​ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បានស្នើ​ដល់​អ្នកវិនិយោគ ដែល​បាន​បណ្តាក់ទុន ​ឬ​មានបំណង​វិនិយោគ​លើ​វិស័យ​ល្បែងស៊ីសង​នៅ​កម្ពុជា មេត្តា​យោគយល់ ដោយសារ​កម្ពុជា​មិន​ចង់ឱ្យមាន​ការវិនិយោគ​បែបនេះ​ទេ ព្រោះ​វា​មិនមាន​ផលចំណេញ​ទៅដល់​ប្រជាពលរដ្ឋ តែ​នាំ​ផលវិបាក​សម្រាប់​សង្គម​កម្ពុជា​ទៅវិញ​។​


​លោក​ ហ៊ុន ម៉ា​ណែ​ត បានលើកឡើង​បែបនេះ​ក្នុងឱកាស​លោក​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ និង​និស្សិត សហគមន៍​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី និង​នូ​វែ​ល​សេ​​ឡង់ នាទី​ក្រុង​មែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី កាលពី​រសៀល​ថ្ងៃទី ​៣ ខែមីនា​។

លោក​ថ្លែងថា​៖ «​រឿង​ល្បែង ខ្ញុំ​បាន​បញ្ជា​ឱ្យ​ផ្អាក​ចេញ​អាជ្ញាប័ណ្ណ ហើយ​កំពុង​ពិនិត្យមើល ដើម្បី​កាត់បន្ថយ ឬ​លុប​អាជ្ញាប័ណ្ណ​វា​អត់​ចំណេញ​ទេ គោលដៅ​របស់​យើង គឺ​ត្រូវ​ពង្រាយ​រោងចក្រ ពង្រាយ​ការងារ បង្កើត​ចំណូល​ទៅដល់​ប្រជាពលរដ្ឋ អត់​មាន​ទៅ​ពង្រីក​ទីតាំង​ល្បែង​ទេ ទោះជា​ស្របច្បាប់​ក៏ដោយ​លុបចោល​ទៅ​វា​អត់​ចំណេញ​ទេ​»​។​


​ជាមួយគ្នានេះ លោកនាយក​រដ្ឋមន្ត្រី ក៏បាន​ឱ្យ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ពិនិត្យ​លទ្ធភាព​ទៅលើ​គោលនយោបាយ​ពាក់ព័ន្ធ​នឹង​ការចេញ​អាជ្ញាប័ណ្ណ​ល្បែង​ពាណិជ្ជកម្ម ដើម្បី​ឈានដល់​ការសម្រេច​បិទ​រួចហើយ​ចាប់ផ្តើម​ពង្រាយ​រោងចក្រ​វិញ​។

លោក​មានប្រសាសន៍ថា​៖ «​ដូច​ខ្ញុំ​និយាយ​អ៊ីចឹង ត្រូវការ​ពង្រាយ​រោងចក្រ ត្រូវ​ការពង្រាយ​ការងារ ត្រូវការ​ពង្រាយ​អាជីវកម្ម ដែល​យកលុយ​ចូល​ហោប៉ៅ​ប្រជាជន​។ កុំ​យក​អី​ដូចជា​ល្បែង​នេះ ទៅឱ្យ​ប្រជាជន វា​អត់​ចំណេញ​ទេ ធ្វើឱ្យ​លំបាក វា​ផ្ទុយទៅនឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​»​។​


​ជុំវិញ​ការលើកឡើង​របស់លោក​ ហ៊ុន ម៉ា​ណែ​ត​ នេះ លោក ​ជ័យ តិច អ្នកសិក្សា​ស្រាវ​ជ្រាវ​សេដ្ឋកិច្ច និង​សង្គម នៅ​ថ្ងៃទី​ ៤ ខែមីនា បាន​ថ្លែង​គាំទ្រ​ចំពោះ​ការហាម​ប្រាម​មិនឱ្យ​មាន​ល្បែងស៊ីសង​នៅក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ការបើក​កាស៊ីណូ​ដែលមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ គួរតែ​បន្ត​។

លោក​ ជ័យ តិច បញ្ជាក់ថា​៖ «​ការបិទ​ល្បែង​ឡូតូ កន្ទុយលេខ និង​ហាម​ប្រាម​ពលរដ្ឋ​មិនឱ្យ​ចូល​លេង​នៅក្នុង​កាស៊ីណូ គឺជា​រឿង​ល្អ តែបើ​ការបើក​កាស៊ីណូ ដែលមាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ រាជរដ្ឋាភិបាល​គួរតែ​បន្ត ដើម្បី​រួមចំណែក​ដល់​ការលើកស្ទួយ​ដល់​ការ​​ងារ ទេសចរណ៍ និង​សេដ្ឋកិ្ច​របស់​កម្ពុជា​ផងដែរ ប៉ុន្តែ​ត្រូវធ្វើឡើង​ស្របទៅតាម​ច្បាប់​របស់​ក​ម្ពុ​ជា​»​។​

​ជាមួយគ្នា​នោះ លោក​ក៏បាន​លើកឡើង​ផងដែរ​ថា ទោះបីជា​កន្លងមក​មាន​ការហាម​​ប្រាម​ពលរដ្ឋ​ចូល​លេងល្បែង​នៅក្នុង​កាស៊ីណូ និង​ឆ្នោត​មួយចំនួន​ក្តី ប៉ុន្តែ​ការចូលរួម​លេង​លួចលាក់​ពី​សំណាក់​ពលរដ្ឋ​នៅតែមាន​។ ដូច្នេះ គួរតែ​អនុវត្ត​ច្បាប់​ឱ្យបាន​តឹង​រុ​ឹ​ង និង​ហ្មត់ចត់​ព្រោះ​បញ្ហា​ល្បែងស៊ីសង​ខុសច្បាប់​នេះ ធ្វើឱ្យមាន​ចោរកម្ម​នៅក្នុង​សង្គម ជម្លោះ​គ្រួសារ និង​មាន​ភាព​អសកម្ម​ផ្សេងៗ​នៅក្នុង​សង្គម​កម្ពុជា​។​

​លោក ទូច សុ​ខៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ បានឱ្យដឹង​នៅ​ថ្ងៃទី​ ៤ ខែមីនា​ថា គិតពី​ថ្ងៃទី ១ ខែមករា ដល់​ថ្ងៃទី​ ៣ ខែមីនា ឆ្នាំ ​២០២៤​ សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​បាន​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ បាន​ចំនួន ​៣០០​ ទីតាំង លើ​ ១៩​ រាជធានី​-ខេត្ត​ ដោយ​ឃាត់ខ្លួន​មនុស្ស​សរុប​បាន​ចំនួន​ ៤៩៦ ​នាក់​។ ក្នុងចំណោម​ទាំង ​៣០០ ​ទីតាំង​ ដែល​បង្ក្រាបបាន​នោះ សមត្ថកិច្ច​បាន​ចាត់វិធានការ​ច្បាប់​ចំនួន​ ៦៩​ ទីតាំង លើ ១៥​ រាជធានី​-ខេត្ត ពោលគឺ​កសាង​សំណុំរឿង​តាម​នីតិវិធី ដើម្បី​បញ្ជូន​ទៅកាន់​តុលាការ ដែលមាន​ជនសង្ស័យ​ចំនួន ​១៩៤ ​នាក់​។ 

​ក្នុងចំណោម​សំណុំរឿង​ ៦៩​ ទីតាំង​ ដែល​បញ្ជូនទៅ​តុលាការ​នេះ​ក៏មាន Game Online ខុសច្បាប់​ចំនួន​ ១ ​ទីតាំង និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ៦ ​នាក់​។ ការ​លេងល្បែង​ភ្នាល់​តាម Internet ជ្រក​ក្រោម​ផ្លាក​អាជីវកម្ម​ឬ​អាជ្ញាប័ណ្ណ​ចំនួន​ ៧​ ទីតាំង​ ត្រូវបាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ​៣១ ​នាក់​។ ក្រៅពីនេះ មាន​ល្បែង​ផ្សេងៗ​ដែល​កើត​តាម​មូលដ្ឋានចំនួន​ ៦១ ​ទីតាំង ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ១៥៧​ នាក់​។ 

​នេះ​បើតាម​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​។​ប្រភព​ដដែល​ឱ្យដឹងទៀតថា ក្រៅពី​ការចាត់វិធានការ​ច្បាប់ នគរបាល​ក្រសួងមហាផ្ទៃ ក៏បាន​ចាត់វិធានការ​រដ្ឋបាល​ផងដែរ​លើ​សំណុំ​​រឿង​ទាំង ​៣០០​ ទីតាំង​ដែល​ត្រូវបាន​បង្ក្រាប​។ ក្នុងនោះ ចាត់វិធានការ​រដ្ឋបាល បាន​ចំនួន ​២៣១ ​ទីតាំង លើ ​១០ ​រាជធានី​-​ខេត្ត ដោយបាន​អប់រំ ណែនាំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការប្រព្រឹត្ត លើ​មនុស្ស​ចំនួន ​៣៣៩​ នាក់​។​

​សូមបញ្ជាក់ថា ការបង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​គឺជា​មុខសញ្ញា​មួយ​ក្នុងចំណោម​ទិសដៅ​អាទិភាព​ទាំង​ ៦ ​របស់​ក្រសួង​មហា​ផ្ទៃ​ដែល​ដាក់ចេញ​ដោយ​លោ​ក ស សុខា ឧ​ប​នាយករដ្ឋមន្ត្រី​កាលពីដើម​អាណត្តិ​ទី​ ៧ រួមមាន​៖​បញ្ហា​គ្រឿងញៀន បញ្ហា​ចរាចរណ៍ បទល្មើស​ព្រហ្មទណ្ឌ​ទូទៅ បញ្ហា​ក្រុម​ក្មេង​​ទំនើង​ការជួញដូរ​មនុស្ស និង​ការដោះស្រាយ​បញ្ហា​តាម​ព្រំដែន​ទាំង​គោក និង​ទឹក​៕