ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ ​(USAID) បានចាប់ផ្តើម​ការផ្តល់​ជំនួយ​ជុំ​ទី​១ ក្រោម​គម្រោង​ថ្មី​មួយ​ឈ្មោះថា Advancing Youth Leadership (AYL) ដែលជា​កម្មវិធី​មាន​រយៈពេល​៥​ឆ្នាំ ដើម្បី​ពង្រឹង​ជំនាញ​ភាពជា​អ្នកដឹកនាំ​របស់​យុវជន និង​លើកស្ទួយ​យុវជន​ក្នុងការ​ចូលរួម​សកម្មភាព​សង្គម និង​ការអភិវឌ្ឍ​សហគមន៍​។​


សេចក្តីប្រកាស​ព័ត៌មាន ​USAID​ កាលពី​ថ្ងៃទី​៤ ខែមីនា​បានឱ្យដឹងថា កម្មវិធី ​AYL មាន​គោលបំណង​ស្វែងរក​យុវជន​មាន​អាយុ​ចន្លោះ​ចាប់ពី​១៥ ដល់ ​២៩​ ឆ្នាំ ដោយ​ផ្តោតលើ​អ្នក​ដែល​មកពី​ក្រុម​ ដែល​ត្រូវបាន​គេ​រើសអើង សហគមន៍​ដែល​ខ្វះខាត សហគមន៍ ​LGBTQI+ អ្នក​ដែលមាន​ពិការភាព និង​អ្នក​ដែល​មកពី​ក្រុម​ជនជាតិដើម​ភាគតិច ឬ​សាសនា​ជនជាតិភាគតិច​ផងដែរ​។​

យោងតាម​របាយការណ៍​វាយតម្លៃ ​Cross-Sector Cambodia Youth របស់ USAID ឆ្នាំ​២០១៩ បាន​រកឃើញថា យុវជន​ជាច្រើន​ចាប់អារម្មណ៍​លើ​រឿងរ៉ាវ​ជាច្រើន ដែល​កំពុង​កើតមាន​នៅក្នុង​សហគមន៍​របស់​ពួកគេ ហើយ​ចង់​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​សហគមន៍ និង​ជួយ​ដោះស្រាយ​បញ្ហា​នានា​ដែល​កើតឡើង​ក្នុង​សហគមន៍​របស់គេ​ផងដែរ​។ ទោះជា​ដូច្នេះ​ក្តី យុវជន​កម្ពុជា​ ជាច្រើន​នាក់​គ្មាន​ឱកាស​ដើម្បី​ចូលរួម ទទួលបាន​ការអភិវឌ្ឍ​ជំនាញ ការចែករំលែក​គំនិត ឬ​ទទួលបាន​បទ​ពិសោធ​ន៍​ជាក់ស្តែង ដើម្បី​យកទៅអនុវត្ត​ប្រកបដោយ​អត្ថន័យ​នោះទេ​។ ការវាយតម្លៃ​នេះ​បាន​រកឃើញ​ទៀតថា ភាគច្រើន​នៃ​គំនិត​ផ្តួចផ្តើម​សមត្ថភាព​របស់​យុវជន​នៅមាន​ទំហំ​តូច និង​មាន​ដែន​កំណត់​នៅឡើយ​។​


លោកស្រី Kerry Pelzman​ នាយិកា​បេសកកម្ម​របស់​ USAID ​ប្រចាំ​នៅ​កម្ពុជា​ បានកត់សម្គាល់​ក្នុងឱកាស​នោះ​ថា និន្នាការ​សកល​បង្ហាញ​ថា​យុវជន​កំពុង​ជួបប្រទះ​ការផ្លាស់ប្តូរ​នៃ​ការវិវឌ្ឍ​បច្ចេកវិទ្យា សេដ្ឋកិច្ច និង​សង្គម​ដ៏​សំខាន់ ស្របពេល​សកលលោក​កំពុងមាន​ការផ្លាស់ប្តូរ​យ៉ាងខ្លាំង​។ ដូចនេះ​ការគាំទ្រ​គំនិត​ផ្តួចផ្តើម​របស់​យុវជន​នៅពេលនេះ គឺជា​ការវិនិយោគ​ដ៏​សំខាន់​សម្រាប់​អនាគត​របស់​កម្ពុជា​។

 លោកស្រី​បានលើកឡើង​ថា បទពិសោធន៍​របស់​យុវជន​កម្ពុជា​ នាពេល​ប​ច្ចុ​ប្ប​នេះគឺ​ខុសពី​ជំនាន់​ឪពុកម្ដាយ ឬ​អ្នជំនាន់​​​មុន​របស់​ពួកគេ​។ បច្ចេកវិទ្យា និង​សកលភាវូបនីយកម្ម​អនុញ្ញាតឱ្យ​អ្នកភ្ជាប់​ទំនាក់​ទំនងជា​មួយ​មិត្តភក្តិ​ទាំង​នៅ​ជិត និង​នៅ​ឆ្ងាយ​។ 


លោកស្រី​បាន​បញ្ជាក់ថា​៖«​ដោយ​ដឹង​ពី​គុណ​តម្លៃ​ក្នុងការ​គាំទ្រ​យុវជន​ដោយផ្ទាល់​បែបនេះ ខ្ញុំ​មាន​សេចក្តីសោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង​ដែល​បាន​ចូលរួម​ជាមួយ​អ្នក​ទាំងអស់គ្នា​នៅថ្ងៃនេះ ព្រមទាំង​បើក​ដំណើរការ​អនុវត្ត​កម្មវិធី Cambodia Advancing Youth Leadership ដែលជា​ជំនួយឥតសំណង​របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ​ USAID»​។​

លោកស្រី Nicole Johnson ប្រធាន​គ្រប់គ្រង​កម្មវិធី AYL​បាន​មាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​នោះ​ផងដែរ​ថា យុវជន​គឺជា​ភាគី​ពាក់ព័ន្ធ​ដ៏​សំខាន់​សម្រាប់​អនាគត​របស់​ប្រទេស​កម្ពុជា​។ តាមរយៈ​កម្មវិធី​ AYL​ នេះ ស្ថាប័ន​ក្នុងស្រុក ​នឹង​ទទួលបាន​ធនធាន និង​ការគាំទ្រ​ដើម្បី​ចូលរួម​ជាមួយ​យុវជន​ក្នុងការ​អភិវឌ្ឍ​ជំនាញ និង​ទទួលបាន​បទពិសោធន៍ ​ដែល​សមស្រប​ដើម្បី​រៀបចំ​អនាគត​មួយ​ដែល​ល្អប្រសើរ​។​

ក្នុង​ពិធី​សម្ពោធ​នោះ យុវជន​ឈ្មោះ​ ទេព ប៊ុណ្ណា​ក់ នៅ​រាជធានី​ភ្នំពេញ ក៏បាន​ចែករំលែក​អត្ថប្រយោជន៍​ដែល​ខ្លួន​ទទួលបាន​តាមរយៈ​ការចូលរួម​ជា​យុវជន​ស្ម័គ្រចិត្ត​ជាមួយ​អង្គការ​ស​ង្គ​ម​ស៊ីវិល​ក្នុងស្រុក​។​

​ប៊ុណ្ណា​ក់ បាន​និយាយថា​៖«​ខ្ញុំ​បាន​បង្កើន​ភាពក្លាហានរ​បស់​ខ្ញុំ និង​ទទួលបាន​ឱកាស​ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ជាច្រើន​ដើម្បី​ពង្រឹងសមត្ថភាព​ខ្លួនឯង​។ ខ្ញុំ​ចាប់ផ្ដើម​ស្រឡាញ់​សង្គម​កាន់តែច្រើន មាន​ទំនាក់ទំនង​ល្អ និង​មាន​ការជួយជ្រោមជ្រែង​ពី​មនុស្ស​ជុំវិញខ្លួន​ខ្ញុំ​»​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ USAID​។ 

តាមរយៈ​កម្មវិធី​បើក​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​ក​កម្មវិធី ​AYL ​នេះ ស្ថាប័ន​ចូលរួម​នឹង​ទទួលបាន​ជំនួយ​មូលនិធិ​សម្រាប់ធ្វើ​អន្តរាគមន៍ ដើម្បី​ចូលរួម​ក្នុងការ​ពង្រឹងសមត្ថភាព​ស្នូល​របស់​យុវជន​។ ក្នុងនោះ​រួមមាន​៖ ជំនាញ​ជីវិត និង​មូលដ្ឋានគ្រឹះ​នៃ​ភាពជា​អ្នកដឹកនាំ ជំនាញ​អភិវឌ្ឍន៍​សហគមន៍​មូលដ្ឋាន ជំនាញ​ឌីជីថល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ជំនាញ​វិជ្ជាជីវៈ និង​បទពិសោធន៍​ជាក់ស្តែង​ផងដែរ​។ 

កម្មវិធី​ជំនួយ​ដែល​បាន​ប្រព្រឹត្តឡើង​នៅក្នុង​រាជធានី​ភ្នំពេញ នឹង​ដាក់ឱ្យ​ដំណើរការ​នៅ​ខែក្រោយៗ ទៅតាម​ទីតាំង​ចំនួន​៣​បន្ថែមទៀត​។ ក្នុងនោះ​រួមមាន​នៅ​តំបន់​ជុំវិញ​ខេត្តសៀមរាប​ដូចជា​៖ ខេត្តកំពង់ធំ បន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំង​និង​ពោធិ៍សាត់​, តំបន់​ជុំវិញ​ខេត្តរតនគិរី​ដូចជា ខេត្តស្ទឹងត្រែង និង​មណ្ឌលគិរី និង​តំបន់​ជុំវិញ​ខេត្តតាកែវ​ដែលមាន​ខេត្តកំពត ព្រៃវែង និង​ស្វាយរៀង​។ 

​តំបន់​ទាំងនោះ​ត្រូវបាន​បង្កើតឡើង ដើម្បី​គ្របដណ្តប់​ខេត្ត​ទាំង​១៤ ដែល​តំណាងឱ្យ​ជាង ៦៦ ​ភាគរយ​នៃ​ចំនួន​ប្រជាជន​កម្ពុជា ដែលមាន​ដង់ស៊ីតេ​ប្រជាជន​វ័យ​ជំទង់ និង​ក្រុម​ដែល​ត្រូវបាន​គេ​រើសអើង​ខ្ពស់​។ ប្រទេស​កម្ពុ​ជា មាន​យុវជន និង​ក្មេង​ជំទង់​ច្រើនជាងគេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដែលមាន​ជាង ៦០ ភាគរយ​នៃ​ចំនួន​ប្រជាជន​ដែលមាន​អាយុ​ក្រោម​៣០​ឆ្នាំ និង​ស្ទើរតែ ៣៧​ភាគរយ ដែលមាន​អាយុ​ចន្លោះ​ពី ​១០ ទៅ ២៩ ​ឆ្នាំ​។ បច្ចុប្បន្ននេះ​ជិត ៤៣​ ភាគរយ​នៃ​ប្រជាជន​ដែលមាន​អាយុ​ធ្វើការ​នៅ​កម្ពុជា​គឺ​ចន្លោះ​ពី​ ១៥ ទៅ ២៩​ ឆ្នាំ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ដដែល​នេះ​៕