​ភ្នំពេញៈ លោក​ ទៀ បាញ់ ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ប្រធាន​មូលនិធិ​ទ្រទ្រង់​ការ​សាងសង់​វិមានស្តូប​ឈ្នះ​-​ឈ្នះ បានឱ្យដឹងថា កម្ពុជា​សម្រេច​សាងសង់​ស្តូប​ឈ្នះ​-​ឈ្នះ ចំនួន​​ ៣​ ​បន្ថែមទៀត ​ដោយ​យក​លំនាំ​តាម​វិមាន​ឈ្នះ​-​ឈ្នះ នៅ​ភ្នំពេញ​។​


​លោក​បាន​បន្តថា វិមាន​ឈ្នះ​-​ឈ្នះ ធ្វើឡើង​នៅ​ខេត្តកោះកុង​,​ ឧ​ត្ត​រ​មានជ័យ និង​នៅ​ខេត្ត​ប៉ៃលិន​ដែលជា​និមិត្តរូប​នៃ​សន្តិភាព និង​ជា​ប្រតិបត្តិ​ករ​ការទូត​សន្តិភាព រំឭក​ដល់​គុណបំណាច់​ន​យោ​បាយ​ឈ្នះ​-​ឈ្នះ ដែល​នាំ​សន្តិ​ភាព​ពេញលេញ​ដល់​កម្ពុជា​។​

​លោក​បានបញ្ជាក់​ដូចនេះ​តាមរយៈ​សុន្ទរកថា ក្នុង​ពិធី​ផ្សព្វផ្សាយ​ការរៀបចំ​សមិទ្ធផល​ប្រវត្តិសាស្ត្រ «​សួន​តេ​ជោ​សន្តិភាព​» ​កាលពី​ថ្ងៃទី​ ១ ខែមីនា ឆ្នាំ​ ២០២៤ នៅ​ទីស្ដីការក្រសួង​ការពារជាតិ​។​​


លោក​ ទៀ បាញ់ បាន​លើកឡើងថា ការសាងសង់​វិមាន​ឈ្នះ​-​ឈ្នះ ឡើង ជា​សំណង់​ស្ថាបត្យកម្ម​មួយ​រំលេច​ពី​អត្តសញ្ញាណ​នៃ​កតញ្ញុតាធម៌ ការដឹងគុណ​ដល់​គុណបំណាច់​នយោបាយ​ឈ្នះ​-​ឈ្នះ​ ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​សម័យ​ទំនើប​ដែលជា​និមិត្តរូប​នៃ​សន្តិភាព ខណៈ​រដ្ឋាភិបាល​កំពុង​សាងសង់​ស្តូប​នយោបាយ​ឈ្នះ​-​ឈ្នះ នៅ​ទីតាំង ​៣ ​ផ្សេងទៀត​ គឺ​កោះកុង អន្លង់វែង និង​ប៉ៃលិន ជា​ប្រតិ​​ប​ត្តិ​ករ​ការទូត​សន្តិភាព​ដើម្បី​ផ្សព្វ​ផ្សាយ ការធានា​អាយុជីវិត ការ​ធានា​អាជីព​និង​មុខរបរ និង​ការធានា​កម្មសិទ្ធិឯកជន​ដល់​កម្លាំង​សមាហរណកម្ម​ភាគី​ខ្មែរក្រហម​។​

​លោក​បាន​ថ្លែងថា​៖ «​ន​យោ​បាយ​ឈ្នះ​-​ឈ្នះ បានប្រែក្លាយ​កម្ពុជា​ពី​វាលពិឃាត តំបន់​អសន្តិសុខ ចម្ការមីន ដែល​មនុស្ស​គ្រប់គ្នា​ភ័យខ្លាច ទៅជា​ប្រទេស​មាន​សន្តិភាព ឯកភាព​ជាតិ​ពេញលេញ ទីតាំង​ទេសចរណ៍​ដ៏​ទាក់ទាញ​»​។​


​លោក ​ទៀ បាញ់ បាន​បញ្ជាក់ថា នយោបាយ​ឈ្នះ​-​ឈ្នះ ជា​គំនិត​ផ្តួចផ្តើម​របស់លោក​ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី ពិតជា​ផ្តល់​ផលប្រយោជន៍​ធំធេង​សម្រាប់​ជាតិ​កម្ពុជា​ពិតប្រាកដ​មែន ហើយ​បាន​ក្លាយជា​ខ្សែ​ចរន្ត​ក្នុង​នយោបាយ​ជាតិ ជា​គោលដៅ​អភិវឌ្ឍន៍​អតីត​តំបន់​សមរភូមិ​ទៅ​ជាទី​ស្ថាន​សុខដុម​។​

​លោក​ថា រយៈពេល​ ២៥ ​ឆ្នាំ​កន្លងទៅនេះ មិនមែន​ជាការ​​វាយតម្លៃ​ខ្ពស់​និង​ជ្រុលនិយម​ទេ តែ​ជា​សច្ចភាព​ពិត​នាំមក​នូវ​សន្តិភាព​ពេញលេញ ខណៈ​អង្គការសហប្រជាជាតិ​ចំណាយ​ប្រាក់​អន្តរាគមន៍​ ២ ​ពាន់​លាន​ដុល្លារ​ក៏​មិនទាន់បាន​សន្តិភាព​។​

​លោក ​យង់ ពៅ អគ្គលេខា​ធិ​ការ​រាជបណ្ឌិត្យសភាកម្ពុជាបាន​ថ្លែងថា ការ​សាង​ស្តូប​ឈ្នះ​-​ឈ្នះ បន្ថែមទៀត​នៅ​ទីតាំង​អតីត​តំបន់​រឹងមាំ​របស់​ខ្មែរក្រហម​នេះ ជាការ​ចារឹក​ប្រវត្តិសាស្ត្រ​ដើម្បី​អ្នកជំនាន់ក្រោយ​បាន​សិក្សា​ពីបទ​ពិសោធន៍​ជូរចត់​អតីតកាល​។​

​លោក​ថា​៖ «​ការសាងសង់​នេះ ជាការ​ចារឹក​នូវ​ភ័ស្តុតាង​សម្រាប់​ខ្មែរ​តទៅ​អនាគត​ដើម្បី​ចងចាំ​ថា សង្គ្រាម វា​ងាយ​នឹង​ឆាបឆេះ ប៉ុន្តែ​ការកសាង​សន្តិភាព​គឺ​ពិបាក ហើយ​ត្រូវការ​ឆន្ទៈ​ន​យោ​​បាយ​រឹងមាំ អ្នកដឹកនាំ​រឹងមាំ​និង​ច្បាស់លាស់ ទើប​អាច​ស្វែងរក​សន្តិភាព​បាន​»​។​

​សូមជម្រាបថា វិមាន​ឈ្នះ​-​ឈ្នះ​ នៅ​រាជធានី​ភ្នំពេញ​ទល់​មុខ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ បាន​កសាង​នៅ​ឆ្នាំ​ ២០១៦ និង​សម្ពោធ​ជា​ផ្លូវការ​នៅ​ខែធ្នូ ឆ្នាំ​ ២០១៨ ដោយ​ចំណាយពេល​ជិត​ ៣ ​ឆ្នាំ ដែល​វិមាន​នេះ​មាន​កម្ពស់​ ៥៤ ​ម៉ែត្រ សង់​លើ​ផ្ទៃដី ៨ ហិកតា​ ដោយ​ចំណាយ​ទឹកប្រាក់​ប្រមាណ ​១២​ លាន​ដុល្លារ​។ វិមាន​អនុស្សាវរីយ៍​នេះ​សង់​ឡើង​ក្នុងន័យ​រំឭក​លើ​ការយក​ឈ្នះ ឬ​ការផ្តួលរំលំ​របប​ខ្មែរក្រហម​ទាំងស្រុង និង​ការធ្វើឱ្យ​កម្ពុ​ជាមាន​សន្តិភាព​ពេញបរិបូរណ៍​។​

​កាលពីដើម​ឆ្នាំនេះ រដ្ឋា​ភិបាល​បានចេញ​អនុក្រឹត្យ​កំណត់​យក​ថ្ងៃ​ ២៩​ ខែធ្នូ​ រៀងរាល់ឆ្នាំ ជា​ទិវា​សន្តិភាព​នៅ​កម្ពុជា ជា​ថ្ងៃ​បុណ្យជាតិ​ផ្លូវការ​សម្រាប់​ឈប់សម្រាក​ប្រចាំឆ្នាំ​។​

​ទិវា​សន្តិភាព​នេះ ធ្វើឡើង​ដើម្បី​រំឭក​ដល់​ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៩៨ ជា​ថ្ងៃ​បិទ​បញ្ចប់សង្គ្រាម​ទាំង​​ស្រុង​នៅ​កម្ពុជា និង​បាន​កសាង​សន្តិភាព​ពេញលេញ​ដោយសារ​នយោបាយ​ឈ្នះ​-​ឈ្នះ​ ការ​រំឭក​ដឹងគុណ និង​ចងចាំ​ជានិច្ច​ពី​គំរូ​ភាព​ដ៏​អង់អាច​ក្លាហាន​និង​ការ​ធ្វើ​ពលិកម្ម​គ្រប់បែបយ៉ាងរ​បស់​វីរបុរស​ស្នេហា​ជាតិ និង​វីរនារី​ស្នេហា​ជាតិ​របស់​កម្ពុជា ដែល​បាន​ប្រយុទ្ធ និង​តស៊ូ​យ៉ាង​ស្វិត​ស្វា​ញ​នៅ​គ្រប់​សមរភូមិ ទាំង​សមរភូមិ​សង្គ្រាម សមរភូមិ​ការទូត ទាំង​សមរភូមិ​នយោបាយ រហូត​សម្រេចបាន​ការបញ្ចប់​ជា​ស្ថា​ពរ​នូវ​សង្គ្រាម​នៅ​កម្ពុជា​៕