ការផ្ទុះ​ឆេះ​រថយន្ត​ដឹក​ភ្ញៀវទេសចរ នៅ​ចំណតរថយន្ត​មុខ​ប្រាសាទអង្គរវត្ត នៅ​ព្រឹក​ថ្ងៃទី​៥ ខែមីនា​នេះ  មន្ត្រី​ជំនាញ​កំពុង​បន្ត​ស្រាវជ្រាវ​បន្ថែមទៀត ខណៈ​មូលហេតុ​នៃ​ការផ្ទុះ​ឆេះ​នេះ បណ្តាលមកពី​លក្ខណៈ​បច្ចេកទេស​របស់​រថយន្ត​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តសៀមរាប​។


​ប្រភព​ដដែល​បានឱ្យដឹងថា រថយន្ត​ដែល​ផ្ទុះ​ឆេះ​នោះ​ជា​រថយន្ត​ដឹក​ភ្ញៀវទេសចរ ៤៥ ​កៅអី ពាក់​ផ្លាកលេខ ភ្នំពេញ 3E-4674 ដែល​បាន​ដឹក​ភ្ញៀវទេសចរ​ចូលទៅ​មើល​ថ្ងៃ​រះ ​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត​។ ការឆេះ​រថយន្ត​ ១​ គ្រឿង​នេះ បណ្តាលឱ្យ​រថយន្ត​២​គ្រឿង​ផ្សេងទៀត​ខូចខាត​ដោយសារ​ចត​នៅក្បែរ​គ្នា​។

រដ្ឋបាល​ខេត្តសៀមរាប ​បញ្ជាក់ថា​៖«​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត បាននិងកំពុង​សហកា​រ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​បាន​ណែនាំ​ដល់​សមត្ថកិច្ច​ជំនាញ​របស់​រដ្ឋបាលខេត្ត ដើម្បី​ស្រាវជ្រាវ​បន្ថែមទៀត​អំពី​ហេតុការណ៍​ដែល​បានកើត​ឡើង​នេះ​»​។​


យ៉ាងណាក៏ដោយ រដ្ឋ​​បាល​ខេត្តសៀមរាប​បញ្ជាក់បន្ថែម​ថា ករណី​ដែល​បានកើត​ឡើង​នេះ​បណ្តាលឱ្យ​មនុស្ស​២​នាក់​រងរបួស ប៉ុន្តែ​មិនមែនជា​ភ្ញៀវទេសចរ​នោះទេ ចំណែក​រថយន្ត​មានការ​ខូចខាត​សរុប ចំនួន​៣​គ្រឿង ក្នុងនោះ​រថយន្ត​ប្រភេទ ៤៥​កៅអី ២ គ្រឿង រថយន្ត ២៤​កៅអី ១​គ្រឿង​។​

ក្នុងករណីនេះ រដ្ឋបាល​ខេត្តសៀមរាប​ បាន​ក្រើនរំឭក​ដល់​អ្នកសារព័ត៌មាន​ជាតិ អន្តរជាតិ និង​ប្រជាពលរដ្ឋ​ទូទៅ កុំ​ធ្វើការ​សន្និដ្ឋាន​តាម​ការ​យល់ឃើញ​របស់ខ្លួន​ទាំង​មិនដឹង​ពី​មូលដ្ឋាន​ច្បាស់លាស់  ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​សន្តិសុខ​សណ្តាប់ធ្នាប់ និង​សេដ្ឋកិច្ចសង្គម ប្រឈមមុខ​នឹង​ការទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​៕