​ភ្នំពេញៈ​ ក្រសួង​បរិ​ស្ថាន និង​អង្គ​ការ​ដៃគូ​នានា​បាន​និង​កំពុង​អភិរក្ស​សត្វ​ព្រៃ និង​រុក្ខ​ជាតិ​ជិត​ផុត​ពូជ​ជាង​ ១២០​ ប្រភេទ​ ដែល​ការងារ​អភិរក្ស​ទាំង​នោះបា​នធ្វើ​ឱ្យ​កម្ពុជា​នៅ​សេស​សល់​វត្ត​មាន​ប្រភេទ​សត្វ​ព្រៃនិង​រុក្ខ​ជាតិប្រភេទ​កម្រ និង​ជិត​ផុត​ពូជ​ច្រើន​គេ​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។​


​លោក ​ខ្វៃ អាទិ​ត្យា អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​ បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី​ ៤​ ខែមីនា​ថា ក្នុង​ប្រទេស​កម្ពុ​ជា​មាន​តំបន់​ការ​ពារ​ធម្ម​ជាតិ​ចំនួន​៧៣​កន្លែង​ និង​មាន​ផ្ទៃដី​ជាង​៧​លាន​ហិក​តា ​ស្មើនឹង ​៤០​ ភាគ​រយ នៃ​ផ្ទៃដី​ប្រទេស​។​

​លោក​បាន​បន្ត​ថា ដូច្នេះ​យោង​តាម​ផែន​ការ​យុទ្ធ​សាស្ត្រ និង​សកម្ម​ភាព​ជាតិ​ស្តីពី​ជីវៈចម្រុះ​ឆ្នាំ​ ២០២៦ ​និង​ផែន​ការ​យុទ្ធ​សាស្ត្រ​គ្រប់​គ្រង​តំបន់​ការ​ពារ​ធម្មជាតិ​ ឆ្នាំ​ ២០១៧-​២០៣១ ​បាន​បង្ហាញ​ថា ​នៅកម្ពុ​ជា​មាន​វត្ត​មាន​ប្រភេទ​សត្វ​បក្សី ​ថនិក​សត្វ ​ត្រី ល្មូន ​សត្វ​ល្អិត​ឥត​ឆ្អឹង​កង ​ក៏ដូចជា​ថល​ជលិក​សត្វ​ និង​រុក្ខ​ជាតិ​ជា​ច្រើន​ប្រភេទ​។
 
​លោក​បាន​បញ្ជាក់​ថា​៖ «​ក្រសួង​បរិស្ថាន​ និង​អង្គ​ការ​ដៃគូ​នានា ​បាន​និងកំពុង​អភិ​រក្ស​ប្រភេទ​សត្វ​ព្រៃ និង​រុក្ខជាតិ ប្រភេទ​កម្រ​និង​ជិត​ផុត​ពូជ​ដែល​បាន​ចុះ​ក្នុង​បញ្ជី​ក្រហម​ IUCN សរុប​មាន​ចំនួន​ ១២៧ ​ប្រភេទ​ ក្នុង​នោះ​វត្ត​មាន​ថនិក​សត្វ​មាន​ចំនួន​ ៣៤​ ប្រភេទ​ ក្នុង​ចំណោម​ថនិក​សត្វ​សរុប​ចំនួន​ ១៦២​ប្រភេទ​ សត្វ​បក្សី​មាន​ចំនួន ៣៩ ​ប្រភេទ ​ក្នុង​ចំណោម​សត្វ​បក្សី​សរុប​ចំនួន ៦០១ ​ប្រភេទ​»​។​


​លោក​ ខ្វៃ អាទិ​ត្យា បាន​បន្ត​ថា​ ចំពោះ​ប្រភេទ​ត្រី​ដែល​បាន​ចុះ​ក្នុង​បញ្ជី​ក្រហម​IUCN សម្រាប់​អភិរក្ស​មាន​ចំនួន ៩ ​ប្រភេទ​ ក្នុង​ចំណោម​ត្រី​សរុប ​១ ៣៥៧ ​ប្រភេទ​ សត្វ​ល្មូ​ន​មាន​ចំនួន​ ២០ ​ប្រភេទ ​ក្នុង​ចំណោម​សត្វ​ល្មូ​ន​សរុប​ ១៧៤ ​ប្រភេទ​។ ដោយ​ឡែក ថលជ​លិក​សត្វ​មាន​ចំនួន​ ២ ​ប្រភេទ​ ក្នុងចំណោម​ថល​ជលិក​សត្វ​សរុប ៧២ ​ប្រភេទ និង​សត្វ​ល្អិត​ឥត​ឆ្អឹង​កង​មាន​ចំនួន​ ៦៧១ ​ប្រភេទ​ ក្នុង​នោះ​មិន​ទាន់​មាន​ប្រភេទ​ណា​មួយ​ត្រូវ​បាន​អភិរក្ស​នៅ​ឡើយ ហើយ​ចំណែក​រុក្ខ​ជាតិ​មាន​ចំនួន ២៣ ​ប្រភេទ ​ក្នុង​ចំណោម​រុក្ខ​ជាតិ​សរុប ៣​ ១១៣​ ប្រភេទ​។​

​លោក​បាន​បញ្ជាក់​ថា​៖ «​ប្រភេទ​សត្វ​ព្រៃ និង​រុក្ខ​ជា​តិ ដែល​ក្រសួង​បរិស្ថា​ន និង​អង្គ​ការ​ដៃគូ ​បាននិង​កំពុង​អភិរក្ស គឺជា​ប្រភេទ​សត្វ​ព្រៃ​កម្រ ​និង​ជិត​ផុត​ពូជ​។ ដូច្នេះ​តាម​រយៈ​ការ​ងារ​អភិរក្ស​នេះ​ បច្ចុប្ប​ន្ន ប្រទេស​កម្ពុជា​យើង ​មាន​វត្ត​មាន​ប្រភេទ​សត្វ​ព្រៃ​កម្រនិ​ង​ជិត​ផុត​ពូជដែល​នៅ​សេស​សល់​វត្តមាន​ច្រើន​ជាង​គេ​នៅលើ​ពិភព​លោក ​និង​តំបន់​អាស៊ី​អា​គ្នេយ៍​»​។​


​បើតាម​លោក ​ខ្វៃ អាទិ​ត្យា​ថា ជាក់​ស្ដែង​បើ​ប្រៀប​ធៀប​​នឹង​ប្រទេស​ជិត​ខាង ​បច្ចុប្បន្ន​ប្រទេស​កម្ពុជា ​មាន​វត្តមាន​ជីវ​ចម្រុះ​នៃ​ប្រភេទ​សត្វព្រៃ​​កម្រ និង​ជិត​ផុត​ពូជ នៅ​សេស​សល់​ច្រើន​ជាងគេ​រួមមាន​ ប្រភេទ​សត្វ​ខ្សឹប ​ត្រ​យង​យក្ស ​ត្រ​យង​ចង្កំក​​ស​ ត្រដក់​​ធំ ​ត្មាត​ភ្លើង ​ត្មាតផេះ​ ត្មាត​ត្នោត ​ផ្សោត​ទន្លេ​មេគង្គ​ ត្រី​បបែល​យក្ស​ទឹក​សាប​ទន្លេ​មេគង្គ ស្វា​កន្ទុយ​ស​ និង​រមាំង​ជា​ដើម​។ 

​ទន្ទឹមនេះ លោក​បាន​អះ​អាង​ថា កម្ពុជា​បាន​និង​កំពុង​យក​ចិត្ត​ទុកដាក់​ខ្លាំង​​ជាមួ​យ​ក្រសួង​ ស្ថាប័ន​ពាក់​ព័ន្ធ ​ អាជ្ញា​ធរ​មូល​ដ្ឋាន​គ្រប់​លំដាប់​ថ្នាក់ ​អង្គកា​រ​ដៃគូ​នានា ​ដើម្បី​ការពារ​មរតកធម្មជា​តិ​រួមមាន​ ព្រៃ​ឈើ សត្វ​ព្រៃ​និង​ជីវៈចម្រុះ​ដើម្បី​បន្ត​ទុក​ដល់​កូនចៅ​​ជំនាន់​ក្រោយ​​ ជាពិសេស​ធានា​ដល់​ថែ​រក្សា​ប្រព័ន្ធ​អេកូឡូស៊ី​ ប្រយុ​ទ្ធ​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុនិ​ង​ឆ្ពោះទៅ​សម្រេច​ទស្សន​វិស័យ​ប្រទេស​អព្យា​ក្រឹត​កាបូន​ឆ្នាំ​ ២០៥០​។​

​លោក អា​ទិ​ត្យា លើក​ឡើងថា​៖ «​ចំពោះ​វិធាន​ការ​ការ​ពារ​សត្វព្រៃ​ និង​ធនធាន​ធម្មជាតិ​នេះ ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ឱ្យ​ភាគី​ពាក់​ព័ន្ធ​ ដៃគូ​សហ​ការ ​ជាពិសេស​ប្រជា​សហ​គមន៍​តំបន់​ការពា​រធម្មជា​តិ ពង្រឹង​ការ​ចូលរួម​ឱ្យ​កាន់​តែ​សកម្ម​ខ្លាំង​ក្លា​បន្ថែម​ទៀតជាមួយ​ក្រសួងប​រិស្ថានដើម្បី​បង្កើត​សេដ្ឋ​កិច្ច​មូលដ្ឋា​ននិង​ការពារ​អភិរក្ស​ធន​ធាន​ធម្មជា​តិ​យើង​»​។ 

​ក្រៅ​ពីនេះ​ ក្រសួង​បរិស្ថាន​មិន​ត្រឹម​តែ​បន្ត​ពង្រឹង​លើ​ការ​អនុវត្ត​ច្បាប់​ដោយ​អនុវត្ត​ ១០០​ ភាគរ​យ មិន​លើក​លែង​ដល់​បទ​ល្មើស​ធន​ធាន​ធម្ម​ជាតិ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ក្រសួង​បាន​ផ្តោត​សំខាន់​លើ​ការ​អភិវឌ្ឍ​ ជំរុញ​ការ​ដាំ​ដើម​ឈើ​ឱ្យ​ច្រើន​ជាង​ការ​កាប់​ដើម្បី​រក្សា​នូវ​កំណើន​។ ​ជាពិសេស​ការ​ជំរុញ​ការដាំ​ស្តារ​ព្រៃ​ឈើដែ​លជា​ទិសដៅ​អាទិ​ភាព បង្កើន​គម្រប​ព្រៃ​ឈើ​ឱ្យ​បាន​ ៦​០ ភាគ​រយ នៅ​ឆ្នាំ​ ២០៥០​ ស្រប​តាម​យុទ្ធ​សាស្ត្រ​បញ្ច​កោណរបស់​រាជ​រដ្ឋាភិ​បាល​កម្ពុជា ​និង​លើក​កម្ពស់​ជីវ​ភាព​ប្រជា​ពលរដ្ឋ​នៅតា​ម​សហ​គមន៍ ​រួមទាំង​ការ​អភិរក្ស​ជីវ​ចម្រុះ​ដោយ​ចីរភាព​។ ​នេះ​ជា​ការ​បន្ថែម​របស់លោ​ក ​ខ្វៃ អាទិ​ត្យា អ្នក​នាំ​ពាក្យ​ក្រសួង​បរិ​ស្ថាន​។​

​ដោយ​ឡែក ​ក្រសួង​បរិស្ថាន ​និង​អង្គការ​ USAID​ ប្រចាំ​កម្ពុជាបាន​ចូលរួម​អប​អរសាទរ​ទិវា​សត្វ​ព្រៃ​ពិភព​លោក​ ៣ ខែ​មីនា ​ដោយ​កម្ពុជា​បាន​និង​កំពុង​ពង្រឹង​ការ​គ្រ​ប់គ្រង​ធនធា​ន​ធម្ម​ជា​តិនិង​អភិរ​ក្ស​សត្វព្រៃ​​កម្រ សំដៅ​លើក​កម្ពស់​ការ​យ​ល់​ដឹង​របស់​មហា​ជន​អំពី​ម​រតក​ធ​ម្មជាតិ ដ៏​មាន​តម្លៃ​សម្រាប់​មនុស្ស​ជាតិ​។ 

​បើតាម​ក្រសួង​បរិស្ថាន ស​ត្វព្រៃ​នៅ​ប្រទេស​កម្ពុ​ជាមាន​ប្រមាណ​ ២ ០៨​៥ ប្រភេទ​ ក្នុ​ងនោះ​រួម​មាន ​ថនិក​សត្វ​បក្សី​ល្មូ​ន ថលជ​លិក ​ត្រី​ និង​សត្វ​ល្អិត​។​

​ប្រភព​ដដែល​បន្ត​ថា ប្រទេស​កម្ពុជា​ក៏​ចាត់​ទុកជា​ប្រទេស​ដែលមាន​វត្តមាន​ប្រភេទ​សត្វ ​កម្រ ជិ​ត​ផុត​ពូជ និង​កំពុង​គំរា​មកំហែង​ច្រើន​ដូចជា​ ទន្សោង ​ត្រ​យង​យក្ស ​ត្រ​យង​ចង្កំកស និង​ចាប​តេត​កម្ពុជា​ជាដើម មាន​វត្តមាន​តិច​ជាង​ប្រទេស​ជិត​ខាង​ដូច​ជា ដំរី​អាស៊ី និង​ខ្ទីង​ជា​ដើម​។​

​ចំណែក​អង្គការ​ USAID បាន​លើក​ឡើង​លើហ្វេស​ប៊ុក​កាលពី​ថ្ងៃទី ​៣ ​ខែ​មីន​ថា ក្នុង​ការ​ចូលរួម​ប្រារព្ធ​ទិវា​សត្វ​ព្រៃ​ពិភព​លោក​ឆ្នាំនេះ​ ក្រោម​ប្រធាន​បទ «​ការ​តភ្ជាប់​មនុស្ស​ និង​ភព​ផែន​ដី​ ការប្រើ​ប្រាស់​ភាព​ច្នៃប្រ​ឌិត​បែប​ឌីជី​ថល​ក្នុង​ការ​អភិ​រក្ស​សត្វ​ព្រៃ​»​។​

​ជា​មួយ​គ្នានេះ ​USAID មរតក​បៃតង ​ក៏បាន​ចែក​រំលែក​​វីដេអូ​ពី​សកម្ម​ភាព​សត្វ​ព្រៃ​ជាច្រើន​ប្រភេទ ​ថត​បាន​ដោយ​ម៉ាស៊ីន​ថត​ស្វ័យ​ប្រវត្តិ​របស់​យើង ​ដែល​បាន​ដាក់​នៅ​ក្នុង​តំបន់​ការ​ពារ​នៃ​ជួរ​ភ្នំ​ក្រវាញ​ផង​ដែរ​។ 

​ប្រភព​ដដែល​បាន​បញ្ជាក់​ថា៖ «​ដើម្បី​ជួយ​ការពា​រ​សត្វព្រៃ​ និង​អភិរក្ស​ជីវៈចម្រុះ​នៅ​ជួរ​ភ្នំក្រវាញ​របស់​យើង USAID ​មរតក​បៃត​ង បាន​សហ​ការ​ជា​មួយ ​អង្គ​ការ​អភិ​រក្ស​អន្តរ​ជាតិ​កម្ពុជា ​ក្នុង​ការ​ដាក់​ពង្រាយ​ម៉ាស៊ីន​ថត​ស្វ័យ​ប្រវត្តិ​ជាង​ ២០០ ​កន្លែង ​ដើម្បី​កត់​ត្រា​ប្រភេទ​សត្វ​ព្រៃ​ផ្សេងៗ​។ សកម្ម​ភាព​ទាំង​នេះ ​មាន​គោល​បំណង​បម្រើ​ជា​សូច​នាករ​ក្នុង​ការ​ត្រួត​ពិនិត្យ​ជីវៈចម្រុះ​នៅ​ក្នុង​ឧទ្យាន​ជាតិ​នេះ​»​។ 

​លទ្ធ​ផល​នៃ​ការ​សិក្សា ​និង​ការ​វិភាគ​ទិន្ន​ន័យ​ដែល​បាន​ពី​ម៉ាស៊ីន​ថតនឹង​អនុញ្ញាត​ឱ្យ​មាន​វិធី​សាស្ត្រ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​អភិ​រក្ស​សត្វ​ព្រៃ​នៅ​ក្នុង​ឧទ្យាន​ជាតិ​នេះ​។​

​ជា​មួយ​គ្នានេះ​អង្គការ​ USAID​ ក៏បាន​អំពាវ​នាវ​ឱ្យ​បញ្ឈប់​ការ​បរិភោគ​សាច់​សត្វ​ព្រៃ​ និង​រួមគ្នា​ធ្វើ​សកម្ម​ភាព​ដើម្បី​ការពារ​ជីវិត​សត្វ​ព្រៃ​ឱ្យ​បាន​គង់​វង្ស​សម្រាប់​អ្នក​ជំនាន់​ក្រោយ​បាន​ឃើញ​ទាំង​អស់​គ្នា​៕