ភ្នំពេញៈ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ា​ណែ​ត និង​ក្រុមប្រឹក្សា​ធុរកិច្ច​អូស្ត្រាលី​បាន​ឯកភាពគ្នា បង្កើត​នូវ​យន្តការ​មួយ​បន្ថែមទៀត​គឺ​ក្រុមប្រឹក្សា​ធុរកិច្ច​កម្ពុជា​-​អូស្ត្រាលី​ ​(Cambodia-Australia's Business Council) ដើម្បី​សម្របសម្រួល និង​អាច​ជំរុញ​វិស័យ​ពាណិជ្ជកម្ម​វិនិយោគ​រវាង​កម្ពុជា និង​អូស្ត្រាលី​។​ការឯកភាព​គ្នា​នេះ ធ្វើឡើង​នៅក្នុង​ពេល ដែល​លោក​ ហ៊ុន ម៉ា​ណែ​ត បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Bran Black នាយក​ប្រតិបត្តិ​នៃ​ក្រុមប្រឹក្សា​ធុ​រ​កិច្ច​អូស្ត្រាលី (Business Council of Australia) ​ក្នុងឱកាស​ដែល​លោក​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អូស្ត្រាលី នៅ​ទីក្រុង​មែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី កាល​រសៀល​ថ្ងៃទី​ ៤ ខែមីនា ឆ្នាំ​ ២០២៤​។​

​នា​កិច្ចពិភាក្សា​នោះ លោកនាយក​រដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមប្រឹក្សា​ធុរកិច្ច​អូស្ត្រាលី បន្តធ្វើ​កិច្ចសហការ​ទៅលើ​ការរៀបចំ​យន្តការ​នេះ​ជាមួយនឹង​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ ក៏ដូចជា​សភា​ពាណិជ្ជកម្ម​កម្ពុជា​។ នេះ​បើ​យោងតាម​ការផ្សព្វ ផ្សាយ​តាមរយៈ​តេ​ឡេ​ក្រាម​លោក​ហ៊ុន ម៉ា​ណែ​ត​។ លោក​លើកឡើងថា រដ្ឋាភិបាល​កម្ពុជា បានឱ្យ​តម្លៃ​ខ្ពស់​ចំពោះ​តួនាទី​របស់​វិស័យ​ឯកជន​នៅក្នុង​ការចូលរួមចំណែក​កសាង​អភិវឌ្ឍន៍​សង្គម​​សេដ្ឋកិច្ច​របស់​កម្ពុជា​។ 


លោក​បញ្ជាក់ថា​៖ «​ជំនួប​នា​ថ្ងៃនេះ​ជា​ឱកាស​ដែល​អាច​ជំរុញ​ឱ្យ​វិស័យ​ឯកជន​ប្រទេស​អូស្ត្រាលី​ស្វែងយល់ និង​ពង្រីក​ការវិនិយោគ​បន្ថែមទៀត​នៅ​កម្ពុជា​។ កម្ពុជា​ស្វាគមន៍ និង​មាន​ក្តី​រីករាយ​ចំពោះ​បំណង​របស់​ក្រុម​ប្រឹក្សា​ធុរកិច្ច​អូស្ត្រាលី​ក្នុងការ​ជំរុញ​នូវ​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រុមប្រឹក្សា​ធុរកិច្ច អូស្ត្រាលី ជាមួយនឹង​កម្ពុជា​។​ ​រាជរដ្ឋាភិបាល​កម្ពុជា​បើកចំហ​ទ្វារ​ស្វា​គម​ន៍​គ្រប់​ធុរកិច្ច និង​ធ្វើជា​ស្ពាន​ក្នុងការ​សម្របសម្រួល និង​ការធានា​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​»​។

លោក​បន្ថែមថា កម្ពុជាមាន​គោលនយោបាយ និង​ច្បាប់​វិនិយោគ​ថ្មី​របស់​កម្ពុជា ដែលមាន​ការ​​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន​ដែល​មក​វិនិយោគ​នៅ​កម្ពុជា​ស្រប​ពេលដែល​កម្ពុជា​បាន​ភ្ជាប់​ទំនាក់ទំនង ​ក្នុង​កិច្ចសហប្រតិបត្តិការ​ទៅក្នុង​តំបន់ ក៏ដូចជា​បណ្តា​ប្រទេស​នានា​ នៅក្នុង​ពិភពលោក​តាម​​រយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទាំង​កម្រិត​ទ្វេភាគី និង​ពហុភាគី​។


លោក​ថា​៖ «​រាជរដ្ឋាភិបាល​កម្ពុជា យកចិត្តទុកដាក់​យ៉ាងខ្លាំង និង​លើកទឹកចិត្ត​ឱ្យមាន​ការ​វិនិយោគ​ផងដែរ លើ​វិស័យ​បច្ចេកវិទ្យា​ឌីជីថល គ្រឿង​បង្គុំ​អគ្គិសនី និង​គ្រឿង​បង្គុំ​រថយន្ត រួមទាំង​វិស័យ​កសិកម្ម និង​វិស័យ​ទេសចរណ៍​ផងដែរ ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​»​។  

លោកហ៊ុន ម៉ាណែត​នៅក្នុងវេទិកា​ធុរកិច្ច​កម្ពុជា-អូស្ត្រាលី​ពីថ្ងៃទី​ ៤​មីនា។ រូបថត STPM

​ជាមួយគ្នា​នោះដែរ លោក Bran Black នាយក​ប្រតិបត្តិ នៃ​ក្រុមប្រឹក្សា​ធុ​រ​​កិច្ច​អូស្ត្រាលី (Business Council of Australia)​ លើកឡើងថា ក្រុមប្រឹក្សា​ធុរកិច្ច​អូស្ត្រាលី តំណាងឱ្យ​វិស័យ​ឯកជន​ដែលមាន​ក្រុមហ៊ុន​ឯកជន​ធំៗ របស់​អូស្ត្រាលី​ជាង​ ១២០ ​ក្រុមហ៊ុន ដោយ​ផ្ដល់ឱកាស​ការងារ ជាង​ ១ ​លាន​កន្លែង​។​

លោក​ថា ក្រុមប្រឹក្សា​ធុរកិច្ច​អូស្ត្រាលី មាន​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​បណ្តា​សមាគម និង​ក្រុម​ធុរកិច្ច​ព្រមទាំង​ផ្នែក​ពាក់ព័ន្ធ​នានា​នៃ​រដ្ឋាភិបាល​គ្រប់លំដាប់​ថ្នាក់ ដើម្បី​សម្របសម្រួល​ក្នុងការ​ធ្វើ​ធុរកិច្ច​រវាង​វិស័យ​ឯកជន​អូស្ត្រាលី​ជា​មួយ​នឹង​បណ្តា​ប្រទេស​នានា​ហើយ​ប​ច្ចុ​ប្បន្ន​នេះ​ក្រុមប្រឹក្សា​ធុរកិច្ច​អូស្ត្រាលី បាន​ទំនាក់ទំនង​ការងារ​ជាមួយនឹង​បណ្ដា​ប្រទេស​ជាច្រើន ដែល​ក្នុងនោះ​រួមមាន​បណ្ដា​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន​ផង​​ដែរ​។ 

​លោក Bran Black ថា​៖ «​ក្រុម​ប្រឹក្សា​ធុរកិច្ច​អូស្ត្រាលី មានបំណង​ក្នុងការ​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ធុរកិច្ច និង​ពាណិជ្ជកម្ម​រវាង​​អូស្ត្រាលី  ​និង​កម្ពុជា​បន្ថែមទៀត​»​។​

​ចំពោះ​គោលដៅ​នៃ​ការបង្កើត​ក្រុម​ប្រឹក្សា​ធុរកិច្ច​កម្ពុជា​-​អូស្ត្រាលី នេះដែរ លោក​លឹម ហេង អនុប្រធាន​សភា​ពា​ណិ​ជ្ជ​កម្ម​កម្ពុជា បង្ហាញ​ពី​ជំហរ​គាំទ្រ និង​សហការ​ជាមួយ​ក្រុមការងារ​រប​ស់​ក្រុមប្រឹក្សា​ធុរកិច្ច​អូស្ត្រាលី ដើម្បី​ជំរុញ​ការងារ​ឱ្យបាន​លឿន​។

លោក​ថា​៖ «​យើង​ស្វាគមន៍ និង​គាំទ្រ​ចំពោះ​គំនិត​ផ្តួចផ្តើម​នេះ ដោយសារ​កន្លងមក យើង​មិនទាន់មាន​លេខាធិការដ្ឋាន​ RCEP នៅឡើយ​។ ដូច្នេះ​បើ​រៀបចំ​បង្កើត​ក្រុមប្រឹក្សា​ធុរកិច្ច​​កម្ពុជា​-​អូស្ត្រាលី វា​នឹង​ជំរុញ​បន្ថែម​នូវ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​នូវ​កិច្ច​ព្រម​​ព្រៀង​ RCEP ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​»​។​

​ក្រុមប្រឹក្សា​ធុរកិច្ច​កម្ពុជា​-​អូស្ត្រាលី ក៏​នឹង​អាចជួយ​ជំរុញ​កិច្ចសហប្រតិបត្តិការ​បន្ថែម​ជាមួយ​ការិយាល័យ​តំណាង​សភា ពាណិជ្ជកម្ម​កម្ពុជា ប្រចាំ​នៅ​ទីក្រុង​​មែ​ល​ប៊​ន និង​ទីក្រុង​ស៊ីដនី ដែល​វា​នឹង​ជំរុញ​ឱ្យ​ការងារ​ពាណិជ្ជកម្ម និង​វិនិយោគ​កាន់តែ​សកម្ម​ជាង​នេះ​បន្ថែមទៀត​។

យោងតាម​របាយការណ៍​ពី​ក្រសួង​ពាណិជ្ជ​កម្មបាន​បង្ហាញថា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា ជាមួយ​ប្រទេស RCEP (​ប្រទេស​អាស៊ាន​ ១០ បូក​នឹង​ប្រទេស ​៥​ ទៀត រួមមាន​ចិន ជប៉ុន កូរ៉េខាងត្បូង នូ​វែ​ល​សេ​ឡង់ និង​អូស្ត្រាលី​) មានតម្លៃ​ទឹកប្រាក់​ជិត​ ៣ ០០០ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២៣ ថយចុះ​ជាង​ ៥ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០២២​។ បើ​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​អូស្ត្រាលី​វិញ សម្រេចបាន​ក្នុង​ទឹក​​ប្រា​ក់ជាង ៥០០ ​លាន​ដុល្លារ ថយចុះ​ជាង ២ ​ភាគរយ​៕