​ភ្នំពេញៈ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជាបាន​ថ្លែងថា រាជរដ្ឋាភិបាល​បាន​ត្រៀម​ថវិកា​ប្រមាណ​ ​១០០ ​លាន​ដុល្លារ សម្រាប់​ការអនុវត្ត​គោលនយោបាយ​អាទិភាព​ទី​១ ​ក្នុង​គោលដៅ​គ្របដណ្តប់​ទៅលើ​ប្រជា​​ជន​ប្រមាណ​ ៩ ​លាន​នាក់ ​ឱ្យទទួល​បាន​សេវា​ថែទាំ​សុខភាព​គ្រប់ៗ​គ្នា​។​


លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បានលើកឡើង​បែបនេះ ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​ប្រជា​​សហគមន៍​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់ នៅ​ទីក្រុង​មែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី កាលពី​រសៀល​ថ្ងៃទី ​៣ ខែមីនា ឆ្នាំ​ ២០២៤​។​

​លោក​បានលើកឡើង​ពី​គោលនយោបាយ​អាទិភាព​ទាំង​ ៦ ​របស់​រាជរដ្ឋាភិបាល ដោយ​ក្នុងនោះ​គោលនយោបាយ​អាទិភាព​ទី​១ គឺ​ពង្រីក​សេវា​ថែទាំ​សុខ​​ភាព​ឆ្ពោះទៅរក​ការ​គ្របដណ្តប់​សុខភាព​​ជាស​កល ពោលគឺ នៅពេល​មាន​ជំងឺ មន្ត្រីរាជការ​ស៊ីវិល កម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ ជាពិសេស​ពលរដ្ឋ​ក្រីក្រ​និង​ងាយ​រងគ្រោះ​ត្រូវ​ទទួលបាន​សេវា​ថែទាំ​សុខភាព​គ្រប់ៗ​គ្នា​។​


​លោក​បាន​ថ្លែងថា​៖ «​គោ​លន​យោ​​បាយ​អាទិភាព​ទី​១ ​របស់​រាជរដ្ឋាភិបាល​នេះ ប្រៀប​បីដូច​ជា​គម្រោង​ Social Security program ដែល​គេ​បាន​អនុវត្ត​នៅតាម​បណ្តា​ប្រទេស​អភិវឌ្ឍន៍​មួយចំនួន​ដូចជា​អាមេរិក​ជាដើម ហើយ​រដ្ឋ​ត្រៀម​ថវិកា​ប្រមាណ​ ១០០​ លាន​ដុល្លារ​ សម្រាប់​អនុវត្ត​គម្រោង​នេះ​»​។​

​លោក​ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ទៀតថា​៖«Social Security ផ្អែកទៅលើ​រូបមន្ត​ ២ ទី​១ គឺ​រដ្ឋ​ចេញ ​១០០​ ភាគរយ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ក្រីក្រ​លំបាក​បំផុត ឥឡូវ​យើង​មាន​រៀបចំ​ជា​មូលនិធិ​សមធម៌​ដែល​ហៅថា បណ្ណ​ក្រីក្រ​សុខាភិបាល​ដោយបាន​ផ្តល់​ដល់​ ៤៩ ​ម៉ឺន​គ្រួសារ ស្មើនឹង​ប្រជាជន​ ១,៨​ លាន​នាក់​ ហើយ​ដែល​បាន​ទទួលផល​ពីនេះ​។ រូបមន្ត​ ១ ​ទៀត​ គឺ​តាមរយៈ​បេឡា​សន្តិសុខ​សង្គម​គឺ​ត្រូវ​បង់​ភាគទាន​។ ភាគ​​ទាន​មានន័យថា រដ្ឋ​ជួយ​ចេញ​ខ្លះ​»​។​


​លោក​បាន​បន្តថា រដ្ឋ​បានចេញ​រូប​មន្ត​ថ្មី​មួយទៀត សម្រាប់​អ្នកជា​បុគ្គល​ស្វ័យ​និ​យោជន៍​មានន័យថា អ្នក​ប្រកប​​មុខរបរ​អាជីព​ដោយ​ខ្លួនឯង ដោយ​បង់​តែ ១៥ ៦០០​ រៀល ក្នុង​ ១ ​ខែ ខណៈដែល​នៅ​អូស្ត្រាលី​អាច​នឹង​បង់​ច្រើនជាង​នេះ​។​

​លោក ​ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា​៖ «​គិត​មកដល់​ថ្ងៃទី​ ២៩ ខែកុម្ភៈ ប​.​ស​.​ស មាន​សមាជិក​ជា​មន្ត្រីរាជការ​ជាង​ ៤៦​ ម៉ឺន​នាក់ និង​កម្មករនិយោជិត ​១,៥ ​លាន​នាក់​។ ដូច្នេះ​សរុប​មាន​ខ្ទង់​ជាង​ ២ ​លាន​នាក់​ទៅហើយ ដែលមាន​កម្មវិធី​ប​.​ស​.​ស​។ ដោយឡែក​ការចុះ​ឈ្មោះ​ដោយ​ស្ម័គ្រចិត្ត​របស់​បុគ្គល​ស្វ័យ​និ​យោជន៍​មាន​ ១៣២ ០០០ ​នាក់​។ ​នេះ​ជា​ជម្រើស​មូលដ្ឋាន ហើយ​ថ្ងៃ​ក្រោយ​មាន​ជម្រើស​កាន់តែ​ល្អប្រសើរ​ជាងនេះទៀត​»​។​

«​ចង់​បញ្ជាក់ថា ៩​ លាន​នាក់ ដែល​យើង​ចង់បាន​នេះ​គឺ​គាត់​លែង​ភ័យព្រួយ​នៅពេល​ឈឺ​ថ្កាត់ ដោយ​រដ្ឋ​មានកម្ម​វិធី​ជួយ​បង់ ដែល​នេះ​ជា​កម្មវិធី​អនុវត្ត​ដើម្បី​ពលរដ្ឋ​យើង​មាន​សុខភាព​ល្អ​។ នេះ​ជា​កិច្ច​ការដែល​យើង​ដាក់ចេញ​»​។ លោក ហ៊ុន ម៉ា​ណែ​ត បញ្ជាក់បន្ថែម​។​

​លោក ​កុយ វ៉ាន់​នី អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បានឱ្យដឹង​នៅ​ថ្ងៃទី​ ៤ ខែមីនា​ថា ជាការ​ពិតណាស់ គោលនយោបាយ​អាទិភាព​ទី​១ ​នេះ វា​មាន​សារៈសំខាន់ និង​ចាំបាច់​សម្រាប់​ក្រសួងសុខាភិបាល​។​

​លោក​បាន​បញ្ជាក់ថា​៖ «​វា​សំខាន់ និង​ចាំបាច់​ណាស់​សម្រាប់​ប្រព័ន្ធ​សុខាភិបាល​របស់​យើង ដើម្បី​ឈានទៅដល់​ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព ទាក់ទង​នឹង​ការពង្រីក និង​សម្រួល​ដល់​ការទទួលបាន​ការថែទាំ​សុខភាព​សម្រាប់​មនុស្ស​គ្រប់គ្នា ឆ្លើយ​តប​ទៅនឹង UHC (Universal Health Coverage) ​ដែលជា​គោលដៅ​ចុង​ក្រោយ​នៃ​ការធានារ៉ាប់រង​សុខភាព​ជាស​កល​»​។​

​ជាមួយគ្នានេះដែរ លោក នុត សម្បត្តិ ​អ្នកជំនាញ​ផ្នែក​សុខាភិបាល និង​សុខុមាលភាព​សង្គម នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បាន​ថ្លែង​ដែរ​ថា ការត្រៀម​ថវិកា​ប្រមាណ​ ១០០ ​លាន​ដុល្លារ សម្រាប់​ការ​អនុវត្ត​គោលនយោបាយ​អាទិភាព​ទី១ ​នេះ គឺជា​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​រាជ​​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ពង្រឹង​វិស័យ​សុខុមាលភាព​សង្គម​។​

​លោក​បាន​ថ្លែងថា​៖ «​កម្មវិធី​គោលនយោបាយ​អាទិភាព​របស់​រាជ​រដ្ឋា​ភិ​បាល​នេះ​គឺជា​កម្មវិធី​ដ៏​ល្អ​មួយ ខណៈដែល​យើង​មាន​ធនធានមនុស្ស និង​ធនធាន​បញ្ញា​ស្រាប់​។ យ៉ាងណាមិញ​បើ​មាន​ទាំង​ ២ ​នេះហើយ តែ​យើង​គ្មាន​ថវិកា​សម្រាប់​ទ្រទ្រង់​យើង​ក៏​មិនអាច​សម្រេច​ជោគជ័យ​បានដែរ ព្រោះថា​ថវិកា​ជា​កត្តា​ជំរុញឱ្យមាន​ធនធាន​បច្ចេកទេស​»៕