​ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បានចាត់ទុក​ការជួប​ជាមួយ​ខ្មែរ​នៅ​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់ បានបង្ហាញ​ឱ្យឃើញ​ពី​សាមគ្គី​​ភាព​រវាង​ខ្មែរ​និង​ខ្មែរ​នៅ​គ្រប់​ទីកន្លែង ដែលជា​កិច្ចការ​ដ៏​សំខាន់​សម្រាប់​ដំ​ណើ​រក​សាង​ជាតិ​។​


​លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់​និស្សិត និង​ប្រជាជន​ខ្មែរ​ជាង​ ១​ ពាន់​នាក់ ដែល​បានទទួល​ស្វាគមន៍​លោក និង​ភរិយា នា​រសៀល​ថ្ងៃទី​ ៣ ខែមីនា ​ក្នុង​ទីក្រុង​មែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី ដែល​នេះ​បង្ហាញ​នូវ​មហា​សាមគ្គី​គ្រួសារ​ខ្មែរ​ផងដែរ​។​

​លោក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា៖ «​ខ្ញុំ​សូម​អរគុណ​ចំពោះ​ការសម្តែង​មតិ​គាំទ្រ​ទៅដល់​រាជរដ្ឋាភិបាល​យ៉ាង​​គគ្រឹកគគ្រេង ហើយ​វា​ជា​សារៈសំខាន់​ដែល​បង្ហាញ​ជា​សាធារណៈ​របស់​​អូស្ត្រាលី​ពី​មិត្តភាព កម្ពុជា​-​អូស្ត្រាលី ក៏ដូចជា​បង្ហាញ​ទៅដល់​គោ​លន​យោ​បាយ​វិជ្ជមាន និង​សមិទ្ធផល​វិជ្ជមាន​ដែល​រដ្ឋាភិបាល​ខិតខំ​កសាង និង​ថែ​​រក្សា​មកដល់​ម៉ោង​នេះ​»​។​


​លោក​បានលើកឡើង​ដែរ​ថា ចំពោះ​សុខសន្តិភាព​ដែល​រកបាន​ដោយ​លោក​គឺមាន​តម្លៃ​ណាស់​មាន​សន្តិភាព ដែលនាំឱ្យ​កម្ពុជា​មានការ​រីកចម្រើន នាំឱ្យមាន​ការចង​ភ្ជាប់​ឡើងវិញ​រវាង​ខ្មែរ​នៅក្រៅ​ប្រទេស​ជាមួយ​ប្រទេសជាតិ​។​

​លោកបាន​មានប្រសាសន៍ថា៖ «​ការចេញ​សារ​គាំទ្រ​ គឺជា​ការសំខាន់​ណាស់​ដើម្បីឱ្យ​ពិភព​លោក​ដឹងថា ខ្មែរ​នៅទីណា​ក៏​​ដោយ​ក៏​នាំគ្នា​យល់​ពី​តម្លៃ​សន្តិ​ភាព និង​ឱ្យ​តម្លៃ​សន្តិភាព​នៅក្នុង​ប្រទេស​កំ​ណើ​ត​របស់ខ្លួន​។ ស្មារតី​នៃ​ការ​សាមគ្គី​គ្នា​នេះ គឺជា​អ្វីដែល​មិនអាច​កាត់ថ្លៃ​បាន​សម្រាប់​សុខសន្តិភាព និង​ប្រទេសជាតិ​របស់​យើង​»​។​


​ក្នុង​ពិធី​នោះដែរ​លោក ហ៊ុន​ ម៉ា​ណែ​ត ក៏​លើកឡើង​ពី​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​ ១៩ កន្លងមក​ដែល​អតីត​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រឹងប្រែង​ខ្លាំងណាស់ ទាំង​កិច្ចការពារ​អាយុជីវិត​ប្រជាពលរដ្ឋ និង​ការដោះស្រាយ​បញ្ហា​ជីវភាព​របស់​ប្រជាពលរដ្ឋ ដោយបាន​ចំណាយ​ថវិកា​រង្វង់​ប្រមាណ ១ ៤០០​ លាន​ដុល្លារ​អាមេរិក​។​

​លោក ហ៊ុន ម៉ា​ណែ​ត បាន​និយាយ​ផងដែរ​ពាក់ព័ន្ធ​នឹង​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​ ២០២៣ ដែលមាន​គណបក្សនយោបាយ​ចំនួន ២០ និង​អ្នកចូលរួម​ប្រមាណ​ ៩ ​លាន​នាក់​។ ក្នុងនោះ​ពលរដ្ឋ ៦​ លាន ៤​ សែន​នាក់ ស្មើ​ ៨២,៣ ​ភាគរយ បោះឆ្នោត​គាំទ្រ​សម្តេច​តេ​ជោ និង​គណបក្ស​ប្រជាជន​កម្ពុជា​។​

​លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា​៖ «​លទ្ធផល​បោះឆ្នោត​បានបង្ហាញ​ច្បាស់​ពី​ដំណើរ​ប្រជាធិបតេយ្យ និង​ការជឿជាក់​ចំពោះ​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​»​។​

​លោកនាយក​រដ្ឋមន្ត្រី ក៏បាន​រំលេច​ឱ្យដឹងទៀតថា គណៈ​រដ្ឋ​មន្ត្រី​របស់​រាជរដ្ឋាភិបាល​ថ្មី បាន​ផ្លាស់ប្តូរ​ស្ទើរតែ​ទាំងស្រុង ហើយ​គណៈរដ្ឋមន្ត្រី​បាន​ផ្លាស់ប្តូរ តែ​មិនមាន​ការផ្លាស់ប្តូ​រគោល​​នយោបាយ​នោះឡើយ​។​

​លោកនាយក​រដ្ឋមន្ត្រីបញ្ជាក់ថា៖ «​ប្រវត្តិសាស្ត្រ​របស់​កម្ពុ​ជា នៅពេល​ផ្លាស់ប្តូរ​មេដឹកនាំ ភាគ​​ច្រើន​ជួប​សង្គ្រាម ប៉ុន្តែ​សម្រាប់​ការប្តូរ​ក្រុម​ដឹកនាំ​តាម​សំឡេង​បោះឆ្នោត​នៅពេលនេះ គឺ​ដំណើរ​​ការ​រលូន ដែលជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​»​។​

​មាន​ការស្ទង់មតិ​រប​ស់​អង្គការ​អន្តរជាតិ​ជំនាញ​មួយ​លើ​ការដឹក​​នាំ​របស់​រាជរដ្ឋាភិបាល​មុនពេល​បោះឆ្នោត និង​ក្រោយ​បោះឆ្នោត​។ មុន​បោះឆ្នោត​រកឃើញថា ពល​​រដ្ឋ​ជាង ៧០ ​ភាគរយ យល់ថា​រាជរដ្ឋាភិបាល​ដឹកនាំ​ត្រឹមត្រូវ លុះ​ក្រោយពេល​បោះឆ្នោត​ការ​យល់ថា ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​ត្រឹមត្រូវ​ឡើង​រហូតដល់ ៨២ ​ភាគរយ​។​

លោក​ហ៊ុ​ន​ ម៉ា​ណែ​ត ​ក្នុងពិធីជួប​ជា​មួយ​ខ្មែរ​នៅ​អូស្ត្រា​លី ​និង​នូ​វែ​ល​សេឡង់។ រូបថត STPM

​លោក​បាន​ថ្លែងថា​៖ «​ប្រជា​ពលរដ្ឋ​មានការ​ព្រួយបារម្ភ​ខ្លាច​រដ្ឋបាល​ថ្មី ដឹកនាំ​គ្រប់គ្រង​ប្រទេស និង​ដាក់បទបញ្ជា​នានា​អត់​មានការ​អនុវត្ត​អី ប៉ុន្តែ​មិន​ដូច្នោះ​ទេ រយៈពេល​ជាង ៦ ​ខែ​មកនេះ ពលរដ្ឋ​បែរជា​មានការ​ពេញចិត្ត និង​គាំទ្រ​ខ្ពស់​ដល់​រដ្ឋាភិបាល​ថ្មី​នេះ​»​។​

​សូម​បញ្ជាក់ដែរថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​កម្ពុជា ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូ​ស្ត្រា​លី ចាប់ពី​ថ្ងៃទី ​១ ដល់ទី ​៧ ខែមីនា ឆ្នាំ​២០២៤​ នៅ​ទីក្រុង មែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី ដើម្បី​ពង្រឹង​ទំនាក់ទំនង​ឱ្យកាន់តែ​ស៊ីជម្រៅ​។​

​យោងតាម​សេចក្តីប្រកាស​ព័​ត៌​មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ថ្ងៃទី ​២៩ ខែកុម្ភៈ ឆ្នាំ ​២០២៤ បានឱ្យដឹងថា ការចូលរួម​របស់​ភា​គី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តប​តាម​ការអញ្ជើញ​របស់លោក អេ​ន​ថូ​នី អាល់​បា​នី ស៊ី នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍ លើក​ទី ​៥០ នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​អូស្ត្រាលី​។​

​ក្រសួង​បាន​បញ្ជាក់ថា​៖ «​កិច្ច​ប្រជុំ​កំពូល​ពិសេស នឹង​ផ្តល់ឱកាស​ដល់​ថ្នាក់ដឹកនាំ កំណត់​ទិសដៅ​អនាគត​រួម និង​ធ្វើឱ្យ​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ តាម​រយៈ​ការអនុវត្ត​ឱ្យបាន​ពេញ​លេញ និង​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​អាទិភាព​សំខាន់ៗ នៃ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​អាស៊ាន​-​អូស្ត្រាលី​»​។​

​ថ្នាក់ដឹកនាំ គ្រោង​នឹង​អនុម័ត​សេចក្ដីថ្លែងការណ៍​ទីក្រុង​ម៉ែ​ល​ប៊​ន និង​សេចក្តីប្រកាស​ចក្ខុវិស័យ​របស់​ថ្នាក់ដឹកនាំ​អាស៊ាន​-​អូ​ស្ត្រា​លី​។ ស្របពេល​នៃ​ការចូលរួម​កិច្ចប្រជុំ​កំពូល​នេះដែរ​លោក ហ៊ុន ម៉ា​ណែ​ត ក៏​នឹងមាន​ជំនួប​ទ្វេភាគី ជាមួយ លោក អេ​ន​ថូ​នី អាល់​បា​នី​ស៊ី និង​សម​ភាគី​អា​​ស៊ាន​មួយចំនួន ដើម្បី​ពង្រឹង​បន្ថែម​នូវ​ទំនាក់ទំនង​ទ្វេភាគី​បន្ថែមទៀត​។​

​សូមជម្រាបថា អញ្ជើញ​អម​ដំណើរ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ​ ចន្ទ​មុន្នី រួមមាន​៖ លោក ស៊ុន​​ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុ​ប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​,​លោក ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​,​ លោក សុខ ចិ​ន្ត​សោភា ឧ​ប​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​មន្ត្រី​សំខាន់ៗ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ក្នុងអំឡុងពេល​ចូលរួម​កិច្ច​​ប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី លោក ហ៊ុន ម៉ា​ណែ​ត ​ក៏​នឹងមាន​ជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​កំពូល​ប្រទេស​ជា​មិត្ត​ចំនួន​ ៥ និង​ទទួល​ជួប​តំណាង​ក្រុមហ៊ុន​អូស្ត្រាលី​ចំនួន​ ១១​ ផងដែរ​៕