះ​នឹង​គាំទ្រ​ដល់​ស្ត្រី និង​កុមារី​ប្រមាណ ១០ ​ម៉ឺន​នាក់ តាមរយៈ​ការផ្ដល់​អាហារូបករណ៍ និង​ថ្នាក់​បំប៉នបន្ថែម ក៏ដូចជា​ ការបណ្តុះបណ្តាល​គ្រូបង្រៀន ដើម្បី​បង្កើន​គុណភាព​នៃ​មេរៀន​។​

​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់ថា ជាការ​បង្ហាញ​នៃ​ការគោរព​របស់​ចក្រភព​អង់គ្លេស​ចំពោះ​ប្រវត្តិសាស្ត្រ​ដ៏​សម្បូរបែប​របស់​កម្ពុជា លោកស្រី​រដ្ឋមន្ត្រី​ក៏​នឹង​ទៅ​ទស្សនា​វត្ថុ​បុរាណ​នៅ​សារមន្ទីរ​ជាតិ​កម្ពុជា ដែល​ទើប​ធ្វើ​មាតុភូមិនិវត្តន៍​ពី​ចក្រភព​អង់គ្លេស​មក​កម្ពុជា​នាពេល​ថ្មីៗ​នេះ​។ 

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោកស្រី​ Trevelyan ​ក៏​គ្រោង​ជួប​ជាមួយ​តំណាង​អង្គការ​សង្គម​ស៊ីវិល និង​ស្តាប់​ពី​ការងារ​សំខាន់ៗ​របស់​ស្ដីពី​អភិបាលកិច្ច​ល្អ តម្លាភាព ការការពារ និង​ការផ្តល់​សិទ្ធិអំណាច​ដល់​ស្ត្រី​ក្នុងប្រទេស​ផងដែរ​៕