ភ្នំពេញៈទីភ្នាក់​ងារ​ជាតិ​មុខ​របរ​និង​ការ​ងារ​(NEA)នៃ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​សហ​ការ​ជាមួយ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​នីតិ​សាស្ត្រ​ និង​វិទ្យា​សាស្ត្រ​សេដ្ឋ​កិច្ច​ (RULE) នឹង​រៀបចំ​វេទិកា​ការ​ងារ ​ដោយ​នាំ​យក​ឱកាស​ការ​ងារ​ជាង ​២ ៥០០​ កន្លែង ​សម្រាប់​ផ្តល់​ជូន​សិស្ស​ និស្សិត ​និង​អ្នក​ស្វែង​រក​ការ​ងារ​។​


​ការ​រៀប​ចំ​វេទិកា​ការងារ​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃទី​ ៦​ ខែមីនា​ ខាង​មុខ​ ក្នុង​ទីតាំង​សា​កល​វិទ្យា​ល័យ​ភូមិន្ទ​នីតិ​សាស្ត្រ និង​វិទ្យា​សាស្ត្រ​សេដ្ឋ​កិច្ច​ ខណៈ​វេទិកា​នេះ​នឹង​មាន​រៀបចំ​សិក្ខា​សាលា​ចែក​រំលែក​ចំណេះ​ដឹងនិង​បទ​ពិសោធន៍​ស្តីពី​ការ​ត្រៀម​ខ្លួន​ចូល​ទីផ្សារ​ការងារ​ ក៏ដូច​ជា​ការ​នាំយក​ក្រុម​ហ៊ុន​ធំៗ​ចំនួន​២២​ស្ថា​ប័ន ​ជា​មួយ​នឹង​ឱកាស​ការ​ងារ​ចំនួន​ ២​ ៥២៥​ កន្លែង សម្រាប់​ផ្តល់​ជូន​សិស្ស​ និស្សិត​ និង​អ្នក​ស្វែង​រក​កា​រងារ​។​

​យុវ​ជន​ សិស្ស​-​និស្សិត​ ដែល​កំពុង​ស្វែង​រក​ការងារ​ឬ​ចង់​ផ្លាស់​ប្តូរ​ការ​ងារ​សូម​ត្រៀម​ប្រវត្តិ​រូប (CV)​ ដើម្បី​ដាក់​ពាក្យ ​និង​សម្ភាសការងារ​ភ្លាមៗ​ជា​មួយ​តំណាង​ក្រុម​ហ៊ុន​ទាំង​ ២២ ​ហើយ​ជា​ពិសេស​យុវជន​ ក៏​អាច​ចូល​រួម​ក្នុង​សិក្ខា​សាលា ​ដែល​នឹង​មាន​ការ​ចូល​រួម​ចែក​រំលែក​ចំណេះ​ដឹង ​និង​បទ​ពិសោធន៍​ល្អៗ​ពី​សំណាក់​វាគ្មិន​ជំនាញៗ​ ពី​សារៈ​សំខាន់​នៃ​ការ​ត្រៀម​ខ្លួន​ចូល​ទីផ្សារ​ការ​ងារ​ ក៏ដូច​ជា​ការត្រៀម​ខ្លួន​ដាក់​ពាក្យ​ស្វែងរក​ការ​ងារ​ផង​ដែរ​។ នេះ​បើ​យោង​តាម​ហ្វេស​ប៊ុក​របស់​ទីភ្នាក់​ងារ​ជាតិ​មុខ​របរ និង​ការ​ងារ (NEA)​។​


​លោក​ស្រី ​វង វណ្ណា​រី មន្ត្រី​ជ្រើស​រើស​បុគ្គ​លិក​ជាន់​ខ្ពស់​នៃ​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ AMK បាន​ថ្លែង​ថា វេទិកា​ការ​ងារ​តាម​សា​កល​វិទ្យា​ល័យ ​គឺជា​យុទ្ធ​សាស្ត្រ​មួយ​ទៀត​របស់​ NEA ក្នុង​ការ​នាំ​យក​ឱកាស​ការ​ងារ​ទៅ​កាន់​និស្សិត​ដែល​កំពុង​សិក្សា​ហើយ​ពុំមាន​ពេល​គ្រប់​គ្រាន់​ដើម្បី​ស្វែង​រក​ការ​ងារ​ធ្វើ​។​

​លោ​កស្រី​ថ្លែង​បញ្ជាក់​ថា​៖ «​នាង​ខ្ញុំ​ពិត​ជា​សរសើរ ​NEA ណាស់ ដែល​បាន​រក​គ្រប់​វិធី​សាស្ត្រ​ជាច្រើន​សំដៅ​ជួយ​ដល់​និស្សិត​ឱ្យ​បាន​ស្គាល់​ពី​ក្រុម​ហ៊ុន ​ពិសេស​បាន​ដឹង​ពី​ព័ត៌​មាន​ទីផ្សារ​ការ​ងារ​»​។

​ចំណែក​លោក ​រ៉េត សា​គា ប្រធាន​ផ្នែក​ជ្រើស​រើស​បុគ្គ​លិក​និង​ផ្សព្វ​ផ្សាយ​នៃ​ក្រុម​ហ៊ុន​ធនា​គារ​ឯ​កទេ​ស​អ៊ី​អន (​ខេ​ម​បូ​ឌា​) ភីអិល​ស៊ីបា​នលើកឡើ​ង​ដែរ​ថា ​ធនាគា​រពិត​ជា​មាន​អារ​ម្ម​ណ៍សប្បាយ​រីករាយ​ដែល​បាន​សហ​កា​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​NEAក្នុង​កម្មវិធី​វេទិកា​ការ​ងារ​ផ្សេងៗ​និង​នៅ​តាម​សា​កល​វិទ្យា​ល័យ​និង​វិទ្យា​ស្ថាន​ផ្សេងៗ​ផង​ដែរ​។ 


​លោក​បាន​បន្ថែម​ថា​៖ «​ខ្ញុំ​មើល​ឃើញថា ​វេទិកា​ការងារ​តាម​បណ្តា​គ្រឹះ​ស្ថាន​អប់រំ​នានា​គឺជា​របត់​ថ្មី​មួយ​ក្នុង​ការ​នាំ​យក​ឱកាស​ការងារ​ដល់​កន្លែង​សម្រាប់​សិស្ស​ និស្សិត ​ពិសេស​សកម្ម​ភាព​ការងារ​ដែល​សម្រប​សម្រួល​ដោយ​NEA គឺ​មាន​លទ្ធ​ផល​ល្អ និង​ការ​សហ​ការ​យ៉ាង​កក់​ក្តៅ​ផង​ដែរ​ពី​គ្រប់​ភាគី​ ទាំង​វិស័យ​រដ្ឋ​ និង​ឯក​ជន​»៕