​ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក នេត្រ ភក្ត្រា បាន​ដាក់ចេញ​វិធានការ​ចំនួន​ ៣ ទៅដល់​ក្រុមហ៊ុនផលិតស្រាបៀរ និង​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជ​កម្ម​ផលិតផល​គ្រឿង​ស្រវឹង ដោយ​ត្រូវ​បញ្ឈប់​ការផ្សព្វផ្សាយ​ពា​​ណិ​ជ្ជ​កម្ម​ផលិតផល​គ្រឿង​ស្រវឹង ដែល​ធ្វើឱ្យប៉ះពាល់​ដល់​តម្លៃ​និង​សីលធម៌​សង្គម​។​


​ការដាក់ចេញ​វិធានការ​ណែនាំ​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​តំណាង​ក្រុមហ៊ុន​ផលិត និង​លក់​ផលិតផល​គ្រឿង​ស្រវឹង និង​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម នៅ​ទីស្តីការក្រសួង​​ព័ត៌មាន កាលពី​រសៀល​ថ្ងៃទី ​៤ ខែមីនា ឆ្នាំ​ ២០២៤​។ នេះ​បើ​យោងតាម​ក្រសួង​ព័ត៌មាន​។​

​លោក​ នេត្រ ភក្ត្រា បាន​លើកឡើងថា កិច្ចប្រជុំ​នេះ ធ្វើឡើង​ក្នុង​គោលដៅ​រួមគ្នា​គ្រប់គ្រង​សណ្តាប់ធ្នាប់​ការផ្សព្វផ្សាយ​ដើម្បី​កុំឱ្យ​លេចចេញ​រូបភាព​ហួសហេតុ​ដែល​ប៉ះពាល់​ដល់​​តម្លៃ និង​សីលធម៌​សង្គម ព្រមទាំង​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​ដល់​សីលធម៌​សង្គម និង​សុខុមាល​​ភាព​សាធារណៈ​ដែល​កើតចេញពី​ការផ្សព្វផ្សាយ​ជ្រុល​ហួសហេតុ​ពី​ការធ្វើ​ពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង​។​


​ដើម្បី​គ្រប់គ្រង​សណ្តាប់​ក្នុងការ​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង​កុំឱ្យ​លេចចេញ​រូប​ភាព​ហួស​ហេតុដែល​ធ្វើឱ្យប៉ះពាល់​ដល់​តម្លៃ និង​សីលធម៌​សង្គម​ក្រសួង​បានដាក់​ចេញ​វិធានការ​ណែនាំ​ចំនួន​ ៣​។

លោក នេត្រ​ ភក្ត្រា​ បញ្ជាក់ថា​៖ «​ទី​១.​សូម​បញ្ឈប់​ការប្រើប្រាស់​រូបភាព​នៃ​ការហៅ​មនុស្ស​ឡើងលើ​ឆាក​តន្ត្រី និង​សង្វៀន​ប្រដាល់​ដើម្បី​ពិសា​ស្រា​បៀរ​ហើយ​ផ្សព្វផ្សាយ ទី​២.​ ពិធីករ​-​ពិធី​ការិនី​ដែលជា​មនុស្ស​មាន​ឥទ្ធិពល​លើ​បណ្តាញ​ផ្សព្វផ្សាយ កុំ​ប្រើប្រាស់​រូបភាព​គាស់​កំប៉ុង​ស្រា​បៀរ​ពិសា និង​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ និង​បណ្តាញ​ទំនាក់ទំនង​សង្គម​»​។ ចំណែក​ទី​៣. ​ការផ្សព្វផ្សាយ​ពី​ពាណិជ្ជកម្ម​ស្រា​បៀរ​ចាំបាច់​ត្រូវ​ភ្ជាប់​នឹង​សារ​អប់រំ​សុខភាព ​«​ពិសា​គ្រឿង​ស្រវឹង​សូមកុំ​បើកបរ​, ពិសា​គ្រឿង​ស្រវឹង​ដោយ​ការទទួលខុសត្រូវ​» ដើម្បី​ធ្វើ​មាន​តុល្យភាព​នៃ​សារ​ផ្សាយពាណិជ្ជកម្ម និង​សារ​អប់រំ​។


លោក​ នេត្រ ភក្ត្រា ក៏បាន​សង្កត់ធ្ងន់​ទៀតថា​៖ «​ការ​រួមគ្នា​គ្រប់គ្រង​សណ្តាប់ធ្នាប់​នៃ​ការ​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​គឺ​ដើម្បី​ជួយ​ទៅដល់​សង្គម ជួយ​ទៅដល់​ក្រុមហ៊ុន ជួយ​ទៅដល់​ប្រជាជន​កម្ពុជា​ដែលជា​អ្នកប្រើប្រាស់​ផលិតផល​, កាត់បន្ថយ​គ្រោះថ្នាក់ និង​បង្កើន​សុខដុម​​នីយកម្ម​ក្នុងសង្គម​»​។ 

​ហេតុនេះ​លោក​ក៏បាន​ស្នើឱ្យ​ក្រុមហ៊ុនស្រា​បៀរ និង​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម អនុវត្ត​នូវ​លិខិត​បទ​ដ្ឋា​ន និង​ច្បាប់​ពាក់ព័ន្ធ​ដែលមាន​ជា​ធរមាន​ឱ្យបាន​ល្អ​ផងដែរ​។

​តាមរយៈ​កិច្ចប្រជុំ​នេះ លោក នេត្រ ភក្ត្រា ក៏បាន​បញ្ជាក់ដែរថា ក្រុមការងារ​បច្ចេកទេស​ចម្រុះ​រវាង​ស្ថាប័នរដ្ឋ និង​ឯកជន​នឹងត្រូវ​បង្កើតឡើង​ដើម្បី​មាន​ភាព​ងាយ​​ស្រួល​ក្នុងការ​ពិភាក្សា និង​ដាក់​ដំណោះស្រាយ​នានា​សំដៅលើ​ការគ្រប់គ្រង​បច្ចេកទេស​ក្នុងការ​ផលិត​ស្ប៉ត​ពាណិជ្ជកម្ម និង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នា​នា​ដែល​គោរព​បាន​នូវ​ក្រមសីលធម៌ និង​អនុលោម​តាមច្បាប់​។

​យ៉ាងណាក្តី នៅក្នុង​កិច្ចប្រជុំ​នោះដែរ​តំណាង​ក្រុមហ៊ុន​ផលិត​និង​លក់​ផលិតផល​គ្រឿង​ស្រវឹង និង​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជ​កម្ម​ដែល​បាន​ចូលរួម​ប្រជុំ​ក៏បាន​បង្ហាញ​នូវ​ការគាំទ្រ​ចំពោះ​វិធាន​ការ និង​ការសម្រេច​នានា​ដែល​បាន​ផ្តួចផ្តើម និង​ដាក់ចេញ​អនុវត្ត​ដើម្បី​ចូលរួម​គ្រប់គ្រង​សណ្តាប់​ធ្នាប់​នៃ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង​ផងដែរ​។​

​លោក គង់ សុវណ្ណ ស្ថាបនិក និង​ជាទី​ប្រឹក្សា​យុទ្ធសាស្ត្រ​របស់​អង្គការ​ខេ​ម​សេ​ហ្វ បានបង្ហាញ​ការគាំទ្រ​ចំពោះ​ការដាក់ចេញ​វិធានការ​របស់​ក្រសួង​ព័ត៌មាន​នាពេលនេះ ដែល​នឹង​រួមចំណែក​ដល់​ការដោះស្រាយ​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍ និង​ឆ្លើយតប​តាម​ការចង្អុលបង្ហាញរ​បស់​លោក​នា​យក​រដ្ឋមន្ត្រី​ហ៊ុន ម៉ា​ណែ​ត​ឱ្យ​មានការ​ពិនិត្យមើល​ការផ្សព្វផ្សាយ​
​ផលិតផល​គ្រឿង​ស្រវឹង​ឡើងវិញ​។​

​លោក​ប្រាប់ថា​៖ «​ខ្ញុំ​យល់ថា នេះ​ជា​យន្តការ​ឆ្លើយតប​បណ្តោះ​​អាសន្ន​ក្នុងការ​គ្រប់គ្រង​ការផ្សាយពាណិជ្ជកម្ម​ផលិតផល​គ្រឿង​ស្រវឹង ខណៈ​ក្រសួង​ពាក់ព័ន្ធ​ពិសេស​រាជរដ្ឋាភិបាល​កំ​ពុង​ព​ន្លឿ​ន​ការ​រៀបចំ​ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង ដែល​ច្បាប់​នេះ​នឹងមាន​វិសាល​ភាព​ធំ ដាក់​កំហិត​ច្រើន​»​។​

​លោក​ សុវណ្ណ ក៏​សង្កត់ធ្ងន់ថា ជាការ​ពិត​គ្រឿង​ស្រវឹង​មិន​ត្រឹម​​តែ​ធ្វើឱ្យ​កើតមាន​គ្រោះថ្នាក់​ច​រា​​ចរណ៍ មាន​ពិការភាព​ដ៏​ច្រើន​ប៉ុណ្ណោះ​ទេ​តែ​ការបរិភោគ​គ្រឿង​ស្រវឹង​ហួសប្រមាណ ក៏បាន​បង្កឱ្យមាន​ជំងឺ​ប្រមាណ ២០០ ​មុខ​ថែមទៀត​ដែរ​។ លោក​ក៏​រំពឹង​ដែរ​ថា ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង នឹង​អនុម័ត​ក្នុងពេល​ឆាប់ៗ ដើម្បី​រួមចំណែក​ក្នុងការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៃ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវគោក​នៃ​ក្រសួង​សា​ធា​រណការ និង​ដឹកជញ្ជូន​បានឱ្យដឹងថា ក្នុង​ឆ្នាំ ​២០២៣ មាន​គ្រោះ​​ថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស ជាង ៣ ០០០ ​ករណី ដែល​កើន​ជាង​ឆ្នាំ ២០២២ ​ដែលមាន​ប្រមាណ ២ ៩៧០ ​ករណី​។ ក្នុងនោះ មូល​ហេតុដែល​បណ្ដាលឱ្យ​គ្រោះថ្នាក់​ចរាចរណ៍​ក៏មាន​ការបើក​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ដែរ​៕