​អង្គការ​យូ​នី​សេ​ហ្វ​ បាន​លើកឡើងថា ក្រុមហ៊ុន​ចំណីអាហារ កំពុង​វាយប្រហារ​កុមារ​តូចៗ ជាមួយនឹង​ការផ្សព្វផ្សាយ​ពាណិជ្ជ​កម្ម​អាហារ​ ដែល​មិន​ល្អជា​រៀងរាល់ថ្ងៃ ដែល​បណ្ដាលឱ្យ​កុមារ​ទទួលទាន​មាន​ជំងឺ​លើស​ទម្ងន់ ខណៈ​បញ្ហា​នេះ​ ក្រសួងពាណិជ្ជ​កម្ម​ កំពុង​អប់រំ​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ចំណីអាហារ​ដល់​កុមារៗ​នៅតាម​សាលារៀន​។​


ការលើកឡើង​នេះ បន្ទាប់ពី​អង្គការ​យូ​នី​សេ​ហ្វ បាន​រកឃើញថា ប្រព័ន្ធ​ចំណីអាហារ​នៅ​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ដែល​ត្រូវបាន​ស្គាល់​ជា​តំបន់ ​ដែលមាន​របប​អាហារ​ស្រស់ និង​ចម្រុះ​សម្រាប់​សុខភាព​តាម​ប្រពៃណី កំពុង​ត្រូវបាន​ជំនួស​ដោយ​ការប្រើប្រាស់​កាន់តែច្រើន​នូវ​អាហារ​កែច្នៃ​ដែល «​អន់​គុណភាព​»​និង​ភេសជ្ជៈ​ដែល​សម្បូរ​ដោយ​ជាតិ​ស្ករ អំបិល និង​ខ្លាញ់​មិនល្អ​ចំពោះ​សុខភាព​។ ជាមួយនឹង​ការកែច្នៃ​អាហារ​ដែល​ខ្វះ​គុណភាព​ទាំងនេះ​កុមារ​នៅក្នុង​តំបន់​ទាំងនោះ​កំពុងតែ​រស់នៅក្នុង​បរិស្ថាន​អាហារ​ដែល​ជំរុញ​ការលក់ និង​ការបរិភោគ​អាហារ និង​ភេសជ្ជៈ «​អន់​គុណភាព​»​។ នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​របស់​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា បានឱ្យដឹង​នៅ​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២៤​។​

អង្គការ​យូ​នី​សេ​ហ្វ បាន​បញ្ជាក់ថា​៖ «​ក្រុមហ៊ុន​ចំណីអាហារ កំពុង​វាយប្រហារ​កូនៗ​របស់​យើង​ជាមួយនឹង​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អាហារ​ដែល​មិន​ល្អជា​រៀងរាល់ថ្ងៃ​។​ បញ្ហា​នេះ​កំពុង​ធ្វើឱ្យ​កុមារ​បរិភោគ​អាហារ​ ដែល​មិនល្អ​ចំពោះ​សុខភាព និង​បណ្តាលឱ្យមាន​បញ្ហា​ប្រឈម​នឹង​ជំងឺ​លើស​ទម្ងន់ និង​ជំងឺ​រ៉ាំរ៉ៃ​ដទៃទៀត​»​។​


​ទន្ទឹមនេះដែរ អង្គការ​យូ​នី​សេ​ហ្វ បាននិងកំពុង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល និង​ដៃគូ​នានា ដើម្បី​ដាក់ចេញ​​គោលនយោបាយ និង​ច្បាប់ សំដៅ​បញ្ឈប់​ការកើនឡើង​នៃ​សកម្មភាព​ផ្សព្វផ្សាយ​លក់​ចំណីអាហារ និង​ភេសជ្ជៈ​ដែល​មិនល្អ​ចំពោះ​សុខភាព  ដូចជា​ការហាមឃាត់​ការផ្សាយពាណិជ្ជកម្ម និង​ការលក់​អាហារ​ដែល​មិនល្អ​ចំពោះ​សុខភាព​នៅក្នុង និង​ជុំវិញ​បរិវេណ​សាលារៀន ការដាក់​ស្លាក​សម្គាល់​អាហារូបត្ថម្ភ​នៅខាងមុខ​កញ្ចប់​ឱ្យបាន​ច្បាស់លាស់ និង​ការយកពន្ធ​លើ​ភេសជ្ជៈ​ដែលមាន​ជាតិ​ស្ករ និង​វិធានការ​ផ្សេងៗ​ទៀតផង​ដែរ​។​

ពាក់ព័ន្ធ​បញ្ហា​នេះ​លោក គឹម មាស​សុខ​សីហា  អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​៥ ខែមីនា​នេះ​ថា ក្រសួង បាននិងកំពុង​យកចិត្តទុកដាក់​ណាស់​ពាក់ព័ន្ធ​នឹង​ការផ្សព្វផ្សាយ​ចំណីអាហារ​សម្រាប់​ក្មេងៗ ដែលមាន​សារធាតុ​ផ្អែម ដូចជា​នៅក្នុង​ភេសជ្ជៈ និង​អាហារសម្រន់​ជាដើម​។ លោក​បន្តថា ក្រសួង​ក៏បាន​ទទួលស្គាល់ថា​ការផ្សាយពាណិជ្ជកម្ម​អាហារ​ដែល​មិនល្អ​ទាំងនោះ គឺ​បានធ្វើឱ្យ​កុមារ​បរិភោគ នឹង​បង្កឱ្យមាន​បញ្ហា​ប្រឈម​នឹង​ជំងឺ​លើស​ទម្ងន់ និង​ជំងឺ​លើស​សម្ពាធ​ឈាម​ជាដើម​។​


​យ៉ាងណាមិញ​លោក​ថា តាំងពីដើម​មក រហូតមកដល់​បច្ចុប្បន្ន​នេះ ទាំង​ក្រសួងពាណិជ្ជកម្ម ក៏ដូចជា​ក្រសួង​ពាក់ព័ន្ធ​ផ្សេងទៀត តែងតែ​រក​ដំណោះស្រាយ និង​វិធានការ​សមស្រប ដើម្បី​ចូលរួម​ក្នុងការ​កាត់បន្ថយ​លើ​បញ្ហា​ប្រឈម​ទាំងអស់នោះ តាមរយៈ​ស្ថាប័ន​នាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ​(​កប​ប​) បាន​ចុះ​ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​ឱ្យ​យល់ដឹង​អំពី​សុវត្ថិភាព​ចំណីអាហារ នៅតាម​សាលារៀន ចាប់ពី​អនុវិទ្យាល័យ ដល់​វិទ្យាល័យ នៅ​គ្រប់​រាជធានី​-​ខេត្ត​ទាំងអស់​។

 ទន្ទឹមនឹង​ការអប់រំ​ផ្សព្វផ្សាយ​នេះ មន្ត្រី​ជំនាញ​ក៏បាន​ចុះ​ពិនិត្យ និង​នាំយក​ឧបករណ៍​វិភាគ​ទៅធ្វើ​តេស្ត​បឋម​នៅតាម​សាលារៀន​ផ្ទាល់​ចំពោះ​ចំណីអាហារ​ណា​ដែល​សង្ស័យ​ពី​គុណភាព និង​សុវត្ថិភាព​។​

​លោក​បាន​ថ្លែងថា​៖ «​ចំពោះ​ការផ្សាយពាណិជ្ជកម្ម​ចំណីអាហារ ខា​ងក​.​ប​.​ប​. ក៏បាន​យកចិត្តទុកដាក់​លើ​ផ្សាយ​អត្ថបទ​ជា​រូបភាព ស្ប៉ត ជាពិសេស​ការផ្សាយ​ចំណីអាហារ​ជា​គ្រឿង​កំប៉ុង ដែលមាន​សារធាតុ​ផ្អែម​អីហ្នឹង គឺ​យើង​មិន​អនុញ្ញាតឱ្យ​មានការ​ផ្សព្វផ្សាយ​សម្រាប់​គោលដៅ​ទាក់ទាញ​ចំៗ​ទៅលើ​កុមារ ឫ​ក្មេង​តូចៗ​នោះទេ​។ ការផ្សាយពាណិជ្ជកម្ម​ហ្នឹង​ដែរ គឺ​យើង​បាន​ផ្ទៀ​ត​ផ្ទាត់​តាំងពី​ខ្លឹមសារ​និយាយ សកម្មភាព និង​ការដាក់​រង្វាន់​ជាដើម គឺ​យើង​ប្រយ័ត្នប្រយែង​ណាស់​»​។​

​ជាមួយគ្នានេះ លោក​ស្នើ​ដល់​ឪពុក​-​ម្ដាយ ឫ​អាណាព្យាបាល ដែលមាន​កូនតូចៗ​ចូលរួម​សហការគ្នា ដើម្បី​ណែនាំ​បន្ថែមទៀត​ទៅដល់​កូនចៅ​របស់​របស់ខ្លួន​ឱ្យ​យល់ដឹង​អំពី​ការបរិភោគ​ចំណីអាហារ​ណា​ដែលមាន​សុវត្ថិភាព និង​ចំណីអាហារ​ណា​ដែល​មិនមាន​សុវត្ថិភាព​សម្រាប់​សុខភាព បើទោះបី​កន្លងមក​ក្រសួង​អប់រំ បាន​ចូលរួម​ហាមឃាត់​នៅតាម​សាលារៀន មិន​ឱ្យមាន​ការលក់​ភេសជ្ជៈ​ផ្អែម និង​អាហារ​ដែលមាន​ជាតិ​ខ្លាញ់​ក៏ដោយ​។ លោក​បាន​បញ្ជាក់ថា​៖ «​យើង​នឹង​បន្ត​ចូលរួម​អប់រំ​ផ្សព្វផ្សាយ​ទៀត ពីព្រោះ​យើង​មិនអាច​ធ្វើការ​ហាមឃាត់​គេ​មិន​ឱ្យធ្វើ​ពាណិជ្ជកម្ម ផ្សព្វផ្សាយ​ការលក់ដូរ​ផលិតផល​ដែល​សមស្រប​មាន​លក្ខណៈ​អនាម័យ​សម្រាប់​បរិភោគ​ហ្នឹង​ទេ​»​។​

​ហេតុនេះ​ក្រសួងពាណិជ្ជកម្ម មានតែ​ការផ្សព្វផ្សាយ និង​ដាក់​វិធានការ​ឱ្យបាន​តឹងរ៉ឹង​ចំពោះ​ចំណីអាហារ​ណា​ដែល​មិនមាន​គុណភាព និង​មិនមាន​សុវត្ថិភាព សម្រាប់​អ្នក​បរិភោគ​ទូទៅ ជាពិសេស​ប៉ះពាល់​ទៅដល់​សុខភាព​កុមារ​តូចៗ​។ នេះ​បើតាម​ការបន្ថែម​របស់​លោក គឹម មាស​សុខ​សីហា​។​

​យោងតាម​ការសិក្សា​ថ្មី​មួយ​របស់​អង្គការ​យូ​នី​សេ​ហ្វ និង​ដៃគូ​នៃ​សម្ព័ន្ធ​សម្រាប់​ការកែលម្អ​អាហារ​បំពេញបន្ថែម​នៅ​អាស៊ីអាគ្នេយ៍ (COMMIT) ដែល​បានចេញ​កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០២៣​កន្លងមកនេះ បាន​រកឃើញថា ៧២% នៃ​អាហារសម្រន់ និង​នំចំណី​សម្រាប់​ក្មេង​អាយុ​ក្រោម ៣​ឆ្នាំ​នៅក្នុង​ប្រទេស​កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន ថៃ និង​វៀតណាម មាន​បន្ថែម​ជាតិ​ស្ករ និង​សារធាតុ​ផ្អែម​នៅក្នុង​ចំណោម​នំចំណី និង​អាហារសម្រន់​ទាំងនោះ​។ ដូច្នេះ​ការទទួល​ទាន​អាហារ​មាន​ជាតិ​ផ្អែម​ក្នុង​វ័យក្មេង​នេះ អាច​នាំឱ្យ​កុមារ​តូចៗ ពុក​ធ្មេញ ការឡើង​ទម្ងន់ និង​មាន​ជំងឺ​រ៉ាំរ៉ៃ​ផ្សេងទៀត​ជាដើម​។​

​ការសិក្សា​ដដែល​ក៏បាន​រកឃើញ​ទៀតថា ជិត ៩០ ​ភាគរយ​នៃ​ស្លាក​នៅលើ​ផលិតផល​ដែល​បាន​សិក្សា​មានការ​បំភាន់ ឬ​បញ្ឆោត​អំពី​សមាសធាតុ​របស់​អា​ហារ​សម្រន់ និង​នំចំណី​ទាំងនោះ​ ខណៈដែល​ការសិក្សា​នេះ ក៏បាន​កត់សម្គាល់ថា គ្មាន​ប្រទេស​ណាមួយ​ក្នុងចំណោម​ប្រទេស​ទាំង​៧​នេះ មាន​វិធានការ​ផ្លូវច្បាប់​ក្នុងការ​គ្រប់គ្រង​បរិមាណ​ជាតិ​ស្ករ ឬ​អំបិល ដែលមាន​នៅក្នុង​អាហារសម្រន់ និង​នំចំណី​ទាំង​នោះឡើយ​៕