​ត្បូងឃ្មុំៈ លោក ​ខ្វៃ អាទិ​ត្យា មន្ត្រី​នាំពាក្យ​របស់​ក្រសួង​​បរិស្ថាន​បានឱ្យដឹងថា ប្រជា​​ពលរដ្ឋ​ក្មេង​ចាស់​ជាច្រើន​នាក់​បាន​មកលេង​កម្សាន្ត​ក្នុង​ថ្ងៃ​សម្រាក​ចុង​សប្តាហ៍ នៅក្នុង​តំបន់​ឧទ្យាន​ទន្លេ​ស្ងួត ក្នុងភូមិ​ថ្នល់កែង ឃុំ​ព្រះ​ធាតុ ស្រុក​​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ បន្ទាប់ពី​ក្រសួងបរិស្ថាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​កាលពី​ថ្ងៃទី​​ ១ ខែ​មីនា ឆ្នាំ ២០២៤​។​

​លោក​បានឱ្យដឹង​នៅ​ថ្ងៃទី​ ៤ ខែមីនា​ថា​៖ «​យោងតាម​មន្ត្រីរដ្ឋបាល​ស្រុក​អូររាំងឪ​នៅ​ថ្ងៃអាទិត្យ ទី​ ៣ ខែមីនា​ មាន​ប្រជាពលរដ្ឋ​ភាគច្រើន​ជា​កុមារ​ចំនួន​ប្រមាណ​ ១ ​ម៉ឺន​នាក់ ​បានមក​ជិះ​ទោង​កម្សាន្ត និង​លេង​ក្នុង​តំបន់​ឧទ្យាន​ទន្លេ​ស្ងួត​ដែល​ទើបតែ​បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ ដោយ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​រាជ​​រដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ និង​លោក​​ស្រី​ កាលពី​ថ្ងៃទី ​១​ មីនា កន្លងទៅ​»​។​

​លោក​បានលើកឡើង​ដែរ​ថា តំបន់​ជិះ​ទោង​កម្សាន្ត​នេះ ជា​សមិទ្ធផល​ថ្មី​មួយ​បន្ថែមទៀត បន្ទាប់ពី​ការរៀបចំ​តំបន់​ទេស​​ភាព ការដាំ​ផ្កាស្បៃរឿង ​១ ​លាន​គុម្ព​ ដែល​មិន​ត្រឹម​ជា​កន្លែង​កម្សាន្ត​សម្រាប់​កុមារ និង​ប្រជា​សហគមន៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅពេល​អនាគត គម្រោង​អភិ​វឌ្ឍន៍​ឧទ្យាន​ទន្លេ​ស្ងួត​នឹង​ជួយ​តំបន់​ទន្លេ​ស្ងួត​ដែល​ពីមុន​មាន​ភាពស្ងប់ស្ងាត់​ឱ្យ​ក្លាយជា​កន្លែង​ទាក់ទាញ​ទេសចរ​ជាតិ​-​អន្តរជាតិ ។​


​លោក​ ខ្វៃ អាទិ​ត្យា បាន​ថ្លែងថា​៖ «​ក្រោម​គំនិត​ផ្តួច​ផ្តើម និង​ដឹកនាំ​រៀបចំ​របស់​ឯក​ឧ​ត្ត​ម​បណ្ឌិត អ៊ាង សុផល្លែត តំបន់​ទន្លេ​ស្ងួត ដែលមាន​ផ្ទៃ​​ដី ​១៤ ​ហិកតា នឹង​រៀបចំ​បង្កើតឱ្យមាន​កន្លែង​កម្សាន្ត បែប​ធម្មជាតិ​ជាច្រើន និង​ជា​ដំណាក់កាលៗ​»​។​

​បើតាម​អ្នកនាំពាក្យ​ដដែល កន្លែង​កម្សាន្ត​នេះ​មានដូចជា កន្លែង​ជិះ​ទោង​កម្សាន្ត កន្លែង​លេង​កីឡា ​(​បាល់ទះ និង​បាល់ទាត់​) កន្លែង​ធម្មជាតិ តំបន់ វប្បធម៌ ប្រវត្តិសាស្ត្រ ព្រៃឈើ ទស្សនា​ទេសភាព កន្លែង​ស្ទូចត្រី កន្លែង​ចិញ្ចឹម​ត្រី និង​ប្រព័ន្ធធារាសាស្ត្រ ផងដែរ​។​


​លោក​ អ៊ាង សុផល្លែត រដ្ឋមន្ត្រី​​ក្រសួងបរិស្ថាន​បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ឱ្យប្រើ​ប្រាស់​តំបន់​ឧទ្យាន​ទន្លេ​ស្ងួត​នេះ​កាលពី​ថ្ងៃទី​ ១ ខែមីនា ដោយ​លោក​បាន​ថ្លែង អំណរគុណ​ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ និង​ប្រជាពលរដ្ឋ​ដែល​បាន​សម្របសម្រួល​ដល់​ក្រុមការងារ​ជំនាញ និង​សប្បុរស​ជន​នៃ​ប្រទេស​កាណាដា​ក្នុងការ​សម្រេចបាន​លទ្ធ​ផល​ជោគជ័យ​លេចចេញ​ជា​រូបរាង​ឡើង​នូវ​តំបន់​ឧទ្យាន​ទន្លេ​ស្ងួត​នេះ​សម្រាប់​ពលរដ្ឋ​កម្សាន្ត​។​

​បើតាម​លោក ខ្វៃ អាទិ​ត្យា នៅក្នុង​រដូវ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ក្នុង​ខែមេសា ឆ្នាំ​ ២០២៤ ខាងមុខ ក្រុម​ការងារ​រាជរដ្ឋាភិបាល សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​នឹង​រៀបចំ​ជា​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី និង​ដើម្បី​ផ្តល់​ភាពសប្បាយ​រីក​រាយ​ដល់​ប្រជាពលរដ្ឋ​មកពី​គ្រប់​ទិស​ទី​នៅ​តំបន់​ទន្លេ​ស្ងួត​ដែលជា​ទីតាំង​ប្រវត្តិសាស្ត្រ​ដ៏​ចំណាស់ ស្ថិតនៅ​ក្បែរ​តំបន់​ប្រាសាទបុរាណ វត្ត​ព្រះ​ធាតុ​បា​​ស្រី ទីទួល​បុរាណ និង​កន្លែង​សក្ការ​​បូជា​ជាច្រើន​ផ្សេងទៀត​។​

​ជាមួយគ្នានេះ លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​​ប៉ាស៊ីហ្វិក បាន​ស្វាគមន៍​ចំពោះ​ការ​បង្កើតឱ្យមាន​ផលិតផល​ទេសចរណ៍​ថ្មី ទោះជា​នៅ​តំបន់​ណាក៏ដោយ សម្រាប់​តម្រូវការ​ពល​រដ្ឋ​នៅ​មូលដ្ឋាន និង​អ្នកទេសចរ​។​

​លោក​បាន​បន្តថា នៅពេល​មាន​ទីតាំង​ផលិតផល​ទេសចរណ៍​ថ្មីៗ ប្រា​កដ​ណាស់​ផ្តល់​ចំណូល និង​សេដ្ឋកិច្ច​ដល់​ពលរដ្ឋ​នៅក្នុង​សហគមន៍​នោះ​។ សូម​រំឭក​ដែរ​ថា កាលពី​ឆ្នាំមុន លោក អ៊ាង សុផល្លែត បានរៀបចំ​ដាំ​ផ្កាស្បៃរឿង​ចំនួន​ ១​ លាន​ដើម ដុះ​រីក​ស្គុស​​ស្គាយ​លឿងទុំ ស្វាគមន៍​ទេវតា​ឆ្នាំ​ថ្មី និង​ភ្ញៀវទេសចរ​មកពី​គ្រប់ទិសទី​ចូល​ទស្សនា និង​លម្ហែ​កម្សាន្ត​នៅក្នុង​ឱកាស​ថ្ងៃ​ឈប់សម្រាក និង​ពិធីបុណ្យ​ផ្សេងៗ​នៅ​ទីតាំង​ទន្លេ​ស្ងួត​។​

​បន្ទាប់មកទៀត លោក​បានឱ្យ​ដាំ​ដើម​ព្រីង និង​ឫស្សី​ផ្អែម​ដើម្បី​ផ្តល់​ជា​ម្លប់ និង​បង្កើន​ភាព​បៃតង​រយៈពេល​វែង ជាពិសេស​ផ្តល់​ជា​ផល សម្រាប់​ប្រជាជន​នៅ​តំបន់​នេះ​អាចដកហូត​ធ្វើ​ម្ហូបអាហារ​ពិសា​ហើយ​អាចដកហូត​យកទៅ​ធ្វើ​សម្ភារ​ប្រើប្រាស់​ផ្សេងៗ​នៅពេល​ខាងមុខ​។ មិនតែប៉ុណ្ណោះ លោក អ៊ាង សុផល្លែត ក៏បាន​ដំឡើង​អំពូល​សូ​ឡា​ជាង​ ១០០​ បង្គោល ​នៅ​ជុំវិញ​តំបន់​ទន្លេ​ស្ងួត​សម្រាប់​បំភ្លឺ​នៅពេល​យប់​ទៀតផង​៕