សភាពាណិជ្ជកម្ម កំពុង​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​ធុរកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​នានា ជាមួយ​ប្រទេស​វៀតណាម​ ដើម្បី​រក្សា​នូវ​ទំនាក់ទំនង និង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​នៃ​ការវិនិយោគ​ដោយផ្ទាល់ ​(FDI) នៃ​ប្រទេស​ទាំង​ ២ ខណៈ​បច្ចុប្បន្ននេះ មាន​ក្រុមហ៊ុន​វៀតណាម​ធំ​ប្រមាណ ​៥០ កំពុង​ប្រតិបត្តិការ​នៅក្នុង​កម្ពុជា​។​

​លោក ងួន ម៉េង​តិច អគ្គនាយក​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ៥ ខែមីនា​នេះ​ថា សភាពាណិជ្ជកម្ម​កម្ពុជា និង​ស្ថានទូត​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ប្រចាំ​កម្ពុជា បាន​ជួប​ពិភាក្សាគ្នា​កាលពី​ថ្ងៃទី​ ៤ ខែមីនា ឆ្នាំ​ ២០២៤​ នេះ ក្នុង​គោលបំណង​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​នូវ​ទំនាក់​ទំនាក់​ទ្វេភាគី រវាង​វិស័យ​ឯកជន​កម្ពុជា និង​ផ្នែក​រដ្ឋា​ភិបាល​របស់​វៀត​ណា​ម ខណៈ​ប្រទេស​នេះ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​របស់​កម្ពុជា​។​


​លោក​បាន​បញ្ជាក់ថា​៖ «​យើង​ចង់​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​ធុរកិច្ច និង​វិនិយោគ នានា រវាង​ធុរជន និង​វិនិយោគិន​ប្រទេស​ទាំង​២​។ ជាពិសេស ដើម្បី​រក្សា​នូវ​ទំនាក់ទំនង និង​ចែករំលែក​ព័ត៌មាន​ពាណិជ្ជកម្ម​, វិនិយោគ និង​បរិយាកាស​ធុរកិច្ច​ទាំង​២ នាពេល​អនាគត​ដ៏​ខ្លី​»​។ 

លោក​បាន​បន្ថែមថា គិត​ត្រឹម​ដើមឆ្នាំ​ ២០២៤​ នេះ ក្រុមហ៊ុន​វៀតណាម​ចំនួន ៥០ ដែល​កំពុង​ប្រតិបត្តិការ​ធុរកិច្ច​និង​វិនិយោគ​នៅ​កម្ពុជា ក្នុង​សកម្មភាព​ធុរកិច្ច​លើ​វិស័យ​កសិកម្ម ជាដើម​។ 


«​ក្នុងនាម​វិស័យ​ឯកជន យើង​រីករាយ​ជានិច្ច​ក្នុងការ​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ធុរកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​។ យើង​ដឹង​ហើយ​ថា ផលិតផល​កសិកម្ម​យើង​នាំចេញ​ស្រស់​នៅ​វៀតណាម​ច្រើន ដូច្នេះ​យើង​ចង់​ទាក់ទាញ​ឱ្យ​វិនិយោគិន​វៀតណាម​មក​វិនិយោគ​បើក​រោងចក្រ​កែច្នៃ​នៅ​កម្ពុជា​តែម្តង ដើម្បីឱ្យ​យើង​ទទួលបាន​តម្លៃបន្ថែម​កាន់តែច្រើន​»​។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​ពី​លោក ងួន ម៉េង តិច​។

​បើតាម​អ្នកជំនាញ​សេដ្ឋកិច្ច នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាន​យល់ឃើញថា នៅ​កម្ពុជា វិនិយោគិន​វៀតណាម មានការ​វិនិយោគ​ភាគច្រើន​លើ​វិស័យ​កសិកម្ម និង​ទូ​រគ​មានគម​ន៍ ខណៈដែល​កន្លងទៅ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា និង​វៀតណាម ក៏បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ថា នឹង​ជំរុញ​ធ្វើយ៉ាងណា​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យបាន​កើនឡើង​ទ្វេដង ពោលគឺ​ដល់​ទៅ ២០​ពាន់​លាន​ដុល្លារ នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ​។​

លោក​បាន​បញ្ជាក់ថា​៖«​យើង​មើល​ទំហំ​ពាណិជ្ជកម្ម​នាពេល​កន្លង​ទៅ វៀតណាម គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​ទី​៣​របស់​កម្ពុជា ខណៈ​មកទល់​បច្ចុប្បន្ន ក្រុមហ៊ុន​វៀតណាម​កំពុង​វិនិយោគ​នៅ​កម្ពុ​ជាមាន​ប្រមាណ​ជាង ២០០​គម្រោង ក្នុងតម្លៃ​ទុនវិនិយោគ​សរុប​ជិត ៣​ពាន់​លាន​ដុល្លារ​។​ដូច្នេះ ការទាក់ទាញ​អ្នកវិនិយោគ​ពី​វៀតណាម​មក​កម្ពុជា គឺ​រឿង​សំខាន់​»​។​

លោក​បាន​បន្ថែមថា សម្រាប់​ក្របខ័ណ្ឌ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការវិនិយោគ ប្រទេស​ទាំង​២​ក៏​គួរតែ​ពង្រឹង​ទំនាក់ទំនង​រវាង​សេដ្ឋកិច្ច​ជាមួយគ្នា តាមរយៈ​ការជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី ពិសេស​ពាណិជ្ជកម្ម​តាម​ព្រំដែន និង​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​តាម​ព្រំដែន​ជាដើម​។​

យោងតាម​របាយការណ៍​ពី​ធនាគារជាតិ​នៃ​កម្ពុជា ដែល​បានបង្ហាញ កាលពី​ត្រីមាស​ទី​១ ឆ្នាំ​២០២៣ ប្រទេស​វៀតណាម​បានជា​ប់​លេខ​៥ ក្នុងចំណោម​១០​ប្រទេស ក្នុងនាម​ជា​ប្រទេស​ដែល​បាន​បោះទុន​វិនិយោគ​ដោយផ្ទាល់​មក​កម្ពុជា ដោយមាន​ទំហំ​ទឹកប្រាក់​ជាង​១០,២ ទ្រី​លាន​រៀល ស្មើនឹង​ជិត​៣​ពាន់​លាន​ដុល្លារ​៕