ព្រះសីហនុៈ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានប្រកាសពីការប្តេជ្ញាចិត្ត និងខិតខំចាត់វិធានការ យ៉ាងម៉ឺងម៉ាត់ទៅលើអ្នកដែលរក្សាទុក និងទិញលក់ អាវុធខុសច្បាប់ ដើម្បីសុវត្ថិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្ត។
លោក គួច ចំរើន បានប្រកាសបែបនេះតាមរយៈការបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី៤ ខែមីនា ក្រោយពេលដែលសមត្ថកិច្ចខេត្តព្រះសីហនុ បានឃាត់ខ្លួនមនុស្សចំនួន៣នាក់ ពាក់ព័ន្ធនឹងករណីរក្សាទុក និងទិញលក់អាវុធ ២ដើម។
លោក គួច ចំរើន បានសង្កត់ធ្ងន់ថា ៖«សូមអ្នកលក់អាវុធត្រៀមខ្លួនទទួលទោស។ យើងខ្ញុំប្ដេជ្ញា ព្យាយាម ខិតខំ ចាត់វិធានការលើជនណាដែលប្រព្រឹត្តខុសច្បាប់កម្ពុជា ដើម្បីសន្តិសុខ សុវត្ថិភាពរបស់ប្រទេសយើង»។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានប្រាប់ឱ្យដឹងថា ទាំងជនសង្ស័យ៣នាក់ និងអាវុធ២ដើមដែលចាប់ និងរឹបអូសបាននោះបច្ចុប្បន្នកំពុងស្ថិតនៅក្នុងដៃនិងនីតិវិធីសមត្ថកិច្ចខេត្ត ហើយចំពោះការស្រាវជ្រាវស៊ើបអង្កេតស្វែងរកអ្នកពាក់ព័ន្ធបែបណានោះ ស្ថិតនៅលើដែនសមត្ថកិច្ចជំនាញ ដោយលោកស្នើសុំមិនធ្វើអត្ថាធិប្បាយនោះទេ។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ បានថ្លែងថា នៅកម្ពុជា ការគ្រប់គ្រង និងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធជាតិផ្ទុះ នៅមានភាពចន្លោះប្រហោង ដែលទាមទារឱ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀត។
លោកបន្ថែមថា កន្លងមក លោកសង្កេតឃើញថា មានការការជួញដូរអាវុធ និងប្រើប្រាស់អាវុធខុសច្បាប់ជាច្រើនករណីដែលត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាបជាហូរហែ ព្រោះបញ្ហាការប្រើប្រាស់អាវុធនេះ បង្កឱ្យមានការគំរាមកំហែងសុវត្ថិភាពដល់ពលរដ្ឋ និងសង្គមជាតិ។
លោក អំ សំអាត បញ្ជាក់ថា៖«យើងមានច្បាប់សម្រាប់គ្រប់គ្រងអាវុធមែន ប៉ុន្តែការអនុវត្តច្បាប់ វាហាក់ដូចជានៅមានចំណុចខ្វះចន្លោះនៅឡើយ ដែលធ្វើឱ្យជនបរទេសមានអាវុធប្រើប្រាស់ ហើយប្រព្រឹត្តបទល្មើសផ្សេងៗ»។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃទី៤ ខែមីនា បានប្រាប់ថា ក្រសួងមហាផ្ទៃ គឺជាអ្នករៀបចំគោលនយោបាយសន្តិសុខ ដាក់ជូនទៅអគ្គស្នងការដ្ឋាននគរបាលជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ និងស្នងការដ្ឋានរាជធានីខេត្ត ជាអ្នកអនុវត្ត។ ដើម្បីកិច្ចការងារនេះមានប្រសិទ្ធភាព គឺត្រូវបានផ្សារភ្ជាប់ទៅនឹងយុទ្ធនាការពិនិត្យជាតិអាល់កុលនៅពេលយប់និងគ្រឿងញៀន។
លោកបានប្រាប់ថា៖«យើងឃើញថា យុទ្ធនាការនេះ មានប្រសិទ្ធភាពយើងនឹងបន្តធ្វើជាបន្តបន្ទាប់ទៀត។ ជាមួយគ្នានេះ សមត្ថកិច្ចជំនាញ ក៏នឹងគ្រប់គ្រងសន្តិសុខជាទូទៅដើម្បីអង្កេតត្រួតពិនិត្យ និងច្បាមយកនូវមុខសញ្ញា ដើម្បីឈានដល់ការបង្ក្រាបឱ្យទាន់ពេលវេលា ជាពិសេសអនុវត្តយ៉ាងម៉ឺងម៉ាត់លើការប្រើប្រាស់អាវុធខុសច្បាប់មិនថា ជនជាតិណាមួយនោះទេ»។
បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃដដែល កាលពីពេលថ្មីៗកន្លងទៅនេះ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានដាក់ចេញនូវគោលការណ៍ទៅដល់មន្ត្រីចំណុះឱ្យក្រសួង ដែលមានអាវុធ ហើយប្រគល់ទៅឱ្យអ្នកដទៃខ្ចីប្រើប្រាស់(ទាំងអាវុធ និងលិខិតប្រើប្រាស់អាវុធ) នឹងត្រូវបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីរាជការ ដែលជាការសម្អាតក្នុងចំណោមមន្ត្រីរបស់ក្រសួងផងដែរ៕