សមាគម​ស្វាយចន្ទី​កម្ពុជា ​(​ស​សក​)​ នៅ​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២៤​នេះ បាន​អំពាវនាវ​ឱ្យ​សមាជិក​របស់ខ្លួន ផ្អាក​លក់​គ្រាប់​ចន្ទី​ឆៅ​ជា​បណ្តោះអាសន្ន​សិន ស្រប​ពេលដែល​តម្លៃ​ក៏មាន​ការធ្លាក់ចុះ​ជា​បន្តបន្ទាប់​ខណៈដែល​បាតុភូត​អែល​នី​ណូ បាននិងកំពុង បង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​លើ​ផលិតកម្ម​ស្វាយចន្ទី​ក្នុងប្រទេស​កម្ពុជា​។

លោក អួន ស៊ី​ឡុ​ត ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា​(​ស​សក​) បាន​ប្រាប់​ឱ្យដឹងថា​ដោយសារ​ការអូសបន្លាយ នៃ​អាកាសធាតុ ដែលមាន​កម្តៅ​ជាង ៤០​អង្សា​សេ បានធ្វើឱ្យ​គាំង​ផ្កា​មិន​ចេញ​ក្តឹប និង​ផ្កា​ក្រៀម​ខូច​ជា​បណ្តើរៗ​។ ក្នុងនោះ សមាគម​ស្វាយចន្ទី​កម្ពុជា ក៏បាន​ព្យាករ​កាលពីដើម​ខែមករា ឆ្នាំ​២០២៤ ផងដែរ​ថា​ទិន្នផល​ស្វាយចន្ទី នា​ឆ្នាំ​២០២៤​នេះ នឹង​ថយចុះ​ចន្លោះ​ពី ១០​ភាគរយ ទៅ ៣០​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០២៣​។


 ​លោក​បាន​បញ្ជាក់ទៀតថា​៖«​បើទោះបីជា​ទិន្នផល កំពុង​ធ្លាក់ចុះ​ក្តី តម្លៃ​គ្រាប់ស្វាយចន្ទី​ឆៅ​បែរជា​ធ្លាក់ចុះ​យ៉ាងគំហុក ដែល​នេះ​មិន​សម​ទាល់តែសោះ​។ ស​សក បាននិងកំពុង​ណែនាំ ឱ្យ​សមាជិក​របស់ខ្លួន​ឱ្យ​ហាល​គ្រាប់​ទុក​រង់ចាំ​តម្លៃ​ប្រសើរឡើង​នៅ​ខែកក្កដា ឬ​ខែកញ្ញា​។ ហាល​គ្រាប់​ទុក​បើ​មានលទ្ធភាព កុំឱ្យ​ឈ្មួញ​បរទេស​បានចិត្ត ចន្ទី​ខូច​ច្រើនណាស់​ឆ្នាំនេះ មិនគួរ​ធ្លាក់​ថ្លៃ​ទេ​! អ្នកមាន​លទ្ធភាព​គួរ​ហាល​ទុក កុំ​លក់​ប្រជែង​ជាមួយ​កសិករ​តូចតាច​! រើស​ក្រុមហ៊ុន​ល្អ សម្រាំង​គុណភាព​គ្រាប់​»​។​

ទោះ​យ៉ាងនេះ​ក្តី លោក​បាន​បន្ថែមថា នៅក្នុង​ទិន្នន័យ​ខែមករា ឆ្នាំ​២០២៤ នេះ​បញ្ជាក់ថា កម្ពុជា​បាន​នាំ​គ្រាប់​ចន្ទី​ឆៅ​ទៅ​វៀតណាម កើនឡើង​៥០​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៣​។ 


លោក​ អួន ស៊ី​ឡុ​ត បាន​បញ្ជាក់ថា​៖«​ការកើនឡើង​ការនាំចេញ​គ្រាប់ស្វាយចន្ទី​ទៅ​វៀតណាម​នេះ មិនមែនជា​គ្រាប់​ចន្ទី​ក្នុង​ឆ្នាំ​២០២៤​ នោះទេ ដ្បិត​រដូវ​ប្រមូល​ផល​ចន្ទី​នៅ​កម្ពុជា ​គឺ​ពាក់កណ្តាល​ខែកុម្ភៈ​។ ការនាំចេញ​កើនឡើង​នេះ ស​សក ក៏បាន​ដឹង​ដែរ ព្រោះ​សមាជិក​ជា​ឈ្មួញកណ្តាល​របស់ ស​សក បាន​រាយការណ៍​ពី​ការ​សល់​គ្រាប់​ឆៅ​នេះ​នា​ចុងខែ​ធ្នូ ឆ្នាំមុន​។ ដូច្នេះ​គ្មាន​អ្វីដែល​ត្រូវ​ភ្ញាក់ផ្អើល​ទេ ហើយ​ការធ្លាក់​ទិន្នផល​ស្វាយចន្ទី​នៅ​កម្ពុជា អាច​បង្កើន​តម្លៃ​គ្រាប់​កែច្នៃ​លើ​ទីផ្សារ​អន្តរជាតិ​នា​ឆ្នាំ​២០២៤ ​នេះ​»​។

​​បើតាម លោក អួន ស៊ី​ឡុ​ត ដើម្បី​រក្សា​តម្លៃ​ស្វាយចន្ទី​ឱ្យមាន​ស្ថិរភាព ស​សក បាន​បញ្ចុះបញ្ចូល​សមាជិក​របស់ខ្លួន​និង​កសិករ​ដទៃ​ឱ្យ​បន្ថយ និង​រក្សារ​ចម្ការ​ត្រឹម ៥០០ ០០០ ​ហិកតា សម្រាប់តែ​ផ្គត់ផ្គង់​ការកែច្នៃ​ក្នុងស្រុក ដែល​អាច​ត្រូវការ ៣០ រោងចក្រ​បន្ថែមទៀត ខណៈ​បច្ចុប្បន្ន​កម្ពុ​ជាមាន រោងចក្រ​ធុន​មធ្យម​ចំនួន ៧​។

 «​រោងចក្រ​ធុន​មធ្យម សំដៅ​ទៅលើ​សមត្ថភាព​ផលិត​កែច្នៃ​គ្រាប់​ឆៅ​ចន្លោះ​ពី ៧០០០ ​តោន ទៅ ១៥០០០​ តោន​។ បច្ចុប្បន្ន​កម្ពុ​ជាមាន​សិប្បកម្ម​កែច្នៃ​តូចៗ​លក្ខណៈ​គ្រួសារ​ចំនួន ៣៥ ដែល​គួរតែ​លើកទឹកចិត្ត និង​ជំ​រុញឱ្យ​ក្លាយជា​រោងចក្រ​ធុន​មធ្យម​»​។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​ពី​ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា។​

ការអំពាវនាវ​របស់​សមាគម​ស្វាយចន្ទី​នេះ គឺ​សមស្រប​នឹង​កាលៈទេសៈ ដែល​កំពុងតែ​កើតមាន​ក្នុងពេល​បច្ចុប្បន្ននេះ ជាពិសេស​ដើម្បី​ទប់​ទល់នឹង​ការធ្លាក់​ថ្លៃ​នៃ​ស្វាយចន្ទី​ក្នុងពេល​បច្ចុប្បន្ននេះ​។ នេះ​ជាការ​គាំទ្រ​របស់លោក ណុ​ក ប៊ុនថន ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា ប្រចាំខេត្ត​កំពង់ធំ​។​

លោក​បានបញ្ជាក់​ដូច្នេះ​ថា​៖«​ការធ្លាក់​ថ្លៃ​នេះ គឺ​ចាប់ពី​ ៥១០០ ​រៀល មក​នៅត្រឹម​ ៤៦០០​ រៀល ក្នុង ១​ គីឡូ ក្រាម​។ ដូច្នេះ​ខ្ញុំ​អាច​នឹង​លក់​ខ្លះ​ដើម្បី​ទូទាត់​ថ្លៃ​ចំណាយ និង​សល់​ប៉ុន្មាន​ហាល​ទុក សម្រាប់​លក់​នៅ​ប៉ុន្មាន​ខែ​ខាងមុខ ដែល​តម្លៃ​អាច​នឹង​ល្អប្រសើរ​ឡើងវិញ​»​។​

ចំណែក លោក តុ​ប វ៉ាន់ឌី ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា ប្រចាំខេត្ត​កំពង់ចាម បាន​ប្រាប់ឱ្យដឹង​ដែរ​ថា ទិន្នផល​ស្វាយចន្ទី នៅ​ខេត្តកំពង់ចាម​ឆ្នាំនេះ បាន​ធ្លាក់ចុះ​ខ្លាំង ពី ១​ហិកតា​ចន្លោះ​៣​ទៅ​៤​តោន មក​នៅសល់​ត្រឹម​ជាង​ ១​ តោន តែប៉ុណ្ណោះ​។​

ស្រប​ពេលដែល​តម្លៃ​មិនសូវ​ល្អ​ទៀត​នោះ ទាំង​លោក វ៉ាន់ឌី និង​កសិករ​ដាំ​ចន្ទី​មួយចំនួន​បានសម្រេច​ចិត្ត​កាប់​ចន្ទី​ចោល​ខ្លះ ហើយនឹង​យក​ដី​ទៅ​ដាំដំឡូង​មី​វិញ ព្រោះ​បាន​តម្លៃ​គ្រាន់បើ​ជាង​។​

​លោក​បាន​និយាយ​ដូច្នេះ​ថា​៖«​បើកឆាក​ឆ្នាំនេះ តម្លៃ​ចន្ទី​មិនសូវ​ល្អ​សោះ ស្រប​ពេលដែល​ទិន្នផល​ក៏​ធ្លាក់ចុះ​យ៉ាងគំហុក​ទៀត ដោយ​តម្លៃ​ជាង ៤០០០ ​រៀល​ក្នុង ១​ គីឡូក្រាម សម្រាប់​គ្រាប់​ឆៅ​។​ឆ្នាំនេះ​រាំងស្ងួត​ខ្លាំងពេក ធ្វើឱ្យ​ទិន្នផល និង​គុណភាព​ចន្ទី​ធ្លាក់ចុះ ទាំង​ខ្ញុំ​និង​កសិករ​ផ្សេងទៀត​ទប់ទល់​មិន​ចង់​រួច​»​។​

បើតាម​ប្រធាន​សមាគម​ស្វាយចន្ទី​កម្ពុជា ខាង​សមាគម នឹងធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​អាហ្វ្រិក​ខាងលិច​នា​ពាក់កណ្តាល​ ខែមីនា​នេះ ដើម្បី​ចូលរួម​ជាមួយ​បណ្តា​ប្រទេស​ផលិត​គ្រាប់​ចន្ទី​ឆៅ​។ សម្ព័ន្ធភាព​អ្នក​ដាំ​ចន្ទី​អាហ្វ្រិក នៅ​ទីក្រុង​អាក្រា ប្រទេស​ហ្គា​ណា បាន​ស្វាគមន៍​ចំពោះ​ទស្សនកិច្ច​នេះ ហើយ​រីករាយ​ចំពោះ​សហប្រតិបត្តិការ​លើ​ជំនួញ​ស្វាយចន្ទី​ខណៈ​ប្រធានបទ​មួយចំនួន ក៏​នឹងត្រូវ​លើកឡើង ក្នុងជំនួប​ក្រៅផ្លូវការ ស្តីពី​ការប្រែប្រួល​អាកាសធាតុ និង​ការថយចុះ​ផលិតកម្ម​ស្វាយចន្ទី​ផងដែរ​៕