​ភ្នំពេញៈ ក្រុមហ៊ុន​អន្តរជាតិ​មួយចំនួន​បានបង្ហាញ​ពី​គោល​បំណង​ចង់​មក​ធ្វើការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ​ក្នុងនោះ​រួមមាន គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​​អង្ករ​ ដើម្បី​នាំចេញ​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស ការដាំ​និង​កែច្នៃ​ដំណាំ​ស្ពៅ និង​ការវិនិយោគ​លើ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​ជាដើម​។​

​ការលើកឡើង​ពី​គោលបំណង​នៃ​ការចង់​មក​ធ្វើ​វិនិយោគ​របស់​បណ្តា​ក្រុមហ៊ុន​អន្តរជាតិ​ទាំង​នោះ ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយនឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត នាទី​ក្រុង​មែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី នា​ថ្ងៃទី​ ៤ ខែមីនា​។ អ្នកវិភាគ​សេដ្ឋ​កិច្ច សមាគម និង​មន្ត្រី​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​សាទរ និង​សម្តែង​នូវ​ការស្វាគមន៍ ចំពោះ​គោល​​បំណង​នៃ​ការចង់​មក​វិនិយោគ​ទាំងនេះ​។​


​ក្នុងជំនួប​ពិភាក្សា​ការងារ​នាឱកាស​នោះ​លោក Paul Serra នាយក​ប្រតិបត្តិ​ក្រុមហ៊ុន SunRice Group បានបង្ហាញ​នូវ​បំណង​វិនិយោគ​លើ​ការបង្កើត​រោងចក្រ​កែច្នៃ​អង្ករ ពិសេស​អង្ករ​សរីរាង្គ នៅ​កម្ពុជា ដើម្បី​នាំចេញ​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស​។ នេះ​បើ​យោងតាម​លទ្ធផល​នៃ​ជំនួប​ដែល​បាន​ផ្សព្វផ្សាយ​តាមរយៈ​តេ​ឡេ​ក្រាម​លោក ហ៊ុន ម៉ា​ណែ​ត​។​

​លោក Paul Serra បាន​លើកឡើងថា ក្រុមហ៊ុន SunRice Group ជា​ក្រុមហ៊ុន​អូស្ត្រាលីទី១ ដែល​បាន​នាំ​អង្ករ​ពី​កម្ពុជា​មកកាន់​ប្រទេស​អូស្ត្រាលី និង​ប្រទេស​នូ​វែ​ល​សេ​ឡង់​។ ព្រម​គ្នា​នេះដែរ លោក​បានកត់សម្គាល់​ឃើញ​ថា កម្ពុ​ជាមាន​សក្ដានុពល​លើ​វិស័យ​កសិកម្ម ដោយ​អង្ករ​កម្ពុជា​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​លើ​សកលលោក ហើយ​កម្ពុជា​ក៏មាន​គុណសម្បត្តិ​ប្រកួតប្រជែង​ខ្ពស់ លើ​កម្លាំង​ពលកម្ម​វ័យក្មេង ស្ថិរភាព​នៃ​តម្លៃ​អគ្គិសនី ជាមួយនឹង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ប្រទាក់ក្រឡា និង​ឡូ​ជី​ស្ទិ​ក​ល្អប្រសើរ​ផងដែរ​។


​ផ្អែកលើ​សក្ដានុពល​ទាំងនេះ លោក Paul Serra បញ្ជាក់ថា៖ «​ក្រុមហ៊ុន​ [​លោក​]​ មាន​ចំណា​​ប់​អារម្មណ៍ ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​បន្ថែមទៀត​ជាមួយ​កម្ពុជា​លើ​វិស័យ​កសិកម្ម ដោយ​ផ្តោតលើ​ឧស្សាហកម្ម​កែច្នៃ​អង្ករ ក្នុងនោះ​ក្រុមហ៊ុន​បង្ហាញ​នូវ​បំណង​វិនិយោគ​លើ​ការបង្កើត​រោងចក្រ​កែច្នៃ​អង្ករ ពិសេស​អង្ករ​សរីរាង្គ សម្រាប់​នាំចេញ​ទៅ​ក្រៅប្រទេស​»​។​

​ជាការ​ឆ្លើយតប លោក ហ៊ុន​ ម៉ា​ណែ​ត បាន​ស្វាគមន៍ ចំពោះ​បំណង​របស់​ក្រុមហ៊ុន​ក្នុងការ​ពង្រីក​សកម្មភាព​វិនិយោគ របស់ខ្លួន​នៅ​កម្ពុជា​លើ​ឧស្សា​ហ​កម្ម​កែច្នៃ​អង្ករ សម្រាប់​បម្រើឱ្យ​ការនាំចេញ​។​

​លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​បញ្ជាក់ជូន​ក្រុមហ៊ុន​វិញ​ដែរ​ថា​៖ «​វិស័យ​កសិកម្ម គឺជា​វិស័យ​អាទិភាព​មួយ ដែល​រដ្ឋាភិបាល​បាន​យកចិត្តទុកដាក់ ហើយ​បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​គោលនយោបាយ​ដាក់ពង្រាយ​មន្ត្រី​ជំនាញ​កសិកម្ម​នៅតាម​មូលដ្ឋាន​ឃុំ សង្កាត់​ទូទាំងប្រទេស ដើម្បី​គាំទ្រ​ដល់​ប្រជា​កសិករ​ដល់​មូលដ្ឋាន លើ​ផ្នែក បច្ចេកទេស សំដៅ​បង្កើន​ផលិត​ភាព​ផលិតផល​កសិកម្ម នៅតាម​មូលដ្ឋាន​»​។

​លោក​ក៏បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​បន្ថែមទៀត ជាមួយ​ក្រសួង​ស្ថា​ប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា​។​ទាក់ទង​នឹង​គម្រោង​នៃ​ការ​​បង្កើត​រោងចក្រ​កែច្នៃ​អង្ករ នៅ​កម្ពុជា​នេះ លោក ចាន់ សុ​ឃាំង ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ប្រាប់​ឱ្យដឹងថា លោក​ពិត​ជាមាន​ក្តីរំភើប នៅពេលដែល​ឮ ថា មាន​ក្រុមហ៊ុន​ខ្នាត​យក្ស​របស់​ប្រទេស​ធំៗ ក៏ដូចជា​ប្រទេស​មហាអំណាច​ចាប់អារម្មណ៍​ពី​វិស័យ​ស្រូវ​អង្ករ​របស់​កម្ពុជា​។​

​លោក​ថ្លែងថា៖ «​នេះ​គឺជា​ព័ត៌មាន​ដ៏​ល្អ​សម្រាប់​កម្ពុជា ហើយ​ខ្ញុំ​ពិតជា​រំភើប​ណាស់​ចំពោះ​ដំណឹង​នេះ​។ ជំនួប​នេះ​ពិតជា​ពិសេស ហើយ​រឹតតែ​ប្រសើរ​ក្នុង​ការជួយ​ដាស់ និង​ពញ្ញាក់​ក្រុមហ៊ុន SunRice ឱ្យ​ងាកមើល​ប្រទេស​កម្ពុជា​ជា​ប្រទេស​សក្តានុពល​មួយ​ក្នុងការចាប់​ជា​ដៃគូ ក្នុងការ​វិនិយោគ​លើ​វិស័យ​ស្រូវ​អង្ករ​នេះ​»​។​

​តាមពិត​ក្រុមហ៊ុន SunRice ធ្លាប់បាន​សិក្សា​ពី​ការបង្កើត​រោងចក្រ​នៅ​កម្ពុជា​ម្តង​រួចមកហើយ​ក្នុងអំឡុង​មុន​មានការ​ផ្ទុះឡើង​នូវ​វិបត្តិ​កូ​វីដ​ ១៩ ប៉ុន្តែ​ត្រូវបាន​ខកខាន​វិញ​ដោយសារ​​វិបត្តិ​នៃ​ជំងឺ​សកល​មួយ​នេះ​។​

​លោក ចាន់ សុ​ឃាំង បាន​លើក ឡើង​ទៀតថា នេះ​គឺជា​ជំហាន​មួយ​ថ្មី​ទៀត ក្នុងការ​ជំរុញ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ឱ្យ​ឈានឡើង​មួយកម្រិត​ទៀត និង​ការបើក​ទីផ្សារ​ទៅដល់​ប្រជាកសិករ​។

​លោក​បាន​បញ្ជាក់ថា៖ «​ក្នុង​រយៈពេល​ ១ ​ខែ​ចុង​ក្រោយនេះ យើង​ឃើញថា មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​ក្រុមហ៊ុន​ខ្នាត​យក្ស​នៅក្នុង​ពិភពលោក​លើ​វិស័យ​ស្រូវ​អង្ករ​យើង​នេះ ឃើញ​មាន​ក្រុមហ៊ុន SunRice របស់​ប្រ​​ទេស​អូស្ត្រាលី និង​មាន​ក្រុមហ៊ុន​នៅ​ប្រទេស​សិង្ហ​បុរី​ មួយទៀត ​ដែល​ចាប់អារម្មណ៍​លើ​កា​រវិ​និ​​យោគ​វិស័យ​ស្រូវ អង្ករ​របស់​កម្ពុជា​យើង​»​។​

​ដោយឡែក នៅ​ថ្ងៃ​ដដែល​នោះដែរ លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​ជួប​ជាមួយនឹង​លោក Tanachat Pochana ប្រធាន​ក្រុមហ៊ុន Enserv Holding Australia​។​

​ក្នុងឱកាស​នោះ​ប្រធាន​ក្រុម​ហ៊ុន​នេះ​បានលើកឡើង​ពីស​កម្ម​ភាព​អាជីវកម្ម​របស់ខ្លួន​ដោយ​ផ្ដោតលើ​ការដាំដុះ​ដំណាំ​ស្មៅ (Sorghum) ដែល​ក្រុមហ៊ុន​មាន​សមត្ថភាព​កែច្នៃ​ដំណាំ​នេះ​ទៅជា​អង្ករ​មាន​កាឡូរី​ទាប​តែមាន​ប្រូ​តេ​អ៊ី​ន​ខ្ពស់ និង​អាច​កែ​ច្នៃ​យកទៅ​ប្រើប្រាស់​ទៅជា​ជីវៈឧស្ម័ន ​(Biogas)​។​

​លោក​បាន​លើកឡើងថា ដំណាំ​ស្មៅ (Sorghum) នេះ​គឺជា​ដំណាំ​ដែល​ផ្តល់​ទិន្នផល​ខ្ពស់ មិន​រើស​ប្រភេទ​ដី និង​មិន​ត្រូវការ​ទឹក​ច្រើន​ដូច​ដំណាំ​ស្រូវ ហើយក៏​អាចរួមចំណែក ក្នុងការ​ស្រូបយក​ឧស្ម័ន​កាបូ​និ​ច​ពី​បរិយាកាស​ផងដែរ​។​

​លោក Tanachat Pochana បាន​បញ្ជាក់ថា ស្ថានភាព​ដី​កសិកម្ម​នៅ​កម្ពុ​ជាមាន​លក្ខណៈ​អំណោយផល​ទៅលើ​ប្រភេទ​ដំណាំ​នេះ​។ លោក​បានបង្ហាញ​ពី​បំណង​របស់​ក្រុមហ៊ុន​ក្នុងការ​ស្វែងរក​ឱកាស វិនិយោគ​លើ​ដំ​ណាំ​ស្មៅ​នៅ​កម្ពុជា ដើម្បី​កែច្នៃ​ទៅជា​ផលិតផល​សម្រេច​សម្រាប់​នាំ​ចេញទៅ​ក្រៅប្រទេស​។​

​ជាការ​ឆ្លើយតប លោក ហ៊ុន​ ​ម៉ា​ណែ​ត ថ្លែងថា ដូច​នីតិកាល​មុនៗ​ដែរ គោលបំណង​សំខាន់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​អាណត្តិ​ទី​៧ ​នេះ គឺ​បង្កើន​នូវ​ប្រាក់ចំណូល​សម្រាប់​ប្រជា​ពល​​រដ្ឋ ហើយ​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅ​កម្ពុជា​បន្ថែមទៀត តាមរយៈ​ការប្រើ​​ប្រាស់​នូវ​បច្ចេកវិទ្យា​ទំនើបៗ ដើម្បី​ជួយ​ជំរុញ​ដល់​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។

​លោក​បាន​បញ្ជាក់ថា​៖ «​រាជ​រដ្ឋាភិបាល​ក៏បាន​យកចិត្ត​ទុក​ដាក់​ក្នុងការ​អភិវឌ្ឍ​វិស័យ​ថាមពល​អគ្គិសនី ដូច្នេះ​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប និង​ថ្មី​ដើម្បី​ផលិត​ថាមពល​អគ្គិសនី​គឺជា​ផ្នែក​មួយ​ស្របទៅនឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​អភិវឌ្ឍ​វិស័យ​ថាមពល ដោយ​ផ្ដោតទៅលើ​ថាមពល​ស្អាត​»​។

​លោក ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជាបានឱ្យដឹង​ដែរ​ថា មាន​ក្រុមហ៊ុន​មួយចំនួន​របស់​អូស្ត្រាលី​ធ្លាប់បាន​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​រួចហើយ​។ ដូចនេះ​ប្រទេស​អូស្ត្រាលី​បានដឹង​ពី​ច្បាប់ទម្លាប់ និង​បរិយាកាស​នៃ​ការវិនិយោគ​នៅ​កម្ពុជា​មួយចំនួនធំ​រួចហើយ​ដែរ​។​

​លោក​បាន​បន្តថា៖ «​អ៊ីចឹង សម្រាប់​ក្រុមហ៊ុន​ថ្មី​ដែលមាន​ចំណាប់អារម្មណ៍​ចំពោះ​ប្រទេស​កម្ពុជា​នេះ ខ្ញុំ​គិតថា មិន​ពិបាក​ក្នុងការ​ស្វែងយល់ និង​សម្រេច​ចិត្ត​ក្នុងការ​វិនិយោគ​នោះទេ​។ មួយវិញទៀត បើ​គម្រោង​នេះ​ក្លាយជា​ការពិត​ក្នុង​ឆន្ទៈ​ឬ​ចំណាប់អារម្មណ៍​របស់​អូស្ត្រាលី​មកលើ​កម្ពុជា​នេះ ខ្ញុំ​គិតថា វា​ឆ្លើយតប​នឹង​គោល នយោបាយ​កំណែ​ទម្រង់​វិស័យ​កសិកម្ម​ដែលជា​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់រាជរដ្ឋាភិបាល​កម្ពុជា​ហើយ​»​។​

​លោក ហុង វណ្ណៈ បាន​បន្ថែមទៀតថា ការវិនិយោគ​ទាំងនេះ​ជួយ​រួមចំណែក ក្នុង​វិស័យ​សេដ្ឋ​កិច្ច​កម្ពុជា​ច្រើនណាស់​និង​បង្កើត​ការងារ​ជាច្រើន​សម្រាប់​យុវ​​ជន និង​ពលរដ្ឋ​ខ្មែរ​ផងដែរ​។​ចំណែក លោក ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី ​៤ ខែមីនាថា ដូច​ដំណើរ​ទស្សនកិច្ច​ទៅតាម​បណ្តា​ប្រទេស​មុនៗ​ដែរ គោលបំណង ​២ ​ធំៗ​របស់លោក​នាយករដ្ឋមន្ត្រី គឺ​ការ​រឹតចំណង​មិត្តភាព កិច្ចសហប្រតិបត្តិការ​ផ្នែក​ការទូត​និង​ការ​ស្វះ​ស្វែងរក​អ្នកវិនិយោគទុន​បរទេស​មក​វិ​និ​យោគ​នៅ​កម្ពុជា រួម​នឹង​ការទាក់ទង​ទេសចរ​ផងដែរ​។​

​លោក​បាន​ថ្លែងថា៖ «​ទាំងនេះ​ជា​កិច្ចការ​ការទូត​សកម្ម​របស់​សម្តេច​ធិបតី​រយៈពេល​ចុងក្រោយ​នេះ​។ អ៊ីចឹង​! នៅពេលដែល​ជួប​ជាមួយនឹង​អ្នកវិនិយោគ​ធំៗ លោក​តែងតែ​ជម្រាបជូន​ពី​ឱកាស​នៃ​ការវិនិយោគ​នៅ​កម្ពុជា ដែល​កម្ពុ​ជាមាន​សុខសន្តិភាព មានច្បាប់​វិនិយោគ​ដែល​អំណោយ​ផល ជា​ប្រទេស​កំពុងអភិវឌ្ឍន៍​ទៅមុខ​ដែល​ទាំងនេះ​ជា​ឱកាស​សម្រាប់​អ្នកវិនិយោគ​មក​វិនិយោគ​នៅ​កម្ពុជា​យើង​»​។​

​លោក ប៉ែន បូ​ណា បាន​បន្ថែមថា ការខិតខំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​គឺ​ទទួលបាន​លទ្ធផល ផ្លែផ្កា​ដូច​លោក ​[​ហ៊ុន ម៉ា​ណែ​ត​] ធ្លាប់បាន​បញ្ជាក់​កន្លង​មក​ថា ក្នុង​រយៈពេល ​៦ ​ខែ​កន្លងមក​មាន​គម្រោង​វិនិយោគ​ធំៗ​ជាច្រើន​បាន​ចុះឈ្មោះ​នៅ CDC ដែល​នេះ​ជា​លទ្ធផល​ជាក់ស្តែង​។​

​នា​រសៀល​ថ្ងៃទី​ ៤ មីនា ​ដដែល​នោះដែរ​ លោក ហ៊ុន ម៉ា​ណែ​ត ក៏បាន​ជួប​ជាមួយនឹង​លោក Daniel Phillips ប្រធាន​ក្រុម​ហ៊ុន FreshStart ដែលមាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ Aegros និង​ក្រុមហ៊ុន Freshstart Logistics ផងដែរ​។​

​ប្រធាន​ក្រុមហ៊ុន​នេះ​លើកឡើងថា ក្រុមហ៊ុន Freshstart Logistics កំពុង​តែមាន​ប្រតិ​ប​ត្តិ​ការ​អាជីវកម្ម​នៅតាម​បណ្ដា ប្រទេស​ជាច្រើន​ក្នុង​តំបន់​អាស៊ី និង​ជុំវិញ​ពិភពលោក ដោយ​ផ្ដោតលើ​សេវាកម្ម​ផ្នែក​ដឹកជញ្ជូន ឡូ​ជី​ស្ទិ​ក ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​និង​ឃ្លាំង​ស្តុក​ទំនិញ​ជាដើម​។​

​ចំណែក​ក្រុមហ៊ុន Aegros ជា​បុត្រ​ស​ម្ព័​ន​មួយ​នៃ Freshstart ដែលជា​ក្រុមហ៊ុន​មាន​អាជីវកម្ម​លើ​វិស័យ សុខាភិបាល​។​បន្ថែម​លើ​នេះ លោក Daniel Phillips ថ្លែង​ពី​គោលបំណង​របស់​ក្រុម​​ហ៊ុន​ក្នុងការ​ស្វែងរក​នូវ​ឱកាស​វិនិយោគ​នៅ​កម្ពុជា​លើ​វិស័យ​ជាច្រើន ដែល​រួមទាំង​វិស័យ​ឡូ​ជី​ស្ទិ​ក ថាមពល និង​វិស័យ​សុខាភិបាល​ផងដែរ​។​

​លោក ហ៊ុន ម៉ា​ណែ​ត បាន​ស្វាគមន៍ និង​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​បន្ត​ពិភាក្សា​ជាមួយ​ដៃ​គូ​នៅ​កម្ពុជា​បន្ថែមទៀត​ពាក់ព័ន្ធ​នឹង​បំណង​របស់​ក្រុមហ៊ុន​លើ​ការវិនិយោគ​ក្នុង​វិស័យ​សុខា​ភិ​​បាល និង​សហការ​ជាមួយ​ក្រ​សួង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រាជ​រដ្ឋាភិបាល ជាពិសេស​ក្រសួងសុខាភិបាល​៕