ក្រសួងមហាផ្ទៃ បានចេញណែនាំ ពីការទៅឆ្លើយបំភ្លឺពាក់ព័ន្ធនឹងការធ្វើអធិការកិច្ច ឬការអង្កេតស្រាវជ្រាវដោះស្រាយបណ្តឹង ដែលស្ថិតក្នុងសមត្ថកិច្ចរបស់អគ្គាធិការដ្ឋាន ក្នុងគោលដៅពន្លឿការងារដោះស្រាយឱ្យឆាប់រហ័ស និងបង្កើនជំនឿទុកចិត្តលើរាជរដ្ឋាភិបាល។
នេះបើយោងតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពីការអញ្ជើញ និងការជូនដំណឹងអំពីលទ្ធផលនៃការធ្វើអធិការកិច្ច ឬអង្កេតស្រាវជ្រាវដោះស្រាយបណ្តឹង ដែលចុះហត្ថលេខាដោយលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤។
លោកបានឱ្យដឹងថា ប្រជាពលរដ្ឋ អង្គការមិនមែនរាជរដ្ឋាភិបាល សមាជិកក្រុមប្រឹក្សា ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ រាជធានី ខេត្ត មន្ត្រីរាជការនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ដែលមានតំណែងចាប់ពីមន្ត្រីដល់អភិបាលរាជធានី ខេត្ត និងអគ្គនាយក ឬតំណែងប្រហាក់ប្រហែល ជាសមត្ថកិច្ចរបស់អគ្គាធិការដ្ឋាន។ ចំណែកមន្ត្រីជាន់ខ្ពស់ដែលមានមុខតំណែងចាប់ពីអនុរដ្ឋលេខាធិការ ឬតំណែងប្រហាក់ប្រហែលឡើងទៅ ត្រូវអញ្ជើញដោយក្រសួងមហាផ្ទៃ។
លោក ស សុខា បានបញ្ជាក់ថា៖ «ការអញ្ជើញភាគីពាក់ព័ន្ធឱ្យឆ្លើយបំភ្លឺនេះ គឺដើម្បីបង្កើននូវប្រសិទ្ធភាពក្នុងការធ្វើអធិការកិច្ច ឬការអង្កេតស្រាវជ្រាវដោះស្រាយបណ្តឹង ដែលស្ថិតក្នុងសមត្ថកិច្ចរបស់អគ្គាធិការដ្ឋាន និងពន្លឿការងារដោះស្រាយឱ្យបានឆាប់រហ័ស សំដៅបង្កើនជំនឿទុកចិត្តដល់ប្រជាពលរដ្ឋ»។
លោកបានឱ្យដឹងទៀតថា បន្ទាប់ពីទទួលបានលិខិតអញ្ជើញ សាមីខ្លួនត្រូវទៅបំភ្លឺដោយផ្ទាល់តាមពេលវេលាកំណត់ ហើយប្រសិនក្នុងករណីដែលសាមីខ្លួនមិនអាចទៅបំភ្លឺបាន ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរ ឬទំនាក់ទំនងទៅអគ្គាធិការ ដ្ឋាន ក្រសួងមហាផ្ទៃ ឱ្យបានមុនកាលបរិច្ឆេទកំណត់ ដោយបញ្ជាក់ពីមូលហេតុសមស្របឱ្យបានច្បាស់លាស់ និងមានភ្ជាប់ឯកសារពាក់ព័ន្ធ។
ដោយឡែក មន្ត្រីរាជការ ដែលមិនបានមកបំភ្លឺតាមការអញ្ជើញ ដោយគ្មានមូលហេតុសមស្រប អគ្គាធិការដ្ឋានត្រូវគោរពស្នើសុំគោលការណ៍ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីដាក់ទណ្ឌកម្មខាងវិន័យស្របទៅតាមច្បាប់កំណត់។
លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា ចំពោះលទ្ធផលនៃការធ្វើអធិការកិច្ច ឬការអង្កេតស្រាវជ្រាវដោះស្រាយបណ្តឹង គឺក្រសួងមហាផ្ទៃ បានប្រគល់សិទ្ធិជូនអគ្គាធិការដ្ឋាន ក្នុងជូនដំណឹងបន្តទៅកាន់សាមីបណ្ដឹង សមាគម ឫអង្គការមិនមែនរាជរដ្ឋាភិបាល ដែលបានបញ្ជូនពាក្យបណ្ដឹងពាក់ព័ន្ធមកសមត្ថកិច្ចរបស់អគ្គាធិការដ្ឋាន។
ជុំវិញរឿងនេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការលីកាដូ បានប្រាប់ឱ្យដឹងដែរថា រាល់បណ្ដឹងរបស់ប្រជាពលរដ្ឋដែលដាក់ទៅស្ថាប័នរដ្ឋណាមួយ គឺត្រូវតែមានការយកចិត្តទុកដាក់ និងស្វែងរកដំណោះស្រាយ នេះបើផ្អែកតាមរដ្ឋធម្មនុញ្ញមាត្រ៣៥ នៃកថាខណ្ឌទី២។ ដូច្នេះអ្វីដែលក្រសួងកំពុងតែធ្វើនេះ វាជាកិច្ចការមួយល្អ ដើម្បីឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ចូលរួមដោះស្រាយ និងចូលរួមបំភ្លឺពាក់ព័ន្ធនឹងបណ្ដឹងដែលកើតឡើងជាមួយប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ថា៖ «ចំណុចទាំងអស់នេះ ខ្ញុំគិតថា វាជារឿងល្អដើម្បីជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ គាត់មានការចូលរួមដោះស្រាយបណ្ដឹងដែលកើតឡើងលើប្រជាពលរដ្ឋ ប៉ុន្តែគ្រាន់តែថា ការបែងចែកសមត្ថកិច្ចនេះ ធ្វើយ៉ាងណាឱ្យសមស្រប កុំឱ្យមានការឆ្លើយដាក់គ្នាពីមួយទៅមួយ នាំឱ្យមានភាពយឺតយ៉ាវ និងបង្កផលលំបាកដល់ប្រជាពលរដ្ឋ»៕