​ភ្នំពេញៈ ក្រុមហ៊ុន Fresh Start Energy បានបង្ហាញ​បំណង​ចង់​ស្វែងរក​ឱកាស​វិ​និ​យោគ​នៅ​កម្ពុជា លើ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ទំនើប ក្នុងការ​គ្រប់គ្រង​ថាមពល​អគ្គិសនី​ ខណៈ​លោក ​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋ​មន្ត្រី​កម្ពុជា បង្ហាញ​ពី​ការស្វាគមន៍​ចំពោះ​ក្រុមហ៊ុន​នេះ​ចំ​ពេលដែល​កម្ពុជា​កំពុង​បង្កើន​ការយកចិត្ត​ទុកដាក់​លើ​វិស័យ​ថាមពល​។​

​កិច្ចពិភាក្សា​រវាង​លោក ហ៊ុន​ ម៉ា​ណែ​ត ជាមួយនឹង​លោក Mario Vecchio នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​ក្រុមហ៊ុន FreshStart Energy បានធ្វើ​ឡើង​កាល​ពីថ្ងៃ​ទី ២ ខែមីនា ពោលគឺ​អំឡុង​ពេលដែល​លោកនាយក​រដ្ឋមន្ត្រី​បាន​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី នៅ​ទីក្រុង​មែ​ល​ប៊​ន ប្រទេស​អូ​​ស្ត្រា​លី​។ នេះ​បើ​យោងតាម​លទ្ធផល​នៃ​ជំនួប​ពិភាក្សា​ការងារ​ដែល​បាន​ផ្សាយ​តាមរយៈ​តេ​​ឡេ​ក្រាម​លោក ​ហ៊ុន ម៉ា​ណែ​ត​។​


​ក្នុង​កិច្ចពិភាក្សា​ទ្វេភាគី​នោះ លោក Mario Vecchio លើកឡើងថា ក្រុមហ៊ុន Fresh Start Energy ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Fresh Start កំពុងមាន​ប្រតិបត្តិការ​នៅ​ប្រទេស​អូស្ត្រាលី និង​បណ្តា​ប្រទេសមួយ​ចំនួន​ដូច​​ជា​ប្រទេស​សិង្ហ​បុរី និង​ប្រទេស​ថៃ​ជាដើម ដែល​នៅក្នុង​ប្រទេស​​អូស្ត្រាលី ក្រុមហ៊ុន​របស់លោក​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ក្នុងការ​គ្រប់គ្រង​ការប្រើប្រាស់​ថាមពល​អគ្គិសនី​នៅតាម​សា​លា​រៀន មន្ទីរពេទ្យ និង​ស្ថានីយប្រេងឥន្ធនៈ ជាដើម​។ ក្រុមហ៊ុន​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ទំនើបៗ​សម្រាប់​ការប្រើប្រាស់​ថាមពល​អគ្គិសនី ប្រកបដោយ​ប្រសិទ្ធភាព គុណ​ភាព និង​សន្សំសំចៃ​ខ្ពស់ ហើយ​លោក​មានបំណង​វិនិយោគ​នៅ​កម្ពុជា​ដោយ​នាំយក​បច្ចេកវិទ្យា​ទំនើប​នៃ​ការគ្រប់គ្រង​ការប្រើប្រាស់​ថាមពល​អគ្គិសនី​។​

​ក្រោយពី​បាន​ស្តាប់​គោល​បំណង​របស់​ក្រុមហ៊ុន FreshStart Energy ហើយ លោក ហ៊ុន ម៉ា​ណែ​ត ​បានបង្ហាញ​ការ​ស្វាគមន៍ និង​អរគុណ​ចំពោះ​ក្រុម​​ហ៊ុន​នេះ​ដែល​បង្ហាញ​ពី​បំណង​ក្នុងការ​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា ​ខណៈ​លោក​លើកឡើងថា គោលបំណង​របស់​កម្ពុ​ជា គឺ​មិន​ត្រឹមតែ​ពង្រឹង​និង​ពង្រីក​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​និង​រដ្ឋាភិបាល និង​ការភ្ជាប់​ទំនាក់ទំនងរ​វាង​ប្រជាជន​និង​ប្រជាជន​ប៉ុណ្ណោះ​ទេ​ថែមទាំង​មានបំណង​ផ្សារភ្ជាប់​ទំនាក់ទំនងរ​វាង​វិស័យ​ឯកជន​និង​ឯកជន​នៃ​ប្រទេស​ទាំង​ ២ ​ផងដែរ​។


​ចំពោះ​វិស័យ​ថាមពល​នេះ​លោកនាយក​រដ្ឋមន្ត្រីបញ្ជាក់ថា​៖ «​បណ្ដា​ប្រទេស​ជាច្រើន​ទាំង​ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​ពិភពលោក​បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​ការធ្វើ​បរិវត្ត​កម្មវិស័យ​ថាមពល ហើយ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​កំពុងតែ​យកចិត្តទុកដាក់​អភិវឌ្ឍ​លើ​វិស័យ​ថាមពល​នេះដែរ​»​។ លោក​លើក​ទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ដើម្បី​ពិនិត្យ​លទ្ធភាព​ក្នុងការ​ស្វែងរក​ឱកាស​វិនិយោគ​ដោយ​សហការ​ជាមួយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ក្រសួង​រ៉ែ និង​ថាមពល ដើម្បី​ស្ថា​ប័ន​ទាំងពីរ​អាចជួយ​សម្រប​សម្រួល​និង​គាំទ្រ​ដល់​ការរៀបចំ​នូវ​គម្រោង​វិនិយោគ​របស់​ក្រុម​ហ៊ុន​នៅ​កម្ពុជា ខណៈដែល​រាជរដ្ឋាភិបាល មាន​មហិច្ឆតា​បង្កើន​ថាមពលបៃតង​និង​ពង្រីក​វិសាល​ភាព​ការផ្គត់ផ្គង់​អគ្គិសនី​ទៅគ្រប់​កន្លែង​នៅ​ជនបទ​។

​ទាក់ទង​នឹង​ការវិនិយោគ​លើ​ការគ្រប់គ្រង​ថាមពល​អគ្គិសនី​នេះ លោក ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ថ្លែងថា ដើម្បី​ព​ន្លឿ​ន​ការ​ផ្លាស់ប្តូរ​ចាំបាច់​ត្រូវមាន​កា​រវិ​និ​យោគ ហើយ​ដើម្បី​ទាក់ទាញ​ការវិនិយោគ​ពី​វិស័យ​ឯកជន ការកំណត់​ទិសដៅ​គោលនយោបាយ​ឱ្យ​ច្បាស់លាស់ គឺជា​អ្វីដែល​សំខាន់​និង​ចាំបាច់​។​

​លោក​ថា​៖ «​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ថា​ម​ពល​អគ្គិសនី ដែល​ទើបត្រូវ​បានអនុម័ត​កាលពីពេល​ថ្មីៗ​នេះ​បានដាក់​បញ្ចូល​ប្រសិទ្ធភាព​ថាមពល​ទៅក្នុង​សេណា​រី​យ៉ូ​របស់ខ្លួន​ដូចគ្នា​នឹង​គោលនយោបាយ​ជាតិ​ស្តីពី​ប្រសិទ្ធភាព​ថាមពល​ដែល​ត្រូវ​ប្រកាស​ដាក់ឱ្យអនុវត្ត​នៅ​ចុងឆ្នាំ​ ២០២២​ ផងដែរ​»​។

លោក​បន្តថា បច្ចុប្បន្នក្នុង​ឧស្សាហកម្ម​កាត់ដេរ ស្បែកជើង និង​ទំនិញ​សម្រាប់​ការ​​ធ្វើដំណើរ សហភាព​អឺរ៉ុប​បាន​សហការ​ជាមួយនឹង​ក្រសួង​ពាក់​​ព័ន្ធ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា និង​ក្រុមហ៊ុន​នានា ដើម្បី​គាំទ្រ​ដល់​ការប្រើប្រាស់​បច្ចេកវិទ្យា និង​ការ​សន្សំសំចៃ​ថាមពល​។​

​លោក ​កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល កាលពី​អំឡុងពេល​សម្ពោធ​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ នៅ​ខេត្តកោះកុង​កាលពី​ខែធ្នូ​ឆ្នាំ​ ២០២៣ ថ្លែងថា តាម​និន្នាការ​ពិភពលោក​បច្ចុប្បន្ន និង​តាម​ការប្រកាស​របស់​រា​ជ​រដ្ឋាភិបាល ប្រទេស​កម្ពុជា​ត្រូវធ្វើ​អន្តរកាល​ឆ្ពោះទៅរក​សង្គម​អព្យាក្រឹតភាព​កាបូន​នៅ​ឆ្នាំ​ ២០៥០​។

លោក​ថា ក្រសួង​រ៉ែ​និង​ថា​ម​ពល មាន​ភារកិច្ច​មិន​ត្រឹមតែ​ត្រូវ​ធានា​ធ្វើយ៉ាងណា​ឱ្យ​កម្ពុជា​មានការ​ផ្គត់ផ្គង់​ថាមពល​មួយ​ប្រកបដោយ​គុណភាព ស្ថិរភាព ប្រសិទ្ធភាព​និង​មាន​ថ្លៃ​លក់​សម​​រម្យ​ប៉ុណ្ណោះ​ទេ ហើយក៏​ត្រូវ​ប្តេជ្ញា​ចូលរួម​អនុវត្ត​ធ្វើយ៉ាងណា​ឱ្យ​កម្ពុជា​ឈានឆ្ពោះ​ទៅរក​អ​ព្យា​ក្រឹ​ត​ភាព​កាបូន​តាម​ការប្រកាសរ​បស់​រាជរដ្ឋាភិបាល​ផងដែរ​។​

​ដើម្បី​សម្រេច​តាម​ផែនការ​នេះ លោក​ថា ចាំបាច់​គឺ​ត្រូវ​បង្កើន​ប្រសិទ្ធភាព​នៃ​ការប្រើប្រាស់​ថាមពល និង​បង្កើន​ការប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ​៕