តាម​ការសិក្សា​ស្រាវជ្រាវ​របស់​ក្រុមការងារ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប (IFReDI) នៃ​រដ្ឋបាល​ជលផល​ក​ម្ពុ​ជា បាន​បង្ហាញថា ចំនួន​សិប្បីសត្វ (​លៀស គ្រំ​)​ នៅក្នុង​បឹង​ដ៏​ធំ​បំផុត​នៅ​អាស៊ីអាគ្នេយ៍ ​កំពុង​ត្រូវបាន​គំរាមកំហែង​ដោយ​ការនេសាទ​ហួសប្រមាណ និង​ការបាត់បង់​ទីជម្រក ខណៈដែល​ក្នុង​ ១ ​ឆ្នាំៗ លៀស​ជិត ​២ ម៉ឺន​​តោន ត្រូវបាន​នេសាទ​ចេញពី​ខេត្ត​ចំនួន​ ៤ ​ជុំវិញ​បឹង​ទន្លេសាប​។


​​លោក ហេង គង់ ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប (IFReDI) បាន​ប្រាប់​ឱ្យដឹងថា​នៅ​ថ្ងៃទី​ ៥ ខែមីនា ឆ្នាំ​ ២០២៤​ នេះ ដោយមាន​ការព្រួយបារម្ភ​ចំពោះ​បញ្ហា​នេះ​កាលពី​ខែសីហា ឆ្នាំ​ ២០២៣ ក្រុមការងារ​ IFReDI​ នៃ​រដ្ឋបាល​ជលផល​ក​ម្ពុ​ជា បានចាប់ផ្ដើម​បេសកកម្ម​រយៈពេល​៣​ថ្ងៃ ដើម្បី​យក​សំណាក​សិប្បីជាតិ​ជាច្រើន​ប្រភេទ​ដែល​នេសាទ​នៅក្នុង​បឹង​ទន្លេសាប ជាពិសេស​ពពួក​លៀស​/​គ្រំ ដោយ​ក្រុមការងារ គឺ​បាន​ផ្តោតទៅលើ​លៀស ស្រប​ពេលដែល​មានការ​ព្រួយបារម្ភ​ថា​ជា​ប្រភេទ​សត្វ​កំពុង​ត្រូវបាន​នេសាទ​លើស​កម្រិត​។ 

​លោក​បាន​បន្ថែមថា ក្តីបារម្ភ​មួយ​បន្ថែមទៀត ចំពោះ​បញ្ហា​នេះគឺ កញ្ច្រែង​ដែក​ដែល​ប្រើ​សម្រាប់​ការនេសាទ​លៀស​នេះ​កំពុង​បំផ្លាញ​ប្រព័ន្ធ​អេកូឡូស៊ី​បាត​បឹង ដែល​អាច​រំខាន​ដល់​ខ្សែ​ច្រវាក់​ចំណីអាហារ​សត្វ​ក្នុង​ទឹក​។ ការព្រួយបារម្ភ​នេះ​បន្ទាប់ពី​ក្រុមការងារ​បាន​យក​សំណាក​នៅក្នុង​ខេត្ត​ចំនួន​ ៣ គឺ​ពោធិ៍សាត់ បាត់ដំបង សៀមរាប ខណៈដែល​ខេត្តកំពង់ធំ មិនទាន់​ធ្វើ​នៅឡើយ​ទេ​។


​លោក​បាន​បញ្ជាក់ថា​៖ «​គោលបំណង​សំខាន់​នៃ​ការសិក្សា​វាយតម្លៃ​រហ័ស​នេះ គឺ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ឈ្នះ ឈ្នះ រវាង​ការគ្រប់គ្រង​ជលផល និង​សហគមន៍​មូលដ្ឋាន​។ យើង​គួរ​បែងចែក​ផ្ទៃដី ៣០ ភាគរយ​សម្រាប់​ការអភិរក្ស​ក្នុង​ជម្រៅ​ទឹក​សមរម្យ​នៅ​រដូវប្រាំង និង ៧០ ភាគរយ​សម្រាប់​ការនេសាទ​របស់​សហគម​ន៍​»​។​

លោក​បាន​បន្តថា បន្ទាប់ពី​មានការ​ពិគ្រោះ​ជាមួយ​មន្ត្រី​ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត ព្រមទាំង​សហគមន៍​មូលដ្ឋាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កំពុង​ជំរុញ​ប្រតិបត្តិ​ការនេសាទ​លៀស​ដោយ​ប្រើប្រាស់​ក្រឡា​ទំហំ​ចាប់ពី ២,៥ ទៅ ៣,៥ សង់ទីម៉ែត្រ ជាង​ប្រើប្រាស់​ក្រឡា​ទំហំ ០១ ទៅ ១,៥ សង់ទីម៉ែត្រ​។ ក្រសួង​ក៏​កំពុង​ណែនាំ​ឱ្យប្រើ​កម្លាំង​ម៉ាស៊ីន​ទូក​តូចៗ​ដែលមាន​កម្លាំង ២៤ សេះ ឬ​តិចជាង​នេះ​។​


​លោក​បាន​និយាយថា​៖ ការនេសាទ​សម្រាប់​ចំណីអាហារ​របស់​មនុស្ស ហើយ​ការរង់ចាំ​ការកំណត់​ច្បាស់លាស់​នៃ​ការបែងចែក​ព្រំដែន​រវាង​ការប្រមូល​ផល និង​តំបន់​អភិរក្សដោយមាន​បង្គោល ឬ​ឧបករណ៍​អណ្តែត​ទឹក​ដែលមាន​សញ្ញា​ច្បាស់លាស់ ឧទាហរណ៍ ការនេសាទ​នៅ​ជិត​តំបន់​អភិរក្ស​បាន​ហាមឃាត់​។​

ការស្រាវជ្រាវ​ក្នុង​រយៈពេល​វែង​គួរតែ​ផ្តោតលើ​ការវាយតម្លៃ ដើម្បី​កំណត់​និន្នាការ​នៃ​ទិន្នផល​តាម​រដូវ​នីមួយៗ និង​ប្រព័ន្ធ​អេកូឡូស៊ី​ផ្សេងៗ​គ្នា ដោយ​ផ្អែកលើ​កត្តា​ដូចជា ស្រទាប់​បាត​ខាងក្រោម កម្រិត​កម្ពស់​ទឹក និង​គុណភាព​ទឹក​។ «​យើង​ក៏ត្រូវ​ធ្វើការ​តាមដាន​ការប្រមូល​ផល​នៅក្នុង​តំបន់​ផ្សេងៗ​គ្នា​ផងដែរ ដើម្បី​វាយតម្លៃ​សុខភាព​ប្រព័ន្ធ​អេកូឡូស៊ី និង​កែ​សម្រួល​វិធានការ​អភិរក្ស​ប្រសិនបើ​ចាំបាច់​»​។​នេះ​ជា​អ្វីដែល​ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​បានលើកឡើង​។​

​លោក នូ សុវណ្ណ នាយក​ប្រតិបត្តិ អង្គការ​សំអាត​ទន្លេ សមុទ្រ​ដែល​កំពុងតែ​ធ្វើ​ប្រតិបត្តិ​សម្អាត​ទន្លេ​ចំនួន​៣​នៅ​កម្ពុជា ក៏​បង្ហាញ​ពី​ការព្រួយបារម្ភ​ផងដែរ ជាពិសេស​ការបំពុល​ដោយ​សំរាម​និង​ប្លា​ស្ទិ​ក​នានា​នៅតាម​ដង​ទន្លេ ដែល​វា​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ធនធាន​ជីវៈចម្រុះ និង​ពពួក​សិប្បីសត្វ​នេះ​ផងដែរ​។​

​លោក​បានបញ្ជាក់​ដូច្នេះ​ថា​៖ «​ការនេសាទ​ដោយ​គ្មាន​ដែន​កំណត់ វា​ប្រឈម​នឹង​បាត់​ហិនហោច​នៃ​ប្រភេទ​សិប្បីសត្វ​ទាំងនោះ ខណៈដែល​ការបំពុល​ដោយ​សំរាម​នានា និង​ប្លា​ស្ទិ​ក​ក៏​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ផងដែរ​។​យើង​ចង់ឱ្យ​ប្រជាពលរដ្ឋ​មានការ​ចូលរួម​ជាមួយ​ពួកយើង ក្នុងការ​សម្អាត​ទន្លេ​ទាំងអស់​នៅ​កម្ពុជា ខណៈដែល​ធនធាន​ក្នុង​ទឹក​ទាំងអស់នោះ ជាពិសេស ត្រី សិប្បីសត្វ មាន​សារៈសំខាន់​ណាស់​សម្រាប់​សន្តិសុខ​ស្បៀង​»​។​

​បើតាម​លោក សុវណ្ណ តាំងពី​ឆ្នាំ​ ២០២០ មកដល់​បច្ចុប្បន្ន សំរាម​ចំនួន ១៧៥០​ តោន ត្រូវបាន​ប្រមូល​ចេញពី​ទន្លេសាប ទន្លេមេគង្គ និង​ទន្លេបាសាក់​។

​​បើតាម​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល ផ្អែកលើ​ទិន្នផល​ក្នុង​មួយ​ហិកតា​ដោយ​ទូក​នេសាទ​ចំនួន ១៧៨ គ្រឿង ទឹកសាប ត្រូវបាន​ប៉ាន់ប្រមាណ​ថា​ជា​មធ្យម​នៃ​ការនេសាទ​លៀស ក្នុង​១​ឆ្នាំៗ ពី​ខេត្ត​ចំនួន​៤​ ជុំវិញ​បឹង​ទន្លេសាប​មាន​ចំនួន ១៨ ៧២៦ តោន​។ ជាមួយនឹង​តម្លៃ​លក់​ពី​អ្នកនេសាទ ប្រមាណ​ចាប់ពី ៣០០ ដល់ ៤០០ រៀល​/​គីឡូក្រាម ដែលមាន​តម្លៃ​ប្រហែល ៥,៦ ពាន់​លាន​រៀល (១,៤ លាន​ដុល្លារ​) ដល់ ៧,៥ ពាន់​លាន​រៀល (១,៩ លាន​ដុល្លារ​) នៅក្នុង​ខេត្ត​ចំនួន​៤​គឺ ខេត្តកំពង់ឆ្នាំង កំពង់ធំ ពោធិ៍សាត់ និង​ខេត្តសៀមរាប​៕