ភ្នំពេញៈលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានស្នើឱ្យអភិបាលរាជធានី ខេត្ត សម្របសម្រួលនិងគាំទ្រពីរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងការអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យប្រកបដោយប្រសិទ្ធភាព និងស្របតាមផែនការរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
លោក ស សុខា បានលើកឡើងតាមរយៈលិខិតផ្ញើជូនអភិបាលរាជធានី ខេត្តចុះថ្ងៃទី៥ ខែមីនាថា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ មានរួមបញ្ចូលការធ្វើកំណែទម្រង់ដីធ្លី និងនគរូបនីយកម្ម ជាមួយនឹងការបង្កើតឱ្យមានគោលនយោបាយដីធ្លី រួមមាន ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់យកការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋជាការងារអាទិភាពខ្ពស់ និងត្រូវអនុវត្តឱ្យបានចប់សព្វគ្រប់នៅទូទាំងប្រទេស។
លោក ស សុខា បានបញ្ជាក់ថា៖«កន្លងមក ក្រុមការងារ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅតាមបណ្តារាជធានី ខេត្ត ដែលមានប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុក ខណ្ឌ ជាប្រធានក្រុមការងារចុះបញ្ជី បាននិងកំពុងអនុវត្តកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ក្នុងគោលបំណងចុះបញ្ជីកម្មសិទ្ធិ និងសិទ្ធិផ្សេងៗទៀតលើអចលនវត្ថុឱ្យបានច្បាស់លាស់និងជាផ្លូវការដើម្បីទប់ស្កាត់ និងដោះស្រាយវិវាទដីធ្លី សំដៅពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និងបង្កើនភាពជឿជាក់ លើប្រព័ន្ធចុះបញ្ជីដីធ្លី»។
ក្នុងន័យនេះ ដើម្បីជំរុញការអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានជោគជ័យតាមផែនការដែលបានកំណត់ ក្រសួងមហាផ្ទៃបានស្នើឱ្យរដ្ឋបាល រាជធានី ខេត្ត ណែនាំដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីសម្របសម្រួល និងគាំទ្រក្នុងការអនុវត្តការចុះបញ្ជី ដីធ្លីមានលក្ខណៈជាប្រព័ន្ធរបស់ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលមានប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុក ខណ្ឌ ជាប្រធានក្រុមការងារដឹកនាំការងារចុះបញ្ជីដីធ្លីនេះ។
លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឱ្យដឹងបន្ថែមនៅថ្ងៃទី៦ ខែមីនាថា លិខិតសំណើរបស់លោក ស សុខា នេះ មិនមែនអាជ្ញាធរថ្នាក់ក្រោមមិនស្តាប់ក្រសួងមហាផ្ទៃ ឬមិនសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នោះទេ ប៉ុន្តែវាគ្រាន់តែជាលិខិតរដ្ឋបាលប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា៖«ជាគោលការណ៍ ទាំងពេលកន្លងមក ទាំងបច្ចុប្បន្ន និងទៅអនាគត អាជ្ញាធរថ្នាក់ក្រោមជាតិ តែងតែធ្វើកិច្ចការងារទាំងអស់នេះ ដោយសហការជាមួយក្រុមការងារជំនាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ក្នុងការសម្របសម្រួលតាមបែបបទរដ្ឋបាលស្របតាមច្បាប់ឈានទៅដល់ការផ្តល់បណ្ណកម្មសិទ្ធិក្នុងការអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងដាច់ដោយដុំ»។
បើតាម លោកទូច សុខៈ គោលនយោបាយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាប់យកការចុះបញ្ជីដីធ្លីកម្មសិទ្ធិជូនប្រជាពលរដ្ឋជាអាទិភាព នៅក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧ នេះ។ ក្រសួងមហាផ្ទៃ និងក្រសួងរៀបចំដែនដី មានការសហការគ្នាធ្វើលើកិច្ចការងារនេះ។ ដូច្នេះ ក្រសួងមហាផ្ទៃបានឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌជនបង្គោលសម្របសម្រួលធ្វើកិច្ចការទាំងនេះតែម្តង។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានឱ្យដឹងដែរថា លោកអភិបាលខេត្តបានដាក់ចេញផែនការរួចហើយក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះដល់ប្រជាពលរដ្ឋទូទាំងខេត្ត សរុប ៥ក្រុង ស្រុក រួមមាន ក្រុងព្រះសីហនុ ក្រុងកោះរ៉ុង ស្រុកព្រៃនប់ ស្រុកកំពង់សីលា និងស្រុកស្ទឹងហាវឱ្យចប់នៅពាក់កណ្តាលឆ្នាំ២០២៤នេះ។
លោកបានបញ្ជាក់ថា៖«នៅពេលដែលយើងចុះបញ្ជីជាប្រព័ន្ធរួចហើយ យើងមានការគ្រប់គ្រងដីធ្លីមានលក្ខណៈវិទ្យាសាស្ត្រត្រឹមត្រូវ ងាយស្រួលក្នុងការគ្រប់គ្រងដី កាត់បន្ថយទំនាស់ដីធ្លី ដែលកន្លងមកជាន់កម្មសិទ្ធិគ្នា ហើយអ្នកនេះ អះអាងថារបស់អ្នកនេះឬអះអាងថារបស់អ្នកនោះជាដើម »៕