ពិព័រណ៍​សិប្បកម្ម​ខ្មែរ ឆ្នាំ​២០២៤​ និង​រាត្រីសមោសរ សំពត់​ខ្មែរ ដែល​រៀបចំ​ដោយ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ដែល​បាន​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​១​ដល់ទី​៣ ខែមីនា មាន​អ្នកចូលរួម​ជាង​២០០០​នាក់ ខណៈដែល​ក្រសួង​លើកឡើងថា នេះ​ជា​ជោគជ័យ​ដ៏​ធំ​មួយ សម្រាប់​ការរៀបចំ​កម្មវិធី​នេះ ជា​លើក​ទី​១ ក្រោយ​វិបត្តិ​កូ​វីដ​១៩​។

​លោកស្រី ជ័យ ច័​ន្ធ​កិ​ត្យា អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​វប្បធម៌ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រាប់​ឱ្យ​ដឹ នៅ​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២៤​នេះ ថា ការរៀបចំ​ពិព័រណ៍​សិប្បកម្ម​ខ្មែរ ឆ្នាំ​២០២៤ រួម​ជាមួយនឹង​កម្មវិធី​រាត្រីសមោសរ​សំពត់​បត់​ខ្មែរ កាលពី​ចុង​សប្តាហ៍​មុននេះ គឺ​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង ខណៈដែល​អ្នកចូលរួម​មាន​ចំនួន​ច្រើន​លើសពី​ការរំពឹងទុក​។​

​លោកស្រី​បាន​បញ្ជាក់ថា​៖«​ការចូលរួម​របស់​ម​ហា​ជន​ក្នុង​ព្រឹត្តិការណ៍​នេះ គឺ​លើសពី​អ្វីដែល​យើង​រំពឹងទុក​។​នេះ​ក៏ដោយ​សារ​តែមាន​ការចូល​រួម​ជ្រោមជ្រែង​ពី​អ្នកពាក់ព័ន្ធ​រួមមាន ក្រុមការងារ​ពិព័រណ៍​,influencer, សិប្បករ និង​សិល្បករ ដែល​បាន​ចូលរួម​ផ្សព្វផ្សាយ​ក្នុង​កម្មវិធី​នេះ​»​។​


​លោកស្រី​ជ័យ ច័​ន្ធ​កិ​ត្យា បាន​បន្ថែមថា ដោយ​មើលឃើញ​ការគាំទ្រ​របស់​សាធារណជន និង​សិប្បករ ក្រុមការងារ​ពិព័រណ៍ មាន​គម្រោង​នឹង​ស្នើសុំ​ការឯកភាព​ពី​ថ្នាក់ដឹកនាំ​ក្រសួង​វប្បធម៌ ដើម្បី​រៀបចំ​ពិព័រណ៍​នេះ នាពេលខាងមុខ​ទៀត ដើម្បី​ជំរុញ​ការផ្សព្វផ្សាយ​ឱ្យបាន​ច្រើន​នូវ​មរតក​វប្បធម៌​ខ្មែរ​ទាំងអស់នេះ​។​

បើតាម​លោកស្រី អគ្គនាយករង ពិព័រណ៍​សិប្បកម្ម​ខ្មែរ ដែល​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ​បែបនេះ ដោយសារ​អម​ជាមួយនឹង​កម្មវិធី​សមោសរ សំពត់​បត់​ខ្មែរ​ផងដែរ ដែល​ញ៉ាំងឱ្យ​កម្មវិធី​កាន់តែ​មាន​ភាព​ទាក់ទាញ​។​
«​សិប្បករ​យើង បាន​លក់​ផលិតផល​ដោយ​ដៃ​របស់​ពួកគាត់​បាន​ច្រើន​នៅក្នុង​ពិព័រណ៍​នេះ ខណៈដែល​មហាជន បាន​ប្លែក​នូវ​ការ​ទស្សនា​និង​ជាវ​នូវ​វត្ថុ​សិប្បកម្ម​ដ៏​ស្រស់ស្អាត​យ៉ាងច្រើន ដោយបាន​ធ្វើឱ្យ​សិប្បករ​ខ្លះ​លក់បាន​ខ្ទង់​ម៉ឺន​ដុល្លារ​ក្នុង​រយៈពេល​៣​ថ្ងៃ​។​ពួកគាត់​ចង់ឱ្យ​យើង​រៀបចំ​បែបនេះ នៅពេល​បន្តបន្ទាប់ ហើយ​យើង​នឹង​ពិចារណា រៀបចំ​នាពេល​អនាគត​ដ៏​ឆាប់​ខាងមុខនេះ​»​។​នេះ​បើតាម​ការបញ្ជាក់​ពី​លោកស្រី ជ័យ ច័​ន្ធ​កិ​ត្យា​។​


​នៅក្នុង​កម្មវិធី «​រាត្រីសមោសរ​សំពត់​បត់​ខ្មែរ​» នៅ​សាលសន្និសីទ​ចតុម្មុខ កាលពី​ល្ងាច​ថ្ងៃទី​២ ខែមីនា លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រាប់ថា ការចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន និង​ការចូលរួម​របស់​អង្គការ សមាគម ផ្នែក​ឯកជន និង​សហគមន៍ ក្នុង​ភាពជា​ដៃគូ​រវាង​រដ្ឋ​និង​ឯកជន ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​ដើម្បី​សំដៅ​រួមគ្នា​លើកស្ទួយ​វិស័យ​សិល្បៈ​វប្បធម៌​ជាតិ​គឺជា​រឿង​សំខាន់​ដែល​មិនអាច​ខ្វះ​បាន ដោយ​ជំរុញ​លើកទឹកចិត្ត​ឱ្យមាន​ការបង្កើត​ផលិតផល​វប្បធម៌​ថ្មីៗ លើកកម្ពស់​ឧស្សាហកម្ម​វប្បធម៌​និង​ច្នៃប្រឌិត​។


​លោកស្រី​បាន​បញ្ជាក់ថា​៖«​វា​ក៏​ដើម្បី​ឆ្លើយតប​ទៅនឹង​ទីផ្សារ​ថ្មីៗ​ថែមទៀត និង​ទាញយក​ផល​កម្រៃ​មក​ទ្រទ្រង់​ជីវភាព​របស់​សិល្បករ សិប្បករ​យើង ក៏ដូចជា​ដើម្បី​រួមចំណែក​លើកកម្ពស់​តម្លៃ​សិល្បៈ​វប្បធម៌ និង​កិត្យានុភាព​ជាតិ ស្របតាម​ទិស​ស្លោក កម្ពុជា ព្រះរាជាណាចក្រ​នៃ​វប្បធម៌​»​។

 ជាមួយគ្នា​នោះដែរ លោកស្រី ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បាន​ថ្លែង​ដែរ​ថា កម្មវិធី «​រាត្រីសមោសរ​សំពត់​បត់​ខ្មែរ​» គឺជា​កម្មវិធី ដ៏​មាន​អត្ថន័យ និង​មាន​សារៈសំខាន់​បំផុត​ដល់​យុវជន យុវតី​ខ្មែរ​ជំនាន់​ក្រោយ ក្នុងការ​បង្កើន​ចំណេះដឹង ជាពិសេស​បាន​យល់​កាន់តែច្បាស់​ពី​ប្រវត្តិ ក៏ដូចជា​តម្លៃ​សម្លៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ ដែលជា​សម្លៀកបំពាក់​ដ៏​ថ្នៃ​ថ្នូរ និង​ចំណាស់​ជាងគេ​នៅលើ​ទឹកដី​សុវណ្ណ​ភូមិ​។​

លោកស្រី​បាន​លើកទឹកចិត្ត​ដល់​អ្នកសិល្បៈ​ច្នៃ​ម៉ូដ​សម្លៀកបំពាក់ យក​ចិត​ទុកដាក់​ទៅលើ​តម្លៃ​សម្លៀកបំពាក់ ដែល​ប្រើប្រាស់​ដោយ​កូន​ខ្មែរ ដោយ​កុំ​ច្នៃ​ម៉ូដ​លើសលប់​ពេក ដែល​អាច​មើលទៅ​មិន​សមរម្យ ប្រាសចាក​ពី​តម្លៃ​សម្លៀកបំពាក់​របស់​ខ្មែរ ដែលមាន​លក្ខណៈ​ចាស់ទុំ សុភាព និង​ថ្នៃ​ថ្នូរ ពិសេស​លោកស្រី​បាន​លើកទឹកចិត្ត​ឱ្យមាន​ការបង្កើត​កម្មវិធី​ដូចនេះ​ជា​រៀងរាល់ឆ្នាំ​។​

សូមជម្រាបថា កម្មវិធី​រាត្រីសមោសរ សំពត់​ខ្មែរ និង​ពិព័រណ៍​សិប្បកម្ម​ខ្មែរ រៀបចំឡើង​ស្របពេល ទិវា​វប្បធម៌​ជាតិ ៣​មីនា​។ នា​ឆ្នាំ​២០២៤​នេះ ទិវា​វប្បធម៌​ជាតិ ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​ក្រោម​ប្រធានបទ​«​យុវជន​ដើម្បី​វប្បធម៌​ជាតិ​» ហើយ​ទិវា​នេះ​ទៀតសោត ជា​ទិវា​ដ៏​មាន​សារ​:​សំខាន់​មួយ​របស់​ប្រជាជាតិ​កម្ពុជា ដើម្បី​រំឭក​ដល់​គុ​ណូ​ប​ការ​:​បុព្វបុរស​ខ្មែរ​គ្រប់​ជំនាន់ ដែល​បាន​លះបង់​ទាំង​កម្លាំងកាយ កម្លាំងចិត្ត បញ្ញា​ស្មារតី និង​អាយុជីវិត ក្នុងការ​បង្កើត ថែរក្សា និង​ការពារ​សម្បត្តិ​វប្បធម៌​ដ៏​សម្បូរបែប​និង​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បាន ហើយ​បាន​បន្សល់ទុក​មកដល់​កូនចៅ​ជំនាន់​ក្រោយ​៕